29.6 C
Phnom Penh

មេដឹកនាំ​បំផ្លាញ​លោក​ពីរ​រូប​ជួប​គ្នា​និយាយ​អំពី​ការ​ស្ដារ​សណ្ដាប់ធ្នាប់​ពិភពលោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​ពុធ ទី​៧ កញ្ញា ម្ចាស់​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន គឺ​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin និង​លោក Min Aung Hlaing មេ​រដ្ឋប្រហារ​នៅ​ភូមា បាន​ជួប​គ្នា។

ជំនួប​របស់​ពួកគេ​នៅ​ក្រៅ​កិច្ចប្រជុំ​អន្តរជាតិ​មួយ​នៃ​វេទិកា​សេដ្ឋកិច្ច​បូព៌ា នៅ​ក្នុង​ទីក្រុង Vladivostok នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​រុស្ស៊ី។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក Putin បាន​និយាយ​នៅ​ក្នុង​អំឡុង​ពេល​ជំនួប​ជាមួយ​លោក Min Aung Hlaing ថា៖ «ប្រទេស​ភូមា គឺជា​ដៃគូ​ដ៏​យូរ​អង្វែង និង​គួរ​ឱ្យ​ទុកចិត្ត​សម្រាប់​ប្រទេស​រុស្ស៊ី នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ហើយ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​កំពុង​អភិវឌ្ឍ​ទៅ​មុខ​នៅ​ក្នុង​ផ្លូវ​វិជ្ជមាន»

ចំណែកឯ​សុន្ទរកថា​មួយ​ទៅកាន់​វេទិកា​សេដ្ឋកិច្ច​បូព៌ា លោក ពូទីន បាន​អួត​សាជាថ្មី​ថា រុស្ស៊ី​នឹង​មិន​ចាញ់​សង្គ្រាម​នៅ​អ៊ុយក្រែន​ឡើយ ហើយ​អ្វី​ដែល​ទីក្រុង​មូស្គូ​កំពុង​ធ្វើ គឺ​ដើម្បី​ធានា​សន្តិសុខ​របស់​ខ្លួន និង​ការពារ​ប្រជាជន​និយាយ​ភាសា​រុស្ស៊ី។ លោក ពូទីន បន្ត​ថា ការ​នាំចេញ​ផលិតផល​គ្រាប់​ធញ្ញជាតិ​រុស្ស៊ី គឺ​មាន​សារសំខាន់​សម្រាប់​ពិភពលោក​មួយ​នេះ ដែល​អាច​នឹង​ត្រូវ​ប្រើប្រាស់​ជា​គោលដៅ​ចម្បង​របស់​ខ្លួន ដើម្បី​ឆ្លើយតប​នឹង​សកម្មភាព​របស់​លោក​ខាងលិច​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី។

លោក​សង្កត់​ធ្ងន់​ថា កាយវិការ​របស់​រុស្ស៊ី​នេះ គឺ​ដើម្បី​ធ្វើ​ឱ្យ​ពិភពលោក​មាន​ស្ថិរភាព​អំពី​ផលិតផល​ស្បៀង។ លោក​ថា នេះ​ក៏​ជា​ការ​ជួយ​កសាង​សណ្ដាប់ធ្នាប់​ពិភពលោក​មួយ​ដែរ។

នៅ​ពេល​ត្រូវ​បាន​ចោទ​សួរ​អំពី​ដំណើរការ​នៃ​ប្រតិបត្តិការ​យោធា​របស់​ទីក្រុង​មូស្គូ លោក ពូ ទីន បាន​អួត​ថា រុស្ស៊ី​មិន​បាន​បាត់បង់​អ្វី​ឡើយ ហើយ​រុស្ស៊ី​នឹង​មិន​បណ្តោយ​ឱ្យ​បាត់បង់​អ្វី​ទាំងអស់។

បុរស​ខ្លាំង​វិមាន​ក្រឹមឡាំង​អះអាង​ថា គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​ឱ្យ​រុស្ស៊ី​នៅ​ឯកោ​តែ​ម្នាក់​ឯង​បាន​ឡើយ។ លោក​បញ្ជាក់​ថា រុស្ស៊ី​នឹង​បន្ត​ពង្រីក​សមត្ថភាព​របស់​ខ្លួន​នៅក្នុង​វិស័យ​ដឹកជញ្ជូន ដោយ​ពង្រីក​បណ្ដាញ​គមនាគមន៍​ដោយ​បើក​ផ្លូវ​សមុទ្រ សំដៅ​បង្កើន​សមត្ថភាព​ក្នុង​វិស័យ​ដឹកជញ្ជូន​ទំនិញ​ដែល​លោក​ថា ផលិតផល​របស់​រុស្ស៊ី​នឹង​ពុំ​អាច​ប្រទេស​ណា​រាំង​ខ្ទប់​ក្រោម​ទណ្ឌកម្ម​បាន​ឡើយ។

លោក​ថា គេ​ព្យាយាម​បំផ្លាញ​រុស្ស៊ី តែ​រុស្ស៊ី​នៅតែ​អាច​ដើរតួ​ជា​អ្នក​កសាង​លោក។ នេះ​ជា​ការ​អះអាង​របស់​លោក ពូទីន មេដឹកនាំ​វិមាន​ក្រឹមឡាំង​ដែល​សឹងតែ​ពិភពលោក​ទាំងមូល​នៅ​ឯ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ បាន​ថ្កោលទោស​ចំពោះ​លោក​ដែល​បញ្ជា​ឲ្យ​លើក​ទ័ព​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។

ចំណែក​មេ​រដ្ឋប្រហារ​នៅ​ភូមា ដែល​កំពុង​ជាប់​ចោទ​ពី​បទ​ប្រឆាំង​មនុស្ស​ជាតិ និង​ប្រល័យ​ពូជសាសន៍​ទៅ​លើ​សហគមន៍​មូស្លីម​រ៉ូហ៊ីងយ៉ា ដែល​ស្ថិត​នៅ​ឯ​វេទិកា​អន្តរជាតិ​នេះ​ដែរ លោក​បាន​ថ្លែង​សរសើរ​លោក ពូទីន ជា​ខ្លាំង។

លោក Min Aung Hlaing បាន​ប្រាប់​លោក Putin ថា៖ «លោក​មាន​មោទនភាព​ខ្លាំង​ណាស់​ចំពោះ​លោក​នៅ​ពេល​ដែល​លោក​បាន​ឡើង​កាន់​អំណាច ប្រទេស​រុស្ស៊ី​បាន​ក្លាយ​ជា​ប្រទេស​លេខ​មួយ​នៅ​លើ​ពិភពលោក»

ខណៈ​លោក​ថ្លែង​ដូច្នេះ កងទ័ព​រុស្ស៊ី​បាន​ទទួល​រង​ការ​ខូចខាត​ដ៏​សម្បើម ទាំង​មេទ័ព ពល​ទាហាន គ្រឿង​យុទ្ធភណ្ឌ រថក្រោះ យន្តហោះ​ចម្បាំង។ រុស្ស៊ី​បាន​បញ្ជា​ទិញ​យន្តហោះ​ដ្រូន​ពី​អ៊ីរ៉ង់ សុំ​ទិញ​គ្រាប់កាំភ្លើង​ធំ កាំជ្រួច​ពី​កូរ៉េ​ខាងជើង ដើម្បី​បង្គ្រប់​សេចក្តី​ត្រូវការ ព្រោះ​ថា​រោងចក្រ​ផលិត​សព្វាវុធ​ផលិត​មិនទាន់​ការ​ប្រើប្រាស់។

លោក Min Aung Hlaing បន្ថែម​ថា៖ «គេ​មិន​ត្រឹមតែ​ហៅ​លោក​ថា​ជា​មេដឹកនាំ​នៃ​ប្រទេស​រុស្ស៊ី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ហៅ​លោក​ថា​ជា​មេដឹកនាំ​ពិភពលោក​ទៀត​ផង ដោយសារតែ​លោក​ត្រួតត្រា និង​រៀបចំ​ឱ្យ​មាន​ស្ថិរភាព​នៅ​ជុំវិញ​ពិភពលោក​ទាំងមូល»

ចាប់​តាំងតែ​ពី​រដ្ឋប្រហារ​ខែ​កុម្ភៈ ឆ្នាំ​២០២១ លោក Min Aung Hlaing បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​រុស្ស៊ី ចំនួន ២​លើក​រួច​មក​ហើយ គឺ​កាលពី​ខែ​មិថុនា ឆ្នាំ​២០២១ និង​កាលពី​ខែ​កក្កដា ឆ្នាំ​២០២២ នេះ។ ចំពោះ​ដំណើរ​ទស្សនកិច្ច​លើក​ទី​៣ គឺ​លោក​បាន​ចាប់ផ្តើម​ចាកចេញ​ពី​ភូមា កាលពី​ថ្ងៃ​ចន្ទ ក្នុង​សប្តាហ៍​នេះ។

ទស្សនកិច្ច​របស់​លោក Min Aung Hlaing នៅ​ប្រទេស​រុស្ស៊ី​នៅ​ពេលនេះ បាន​ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ភូមា និង​រុស្ស៊ី ប្រឈម​នឹង​ភាព​ឯកោ​ផ្នែក​ការទូត ដោយសារ​ប្រទេស​រុស្ស៊ី​បាន​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​កាលពី​ខែ​កុម្ភៈ និង​ដោយសារ​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​នៅ​ក្នុង​ប្រទេស​ភូមា កាលពី​ឆ្នាំ​មុន ដែល​ពិភពលោក​បាន​ថ្កោលទោស​ជា​ខ្លាំង។

ទាំង​របប​លោក ពូទីន និង​របប​យោធា​ភូមា សុទ្ធតែ​ពុំ​មាន​តំណាង​របស់​ខ្លួន​នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នោះ​ទេ។ ចំពោះ​របប​សឹក​ភូមា​វិញ គឺ​ពុំ​មាន​អាសនៈ​នៅ​ឯ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នោះ​ទេ។ អាសនៈ​របស់​ប្រទេស​ភូមា នៅ​អង្គការ​សហប្រជាជាតិ​នៅតែ​ត្រូវ​បាន​រដ្ឋាភិបាល​អ្នកស្រី អ៊ុងសាន ស៊ូជី កាន់កាប់​នៅឡើយ​ទេ។

ការពិត ទាំង​របប​សឹក​ភូមា ដឹកនាំ​ដោយ​ឧត្តមសេនីយ៍​មេ​រដ្ឋប្រហារ Min Aung Hlaing និង​របប​ក្រុង​មូស្គូ ដឹកនាំ​ដោយ​បុរស​ខ្លាំង វ៉្លាឌីមៀរ ពូទីន គឺ​សំណុំរឿង​ឧក្រិដ្ឋ​របស់​ពួកគេ​កំពុងតែ​ស្ថិត​នៅ​ឯ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC និង ICJ ដូច​គ្នា។

នៅ​ខណៈ​នេះ សំណុំរឿង​ប្រល័យ​ពូជសាសន៍​ដែល​ពួក​យោធា​ភូមា​ប្រព្រឹត្ត​ទៅលើ​សហគមន៍​មូស្លិម​រ៉ូហ៊ីងយ៉ា កំពុង​ចាប់ផ្ដើម​នីតិវិធី​ជំនុំជម្រះ​ហើយ​នៅ​ឯ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស