31 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​ការ​ស្នើ​យក​អ្នកស្រី ស៊ូជី មក​ឃុំ​ក្នុង​ផ្ទះ​គឺ​ដូច​ករណី​លោក កឹម សុខា ដែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​រិះគន់​ថា ការ​ស្នើ​របស់​ប្រេសិត​ពិសេស​នៃ​ប្រធាន​អាស៊ាន​ទៅ​កាន់​របប​សឹក​ភូមា ឲ្យ​យក​អ្នកស្រី អ៊ុងសាន ស៊ូជី មក​ឃុំ​ខ្លួន​ក្នុង​ផ្ទះ គឺ​កាន់តែ​បង្ហាញ​ពី​ល្បិចកល​របស់​លោក ហ៊ុន សែន ដែល​បាន​ធ្វើ​លើ​មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា សព្វថ្ងៃ​នេះ។

ប្រធាន​វេទិកា​ពលរដ្ឋ និង​ជា​អ្នកវិភាគ​នយោបាយ និង​សង្គម លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៧ មិថុនា ថា ប្រសិនបើ​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ក្នុង​នាម​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២ នេះ ពិត​ជា​យកចិត្ត​ទុកដាក់​ក្នុង​ការ​រក​ដំណោះស្រាយ​លើ​វិបត្តិ​ភូមា និង​ចង់​ជួយ​ឲ្យ​អ្នកស្រី អ៊ុងសាន ស៊ូជី រួច​ផុត​ពី​ការ​បិទ​សិទ្ធិ​សេរីភាព​មែន​នោះ លោក ហ៊ុន សែន ត្រូវតែ​ស្នើ​ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រី អ៊ុងសាន ស៊ូជី ឱ្យ​មាន​សេរីភាព​ពេញលេញ​តែម្តង មិន​មែន​គ្រាន់តែ​ស្នើ​ពី​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ឱ្យ​មក​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​បែប​នេះ​ទេ។

លោក គឹម សុខ អះអាង​ថា ជា​រឿង​ដ៏​អាម៉ាស់​របស់​មេដឹកនាំ​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ដែល​មិន​ហ៊ាន​ទាមទារ​ឲ្យ​របប​សឹក​ភូមា បើក​សិទ្ធិ​សេរីភាព​ឲ្យ​អ្នកស្រី អ៊ុងសាន ស៊ូជី ឡើងវិញ ដែល​បាន​ត្រឹមតែ​ស្នើ​ឲ្យ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ជំនួស​ឲ្យ​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ។ ការ​ស្នើ​បែប​នេះ​ក៏​ទំនង​ជា​លោក ហ៊ុន សែន ព្យាយាម​យក​រួច​ខ្លួន​តាម​វិធី​នៃ​ការ​ពន្យារ​ពេល​ឲ្យ​ចប់​អាណត្តិ​របស់​ខ្លួន​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ នេះ​ដែរ។

លោក​បន្ថែម​ថា ការ​ស្នើ​ឱ្យ​យក​អ្នកស្រី អ៊ុងសាន ស៊ូជី មក​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​បែប​នេះ ទំនង​ជា​លទ្ធភាព​ដែល​លោក ហ៊ុន សែន អាច​ធ្វើ​បាន​ខ្ពស់​បំផុត​ក្នុង​នាម​លោក​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​នៅ​ឆ្នាំ​នេះ ព្រោះ​លោក ហ៊ុន សែន ខ្លួនឯង​ក៏​កំពុង​ប្រឡូកប្រឡាក់​ទៅ​ដោយ​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​មិន​ចាញ់​របប​សឹក​ភូមា​ប៉ុន្មាន​ដែរ ដូចជា​ការ​បិទ​សិទ្ធិ​សេរីភាព​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា និង​ការ​ចាប់​បញ្ជូន​ខ្លួន​សកម្មជន​សិទ្ធិមនុស្ស កញ្ញា សេង ធារី ទៅ​ដាក់​ពន្ធនាគារ​នៅ​ខេត្ត​ជាប់​ព្រំប្រទល់​ប្រទេស​ថៃ នៅ​ពេលនេះ ជាដើម។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ការ​រំលោភ​សិទ្ធិមនុស្ស​ក្រោម​អំណាច​មេ​រដ្ឋប្រហារ​បង្ហូរ​ឈាម​ភូមា លើ​ពលរដ្ឋ​ខ្លួនឯង​សព្វថ្ងៃ​នេះ គឺ​មិន​ខុស​គ្នា​ទៅ​នឹង​ការ​អនុវត្ត​អំណាច​ទំនើង​ចិត្ត​របស់​បុរស​ខ្លាំង​ដើរ​បញ្ច្រាស​ទិស​កម្ពុជា លោក ហ៊ុន សែន ដែល​កំពុង​គាប​សង្កត់​សិទ្ធិ​ពលរដ្ឋ​នៅ​កម្ពុជា​យ៉ាង​អានាធិបតេយ្យ ដែល​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ប៉ុន្មាន​នោះ​ទេ។

កាលពី​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ដែល​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន លោក ប្រាក់ សុខុន បាន​ផ្ញើ​លិខិត​ទៅ​កាន់​រដ្ឋមន្ត្រី​របប​សឹក​ភូមា លោក Wunna Maung Lwin ដោយ​សុំ​ឱ្យ​ផ្ទេរ​អ្នកស្រី អ៊ុងសាន ស៊ូជី ពី​ការ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ដែល​បាន​ប្រកាស​ឡើង​ដោយ​របប​សឹក​ភូមា កាលពី​ពាក់កណ្តាល​ខែ​មិថុនា កន្លងទៅ ឲ្យ​បន្ត​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​លំនៅឋាន​របស់​អ្នកស្រី​ក្នុង​ទីក្រុង​រ៉ុងហ្គូន ដូច​កាលពី​មុន​វិញ។

ទាក់ទិន​នឹង​វិបត្តិ​នៅ​ភូមា នេះ កាលពី​ដើម​ខែ​មករា ឆ្នាំ​២០២២ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ក្រោយ​ទទួល​បាន​សិទ្ធិ​ធ្វើជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំ​២០២២ ភ្លាមៗ បាន​អះអាង​ថា លោក​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ភូមា ជា​ឯកតោ​ភាគី​ជួប​គ្នា​ជាមួយ​មេ​យោធា​ភូមា លោក មីន អ៊ុងឡាំង ដោយ​ផ្ទាល់ ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​ភូមា ឲ្យ​បាន​តាម​បទពិសោធន៍​របស់​លោក​ដែល​បាន​ដឹកនាំ​កម្ពុជា​ជាង ៤០​ឆ្នាំ​មក​នេះ ប៉ុន្តែ​ដំណើរ​ទស្សនកិច្ច​នោះ​ត្រូវ​បរាជ័យ​ទាំងស្រុង និង​រង​នូវ​ភាព​អាម៉ាស់​ចំពោះ​ការ​អួតអាង​របស់​ខ្លួន​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ។

ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន កាលពី​ដើម​ខែ​មករា ឆ្នាំ​២០២២ មក ត្រូវ​គេ​មើល​ឃើញ​ថា របប​សឹក​ភូមា​កាន់តែ​ប្រើ​អំណាច​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​ពលរដ្ឋ​ភូមា និង​គូប្រជែង​នយោបាយ​របស់​ខ្លួន​កាន់តែ​ខ្លាំង​ឡើងៗ។ ជាក់ស្តែង របប​សឹក​បាន​ប្រកាស​កែប្រែ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ភូមា ដោយ​អនុវត្ត​ទោស​ប្រហារ​ជីវិត​ឡើងវិញ បន្ទាប់ពី​ទោស​ប្រហារ​ជីវិត​នេះ​ត្រូវ​បាន​លុប​ចោល​ចាប់តាំង​ពី​ឆ្នាំ​១៩៩០ មក។

ក្រោយ​ប្រកាស​ឲ្យ​មាន​ទោស​ប្រហារ​ជីវិត មេ​យោធា​ផ្ដាច់ការ​ភូមា បាន​ប្រកាស​កាលពី​ថ្ងៃទី​៣ ខែ​មិថុនា ឆ្នាំ​២០២២ ដោយ​កាត់ទោស​ប្រហារ​ជីវិត​មនុស្ស ៤​នាក់​ដោយ​ការ​ព្យួរ​ក ក្នុង​នោះ​ក៏​មាន​អតីត​សមាជិក​សភា​មកពី​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស