30 C
Phnom Penh

បទវិភាគ៖ តើ​បេឡារុស​អាច​ទាញ​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន​កាន់តែ​រីក​រាលដាល​ដល់​ភាគ​ខាងជើង​និង​ខាងលិច​ឬ​ទេ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គ្រាម​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន បាន​ឈាន​ចូល​ដល់ ១៣១​ថ្ងៃ​ហើយ​បើ​គិត​ត្រឹម​ថ្ងៃទី​៤ ខែ​កក្កដា នេះ។ ដំបូង​ឡើយ របប​លោក ពូទីន បាន​អួត​ថា យ៉ាង​យូរ ៧២​ម៉ោង​ប៉ុណ្ណោះ​នឹង​អាច​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក វូឡូឌីមៀរ ហ្សេឡេនស្គី បាន​ហើយ។

ជាមួយ​នឹង​ការ​លើក​ទ័ព​ដល់​ជាង ២០​ម៉ឺន​នាក់​អន្តរាគមន៍​ដោយ​ទ័ព​អាកាស និង​ទ័ព​មីស៊ីល ឃើញ​ថា​រថក្រោះ​រថពាសដែក​រាប់​រយ​គ្រឿង​បើក​យ៉ាង​សង្ហា​ចូល​ទៅ​វាយលុក​បាញ់​ផ្លោង​ទៅ​លើ​ទឹកដី​អ៊ុយក្រែន។

នៅ​ខណៈ​គ្រាប់​មីស៊ីល​ធ្លាក់​យ៉ាង​ច្រើន​នៅ​លើ​តំបន់​រដ្ឋធានី​គៀវ ដោយ​បាញ់​កម្ទេច​ទីតាំង​សំខាន់ៗ​របស់​រដ្ឋាភិបាល​អ៊ុយក្រែន តាមរយៈ​ការ​បាញ់​ប្រហារ​ដោយ​កង​យន្តហោះ​ចម្បាំង​ទៀត​ផង គឺ​កងទ័ព​ថ្មើរជើង ឬ​ទ័ព​រថក្រោះ​របស់​រុស្ស៊ី បាន​បើក​លើ​ដងផ្លូវ​រាប់​រយ​គ្រឿង​សំដៅ​វាយ​កាន់កាប់​រដ្ឋធានី​មួយ​នេះ​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក ហ្សេឡេនស្គី។

តែ​មិន​ដូច​ការ​រំពឹង​នោះ​ទេ រថក្រោះ​របស់​រុស្ស៊ី​រាប់​សិប​គ្រឿង​ត្រូវ​បាន​កងទ័ព​អ៊ុយក្រែន​ពួន​បាញ់​ឆេះ​ពេញ​ផ្លូវ​ដោយ​កាំភ្លើង​របស់​អង់គ្លេស និង​អាមេរិក។ ទីបំផុត កងទ័ព​រុស្ស៊ី​មួយ​ភាគ​ធំ​បាន​ទម្លាក់​អាវុធ​នៅ​ចំពោះ​មុខ​ទ័ព​អ៊ុយក្រែន ក្រោយពី​ពួកគេ​អស់​ស្បៀង និង​គ្រាប់​ដើម្បី​ប្រយុទ្ធ ព្រោះតែ​កងទ័ព​អ៊ុយក្រែន​វាយ​ឡោមព័ទ្ធ​ជាប់​នៅ​ភាគ​ខាងជើង​រដ្ឋធានី​គៀវ។

របប​ក្រុង​មូស្គូ ក៏​បាន​សម្រេច​ដក​ទ័ព​ចេញពី​ភាគ​ខាងជើង​ក្រុង​គៀវ ដែល​សល់​តែ ៦០​គីឡូម៉ែត្រ​ទៀត​ពី​ទីក្រុង​គៀវ។ ការ​ដក​ទ័ព​របស់​រុស្ស៊ី​ទៅវិញ គឺ​ធ្វើ​ឡើង​តាមរយៈ​ការ​ចរចា។ តែ​ការពិត អ្នកជំនាញ​យោធា​ថា រុស្ស៊ី​បាក់​ទ័ព​ទើប​រក​ល្បិច​ថា​ដក​ទ័ព​ដើម្បី​បន្ធូរ​បន្ថយ​កម្ដៅ​សង្គ្រាម។

តើ​ជា​ការពិត​ដែរ​ឬទេ​​ដែល​រុស្ស៊ី​ជា​មហាអំណាច​យោធា​លំដាប់​ទី​២ នៃ​ពិភពលោក បែរ​ជា​បាក់​ទ័ព​ពុំ​អាច​វាយ​កាន់កាប់​បាន​រដ្ឋធានី​គៀវ ដើម្បី​បញ្ចប់​រដ្ឋាភិបាល​លោក ហ្សេឡេនស្គី ហើយ​រហូត​បាក់​ទ័ព​ទៀត​ផង​នោះ?

ការពិត រុស្ស៊ី​មាន​ព្រំដែន​ជាប់​នឹង​អ៊ុយក្រែន គឺ​នៅ​ភាគ​ខាងកើត និង​ភាគ​ខាងត្បូង។ កងទ័ព​រុស្ស៊ី​ដែល​ចូល​វាយលុក​រដ្ឋធានី​គៀវ គឺ​វាយ​ចូល​តាម​ព្រំដែន​ភាគ​ខាងកើត គឺ​តំបន់​ដុនបាស និង​តំបន់​គ្រីមៀរ នៅ​ភាគ​ខាងត្បូង។

ចំណែក​ឯ​ភាគ​ខាងជើង និង​ខាងលិច គឺ​អ៊ុយក្រែន មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​បេឡារុស ប៉ូឡូញ ហុងគ្រី មុលហ្គារី មុលដាវី និង​រូម៉ានី។ ដោយ​ពុំ​អាច​ចល័ត​ទ័ព​ចូល​មក​ភាគ​ខាងជើង និង​ខាងលិច​បាន គឺ​កងទ័ព​រុស្ស៊ី​បាន​ត្រឹម​វាយប្រហារ​លើ​ភាគ​ខាងជើង និង​ខាងលិច ឬ​រដ្ឋធានី​គៀវ គឺ​ដោយ​ទ័ព​អាកាស និង​ការ​បាញ់​ដោយ​គ្រាប់​មីស៊ីល​ប៉ុណ្ណោះ។

តែ​យ៉ាងនេះ​ក្ដី ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ព្រំដែន​ជាប់​នឹង​អ៊ុយក្រែន​នៅ​ភាគ​ខាងជើង គឺ​មាន​បេឡារុស​មួយ​ដែរ។ បេឡារុស គឺជា​ប្រទេស​សម្ពន្ធភាព​យោធា​ជាមួយ​រុស្ស៊ី ហើយ​បើ​តាម​ដំណឹង​មក​ថា ប្រទេស​នេះ​នឹង​អនុញ្ញាត​ឱ្យ​រុស្ស៊ី​ដាក់​ពង្រាយ​ប្រព័ន្ធ​មីស៊ីល Inskander ដែល​ជា​មីស៊ីល​អាច​បំពាក់​ដោយ​គ្រាប់​នុយក្លេអ៊ែរ​ទៀត​ផង។

ចំណែក​ប្រព័ន្ធ​មីស៊ីល S-400 ជា​មីស៊ីល​បាញ់​ទម្លាក់​យន្តហោះ ត្រូវ​បាន​រុស្ស៊ី​ដាក់​ពង្រាយ​រួច​ហើយ​នៅ​លើ​ទឹកដី​ប្រទេស​បេឡារុស។ នៅ​ដំណាក់កាល​ចុងក្រោយ​នេះ រុស្ស៊ី​បាន​បាញ់​មីស៊ីល​ចូល​ទៅ​តំបន់​ភាគ​ខាងលិច និង​ទីក្រុង​គៀវ គឺ​បាញ់​ចេញពី​ទឹកដី​បេឡារុស ដែល​នាំ​ឱ្យ​អ៊ុយក្រែន​ប្រកាស​ថ្កោលទោស​បេឡារុស​យ៉ាង​ខ្លាំង។

មិនតែប៉ុណ្ណោះ អ៊ុយក្រែន​ប្រកាស​ចោទ​បេឡារុស ថា​ប្រទេស​នេះ​នឹង​លើក​ទ័ព​ជួយ​ទ័ព​រុស្ស៊ី ដោយ​ប្រើ​ទង់ជាតិ​រុស្ស៊ី ស្លៀកពាក់​ឯកសណ្ឋាន​ទ័ព​រុស្ស៊ី ហើយ​វាយ​ចូល​ទឹកដី​អ៊ុយក្រែន។

ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន ប្រកាស​ឱ្យ​ក្រុម​បស្ចិម​ដឹង​ថា មិន​យូរ​នោះ​ទេ រុស្ស៊ី​នឹង​វាយ​ចូល​ទឹកដី​អ៊ុយក្រែន តាមរយៈ​ប្រទេស​បេឡារុស ដោយ​មាន​ទ័ព​បេឡារុស ប្រើ​ទង់ជាតិ​រុស្ស៊ី​ជួយ​អន្តរាគមន៍​ទៀត​ផង។

ករណី​នេះ បេឡារុស​បាន​បដិសេធ​ដោយ​ព្រមាន​ថា បេឡារុស​មិន​ចាំបាច់​ប្រើ​ទង់ជាតិ​រុស្ស៊ី​នោះ​ទេ បើ​អ៊ុយក្រែន​នៅ​បន្ត​បាញ់​មីស៊ីល​មក​លើ​ទឹកដី​បេឡារុស​ម្ដង​ទៀត​នោះ គឺ​បេឡារុស​នឹង​លើក​ទ័ព​ចូល​ទឹកដី​អ៊ុយក្រែន។

ដូច​នេះ​ហើយ​បាន​ជា​មាន​ការ​ចោទ​សួរ​ថា តើ​បេឡារុស​អាច​ទាញ​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន​កាន់តែ​រីក​រាលដាល​នៅ​ភាគ​ខាងជើង និង​ភាគ​ខាងលិច​ឬ​ទេ?

តើ​អ៊ុយក្រែន​ពិត​ជា​បាន​បាញ់​មីស៊ីល​លើ​បេឡារុស​មែន​ឬ​ទេ?

អ្នក​ដែល​ផ្ដើម​ចោទ​ថា​អ៊ុយក្រែន​បាន​បាញ់​មីស៊ីល​ចូល​ទឹកដី​បេឡារុស គឺ​លោក​ប្រធានាធិបតី Aleksandr Lukashenko។ លោក Lukashenko ជា​ប្រធានាធិបតី​បេឡារុស។ លោក​អះអាង​ថា ប្រព័ន្ធ​មីស៊ីល​របស់​បេឡារុស​បាន​បាញ់​ទម្លាក់​មីស៊ីល​របស់​អ៊ុយក្រែន​ជាច្រើន​គ្រាប់​ដែល​បាន​បាញ់​មក​លើ​ដែនដី​បេឡារុស​នៅ​រយៈពេល​ថ្មីៗ​នេះ។

ការ​លើកឡើង​របស់​លោក Lukashenko បាន​នាំ​ឱ្យ​អ៊ុយក្រែន​ទាមទារ​ឱ្យ​បេឡារុស​ផ្ដល់​ភស្តុតាង។ នេះ​ជា​ចំណោទ​មួយ​ដែល​នាំ​ឱ្យ​មាន​ការ​បារម្ភ​ថា មិន​យូរ​នោះ​ទេ គឺ​សង្គ្រាម​បេឡារុស​លើក​ទ័ព​ជួយ​ទ័ព​រុស្ស៊ី វាយ​ចេញពី​ទឹកដី​បេឡារុស អាច​នឹង​កើត​មាន​នៅ​ភាគ​ខាងជើង​អ៊ុយក្រែន។

ប្រធានាធិបតី​បេឡារុស លោក Aleksandr Lukashenko និង​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន គឺ​ជា​មិត្ត​នឹង​គ្នា។

របប​នៅ​បេឡារុស​សព្វថ្ងៃ​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក Aleksandr Lukashenko ដែល​ក្រុម​បស្ចិម​ប្រទេស​ហៅថា​ជា​ជន​ផ្ដាច់ការ។ លោក Lukashenko ជា​មិត្ត​លោក ពូទីន ផង ហើយ​ក៏​ជា​អាយ៉ង​របស់​លោក ពូទីន ផង។

តាំងពី​ថ្ងៃ​ដែល​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន លោក Lukashenko បាន​ឈរ​ខាង​រុស្ស៊ី​ជានិច្ច​ដោយ​បាន​គាំទ្រ​លោក ពូទីន ក្នុង​ការ​លើក​ទ័ព​វាយ​ចូល​ទឹកដី​អ៊ុយក្រែន។ លោក Lukashenko មិន​ដែល​ពោល​ពាក្យ​ថា​បាន​បញ្ជូន​ទ័ព​ទៅ​ជួយ​ច្បាំង​ទ័ព​រុស្ស៊ី​នៅ​អ៊ុយក្រែន​ម្ដង​ណា​នោះ​ទេ។ តែ​លោក Lukashenko បាន​ប្រគល់​ទឹកដី​បេឡារុស​ឱ្យ​លោក ពូទីន បញ្ជូន​ទ័ព​រុស្ស៊ី​មក​ដាក់​ពង្រាយ​រួច​ហើយ គឺ​នៅ​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ គេ​រំពឹង​ថា ប្រព័ន្ធ​មីស៊ីល Inskander ដែល​ជា​មីស៊ីល​អាច​បំពាក់​ដោយ​គ្រាប់​នុយក្លេអ៊ែរ​នឹង​ត្រូវ​រុស្ស៊ី​ដឹក​មក​ដាក់​ពង្រាយ​លើ​ទឹកដី​បេឡារុស​នៅ​ប៉ុន្មាន​សប្ដាហ៍​ទៀត​នេះ ខណៈ​ប្រព័ន្ធ​មីស៊ីល S-400 មាន​នៅ​លើ​ទឹកដី​បេឡារុស ហើយ​នោះ។

ការ​ដាក់​ពង្រាយ​មីស៊ីល S-400 នេះ គឺ​ក្រោយពី​លោក Lukashenko បាន​ទៅ​ជួប​លោក ពូទីន កាល​ថ្ងៃទី​២៥ មិថុនា។ លោក Lukashenko បាន​ទៅ​ជួប​លោក ពូទីន នៅ​ក្នុង​ទីក្រុង Saint-Pétersbourg នៃ​ទឹកដី​ប្រទេស​រុស្ស៊ី។ របប​លោក Lukashenko ក៏​កំពុង​រង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​ក្រុម​បស្ចិម​ប្រទេស​ផង​ដែរ ព្រោះតែ​មេដឹកនាំ​ប្រទេស​នេះ​គាំទ្រ​លោក ពូទីន លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន។

តាម​ការ​បង្ហាញ​ខាងលើ​នេះ មើល​ទៅ​ជៀស​ពុំ​រួច​នោះ​ទេ​ដែល​ថា បេឡារុស​អាច​ទាញ​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន កាន់តែ​រីក​រាលដាល​នៅ​ភាគ​ខាងជើង និង​ភាគ​ខាងលិច​ប្រទេស​អ៊ុយក្រែន ប្រសិនបើ​តំបន់​ភាគ​ខាងកើត​ប្រទេស គឺ​តំបន់​ដុនបាស ត្រូវ​បាន​កងទ័ព​រុស្ស៊ី​វាយ​កាន់កាប់​បាន​ទាំងស្រុង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស