39.4 C
Phnom Penh

សមត្ថកិច្ច​ទទួល​សំណើ​១៦​ករណី​ទៀត​ឲ្យ​ជួយ​សង្គ្រោះ​ជនបរទេស​៥២​នាក់​ដែល​ត្រូវ​បាន​ជួញដូរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ អះអាង​ថា សមត្ថកិច្ច​កម្ពុជា​បាន​ទទួល​សំណើ​ចំនួន ១៦​ករណី​ទៀត​ដែល​បាន​ស្នើ​ឲ្យ​ជួយ​សង្គ្រោះ​ជនបរទេស ៥២​នាក់ បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​ជួញដូរ​នៅ​លើ​ទឹកដី​កម្ពុជា។

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ប្រាប់​សារព័ត៌មាន​ស្រុក​ថា សំណើ​ដែល​ស្នើ​ឲ្យ​ជួយ​ជនរងគ្រោះ​ទាំង ១៦​ករណី​ដែល​សមត្ថកិច្ច​ទទួល​បាន​ម្សិលមិញ (ថ្ងៃទី​២១ កញ្ញា) ក្នុង​នោះ​ស្នើ​ឲ្យ​សង្គ្រោះ​ជនជាតិ​ចិន ២៨​នាក់ ហើយ​ចិន​តៃវ៉ាន់​ម្នាក់ ខណៈ​ជនជាតិ​ឥណ្ឌា​ចំនួន ៦​នាក់ និង​វៀតណាម ៦​នាក់ ព្រមទាំង​ជនជាតិ​ស៊ូដង់​ម្នាក់ និង​បង់ក្លាដេស ១១​នាក់។

លោក​បញ្ជាក់​ថា បច្ចុប្បន្ន ក្រសួង​កំពុង​តាមដាន​សំណើ​សរុប ៣០៣​ករណី ដោយ​មាន​មនុស្ស ៦៦៦​នាក់​មកពី ១១​សញ្ជាតិ ខណៈ​ការ​ស្រាវជ្រាវ​បឋម​ចំពោះ​សំណើ ១៣៦​ករណី​ដោយ​នៅ​សល់​ចំនួន ១៦៧​សំណើ បាន​រក​ឃើញ ២៧០​នាក់។ ក្នុង​នោះ ឃាត់​ខ្លួន​មនុស្ស​បាន ៣០​នាក់ ដោយ​បិទ​ក្រុមហ៊ុន ១​ទីតាំង និង​ផ្អាក​អាជីវកម្ម ក៏ដូចជា​កំពុង​ស្រាវជ្រាវ​ក្រុមហ៊ុន ៣​ទីតាំង​ទៀត​ផង​ដែរ។

កម្ពុជា​ទទួល​បាន​សំណើ​សុំ​ជួយ​សង្គ្រោះ​បន្តបន្ទាប់ ក្រោយពី​លោក ស ខេង បាន​ចេញ​លិខិត​មួយ​អំពាវនាវ​ដល់​សាធារណជន​ជាតិ និង​អន្តរជាតិ ស្ថាន​តំណាង​បរទេស​ប្រចាំ​កម្ពុជា និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៃ​បណ្ដា​ប្រទេស​ពាក់ព័ន្ធ បន្ត​សហការ​ផ្តល់​ព័ត៌មាន​ពាក់ព័ន្ធ​អំពើ​ជួញដូរ​មនុស្ស និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ផ្សេង​ទៀត ដើម្បី​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បាន​ទាន់​ពេលវេលា​ប្រកប​ដោយ​ប្រសិទ្ធភាព។

ក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ រួម​ទាំង​ក្រសួង​យុត្តិធម៌ កាលពី​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២២ លោក ស ខេង ថ្លែង​ថា ភាគច្រើន​នៃ​ជនរងគ្រោះ ពួកគេ​ធ្វើការ​នៅ​កន្លែង​អាជីវកម្ម​ល្បែង​ភ្នាល់​អនឡាញ​ខុស​ច្បាប់។ ករណី​នេះ បាន​ជំរុញ​ឲ្យ​មាន​បទល្មើស​ជួញដូរ​មនុស្ស​គ្រប់​ទម្រង់ បទល្មើស​គ្រឿងញៀន ភេរវកម្ម លួច ឆក់ ប្លន់ បទល្មើស​ជំរិត​ទារ​ប្រាក់ ធ្វើ​ទារុណកម្ម ឃាតកម្ម ការ​សងសឹក ការ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់ បទល្មើស​អន្តោប្រវេសន៍​ខុស​ច្បាប់ និង​បទល្មើស​សម្អាត​ប្រាក់ បង្ក​ផល​ប៉ះពាល់​ដល់​ការ​កសាង​យុត្តិធម៌​សង្គម។

រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ប្ដេជ្ញាចិត្ត​ប្រយុទ្ធ​ប្រឆាំង​អំពើ​ឆបោក ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា បទល្មើស​គ្រឿងញៀន បទល្មើស​សម្អាត​ប្រាក់ ល្បែងស៊ីសង​អនឡាញ​ខុស​ច្បាប់​នៅ​កម្ពុជា។

វិធានការ​នេះ​ធ្វើឡើង​ក្រោយពី​សហរដ្ឋ​អាមេរិក កាលពី​ខែ​កក្កដា ឆ្នាំ​២០២២ កន្លងទៅ បាន​ដាក់​កម្ពុជា​ក្នុង​បញ្ជី​ខ្មៅ​របស់​ខ្លួន ដោយ​សំអាង​ថា ការ​ជួញដូរ​ជនបរទេស​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​កំពុង​មាន​ការ​កើនឡើង ក៏ដូចជា​ការ​រំលោភ​បំពាន​ផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ ហើយ​មន្ត្រី​មួយ​ចំនួន​សមគំនិត​ក្នុង​ប្រតិបត្តិការ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស