នៅមុនកម្ពុជាត្រូវបានក្លាយជាប្រធានអាស៊ានប្តូរវេន គេសង្កេតឃើញមេដឹកនាំកម្ពុជា គឺលោក ហ៊ុន សែន ដែលគេហៅថាបុរសខ្លាំងនៅកម្ពុជាគ្មានគូប្រៀប បានអួតជាខ្លាំងថា កម្ពុជាមានលទ្ធភាព មានសមត្ថភាព នឹងធ្វើឱ្យស្ថានការណ៍នយោបាយនៅភូមា វិលទៅរកភាពប្រក្រតីវិញដូចមុនរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។
គេបានឃើញបានឮលោក ហ៊ុន សែន អះអាងថា លោកមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការជួយរកដំណោះស្រាយចំពោះវិបត្តិនៅភូមា ព្រោះថារូបលោកនេះហើយជាអ្នករំលាយរចនាសម្ព័ន្ធរបស់ទ័ពព្រៃខ្មែរក្រហម រហូតធ្វើឲ្យគ្រួសារខ្មែរជួបជុំគ្នាបានដោយស្ថិតនៅក្រោមនយោបាយសន្តិភាពនិយម និងនយោបាយឈ្នះឈ្នះរបស់លោកមកដល់ពេលនេះ។
លោកអួតថា ក្នុងរជ្ជកាលរបស់លោក ពុំមានដែនដីណាមួយក្លាយជាតំបន់អបគមន៍បានឡើយ គឺមិនដូចសម័យស្ដេចមុនៗនោះទេ។
ខណៈមានការអួតដូចនេះ លោក ហ៊ុន សែន ក៏បានសន្យាថានឹងជួយធ្វើឲ្យប្រទេសភូមា មានការបង្រួបបង្រួមជាតិឡើងវិញដែលលោកថានយោបាយឈ្នះឈ្នះរបស់លោក។ លោក ហ៊ុន សែន ធ្លាប់អះអាងថា ការធ្វើឲ្យទ័ពព្រៃខ្មែរក្រហមអាចមករួមរស់នឹងរដ្ឋអំណាចរបស់លោកនេះហើយជាយុទ្ធសាស្ត្រមួយដែលលោកនឹងយកទៅសាបព្រោះនៅលើទឹកដីនៃប្រទេសភូមា។
អំនួតរបស់លោក ហ៊ុន សែន បាននាំឲ្យក្រុមអាជ័យធ្លាក់ទឹកហៃអើនាំគ្នាបន្ទរអួតតាមសឹងគ្រប់ស្ថាប័នរបស់រដ្ឋ ហើយនាំគ្នាចេញញត្តិគាំទ្រយ៉ាងព្រោងព្រាតទៀតផង។ មិនយូរឡើយ គឺដល់វេនកម្ពុជាបានធ្វើជាប្រធានអាស៊ានប្តូរវេន។ លោក ហ៊ុន សែន មិនអស់ចិត្តឡើយ ហើយក៏បានឡើងលើវេទិកាជាច្រើននៅចំពោះមុខមន្ត្រីរដ្ឋាភិបាល និងអ្នកការទូតថ្លែងថា លោកនឹងដឹកនាំប្រតិភូកម្ពុជាទៅកាន់ប្រទេសភូមា ដើម្បីជួបលោក មីន អ៊ុងឡាំង ដែលគេហៅថាជាមេរដ្ឋប្រហារ តែរដ្ឋាភិបាលកម្ពុជាហៅជនប្លន់អំណាចម្នាក់នោះថាជានាយករដ្ឋមន្ត្រីភូមាទៅវិញ។
ក្នុងវេទិកាជាច្រើន គឺមុនពេលលោកធ្វើដំណើរទៅកាន់ប្រទេសភូមា នៅអំឡុងខែមករា លោក ហ៊ុន សែន បានប្រតិកម្មធ្ងន់ៗឆ្លើយតបនឹងអ្នកវិភាគ និងមន្ត្រីទូតនៃបណ្ដាប្រទេសអាស៊ានមួយចំនួនដែលរិះគន់លោក ព្រោះតែចង់ជួបលោក មីន អ៊ុងឡាំង ខណៈពេលដែលសហគមន៍អន្តរជាតិចាត់ទុកលោក មីន អ៊ុងឡាំង ថាជាមេដឹកនាំភូមាខុសច្បាប់ និងឃោរឃៅ ហើយថាការដែលទៅជួបលោក អ៊ុងឡាំង អាចនាំឲ្យមានការភ័ន្តច្រឡំថា អាស៊ានគាំទ្ររបបរដ្ឋប្រហារនៅភូមា ជាដើម។
ប៉ុន្តែលោក ហ៊ុន សែន ទាត់ចោលអ្នកដែលគិតដូច្នេះ។ លោកថាបើមិនឲ្យលោកជួប មីន អ៊ុងឡាំង ថាតើលោកត្រូវជួបអ្នកណា ពីព្រោះលោក មីន អ៊ុងឡាំង កំពុងតំណាងឲ្យប្រទេសភូមា។

មកដល់ថ្ងៃទី៧ ខែមករា ដែលជាទិវាជ័យជម្នះទៅលើរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម លោក ហ៊ុន សែន មិនបានចូលរួមពិធីរំឭកខួបនេះទេ ដោយយកថ្ងៃនោះជាថ្ងៃដែលលោកដឹកនាំមន្ត្រីកម្ពុជាមួយយន្តហោះទៅកាន់ប្រទេសភូមា ហើយក៏បានជួបនឹងលោក មីន អ៊ុងឡាំង នៅរដ្ឋធានីណៃភិដោ។ ជំនួបនោះបាននាំឲ្យភាគីទាំងពីរចេញសេចក្ដីថ្លែងការណ៍រួម។ ក្នុងសេចក្ដីថ្លែងការណ៍នោះ បានហៅលោក មីន អ៊ុងឡាំង ថាជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
ការដែលហៅមេរដ្ឋប្រហារជានាយករដ្ឋមន្ត្រីនោះហើយ បាននាំឲ្យមានការរិះគន់ពីអ្នកសង្កេតការណ៍ និងពីមន្ត្រីទូតប្រទេសមួយចំនួននៃសមាគមអាស៊ាន។
នៅពេលមកដល់ព្រលានយន្តហោះភ្នំពេញវិញ លោក ប្រាក់ សុខុន ចេញមុខធ្វើសន្និសីទកាសែត។ ក្នុងសន្និសីទសារព័ត៌មាននោះ លោករដ្ឋមន្ត្រីការបរទេសកម្ពុជារូបនេះបានអួតជាច្រើនអំពីជំនួបរបស់លោក ហ៊ុន សែន និងលោក មីន អ៊ុងឡាំង ដែលនាំឲ្យមានលទ្ធផលនៃការចេញសេចក្ដីថ្លែងការណ៍រួម។
លោក ប្រាក់ សុខុន អះអាងថា ជាលទ្ធផល គឺភាគី មីន អ៊ុងឡាំង យល់ព្រមឲ្យមានបទឈប់បាញ់គ្នា និងមានលទ្ធផលច្រើនទៀតរហូតដល់ភាគីយោធាព្រមឲ្យប្រេសិតអាស៊ានទៅភូមាម្ដងទៀត និងព្រមឱ្យមានការទទួលជំនួយមនុស្សធម៌ពីសហគមន៍អន្តរជាតិទៀតផង។
យ៉ាងណាក៏ដោយ លោក ប្រាក់ សុខុន ថាលោកចង់ជួបអ្នកស្រី អ៊ុងសាន ស៊ូជី ដែរ តែធ្វើម្ដេចបើពួកយោធាគេមិនឲ្យជួប។ តែយ៉ាងណាក៏ដោយ មួយថ្ងៃក្រោយមក របបសឹកភូមាដែលសន្យាឈប់បាញ់គ្នា ក៏មិនអាចគោរពការសន្យារបស់ខ្លួនបាននោះដែរ។
មិនតែប៉ុណ្ណោះ របបសឹកនេះបានធ្វើការបាញ់ប្រហារជាខ្លាំងទៅលើក្រុមប្រឆាំង ដោយប្រើសុទ្ធតែទ័ពអាកាស និងកាំភ្លើងធំទៀតផង បណ្ដាលឲ្យសហគមន៍អន្តរជាតិ រួមទាំងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិថ្កោលទោសពួកយោធាយ៉ាងខ្លាំង។
នៅអំឡុងខែមីនា លោក ហ៊ុន សែន ចាត់តាំងលោក ប្រាក់ សុខុន ដែលជាប្រេសិតអាស៊ានទៅភូមាម្ដងទៀត។ តែទៅលើកនេះ ក៏ពុំបានលទ្ធផលអ្វីមកវិញទេ គឺបានត្រឹមតែលទ្ធផលមិនច្បាស់លាស់ប៉ុណ្ណោះ។
រហូតមកដល់ពេលនេះ គឺកន្លះឆ្នាំទៅហើយដែលកម្ពុជាបានធ្វើជាប្រធានអាស៊ានប្តូរវេន ដែលមានភារកិច្ចចម្បងជួយដោះស្រាយវិបត្តិនៅភូមា ហើយខណៈនេះ ភូមានៅតែធ្លាក់ក្នុងអំពើហិង្សាធ្ងន់ធ្ងរដដែល។
ពួកយោធានៅតែបាញ់សម្លាប់ក្រុមប្រឆាំងស្លាប់រាប់ពាន់នាក់ និងចាប់ខ្លួនកើនឡើងជាង ១ម៉ឺន ៤ពាន់នាក់។ ជនភៀសខ្លួនឡើងដល់មួយលាននាក់ទៅហើយ ដែលពួកគេមិនអាចរស់នៅបានជាមួយនឹងរបបសឹកបាន។
ក្នុងស្ថានភាពកាន់តែធ្ងន់ធ្ងរព្រោះហិង្សាផ្ទុះសឹងរាល់ថ្ងៃ ខណៈសង្គ្រាមកាន់តែរីករាលដាល គឺពួកយោធានៅតែឈរជើងរឹងមាំនៅក្នុងរដ្ឋធានីណៃភិដោ ថាតើពេលណាទើបភូមា អាចមានការផ្សះផ្សាជាតិឡើងវិញតាមរូបមន្តរបស់លោក ហ៊ុន សែន គឺនយោបាយឈ្នះឈ្នះនោះ ស្របពេលដែលអ្នកបង្កើតរូបមន្តនេះមើលទៅដូចជាអស់ឆន្ទៈជួយដោះស្រាយវិបត្តិនៅភូមាទៅហើយនោះ។
តើកត្តាអ្វីខ្លះដែលនាំឱ្យកម្ពុជាអាចអស់ឆន្ទៈជួយដោះស្រាយវិបត្តិនៅភូមា?
គេអាចសន្និដ្ឋានបានថា ដោយសារពិភពលោកកំពុងធ្លាក់ក្នុងវិបត្តិនៃសង្គ្រាមនៅលើទឹកដីនៃប្រទេសអ៊ុយក្រែន ដែលជាសង្គ្រាមមហាអំណាចរុស្ស៊ីឈ្លានពានប្រទេសជិតខាងរបស់ខ្លួន នាំឲ្យពិភពលោកងាកទៅជួយបញ្ចប់សង្គ្រាមដ៏ធំមួយនេះ ជាជាងវិបត្តិនៅភូមា។
ម្យ៉ាងទៀត អាចដោយសារកម្ពុជាដើរដល់ក្រឡាទាល់ច្រក ដោយសាររបបសឹកភូមា មិនព្រមបន្ទន់ជំហរ ហើយសូម្បីគោលការណ៍ ៥ចំណុចនៃមេដឹកនាំអាស៊ាន ក៏របបសឹកមិនព្រមអនុវត្តតាមដែរ។ គោលការណ៍នោះ រួមមានទាំងបទឈប់បាញ់គ្នា មានទាំងការដោះលែងអ្នកទោសនយោបាយ ក៏ពួកយោធាមិនធ្វើតាម ហើយរឹតតែកាត់ទោសអ្នកស្រី អ៊ុងសាន ស៊ូជី និងចាប់ខ្លួនអ្នកនយោបាយប្រឆាំងថែមទៀត។
ជាងនេះទៅទៀត គេសង្កេតឃើញមហាអំណាចចិន ដែលគាំទ្ររបបសឹកភូមា អាចរារាំងគំនិត និងឆន្ទៈរបស់កម្ពុជា។
មួយវិញទៀត កម្ពុជាខ្លួនឯងមិនទាន់អាចដោះស្រាយវិបត្តិផ្ទៃក្នុងរបស់ខ្លួនបានផង តើធ្វើម្ដេចអាចដោះស្រាយវិបត្តិភូមាបាន ហើយធ្វើម្តេចអាចឲ្យរបបសឹកគោរពប្រតិបត្តិតាមការផ្ដល់ឱវាទនៃរូបមន្តរបស់កម្ពុជាបាននោះ។
ករណីភូមិសាស្ត្រនយោបាយ និងយោធាក៏អាចធ្វើឲ្យកម្ពុជាបន្ថយឆន្ទៈផងដែរអំពីបំណងដ៏ខ្លាំងរបស់កម្ពុជា ដែលដំបូងឡើយតាំងចិត្តថានឹងធ្វើឲ្យភូមាមានដំណោះស្រាយ និងការផ្សះផ្សាជាតិឡើងវិញ។
រឿងភូមិសាស្ត្រនយោបាយនេះ គឺពិតណាស់ក្រុមប្រទេសលោកខាងលិចដែលប្រកាន់របបប្រជាធិបតេយ្យ គឺពួកគេចង់ឱ្យតំបន់អាស៊ានមានការអនុវត្តឲ្យបាននូវគោលការណ៍ប្រជាធិបតេយ្យសកល។ តែក្រុមកុម្មុយនីស្ត និងផ្ដាច់ការ គេពិតជាមិនចង់ឲ្យរបបប្រជាធិបតេយ្យរីកលូតលាស់នៅក្នុងតំបន់នោះទេ។
និយាយរួមទៅ ករណីភូមានេះគេមិនត្រូវរង់ចាំឆន្ទៈរបស់កម្ពុជានោះទេ គឺអាស៊ានទាំងមូល រួមនឹងសហគមន៍អន្តរជាតិផ្សេងៗទៀត ត្រូវបង្ហាញឆន្ទៈរឹងមាំ និងសាមគ្គីគ្នាជាថ្មីទៀត ដោយរកយុទ្ធវិធីធ្ងន់ៗដាក់ទៅលើរបបសឹក ទើបអាចរុញច្រានរបបនេះឲ្យដួលរលំ។
មានន័យថា សហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក អង់គ្លេស សហភាពអឺរ៉ុប ជប៉ុន ឥណ្ឌា អូស្ត្រាលី រួមនឹងកម្លាំងអ្នកប្រជាធិបតេយ្យក្នុងតំបន់អាស៊ាន ត្រូវប្រកាន់ជំហរតែមួយ គឺត្រូវតែរកវិធីបញ្ចប់របបសឹកឱ្យបានឆាប់ ទើបអាចបញ្ចប់វិបត្តិនៅភូមា ហើយនាំរដ្ឋាភិបាលប្រជាធិបតេយ្យមកវិញ៕