37 C
Phnom Penh

រដ្ឋាភិបាល​យក​ថ្ងៃទី​២៣ កក្កដា ២០២៣ ជា​ថ្ងៃ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រាជរដ្ឋាភិបាល​កម្ពុជា​កំណត់​យក​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ជា​ថ្ងៃ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​កម្ពុជា បន្ទាប់ពី​កម្ពុជា​បាន​បញ្ចប់​នូវ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​កាល​ដើម​ខែ​មិថុនា ឆ្នាំ​២០២២ កន្លងទៅ​នេះ។

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២២ ថា កម្ពុជា​នឹង​អនុវត្ត​ដំណើរការ​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ទៅ​តាម​អាណត្តិ​របស់​ខ្លួន​ដែល​មាន​រយៈពេល ៥​ឆ្នាំ​ម្តង នៅ​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ។

ក្នុង​សេចក្តី​សម្រេច​នៃ​អនុក្រឹត្យ​នេះ បាន​សម្រេច​ឱ្យ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋមន្ត្រី​គ្រប់​ក្រសួង រួម​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​នាំគ្នា​អនុវត្ត​សេចក្តី​សម្រេច​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​រហូត​ដល់​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ ចប់​សព្វគ្រប់។

មាត្រា​៣ នៃ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ បាន​ចែង​ថា កាលបរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ត្រូវ​កំណត់ និង​ប្រកាស​ដោយ​នាយករដ្ឋមន្ត្រី​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ មិថុនា នេះ​ថា ដំណើរការ​នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា​អាច​ឱ្យ​មាន​ការ​ចូលរួម និង​ទទួលស្គាល់​ពី​សហគមន៍​អន្តរជាតិ ទាល់​តែ​រដ្ឋាភិបាល​កម្ពុជា​កែសម្រួល​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ឲ្យ​មាន​តម្លាភាព និង​អាច​ទទួល​យក​បាន​សម្រាប់​ភាព​ឯករាជ្យ​របស់​គណៈកម្មការ​នេះ។

លោក សេក សុជាតិ លើកឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​នៅតែ​ប្រើប្រាស់ គ.ជ.ប សព្វថ្ងៃ​នេះ​បន្ត​ទៀត នោះ​សហគមន៍​អន្តរជាតិ​ក៏​មិន​ទទួលស្គាល់​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០២៣ ខាងមុខ​នេះ​ដូច​ការ​បោះឆ្នោត​ឃុំ-សង្កាត់​កាលពី​ពេល​កន្លងទៅ​នេះ​ដែរ ព្រោះ​ថា​សមាសភាព​ទាំង ៩​រូប​របស់ គ.ជ.ប ដែល​មកពី​បក្ស​កាន់​អំណាច​ទាំងអស់​ដូច​ពេល​បច្ចុប្បន្ន​នេះ ពិតជា​ពិបាក​ឲ្យ​មជ្ឈដ្ឋាន​អន្តរជាតិ និង​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ទទួលស្គាល់​ពី​តម្លាភាព និង​ភាព​ឯករាជ្យ​របស់​គណៈកម្មការ​នេះ​ខ្លាំង​ណាស់។

ចំណែក​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អតីត​អ្នកទោស​នយោបាយ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់ The Cambodia Daily នៅ​ថ្ងៃ​ទី​៣០ មិថុនា នេះ​ដែរ​ថា ពាក្យ​ថា​សេរី​ពហុបក្ស មិនមែន​គ្រាន់​តែ​មាន​គណបក្ស​នយោបាយ​ច្រើន​ចូលរួម​ការ​បោះឆ្នោត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គណបក្ស​ទាំងអស់​ត្រូវតែ​ការពារ​ដោយ​ច្បាប់ និង​គ្មាន​ការ​គំរាមកំហែង​ពី​បក្ស​កាន់​អំណាច​ជាដាច់ខាត។ ជាក់ស្តែង គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺជា​ការ​គំរាមកំហែង និង​ការ​បិទ​សិទ្ធិ​នយោបាយ​របស់​ក្រុម​ប្រឆាំង​យ៉ាង​ធ្ងន់ធ្ងរ ដូច្នោះ​ពាក្យ​ថា​សេរី​ពហុបក្ស គឺ​មាន​តែ​នៅ​លើ​ក្រដាស​ប៉ុណ្ណោះ។

លោក មាជ សុវណ្ណារ៉ា បញ្ជាក់​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​បិទ​សិទ្ធិ​សេរីភាព​នយោបាយ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា និង​មិន​បើក​ឱ្យ​មាន​បក្ស​ប្រឆាំង​ដែល​សហគមន៍​អន្តរជាតិ​អាច​ទុក​ចិត្ត​បាន​នោះ ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ​នេះ​ក៏​នឹង​មិន​បង្ហាញ​ពី​ការ​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ​ដែរ ប៉ុន្តែ​បង្ហាញ​នូវ​ការ​ជាន់​ឈ្លី​លទ្ធិប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ​ទៅវិញ។

ចាប់តាំងពី​ឆ្នាំ​១៩៩៣ មក កម្ពុជា​បាន​បោះឆ្នោត​ជ្រើស​តំណាង​របស់​ខ្លួន​នៅ​ថ្នាក់​ជាតិ ឬ​ជ្រើសរើស​តំណាងរាស្ត្រ​បាន ៦​លើក​រួច​មក​ហើយ។ ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ជា​លើកដំបូង​នៅ​ឆ្នាំ​១៩៩៣ ក្រោម​ការ​ឃ្លាំមើល​របស់​អង្គការ​សហប្រជាជាតិ ឬ​អ៊ុនតាក់ បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ឆ្នាំ​១៩៩១។ ការ​បោះឆ្នោត​នៅ​ក្នុង​អាណត្តិ​ទី​១ នោះ ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ចាត់ទុក​ជា​ការ​បោះឆ្នោត​ដែល​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ជាងគេ​សម្រាប់​ការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស