28.7 C
Phnom Penh

លោក ស ខេង បារម្ភ​ខ្លាច​ធនាគារ​នៅ​កម្ពុជា​ក្លាយ​ជា​កន្លែង​លាង​លុយ​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បារម្ភ​ខ្លាច​សហគមន៍​អន្តរជាតិ​ដាក់​ធនាគារ​ជាតិ​កម្ពុជា​ក្នុង​បញ្ជី​ខ្មៅ បើ​សិន​ជា​ពួកគេ​រក​ឃើញ​ថា ធនាគារ​កម្ពុជា​ជា​កន្លែង​លាង​លុយ​កខ្វក់​របស់​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន និង​អ្នក​រកស៊ី​ខុស​ច្បាប់ ខណៈ​បច្ចុប្បន្ន កម្ពុជា​ជាប់​ក្នុង​បញ្ជី​ប្រផេះ​នៃ​ការ​លាង​លុយ​កខ្វក់។

ក្នុង​ពិធី​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ក្រោម​ប្រធានបទ «ដោះស្រាយ​បញ្ហា​គ្រឿងញៀន​ក្នុង​វិបត្តិ​សុខភាព និង​មនុស្សធម៌» នា​ព្រឹក​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ថា បរិមាណ​គ្រឿងញៀន​ដែល​រឹបអូស និង​បង្ក្រាប​រយៈពេល ២​ឆ្នាំ​នេះ​មាន​ការ​កើន​ឡើង បើ​ប្រៀបធៀប​នឹង​បរិមាណ​គ្រឿងញៀន​ដែល​រឹបអូស​មុន​ដំណាក់កាល​កូវីដ-១៩។

លោក​បន្ត​ថា ទោះបីជា​អាជ្ញាធរ​បង្ក្រាប និង​រឹបអូស​គ្រឿងញៀន​បាន​ជា​បន្តបន្ទាប់​ក្ដី ប៉ុន្តែ​អាជ្ញាធរ​នៅ​មិន​ទាន់​បាន​ស្រាវជ្រាវ​ឱ្យ​ដល់​ឫសគល់​នៃ​ម្ចាស់​ក្រុមហ៊ុន​ដែល​បាន​ជួញដូរ ផលិត ចែកចាយ និង​កែច្នៃ ថា​តើ​ពួកគេ​មាន​ដីធ្លី​ប៉ុន្មាន​ទីតាំង ហើយ​មាន​រោងចក្រ​នៅ​ទីណា​ខ្លះ ផ្ទះ​ប៉ុន្មាន​កន្លែង និង​មាន​ប្រាក់​ដាក់​នៅ​ធនាគារ​ប៉ុន្មាន​នៅឡើយ​ទេ។

លោក​បញ្ជាក់​ថា កម្ពុជា​ជាប់​ក្នុង​បញ្ជី​ប្រផេះ​ដោយសារ​សមត្ថកិច្ច​ស្រាវជ្រាវ​មិន​ដល់​ឫសគល់​ដែល​ធ្វើ​ឱ្យ​អ្នក​រកស៊ី​គ្រឿងញៀន និង​អំពើ​ខុស​ច្បាប់​មាន​ឱកាស​យក​លុយ​ទៅ​ផ្ញើ​ធនាគារ ឬ​ទៅ​ទិញ​ដី និង​របស់​ផ្សេង​ទៀត​ដើម្បី​លាង​លុយ​ដែល​បាន​មកពី​អំពើ​ទុច្ចរិត​របស់​ខ្លួន។

លោក ស ខេង លើកឡើង​ថា បើសិន​បញ្ហា​ទាំងអស់​នេះ​មិន​ត្រូវ​បាន​ដោះស្រាយ​ទេ លោក​បារម្ភ​ខ្លាច​អន្តរជាតិ​ដាក់​ធនាគារ​ជាតិ​កម្ពុជា​ក្នុង​បញ្ជី​ខ្មៅ ដែល​ធ្វើ​ឱ្យ​កម្ពុជា​នឹង​ជួប​ហានិភ័យ​ធំ ជាពិសេស​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ។

លោក ស ខេង ក្រើន​រំឭក​ទៅ​អាជ្ញាធរ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រួម​ទាំង​តុលាការ​ផង ត្រូវ​សហការ​គ្នា​ស្រាវជ្រាវ​រក​ប្រភព​ប្រាក់​អ្នក​ជួញដូរ ផលិត និង​ចែកចាយ​គ្រឿងញៀន បន្ទាប់ពី​បង្ក្រាប និង​រឹបអូស​រួច។

ការ​ព្រួយ​បារម្ភ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នេះ បន្ទាប់ពី​អង្គការ​ជាតិ និង​អន្តរជាតិ មើល​ឃើញ​ថា កម្ពុជា​នឹង​ក្លាយ​ជា​កន្លែង​ដែល​ឧក្រិដ្ឋជន​កែច្នៃ​គ្រឿងញៀន ប្រសិនបើ​រដ្ឋាភិបាល​មិន​ព្រម​ពង្រឹង​ការ​អនុវត្ត​ច្បាប់​នោះ ខណៈ​ការ​បង្ក្រាប​ទីតាំង​ផលិត និង​ការ​រឹបអូស​គ្រឿងញៀន​រយៈពេល ២​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​កើន​ឡើង។

កាលពី​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ បាន​ណែនាំ​អំពី​បច្ចេកទេស​ក្នុង​ការ​ស៊ើប​អង្កេត​បទល្មើស​សម្អាត​ប្រាក់​ដល់​ប្រធាន​សាលាដំបូង ព្រះរាជអាជ្ញា​អម​សាលាដំបូង និង​ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​សាលាដំបូង​រាជធានី-ខេត្ត​ទូទាំង​ប្រទេស។

អង្គការ​ឃ្លាំមើល​អំពើ​លាង​លុយ​កខ្វក់​នៅ​លើ​ពិភពលោក ឈ្មោះ​ក្រុម​ការងារ​ហិរញ្ញវត្ថុ (FATF) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស (Paris) ប្រទេស​បារាំង (France) បាន​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០២២ ថា អស់​រយៈពេល​ជាង ៣​ឆ្នាំ​ហើយ​គិត​ចាប់តាំងពី​ខែ​កុម្ភៈ ឆ្នាំ​២០១៩ កម្ពុជា​នៅតែ​បរាជ័យ​មិន​អាច​រួច​ខ្លួន​ចេញពី «បញ្ជី​ប្រផេះ» នៃ​ក្រុម​ប្រទេស​មាន​ហានិភ័យ​ខាង​អំពើ​លាង​លុយ​កខ្វក់​ដែល​តម្រូវ​ឱ្យ​ពិភពលោក​បង្កើន​ការ​តាមដាន​ក្នុង​ឆ្នាំ​២០២២ នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស