32.5 C
Phnom Penh

GDP៖ ការ​ចង​សម្ព័ន្ធ​រវាង​បក្ស​ក្រៅ​រដ្ឋាភិបាល​គឺ​ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន អះអាង​ថា ការ​សហការ​ចង​សម្ពន្ធភាព​គ្នា​រវាង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មុន​ពេល​បោះឆ្នោត គឺ​មាន​ផលប្រយោជន៍​សម្រាប់​គណបក្ស​នីមួយៗ និង​ស្ដារ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា​ដើម្បី​ការពារ​ផលប្រយោជន៍​ជូន​ពលរដ្ឋ។

ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់ The Cambodia Daily នៅ​ថ្ងៃទី​២៥ កក្កដា នេះ​ថា តាម​បទពិសោធន៍ គណបក្ស សម រង្ស៊ី ដែល​បាន​ប្តូរ​ឈ្មោះ​មក​ជា​គណបក្ស​ភ្លើង​ទៀន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ធ្លាប់​ទទួល​បាន​ជាង ២​ពាន់​អាសនៈ​ឃុំ-សង្កាត់ និង​ទទួល ២៦​អាសនៈ​រដ្ឋសភា​ជាតិ​ក្នុង​ឆ្នាំ​២០០៨ ហើយ​ចំណែក​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក កឹម សុខា ធ្លាប់​ទទួល​បាន​សំឡេង​ឆ្នោត​ជិត ៤០​ម៉ឺន​សំឡេង និង​មាន​សមាជិក​រដ្ឋសភា ៣​អាសនៈ​ក្នុង​រដ្ឋសភា​ជាតិ​នៅ​ពេល​នោះ​ផង​ដែរ។

បណ្ឌិត យ៉ង សាំងកុមារ អះអាង​ថា ក្រោយពី​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​ចង​សម្ពន្ធភាព​នៅ​ឆ្នាំ​២០១២ ដែល​សង្ឃឹម​ថា​នឹង​កើន​អាសនៈ​ត្រឹមតែ ៣០​អាសនៈ ដែល​ជា​ចំនួន​មួយ​អាច​ឱ្យ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​អាច​ដាក់​ញត្តិ​បន្ទោស​រាជរដ្ឋាភិបាល​តាម​មាត្រា​៩៨ នៃ​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​សម្ពន្ធភាព​នេះ​បាន​ធ្វើ​ឱ្យ​កើន​សំឡេង​អ្នកគាំទ្រ​រហូត​ដល់​ទៅ ៥៥​អាសនៈ ដែល​នេះ​គឺជា​ការ​បង្ហាញ​ពី​លទ្ធផល​ដ៏​ត្រចះត្រចង់​នៃ​ការ​រួបរួម​នេះ​យ៉ាង​ខ្លាំង។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​បញ្ជាក់​ថា មាន​តែ​ការ​រួបរួម​គ្នា​រវាង​ក្រុម​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​និន្នាការ​សេរីភាព​និយម​ដូច​គ្នា​ប៉ុណ្ណោះ ទើប​អាច​ទទួល​បាន​សំឡេង​គ្រប់គ្រាន់​ក្នុង​ការ​ចូលរួម​តម្រង់​ទិស​នូវ​ការ​ដឹកនាំ​ប្រទេស​តាម​គោលការណ៍ និង​យន្តការ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​បែប​សភា​និយម ដែល​កម្ពុជា​ប្រកាន់​យក​នៅ​ពេល​នេះ។

កាលពី​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២២ គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន​៤ រួម​មាន​គណបក្ស​ភ្លើង​ទៀន គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​កែទម្រង់​កម្ពុជា និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​ដើម្បី​រួបរួម​ប្រមូល​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ចូលរួម​ការ​បោះឆ្នោត ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​បក្ស​កាន់​អំណាច​ក្នុង​ឆ្នាំ​២០២៣ ខាងមុខ​នេះ។

ក្រុម​មន្ត្រី​នៃ​គណបក្ស​ទាំង​បួន​នេះ​អះអាង​ថា ដំណើរការ​នៃ​ការ​រួបរួម​នេះ​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​នៃ​ការ​ពិភាក្សា​គ្នា​នៅឡើយ ដូច្នេះ​ដំណើរការ​នេះ​នឹង​សម្រេច​ថា​ត្រូវ​រៀបចំ​ឱ្យ​ទៅ​ជា​ការ​ច្របាច់​បញ្ចូល​គ្នា ឬ​គ្រាន់តែ​ចូលរួម​គ្នា​ដោយ​រក្សា​គណបក្ស​ឱ្យ​ស្ថិត​ក្នុង​ការ​ដឹកនាំ​រៀងៗ​ខ្លួន​ដដែល ឬ​យ៉ាង​ណា​នោះ គឺ​នៅ​មិន​ទាន់​ជជែក​គ្នា​ដាច់ស្រេច​នៅឡើយ​ទេ ខណៈ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ថា​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ចុងខែ​កក្កដា ឆ្នាំ​២០២៣ ទៅ​ហើយ​នោះ។

គណបក្ស​នយោបាយ​នៅ​កម្ពុជា​មាន​ជាង ៤០​គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ប៉ុន្តែ​គណបក្ស​ដែល​បាន​ចូលរួម​ការ​បោះឆ្នោត​កាលពី​ពេល​ថ្មីៗ​នេះ​មាន​ត្រឹមតែ​ចំនួន ១៧​គណបក្ស​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស