38.8 C
Phnom Penh

សារ​ធ្ងន់ៗ​របស់​លោក បៃដិន អ្នកស្រី ត្រាស និង​លោក ហ្សេឡេនស្គី វាយ​សំពង​លោក ពូទីន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃទី​២០ កញ្ញា ជា​ថ្ងៃទី​ពីរ​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ដែល​មាន​រយៈពេល​មួយ​សប្ដាហ៍ មេដឹកនាំ​ប្រទេស​ដ៏​មាន​ឥទ្ធិពល​ចំនួន​ពីរ គឺ​អាល្លឺម៉ង់ និង​ជប៉ុន វាយប្រហារ​លើ​របប​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន យ៉ាង​ខ្លាំង ដោយសារ​លើក​ទ័ព​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។

មេដឹកនាំ​ប្រទេស​ពីរ​នេះ​វាយ​ចំអក​ថា រុស្ស៊ី​លែង​សម​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ទៅ​ហើយ។

មេដឹកនាំ​ប្រទេស​ពីរ​នេះ​បាន​ទាមទារ​ឱ្យ​មាន​ការ​ពិនិត្យ​ធម្មនុញ្ញ​របស់​អង្គការ​ពិភពលោក​នេះ​ឡើងវិញ។

កាលពី​ថ្ងៃទី​២១ ខែ​កញ្ញា ជា​ថ្ងៃទី​៣ នៃ​ដំណើរការ​ប្រជុំ​នៃ​មេដឹកនាំ ១៩៣​ប្រទេស គេ​សង្កេត​ឃើញ​មេដឹកនាំ​ប្រទេស​ដ៏​មាន​ឥទ្ធិពល​យ៉ាងតិច ២​ប្រទេស​ទៀត បាន​ថ្លែង​វាយប្រហារ​ធ្ងន់ៗ​ថែម​ទៀត​ទៅ​លើ​របប​លោក ពូទីន។ គ្រាន់តែ​ចាប់​កាន់​ក្បាល​មេក្រូ​ភ្លាម ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន បាន​ចោទប្រកាន់​មេដឹកនាំ​រុស្ស៊ី ថា​គ្មាន​ការ​ទទួល​ខុសត្រូវ​ទាល់តែសោះ​ជុំវិញ​ការ​គំរាម​ជា​ថ្មី​ពី​ការ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ។

លោក​ថា ទីក្រុង​មូស្គូ​បាន​បំពាន​គោលការណ៍​ស្នូល​នៃ​សមាជិកភាព​របស់​អង្គការ​សហប្រជាជាតិ គឺ​រំលោភ​ធ្ងន់ធ្ងរ​ធម្មនុញ្ញ​របស់​ស្ថាប័ន​ពិភពលោក​មួយ​នេះ ដោយ​ធ្វើការ​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​ដែល​ជា​រដ្ឋ​អធិបតេយ្យ​មួយ។

ថ្លែង​ទៅ​កាន់​អង្គ​មហាសន្និបាត លោក បៃដិន បាន​ថ្កោលទោស​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ចំពោះ​ការ​បង្ក​សង្គ្រាម​ដោយ​គ្មាន​ហេតុផល។

លោក បៃដិន បាន​គាំទ្រ​សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​ណាតូ (NATO) ដែល​ចេញ​មុខ​គំរាម​លោក ពូទីន ដែល​ចង់​បង្កាត់​ភ្នក់ភ្លើង​សង្គ្រាម​នុយក្លេអ៊ែរ។ ប្រធានាធិបតី​ប្រទេស​មហាអំណាច​មួយ​នេះ​បាន​ថ្លែង​ថា៖ «ជា​ថ្មី​ម្តង​ទៀត លោក​ប្រធានាធិបតី ពូទីន បាន​ធ្វើការ​គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ប្រឆាំង​នឹង​អឺរ៉ុប ដោយ​មិន​ខ្វល់​អំពី​ទំនួល​ខុសត្រូវ​ចំពោះ​កិច្ចព្រមព្រៀង​មិន​សាយភាយ​នុយក្លេអ៊ែរ»

លោក​ថា សង្គ្រាម​នុយក្លេអ៊ែរ​នឹង​មិន​អាច​មាន​អ្នក​ឈ្នះ​ឡើយ ហើយ​វា​ក៏​មិន​ត្រូវ​ឲ្យ​កើតមាន​ឡើង​ដាច់ខាត។

បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters លោក បៃដិន បាន​ប្រាប់​ទៅ​គណៈប្រតិភូ​មហាសន្និបាត​ថា ដំណាក់កាល​នេះ​ហើយ គេ​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ប្រទេស​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ដែល​បំពាន​ធ្ងន់ធ្ងរ​ទៅ​លើ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ មាន​សិទ្ធិ​ធ្វើ​សេចក្ដី​សម្រេច​ដោយ​ប្រើ​សិទ្ធិ​វេតូ​នោះ​ទេ។ លោក​ស្នើ​ឱ្យ​ស្ថាប័ន​ពិភពលោក​កែទម្រង់​ស្ថាប័ន​ក្រុមប្រឹក្សា​សន្តិសុខ​មួយ​នេះ​ជាបន្ទាន់។

លោក បៃដិន បាន​ហៅ​ទង្វើ​របស់​កងទ័ព និង​របប​លោក ពូទីន ថា​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ដ៏​ធ្ងន់ធ្ងរ​ទៅ​លើ​ប្រជាជន និង​ដែនដី​អ៊ុយក្រែន។

សម្រាប់​សហរដ្ឋ​អាមេរិក គឺជា​ប្រទេស​មួយ​ដែល​គាំទ្រ​ជា​ខ្លាំង​ការ​បង្កើត​សាលា​ជំនុំជម្រះ​ក្ដី​ពិសេស ដើម្បី​បើក​ដំណើរការ​កាត់ក្ដី​របប​លោក ពូទីន ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម។

នៅ​ក្នុង​ថ្ងៃទី​៣ នៃ​ដំណើរការ​មហាសន្និបាត​នេះ គេ​សង្កេត​ឃើញ​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស អ្នកស្រី លីស ត្រាស បាន​សន្យា​ថា អង់គ្លេស​នឹង​បន្ត​ផ្ដល់​ជំនួយ​យោធា​ដល់​អ៊ុយក្រែន​រហូត​ទាល់តែ​អ៊ុយក្រែន​យក​ឈ្នះ​នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។

ថ្លែង​នៅ​ចំពោះ​មុខ​មហាសន្និបាត​លើក​ទី​៧៧ នេះ អ្នកស្រី ត្រាស បាន​បញ្ជាក់​ថា អង់គ្លេស​នឹង​មិន​បញ្ឈប់​ដាច់ខាត​ការ​ជួយ​អ៊ុយក្រែន ហើយ​នៅ​ក្នុង​ខណៈ​ពេល​នៃ​សង្គ្រាម​នេះ អង់គ្លេស​សន្យា​ថា​នៅតែ​បន្ត​បង្កើន​ជំនួយ​យោធា​សម្រាប់​អ៊ុយក្រែន ដរាបណា​សង្គ្រាម​នៅតែ​បន្ត​កើតឡើង។

អ្នកស្រី ត្រាស ប្រកាស​អំពី​កញ្ចប់​ថវិកា​ជំនួយ​យោធា​ទៅ​ឱ្យ​អ៊ុយក្រែន សម្រាប់​ឆ្នាំ​២០២៣ នេះ គឺ​មាន​ការ​កើនឡើង​ជាង​ឆ្នាំ​២០២២។ នៅ​ឆ្នាំ​២០២២ កញ្ចប់​ថវិកា​ជំនួយ​យោធា​ទៅ​ឱ្យ​អ៊ុយក្រែន​មាន ២២០០​លាន​ដុល្លារ ហើយ​សម្រាប់​ឆ្នាំ​២០២៣ គឺ ២៦៣០​លាន​ដុល្លារ។

បើ​តាម​ទីភ្នាក់ងារ Reuters នៅពេល​អ្នកស្រី លីស ត្រាស កំពុង​ថ្លែង​សុន្ទរកថា​នៅ​ចំពោះ​មុខ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ គឺ​ជំនួយ​សព្វាវុធ​បន្ថែម​ទៀត​របស់​ចក្រភព​អង់គ្លេស កំពុង​បញ្ជូន​ទៅ​ឱ្យ​អ៊ុយក្រែន។

ចំណែក​សារ​របស់​លោក​ប្រធានាធិបតី​អ៊ុយក្រែន​វិញ ដែល​បាន​ថ្លែង​តាម​វីដេអូ​អ៊ីនធឺណិត លោក វូឡូឌីមៀ ហ្សេឡេនស្គី បាន​ទាមទារ​ឲ្យ​មាន​តុលាការ​ពិសេស​មួយ​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​ផ្ដន្ទាទោស​លើ​របប​នៅ​រុស្ស៊ី ចំពោះ​ការ​ឈ្លានពាន​ប្រទេស​របស់​លោក។ លោក​បន្ត​ទទូច​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ដកហូត​អំណាច​វេតូ​របស់​រុស្ស៊ី នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ។

លោក ហ្សេឡេនស្គី បាន​ថ្លែង​ទៅកាន់​អង្គ​មហាសន្និបាត​ថា៖ «ឧក្រិដ្ឋកម្ម​មួយ​ត្រូវ​បាន​ប្រព្រឹត្ត​ប្រឆាំង​នឹង​អ៊ុយក្រែន គឺ​ទាមទារ​ឲ្យ​មាន​ការ​ផ្ដន្ទាទោស​ជាមួយ​នឹង​យុត្តាធិការ​របស់​សាលាក្ដី​ពិសេស​មួយ»

ជាមួយ​គ្នា​នេះ លោក ហ្សេឡេនស្គី ក៏​បាន​ជំរុញ​ជា​ថ្មី​ឱ្យ​អង្គការ​សហប្រជាជាតិ ដក​សិទ្ធិ​វេតូ​របស់​រុស្ស៊ី​ពី​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ លោក​វាយប្រហារ​រុស្ស៊ី​ថា ប្រទេស​មួយ​នេះ​ជាប់​ឈ្មោះ​ជា​រដ្ឋ​ភេរវកម្ម​ទៅ​ហើយ។ លោក​ក៏​បាន​ទទូច​សុំ​ទៅ​ពិភពលោក​បន្ត​ជួយ​ផ្ដល់​អាវុធ​ទៅ​ឲ្យ​ប្រទេស​របស់​លោក ដើម្បី​ឲ្យ​កងទ័ព​របស់​លោក​មាន​សមត្ថភាព​វាយ​យក​ទឹកដី​ពី​រុស្ស៊ី​មក​វិញ។

កាលពី​ថ្ងៃទី​២ នៃ​ដំណើរការ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ អធិការបតី​អាល្លឺម៉ង់ លោក Olaf Scholz បាន​ថ្លែង​ចំអក​ទៅ​លោក ពូទីន ថា​រុស្ស៊ី​គ្មាន​ផ្លូវ​ឈ្នះ​សង្គ្រាម​ដាច់ខាត។

មក​ដល់​ពេលនេះ សង្គ្រាម​របស់​មហាអំណាច​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ចូល​ខែ​ទី​៨ ហើយ។ សង្គ្រាម​កំពុង​ផ្ទុះ​ពេញ​ទំហឹង​នៅ​ភាគ​ខាងត្បូង និង​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន។ ក្នុង​សង្គ្រាម​ជាង ២១១​ថ្ងៃ​មក​នេះ មហាអំណាច​យោធា​លំដាប់​ទី​ពីរ​ពិភពលោក​នេះ​បាន​បាក់​ទ័ព​ក្នុង​ទ្រង់ទ្រាយ​ធំ​ពីរ​លើក​មក​ហើយ ដោយ​កងទ័ព​អ៊ុយក្រែន​វាយ​រុញច្រាន​រត់​ប្រាស​អាយុ។

កាលពី​ថ្ងៃទី​១០ កញ្ញា ទ័ព​រុស្ស៊ី​បាន​រត់​ចោល​អាវុធ​ធុន​ធ្ងន់​ជាង ១២០​គ្រឿង ក្នុង​នោះ​រថក្រោះ ២៥​គ្រឿង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស