38.8 C
Phnom Penh

អាជ្ញាធរ​ព្រមាន​កូដករ​ណាហ្គា​វើលដ៍​ឈប់​ប្រើប្រាស់​ដងផ្លូវ​សម្រាប់​ធ្វើការ​ជួបជុំ​គ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋបាល​រាជធានី​ភ្នំពេញ ព្រមាន​ក្រុម​កូដករ​បុគ្គលិក​ក្រុមហ៊ុន ណាហ្គា​វើលដ៍ (Naga World) ឱ្យ​ឈប់​ប្រើប្រាស់​ដងផ្លូវ​សាធារណៈ​សម្រាប់​ធ្វើការ​ជួបជុំ​គ្នា​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដទៃ និង​សន្តិសុខ​សណ្ដាប់ធ្នាប់​ទីក្រុង។

សាលា​ក្រុង​ភ្នំពេញ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០២២ ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ធ្វើ​ការ​ណែនាំ​ដល់​ក្រុម​កូដករ​នៃ​ក្រុមហ៊ុន ណាហ្គា​វើលដ៍​សាជាថ្មី​ថា ក្នុង​ករណី​ក្រុម​កូដករ​ទាំងនោះ​មាន​បំណង​ធ្វើការ​សម្ដែង​មតិ​ជា​សាធារណៈ ត្រូវតែ​នាំគ្នា​អនុវត្ត​តាម​នីតិវិធី​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី និង​ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍​អក្សរ​មក​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ត្រូវ​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​តែ​មួយ​ប៉ុណ្ណោះ។

ប្រភព​ដដែល​អះអាង​ថា អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ គឺ​នៅ​ពេលនេះ ក្រុម​កូដករ​បាន​នាំគ្នា​ចង​ក្រណាត់​ពណ៌​ខៀវ​រុំ​ក្បាល​ភ្ជាប់​នូវ​ពាក្យស្លោក​ដូចៗ​គ្នា​ថា «កុំ​យក​លុយ​ទិញ​សិទ្ធិ» បង្ហាញ​ឲ្យ​ឃើញ​ថា ក្រុម​កូដករ​ទាំងនោះ​បាន​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​ក្រោម​ការ​រៀបចំ​ផែនការ​ទុក​ជា​មុន​របស់​មនុស្ស​មួយ​ក្តាប់​តូច ដើម្បី​បង្កើត​ព្រឹត្តិការណ៍​មិន​ល្អ​មក​លើ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​ផែនការ​របស់​ពួកគេ។ ជាង​នេះ​ទៀត ក៏​ជា​ហេតុ​នាំ​ឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់ និង​របៀប​រៀបរយ​សាធារណៈ​រហូត​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា​មក​លើ​សមត្ថកិច្ច​ផង​ដែរ ដែល​បណ្តាល​ឱ្យ​សមត្ថកិច្ច​មួយ​ចំនួន​រង​របួស​ស្រាល ព្រមទាំង​បាត់បង់​វិទ្យុ​ទាក់ទង​ចំនួន ០៥​គ្រឿង និង​នាឡិកា​ដៃ​ចំនួន ០១​គ្រឿង​ថែម​ទៀត​ក្នុង​អំឡុង​ពេល​ចុះ​ហាមឃាត់​ក្រុម​កូដករ​ទាំងនោះ។

កាលពី​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០២២ ក្រុម​កូដករ​នៃ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ប្រមាណ​ជាង ១០០​នាក់​ដែល​មាន​ចង​ក្រណាត់​ពណ៌​ខៀវ​រុំ​ក្បាល​ភ្ជាប់​នូវ​ពាក្យស្លោក​ថា «កុំ​យក​លុយ​ទិញ​សិទ្ធិ» បាន​នាំគ្នា​ទៅ​ប្រមូលផ្ដុំ​នៅ​ក្បែរ​អគារ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​ពី​ក្រុមហ៊ុន​នេះ​ដែល​បាន​រំលោភ​សិទ្ធិ​ការងារ​របស់​ពួកគេ​អស់​រយៈពេល​ជាង ១​ឆ្នាំ​កន្លងមក​នេះ ប៉ុន្តែ​ក្រុម​កូដករ​ទាំងនោះ​ត្រូវ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​បង្ក្រាប និង​ប្រើ​អំពើ​ហិង្សា​ដើម្បី​រារាំង​ការ​ជួបជុំ​របស់​ពួកគេ​យ៉ាង​ធ្ងន់ធ្ងរ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៨ មិថុនា ថា ការ​ចេញ​នូវ​សារ​ព្រមាន ឬ​ការ​បង្ក្រាប​លើ​កម្មករ​និយោជិត​ដែល​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដូចជា​មាត្រា​៣៥ ដែល​ចែង​អំពី​កាតព្វកិច្ច​របស់​អង្គការ​រដ្ឋ​ដែល​ត្រូវ​ដោះស្រាយ​សំណើ​របស់​ពលរដ្ឋ ជាដើម កាន់តែ​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​អនុវត្ត​ច្បាប់​ដែល​មាន​ស្តង់ដារ​ពីរ​នៅ​កម្ពុជា ហើយ​ក៏​រំលេច​នូវ​ចំណុច​អសមត្ថភាព​របស់​អាជ្ញាធរ​ក្នុង​ការ​ដោះស្រាយ​វិវាទ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​នេះ​ផង​ដែរ។

លោក មឿន តុលា លើកឡើង​ថា សិទ្ធិ​ក្នុង​ការ​ធ្វើ​កូដកម្ម​ដោយ​ស្រប​ច្បាប់ គឺជា​សិទ្ធិ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ហើយ​ការ​អនុវត្ត​កន្លងមក​របស់​ក្រុម​កូដករ​ណាហ្គា​វើលដ៍ ក៏​មិន​ប្រឆាំង​ទៅ​នឹង​ច្បាប់​ស្ដីពី​ការ​ធ្វើ​កូដកម្ម​នោះ​ដែរ។ ប៉ុន្តែ​ផ្ទុយទៅវិញ អាជ្ញាធរ​តែងតែ​រារាំង​ការ​សម្ដែង​មតិ​របស់​កម្មករ​និយោជិត​រហូត​មក ដែល​បញ្ហា​នេះ​បាន​បង្ក​ទៅ​ជា​មូលហេតុ​ដ៏​សំខាន់​នាំ​ឱ្យ​ភាគី​ខាង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ អាង​ទៅ​លើ​អាជ្ញាធរ​ដែល​បង្ហាញ​ចេតនា​មួយ​ថា អាជ្ញាធរ​កំពុងតែ​ការពារ​ផល​ប្រយោជន៍​ឱ្យ​ក្រុមហ៊ុន ជាជាង​ការពារ​ផលប្រយោជន៍ និង​សិទ្ធិ​តវ៉ា​របស់​កម្មករ​ដែល​មាន​ចែង​ក្នុង​ច្បាប់​របស់​កម្ពុជា។

លោក​បញ្ជាក់​ថា វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​ដោះស្រាយ​វិវាទ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​នៅ​ពេលនេះ គឺ​អាជ្ញាធរ​ត្រូវ​ជំរុញ​ឱ្យ​ភាគី​ក្រុមហ៊ុន​អនុវត្ត​តាម​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ដែល​បាន​ណែនាំ​ដល់​ក្រុមហ៊ុន​កន្លងមក។ បន្ថែម​ពី​នេះ ត្រូវតែ​អនុញ្ញាត​ឱ្យ​កម្មករ​និយោជិត​ទាំងនោះ​អាច​ធ្វើ​កូដកម្ម​តវ៉ា​នឹង​ក្រុមហ៊ុន​បាន​ដោយ​គ្មាន​ការ​រារាំង។ នោះ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដែល​បាន​រំលោភ​សិទ្ធិ​ការងារ​កម្មករ​កន្លងមក នឹង​ចេញ​មុខ​ដោះស្រាយ​ផ្តល់​យុត្តិធម៌​ជូន​កម្មករ​និយោជិត​ទាំងនោះ​ជាមិនខាន។

កាលពី​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ កម្មករ​និយោជិត​របស់​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ចំនួន ៣៦៥​នាក់​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ដោយ​បង្ខំ និង​មិន​បាន​ផ្តល់​សំណង​ទៅ​តាម​ច្បាប់​ការងារ ដែល​ជា​មូលហេតុ​នាំ​ឱ្យ​មាន​ការ​តវ៉ា​ទាមទារ​ពី​កម្មករ​និយោជិត ដោយ​ការ​ធ្វើ​កូដកម្ម​នៅ​មុខ​ក្រុមហ៊ុន ប៉ុន្តែ​អាជ្ញាធរ​រដ្ឋ​មិន​បាន​ជួយ​រក​យុត្តិធម៌​ឱ្យ​កម្មករ​និយោជិត​ដែល​ជា​ជនរងគ្រោះ​នោះ​ទេ បែរជា​នាំគ្នា​បង្ក្រាប​លើ​កម្មករ​ទាំងនោះ​ទៅវិញ​រហូត​ឈាន​ដល់​ការ​ចាប់​ឃុំ​ខ្លួន​តំណាង​កម្មករ​ជាច្រើន​រូប​ថែម​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស