30.4 C
Phnom Penh

លោក ហ៊ុន សែន កាត់​ផ្ទៃ​បឹង​ជើងឯក​ជាង​១០​ហិកតារ​ទៀត​ទៅ​ឲ្យ​ឧកញ៉ា​និង​ក្រសួង​មហាផ្ទៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​ខាង​ការ​ដឹកនាំ​បែប​លុប​បឹង និង​លុប​ទន្លេ លោក ហ៊ុន សែន បាន​សម្រេច​កាត់​ផ្ទៃដី​ទំហំ​ជាង ១០​ហិកតារ​ចេញពី​ផ្ទៃ​បឹង​ជើងឯក ដែល​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ឱ្យ​ទៅ​ឧកញ៉ា ឡោក ហ៊ួរ ធ្វើជា​កម្មសិទ្ធិ​ស្រប​ច្បាប់ និង​ដី​ទំហំ​ជិត ២​ហិកតារ​បន្ថែម​ទៀត​ឱ្យ​ទៅ​ក្រសួង​មហាផ្ទៃ ដោយ​ពន្ធ និង​អាករ​ផ្សេង​ទៀត​គឺជា​បន្ទុក​របស់​រដ្ឋ។

បុរស​ខ្លាំង​រូប​នេះ​បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ការ​កែសម្រួល​ផ្ទៃដី​បឹង​ជើងឯក ស្ថិត​នៅ​ខណ្ឌ​មានជ័យ និង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ កាលពី​ដើម​ខែ​មីនា ឆ្នាំ​២០២២ ដែល​មាន​ចំនួន ២​ទីតាំង​សរុប​ជាង ១០​ម៉ឺន​ម៉ែត្រ​ក្រឡា ឬ​ស្មើ​នឹង​ទំហំ​ជាង ១០​ហិកតារ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៥ កក្កដា នេះ គឺ​ត្រូវ​ធ្វើ​អនុបយោគ​ពី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ទៅ​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ ដើម្បី​ឱ្យ​ក្លាយ​ទៅ​ជា​កម្មសិទ្ធិ​ឯកជន​ស្រប​ទៅ​តាម​ច្បាប់​របស់​កម្ពុជា។

លោក ហ៊ុន សែន ក៏​បាន​ចេញ​អនុក្រឹត្យ​មួយ​ផ្សេង​ទៀត​ផង​ដែរ​កាលពី​ថ្ងៃទី​៩ ខែ​មីនា ឆ្នាំ​២០២២ នេះ ដោយ​កាត់​ផ្ទៃដី​បឹង​ជើងឯក​ចំនួន​ជាង ១​ម៉ឺន ៨​ពាន់​ម៉ែត្រក្រឡា​ដែល​ស្មើ​នឹង ១​ហិកតារ ៨​អារ ស្ថិត​ក្នុង​ភូមិ​ទួលរកា៣ សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​អនុបយោគ​ពី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ទៅ​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ ដើម្បី​ផ្តល់​ជូន​ក្រសួង​មហាផ្ទៃ កាន់កាប់​ដោយ​ស្រប​ច្បាប់។

លោក ហ៊ុន សែន បញ្ជាក់​ក្នុង​អនុក្រឹត្យ​នេះ​ថា ផ្ទៃដី​ទាំង​ពីរ​ទីតាំង​ដែល​មាន​ទំហំ​ជាង ១០​ហិកតារ​នេះ ប្រគល់​ជា​កម្មសិទ្ធិ​ឱ្យ​ទៅ​ឧកញ៉ា ឡោក ហ៊ួរ ប្រធាន​ក្រុមប្រឹក្សា​ជំនួយការ​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា ដោយ​ពន្ធ និង​អាករ​ផ្សេង​ទៀត​គឺជា​បន្ទុក​របស់​រដ្ឋ។

លោក ឡោក ហ៊ួរ គឺជា​ឧត្តមសេនីយ៍ឯក (ផ្កាយ​៣) នៃ​នគរបាល​ជាតិ​ក្រសួង​មហាផ្ទៃ ប៉ុន្តែ​លោក​បាន​ព្យួរ​មុខងារ​នេះ​ដើម្បី​ទៅ​បំពេញ​តួនាទី​ជា​អ្នក​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​បាត់ដំបង របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ក្រោយពី​រដ្ឋាភិបាល​ទទួល​ស្គាល់​ថា​លោក ឡោក ហ៊ួរ ពិត​ជា​មាន​ទំនាស់​ដីធ្លី​ច្រើន​កន្លែង​ជាមួយ​ពលរដ្ឋ​រស់នៅ​ខេត្ត​កណ្ដាល រដ្ឋាភិបាល​បាន​ចេញ​លិខិត​តម្រូវ​ឲ្យ​លោក ឡោក ហ៊ួរ ចូល​ដោះស្រាយ​ទំនាស់​ដីធ្លី​ទាំងនេះ។ នៅ​ឆ្នាំ​២០១៧ រាជរដ្ឋាភិបាល​សម្រេច​ដកហូត​ដី​ដែល​លោក ឡោក ហ៊ួរ បាន​រំលោភ​ដី​ពី​ពលរដ្ឋ​ចំនួន​ជិត ៣​ពាន់​ហិកតារ​ប្រគល់​ទៅ​ឲ្យ​ពលរដ្ឋ​វិញ។

គួរ​បញ្ជាក់​ថា កាលពី​ខែ​កញ្ញា ឆ្នាំ​២០១២ លោក ឡោក ហ៊ួរ ដែល​តែងតែ​ទៅ​មើល​ដី​នៅ​ក្នុង​ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ ត្រូវ​បាន​ជនសង្ស័យ ២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៅ​ឈប់​ក្បែរ ហើយ​ប៉ុនប៉ង​បាញ់​សម្លាប់​រូបលោក ប៉ុន្តែ​ពេល​ជន​ដៃដល់​ភ្ជង់​កាំភ្លើង ក៏​ត្រូវ​បាន​អង្គរក្ស​ដែល​ទៅ​ជាមួយ​លោក​ស្ទុះ​ទៅ​ពាំង​ពី​មុខ​វាយតប ក៏​ត្រូវ​ជន​ដៃដល់​បាញ់ ២​គ្រាប់​បណ្តាល​ឲ្យ​ដេក​ដួល​ស្លាប់​ក្នុង​ថ្លុកឈាម។

ផ្ទៃដី​បឹង​ជើងឯក និង​ប្រឡាយ​ស្ថិត​នៅ​ក្នុង​ខណ្ឌ​មានជ័យ និង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល មាន​ទំហំ​សរុប​ចំនួន ៥២០​ហិកតារ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​កំណត់​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ កាលពី​ថ្ងៃទី​០៣ ខែ​កញ្ញា ឆ្នាំ​២០០៨ កន្លងទៅ។

កាលពី​ថ្ងៃទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​កាត់​ផ្ទៃដី​ទំហំ​ជិត ៤០​ហិកតារ​ឱ្យ​ទៅ​ក្រុមហ៊ុន អ័រគីដេ វីឡា (Orkide Villa) ដែល​ជា​ក្រុមហ៊ុន​ឯកជន​របស់​កូនស្រី​បង្កើត​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាណា ដើម្បី​កាន់កាប់​ជា​កម្មសិទ្ធិ។

ក្រៅពី​កាត់​ផ្ទៃដី​បឹង​ជើងឯក​នេះ​ឱ្យ​ទៅ​កូនស្រី​ខ្លួនឯង លោក ហ៊ុន សែន ក៏​បាន​កាត់​ផ្ទៃដី​បឹង​នេះ​ឱ្យ​ទៅ​ឈ្មួញ​ដែល​ជា​ឧកញ៉ា​ធំៗ​ជាច្រើន​ទៀត​ផង​ដែរ ដូចជា​ឧកញ៉ា ខូវ គឹមបាក់ ទទួល​បាន​ផ្ទៃដី​បឹង​នេះ​ជាង ១០​ហិកតារ។ លើស​ពី​នេះ រដ្ឋាភិបាល​ក៏​បាន​កាត់​ផ្ទៃដី​បឹង​នេះ​ឱ្យ​ទៅ​ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ឧកញ៉ា លឹម រស់ និង​ឧកញ៉ា លឹម ប៊ុនសួរ ជាដើម ដល់​ទៅ ១៩០​ហិកតារ​ឯណោះ​កាលពី​ចុង​ឆ្នាំ​២០១៨។ បន្ថែម​ពី​នេះ លោក ហ៊ុន សែន ក៏​បាន​កាត់​ផ្ទៃដី​បឹង​នេះ​ឱ្យ​ទៅ​ឧកញ៉ា​ជាច្រើន​ទៀត​អស់​រាប់​រយ​ហិកតារ​ថែម​ទៀត។

គិត​ត្រឹម​ខែ​មីនា ឆ្នាំ​២០២២ នេះ ផ្ទៃដី​បឹង​ជើងឯក ដែល​មាន​ទំហំ​សរុប​ចំនួន ៥២០​ហិកតារ​ដែល​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​នោះ ត្រូវ​បាន​រដ្ឋាភិបាល​លោក ហ៊ុន សែន កាត់​ចេញ​ធ្វើ​អនុបយោគ​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ និង​ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន​ទៅ​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន ក្រុមហ៊ុន ឈ្មួញ​ជា​អ្នក​ឧកញ៉ា ឧកញ៉ា និង​មន្ត្រី​មាន​អំណាច​គ្រាក់ៗ​អស់​ចំនួន​យ៉ាងតិច​ប្រមាណ​ជាង ៤៧០​ហិកតារ​ទៅ​ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស