42.2 C
Phnom Penh

កម្ពុជា​ត្រូវ​គេ​ចាត់​ចូល​ក្នុង​ប្រទេស​ដែល​លាង​លុយ​កខ្វក់​និង​ជួញដូរ​មនុស្ស​កម្រិត​ខ្ពស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថា​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ដាក់​ក្នុង​បញ្ជី​ប្រផេះ​នៃ​ក្រុម​ប្រទេស​ដែល​មាន​ហានិភ័យ​ខ្ពស់​ខាង​លាង​លុយ​កខ្វក់ និង​ចំណាត់ថ្នាក់​ទី​៣ ក្នុង​បញ្ជី​ខ្មៅ​នៃ​ក្រុម​ប្រទេស​ជួញដូរ​មនុស្ស។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើកឡើង​ក្នុង​ពិធី​សម្ពោធ​អគារ​រដ្ឋបាល និង​អគារ​សាល​ប្រជុំ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០២២ ថា មាន​បញ្ហា​ប្រឈម​ពីរ​សម្រាប់​មុខមាត់​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ ដែល​ត្រូវ​រំដោះ​ខ្លួន​ចេញពី​ការ​ចាត់​ថ្នាក់​ប្រទេស​នេះ​ទៅ​ក្នុង​បញ្ជី​ប្រផេះ​នៅ​ក្នុង​វិស័យ​ធនាគារ ដោយ​គេ​ចាត់ទុក​ថា ប្រទេស​កម្ពុជា​បាន​ធ្វើ​ចរាចរណ៍​លុយ​ខ្មៅ និង​ការ​ទម្លាក់​ប្រទេស​នេះ​ទៅ​ក្នុង​ចំណាត់ថ្នាក់​ទី​៣​ក្នុង​បញ្ជី​ខ្មៅ​នៃ​ការ​ជួញដូរ​មនុស្ស។

លោក ស ខេង អះអាង​ថា ប្រសិនបើ​យើង​មិន​ខិតខំ​ប្រឹងប្រែង​រំដោះ​ខ្លួន​ចេញពី​បញ្ជី​ប្រផេះ​ទេ ថ្ងៃ​ណា​មួយ​អាច​នឹង​ត្រូវ​បាន​គេ​ទម្លាក់​ចូល​ក្នុង​បញ្ជី​ខ្មៅ​នៃ​ការ​ចរាចរ​លុយ​កខ្វក់​បន្ថែម​ទៀត​ជាមិនខាន ដែល​អាច​ឲ្យ​ការ​ប្រើ​ថវិកា​ទាំង​រដ្ឋ ទាំង​ឯកជន​មាន​ការ​លំបាក។ ដូច្នេះ​ហើយ បាន​ជា​រាជរដ្ឋាភិបាល​បង្កើត​គណៈកម្មាធិការ​ប្រឆាំង និង​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ។

រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង អំពាវនាវ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​ស្ថិត​ក្រោម​ឱវាទ​របស់​ខ្លួន​ទាំងអស់ ចូលរួម​គាំទ្រ​ឱ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែម​ទៀត ជាពិសេស​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំង​ពីរ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ដើម្បី​មុខមាត់​ប្រទេស​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ផង​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​រាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​ចាត់​ថ្នាក់​ចូល​ទៅ​ក្រុម​ប្រទេស​ដែល​ធ្វើ​ចរាចរណ៍​លុយ​កខ្វក់ និង​ជួញដូរ​មនុស្ស​ធ្ងន់ធ្ងរ​សម្រាប់​ឆ្នាំ​២០២២ នេះ។ វិស័យ​ដែល​រង​ហានិភ័យ​ខ្ពស់​ខាង​អំពើ​លាង​លុយ​កខ្វក់​បច្ចុប្បន្ន​នេះ មាន​ដូចជា​វិស័យ​ធនាគារ ហិរញ្ញវត្ថុ វិស័យ​សំណង់ វិស័យ​អចលនទ្រព្យ និង​វិស័យ​កាស៊ីណូ ជាដើម។

ទាក់ទិន​នឹង​បញ្ហា​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ចេញ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ការ​ប្រឆាំង និង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ឬ​ការ​លាង​លុយ​កខ្វក់​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​គណៈរដ្ឋមន្ត្រី​កម្ពុជា​កាលពី​ចុង​ឆ្នាំ​២០២០ ផង​ដែរ។

ការ​ចេញ​សេចក្តី​ព្រាងច្បាប់​នេះ ធ្វើឡើង​បន្ទាប់ពី​គណៈកម្មការ​អឺរ៉ុប​បាន​ស្នើ​ដាក់​ប្រទេស​កម្ពុជា និង​ប្រទេស​ចំនួន​១១ ទៀត​ទៅ​ក្នុង «បញ្ជី​ខ្មៅ» ដែល​សហភាព​អឺរ៉ុប​ត្រូវ​បង្កើន​ការ​តាមដាន​កាន់តែ​ខ្លាំង​ក្រោយពី​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​បញ្ជី​ពណ៌ «ប្រផេះ» នៃ​ការ​លាង​លុយ​កខ្វក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​កាលពី​ឆ្នាំ​២០១៩ កន្លងទៅ។

កាលពី​ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០២២ ក្រុម​ការងារ​ហិរញ្ញវត្ថុ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង (Financial Action Task Force) ហៅ​កាត់​ថា FATF បាន​សម្រេច​បន្ត​ដាក់​ប្រទេស​កម្ពុជា​ឱ្យ​នៅ​ក្នុង «បញ្ជី​ប្រផេះ» នៃ​ក្រុម​ប្រទេស​ដែល​មាន​ហានិភ័យ​ខាង​លាង​លុយ​កខ្វក់​អស់​រយៈពេល​ជាង ៣​ឆ្នាំ​ជាប់ៗ​គ្នា​តាំងពី​ឆ្នាំ​២០១៩ មក ដែល​ពិភពលោក​ត្រូវ​បង្កើន​ការ​តាមដាន​កាន់តែ​ខ្លាំង​ជាង​មុន​ក្នុង​ឆ្នាំ​២០២២ នេះ។

កាលពី​ខែ​មករា ឆ្នាំ​២០២១ ក្រុម​ការងារ​ហិរញ្ញវត្ថុ FATF បាន​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់​វិធានការ​ឱ្យ​បាន​ឆាប់​រហ័ស ដើម្បី​បំពេញ​តាម​ផែនការ​សកម្មភាព​ឱ្យ​បាន​មុន​ខែ​កុម្ភៈ ឆ្នាំ​២០២២ កន្លងទៅ បើ​មិន​ដូច្នោះ​ទេ ក្រុម​ការងារ​ហិរញ្ញវត្ថុ​នឹង​សម្រេច​ចិត្ត​រឹតត្បិត​ប្រទេស​កម្ពុជា​បន្ថែម​ទៀត​ពី​លើ​ចំណាត់ថ្នាក់​បញ្ជី​ប្រផេះ​នេះ។

ក្រោយពី​ប្រទេស​កម្ពុជា​ជាប់​ឈ្មោះ​ក្នុង «បញ្ជី​ប្រផេះ» នៃ​ក្រុម​ប្រទេស​លាង​លុយ​កខ្វក់ ទាំង​សហភាព​អឺរ៉ុប​ក្តី ទាំង​ស្ថាប័ន​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ ឬ​ហៅ​កាត់​ថា FinCEN នៃ​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​ក្តី សុទ្ធតែ​បង្កើន​ការ​ឃ្លាំមើល​ប្រភព​លុយ​ចេញ​ចូល​ប្រទេស​កម្ពុជា​ទាំងអស់។

ក្រសួង​ការបរទេស​អាមេរិក កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា ក៏​បាន​បញ្ចេញ​សេចក្តី​រាយការណ៍​ប្រចាំ​ឆ្នាំ​២០២២ ស្ដីពី​ការ​ជួញដូរ​មនុស្ស​របស់​ខ្លួន​ផង​ដែរ​ដែល​ទម្លាក់​ប្រទេស​កម្ពុជា វៀតណាម តំបន់​ម៉ាកាវ និង​ប្រទេស​ផ្សេង​ទៀត​ពី​បញ្ជី​ខ្មៅ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​នៅ​កម្រិត​ពីរ (Tier 2 Watch List) ទៅ​កម្រិត​៣ (Tier 3 Watch List) ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ការ​ជួញដូរ​មនុស្ស​ធ្ងន់ធ្ងរ​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស