30.4 C
Phnom Penh

លោក ចូ បៃដិន នឹង​ស្នើ​សភា​អាមេរិក​អនុម័ត​ការ​លក់​អាវុធ​ទំហំ​១១០០​លាន​ដុល្លារ​ឱ្យ​តៃវ៉ាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន មាន​ផែនការ​ស្នើសុំ​សភា​សហរដ្ឋ​អាមេរិក​អនុម័ត​ការ​លក់​អាវុធ​ក្នុង​ទំហំ​ទឹកប្រាក់ ១១០០​លាន​ដុល្លារ​ឱ្យ​តៃវ៉ាន់។

បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Politico នៅ​ថ្ងៃ​អង្គារ ទី​៣០ ខែ​សីហា នេះ អាវុធ​ទាំងនោះ​រួម​មាន​មីស៊ីល​ប្រឆាំង​នាវាចម្បាំង​ចំនួន ៦០​គ្រាប់ និង​មីស៊ីល​បំពាក់​លើ​យន្តហោះ​ចម្បាំង F-16 ចំនួន ១០០​គ្រាប់ និង​មីស៊ីល​បាញ់​យន្តហោះ​ចំនួន ១០០​គ្រាប់។

សារព័ត៌មាន Politico បាន​ស្រង់​ប្រភព​មន្ត្រី​អាមេរិក ៣​រូប​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​ឱ្យ​ដឹង​ទៀត​ថា ថវិកា​ដែល​តៃវ៉ាន់​ស្នើ​ទិញ​អាវុធ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​បញ្ជូន​ទៅ​គណៈកម្មាធិការ​ព្រឹទ្ធសភា រដ្ឋសភា​ទទួល​បន្ទុក​កិច្ចការ​បរទេស។

ក្នុង​កញ្ចប់​ថវិកា ១១០០​លាន​ដុល្លារ រួម​មាន​មីស៊ីល Harpoon ចំនួន ៦០​គ្រាប់​មាន​តម្លៃ ៣៥៥​លាន​ដុល្លារ មីស៊ីល​បំពាក់​លើ​យន្តហោះ​ចម្បាំង F-16 ចំនួន ១០០​គ្រាប់​មាន​តម្លៃ ៨៥​លាន ៦​សែន​ដុល្លារ ប្រព័ន្ធ​រ៉ាដា​ស៊ើបការណ៍​មួយ​គ្រឿង និង​មីស៊ីល​បាញ់​យន្តហោះ ១០០​គ្រាប់​ក្នុង​តម្លៃ​សរុប ៦៥៥​លាន ៤​សែន​ដុល្លារ។

បើ​តាម​ប្រភព​ដដែល មីស៊ីល Sidewinder នឹង​ត្រូវ​បាន​ប្រើ​សម្រាប់​ការ​បំពាក់​ឱ្យ​យន្តហោះ​ចម្បាំង F-16។ យន្តហោះ​ចម្បាំង F-16 ដែល​តៃវ៉ាន់​មាន​ក្នុង​ដៃ គឺ​មាន ៦០​គ្រឿង។ តៃវ៉ាន់​នឹង​ទទួល​យន្តហោះ​ចម្បាំង​ប្រភេទ​នេះ ២០០​គ្រឿង​ពី​អាមេរិក ដែល​អាមេរិក​នឹង​បញ្ជូន​ឱ្យ​តៃវ៉ាន់​ថែម​ទៀត​រហូត​ដល់​បញ្ជូន​ឱ្យ​អស់​នៅ​ត្រឹម​ឆ្នាំ​២០២៧។ ចំពោះ​សំណុំរឿង​នេះ ក្រសួង​ការបរទេស​ចិន ពុំ​ទាន់​ចេញ​សេចក្ដី​ថ្លែងការណ៍​ប្រតិកម្ម​នៅឡើយ​ទេ។

តែ​អ្នក​នាំពាក្យ​ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន លោក Liu Pengyu បាន​ព្រមាន​ថា ប្រទេស​ចិន​នឹង​ឆ្លើយតប​ដោយ​វិធានការ​ខ្លាំងក្លា និង​ម៉ឺងម៉ាត់ ប្រសិនបើ​អាមេរិក​បន្ត​កិច្ច​សហប្រតិបត្តិការ​យោធា​ជាមួយ​កោះ​តៃវ៉ាន់។

លោក Liu Pengyu បាន​ហៅ​ផែនការ​លក់​អាវុធ​របស់​រដ្ឋការ​លោក បៃដិន ថា​ជា​ការ​រំលោភ​បំពាន​យ៉ាង​ខ្លាំង​លើ​គោល​នយោបាយ​ចិន​តែ​មួយ និង​កិច្ចព្រមព្រៀង​ផ្សេង​ទៀត​ដែល​ទីក្រុង​ប៉េកាំង និង​ក្រុង​វ៉ាស៊ីនតោន បាន​ព្រមព្រៀង​ជាមួយ​គ្នា។

អ្នក​នាំពាក្យ​ស្ថានទូត​ចិន​រូប​នេះ​បាន​ទទូច​ថា ភាគី​អាមេរិក​ត្រូវតែ​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​លក់​អាវុធ និង​ផ្តាច់​ទំនាក់ទំនង​យោធា​ជាមួយ​តៃវ៉ាន់។ ភាគី​អាមេរិក​ត្រូវ​បញ្ឈប់​ការ​បង្ក​ឲ្យ​មាន​ភាព​តានតឹង​នៅ​ឯ​ច្រក​សមុទ្រ​តៃវ៉ាន់ ហើយ​អនុវត្ត​តាម​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដែល​មិន​គាំទ្រ​ឯករាជភាព​តៃវ៉ាន់។ លោក​បន្ត​ព្រមាន​ថា ចិន​នឹង​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​ការពារ​អធិបតេយ្យ និង​ផលប្រយោជន៍​សន្តិសុខ​របស់​ចិន។

លោក Liu Pengyu ប្រាប់​អាមេរិក​ថា ទោះ​កាលៈទេសៈ​ណា​ក៏ដោយ តៃវ៉ាន់​នៅតែ​ជា​ដែនដី​មួយ​របស់​ចិន។ ផែនការ​លក់​អាវុធ​របស់​សហរដ្ឋ​អាមេរិក​ទៅ​ឱ្យ​តៃវ៉ាន់ កើតមាន​ឡើង​នៅ​ចំ​ពេល​ភាព​តានតឹង​ក្នុង​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់ កំពុង​ឡើង​កម្ដៅ​ខ្លាំង​ចាប់តាំងពី​ប្រធាន​រដ្ឋសភា​អាមេរិក អ្នកស្រី ណាន់ស៊ី ប៉េឡូស៊ី បាន​ធ្វើ​ទស្សនកិច្ច​នៅ​តៃវ៉ាន់​កាលពី​ដើម​ខែ​សីហា។

ក្នុង​ស្ថានភាព​ដែល​តានតឹង​ស្រាប់​ហើយ​នេះ កាលពី​ថ្ងៃ​អាទិត្យ ទី​២៨ សីហា សហរដ្ឋ​អាមេរិក​បញ្ជូន​នាវាចម្បាំង ២​គ្រឿង​ឱ្យ​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់ ដោយ​កាន់តែ​បង្ក​ភាព​ក្ដៅ​ក្រហាយ​ដល់​ចិន ដែល​ចាត់ទុក​ថា​តៃវ៉ាន់ គឺជា​ខេត្ត​មួយ​របស់​ខ្លួន។ នាវាចម្បាំង​របស់​អាមេរិក​ចំនួន ២​គ្រឿង​បាន​បើក​ធ្វើ​សមយុទ្ធ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ នៅ​ចំពោះ​មុខ​នាវាចម្បាំង​របស់​ចិន​ជាច្រើន​គ្រឿង​បាន​បើក​តាម​ឃ្លាំមើល​នាវាចម្បាំង​របស់​អាមេរិក​ទាំង ២​គ្រឿង​នោះ ដោយ​ប្រុងប្រយ័ត្ន​បំផុត។

ក្នុង​រយៈពេល​មួយ​ខែ​មក​នេះ ក្រោយពី​អ្នកស្រី ណាន់ស៊ី ប៉េឡូស៊ី បញ្ចប់​ទស្សនកិច្ច​នៅ​លើ​កោះ​តៃវ៉ាន់​នៅ​ថ្ងៃទី​៣ សីហា គេ​សង្កេត​ឃើញ​សមាជិក​សភា​អាមេរិក​បន្ត​គ្នា​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​តៃវ៉ាន់ ដែល​យ៉ាងហោចណាស់​ក្រុម​សមាជិក​សភា ៣​ក្រុម​ផ្សេងៗ​គ្នា​បាន​ទៅ​កាន់​ដែន​កោះ​នេះ។ ក្រៅ​ពី​នេះ សមាជិក​សភា​ប្រទេស​ជប៉ុន នាយករដ្ឋមន្ត្រី​កោះ Grenadines និង​រដ្ឋមន្ត្រី​ការបរទេស Guatemalan ក៏​បាន​ទៅ​ទស្សនកិច្ច​នៅ​តៃវ៉ាន់​បន្តបន្ទាប់​គ្នា​ដែរ។ គ្រប់​គណៈប្រតិភូ​ទាំងអស់ សុទ្ធតែ​បាន​ជួប​នឹង​ប្រធានាធិបតី​កោះ​តៃវ៉ាន់។

គណៈប្រតិភូ​សុទ្ធតែ​បាន​សម្ដែង​ការ​គាំទ្រ​ប្រជាធិបតេយ្យ និង​អធិបតេយ្យ​របស់​កោះ​តៃវ៉ាន់។ ចិន​បាន​ហៅ​ទស្សនកិច្ច​របស់​គណៈ​ប្រតិភូ​អាមេរិក និង​ប្រទេស​ទាំងនោះ គឺជា​ការ​រំលោភ​គោល​នយោបាយ​ចិន​តែ​មួយ។ ចិន​ទាមទារ​ឱ្យ​ប្រទេស​ទាំងអស់​បញ្ឈប់​ការ​ធ្វើ​ទស្សនកិច្ច​នៅ​តៃវ៉ាន់។

អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា ការ​ធ្វើ​សមយុទ្ធ​ឡោមព័ទ្ធ​កោះ​តៃវ៉ាន់​ពេញ​មួយ​សប្ដាហ៍​កាល​ដើម​ខែ​សីហា ប្រឆាំង​នឹង​ទស្សនកិច្ច​របស់​អ្នកស្រី ប៉េឡូស៊ី ដែល​ក្រុង​ប៉េកាំង​បាន​ប្រព្រឹត្ត​ទៅ​លើ​តៃវ៉ាន់ បាន​នាំ​ឱ្យ​ប្រទេស​ជាច្រើន​កាន់តែ​បង្ហាញ​ការ​សាមគ្គី​ភាព​ជាមួយ​រដ្ឋាភិបាល​តៃវ៉ាន់ ហើយ​ធ្វើ​ឱ្យ​ចិន​កាន់តែ​បាក់មុខ។

សម្រាប់​សហរដ្ឋ​អាមេរិក ប្រកាស​ដាច់ខាត​ប្រឆាំង​ចិន បើ​ចិន​លើក​ទ័ព​ឈ្លានពាន​កោះ​តៃវ៉ាន់ ទោះ​ជា​អាមេរិក​ទទួលស្គាល់​នយោបាយ​ចិន​តែ​មួយ​ក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស