38.8 C
Phnom Penh

ចិន​គាំទ្រ​ការ​កែទម្រង់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ក្រោយពី​ទាល់ច្រក​នៅ​ឯ​មហាសន្និបាត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មហាសន្និបាត​លើក​ទី​៧៧ សម្រាប់​ឆ្នាំ​នេះ ប្រព្រឹត្ត​ទៅ​ដោយ​ភាព​ចម្រូងចម្រាស និង​ពោរពេញ​ទៅ​ដោយ​ការ​ឈឺចាប់។ សំណុំរឿង​ដ៏​ក្ដៅ​គគុក​នៅ​ក្នុង​វេទិកា​ពិភពលោក​នេះ គឺ​ករណី​មហាអំណាច​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។

ការ​ឈ្លានពាន​របស់​រុស្ស៊ី បាន​នាំ​ឲ្យ​អ៊ុយក្រែន ក្លាយ​ជា​ប្រទេស​ទី​មួយ​ដែល​រង​ការ​បំផ្លាញ និង​សោកនាដកម្ម​បំផុត​ចាប់តាំងពី​សង្គ្រាម​លោក​លើក​ទី​២។

នៅ​ឯ​មហាសន្និបាត គឺ​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ខ្លះ​ដែល​មាន​ទំនោរ​ទៅ​រក​រុស្ស៊ី នឹកស្មាន​មិន​ដល់​ថា ប្រទេស​មហាអំណាច​មួយ​នេះ​បាត់បង់​កិត្តិយស​យ៉ាង​អាម៉ាស់​ដែល​ត្រូវ​គេ​ព្រួត​គ្នា​វាយប្រហារ។ នៅ​ឯ​មហាសន្និបាត​នេះ សូម្បី​ប្រទេស​ចិន ដែល​តែង​គាំទ្រ​រុស្ស៊ី ក៏​បាន​ងាករេ​ជំហរ​របស់​ខ្លួន ដោយ​សម្រេច​ប្រាប់​ទៅ​រុស្ស៊ី ថា កុំ​ពង្រីក​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន​ឲ្យ​ហួស​ព្រំដែន។

លោក វ៉ាង យី ប្រមុខ​ការទូត​ចិន បាន​ថ្លែង​ទៅ​កាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃទី​២៤ ខែ​កញ្ញា ដែល​លោក​ថា ក្រុង​ប៉េកាំង​មាន​ការ​ព្រួយបារម្ភ​អំពី​ការ​រីក​រាលដាល​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន។

លោក វ៉ាង យី មិន​បាន​ថ្លែង​ចំៗ​អំពី​រុស្ស៊ី​បោះឆ្នោត​ប្រជាមតិ​ប្លន់​ទឹកដី​អ៊ុយក្រែន​នោះ​ទេ ប៉ុន្តែ​លោក​សម្ដែង​ការ​ខកចិត្ត​នៅ​ពេល​លោក ពូទីន បង្ក​សង្គ្រាម​នុយក្លេអ៊ែរ។

ចំណែក​ឯ​ប្រទេស​ឥណ្ឌា ដែល​ជា​ប្រទេស​ដ៏​ធំ ហើយ​ដូច​ប្រទេស​ចិន​ដែរ មិន​បាន​ដាក់​ទណ្ឌកម្ម​ទៅ​លើ​រុស្ស៊ី បាន​ចេញ​មុខ​ព្រមាន​ចិន កុំ​បង្ក​សង្គ្រាម​ប្រល័យ​លោក។ រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​ឥណ្ឌា Jaishankar ព្រមាន​ថា ឥណ្ឌា​មើល​ឃើញ​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន ដែល​បង្ក​ឡើង​ដោយ​រុស្ស៊ី គឺជា​រឿង​ដែល​មិន​សម​ឱ្យ​ផ្ទុះឡើង​នោះ​ទេ។ លោក​ថា ការ​ឈ្លានពាន​ប្រទេស​មួយ ហើយ​ព្យាយាម​ធ្វើ​ឲ្យ​ស្រប​ច្បាប់​ដោយ​ការ​បោះឆ្នោត​ប្រជាមតិ គឺ​កាន់តែ​ហួស​សម័យ​ទៅ​ទៀត។ នេះ​ជា​ការ​កត់សម្គាល់​របស់​អ្នក​សារព័ត៌មាន។ តែ​អ្វី​ដែល​អ្នក​សារព័ត៌មាន​ចាប់អារម្មណ៍​ខ្លាំង គឺ​ការ​ថ្លែង​របស់​ប្រមុខ​ការទូត​ចិន លោក វ៉ាង យី ដែល​គាំទ្រ​ចំពោះ​ប្រទេស​មួយ​ចំនួន​ស្នើ​ឱ្យ​សន្និបាត​សម្រេច​កែទម្រង់​ស្ថាប័ន​ក្រុមប្រឹក្សា​សន្តិសុខ។

នៅ​ក្នុង​មហាសន្និបាត​នោះ យ៉ាងតិច ៣២​ប្រទេស បាន​ធ្វើ​ញត្តិ​រួម​គ្នា​ស្នើ​ឲ្យ​ពិនិត្យ​ឡើងវិញ​នូវ​ប្រទេស​រុស្ស៊ី ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​មួយ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ បាន​ប្រើ​សិទ្ធ​វេតូ​រាំង​ខ្ទប់​ដំណោះស្រាយ ដើម្បី​ថ្កោលទោស​ករណី​ឈ្លានពាន​អ៊ុយក្រែន និង​ការ​រាំង​ខ្ទប់​ដំណោះស្រាយ​ផ្សេងៗ​ទៀត។

ជាមួយ​គ្នា​នេះ ប្រធាន​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប តំណាង ២៧​ប្រទេស គឺ​លោក Charles Michel បាន​ទាមទារ​ឲ្យ​ព្យួរ ឬ​ដកហូត​សិទ្ធិ​វេតូ​របស់​ប្រទេស​រុស្ស៊ី ឬ​ក៏​ត្រូវ​ដក​សមាជិកភាព​របស់​ប្រទេស​នេះ​ចេញពី​ក្រុមប្រឹក្សា​សន្តិសុខ​នេះ​តែម្ដង។ តែ​យ៉ាង​ណា ប្រទេស​ដែល​ឈាន​មុខ​គេ​ស្នើ​ឱ្យ​មហាសន្និបាត​ពិនិត្យ​សមាសភាព​ប្រទេស​រុស្ស៊ី​ឡើងវិញ​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ គឺ​នាយករដ្ឋមន្ត្រី​ជប៉ុន នាយករដ្ឋមន្ត្រី​អង់គ្លេស អធិការបតី​អាល្លឺម៉ង់ និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន។

ចំណែក​ប្រទេស​ចិន ដោយ​មើល​ឃើញ​សំឡេង​ភាគច្រើន​ទាមទារ​ធ្វើ​វិសោធនកម្ម​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​អំពី​ប្រទេស​មាន​បុព្វសិទ្ធិ​វេតូ​នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ គឺ​អាច​រហូត​ជាង ៦០​ប្រទេស​ដែល​ចេញ​មុខ​ជា​ចំហ គេ​សង្កេត​ឃើញ​ចិន​ចាប់ផ្ដើម​ដូរ​ឥរិយាបថ​ដោយ​យល់ព្រម​តាម​ការ​ទាមទារ​របស់​ប្រទេស​ទាំងនោះ។

នៅ​ថ្ងៃ​ទី​២៦ កញ្ញា នេះ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ បាន​ចុះផ្សាយ​ដោយ​ស្រង់​សម្ដី​លោក​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី ដែល​អះអាង​ថា ចិន​គាំទ្រ​សំណើ និង​គោលការណ៍​ទាំងឡាយ​ដែល​សុំ​ឲ្យ​មាន​ការ​ពិនិត្យ​ឡើងវិញ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​ដែល​ចាត់ទុក​ថា ច្បាប់​នេះ​មាន​តួនាទី​ស្នូល​នៅ​ក្នុង​កិច្ចការ​អន្តរជាតិ​របស់​អង្គការ​សហប្រជាជាតិ។

បើ​តាម​ប្រភព​ដដែល​នេះ​ឲ្យ​ដឹង​ថា លោក វ៉ាង យី បាន​ថ្លែង​ដូចនេះ​នៅ​ពេល​ដែល​លោក​ជួប​ដាច់ដោយឡែក​ជាមួយ​ប្រធាន​គណៈកម្មការ​កិច្ចការ​មហាសន្និបាត​លើក​ទី​៧៧ នៃ​អង្គការ​សហប្រជាជាតិ គឺ​លោក Csaba Korosi។ នៅ​ក្នុង​ជំនួប​នេះ លោក វ៉ាង យី បាន​បញ្ជាក់​ជំហរ​របស់​ចិន​ក្នុង​ការ​យល់​ឃើញ​អំពី​ការ​ចង់​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ដោយ​ចាត់ទុក​ថា​មាន​សារសំខាន់​នៅ​ពេលនេះ។

លោក​បន្ថែម​ថា ចិន​ចង់​ឃើញ​មតិ​ភាគច្រើន​ដែល​ទាមទារ​ឱ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម។ ដូច្នេះ​ចិន​ក៏​ជា​ផ្នែក​មួយ​ដែល​ចង់​ពិនិត្យ​ឡើងវិញ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​ផង​ដែរ។ លោក វ៉ាង យី បញ្ជាក់​ថា ចិន​គាំទ្រ​យ៉ាង​ខ្លាំង​តួនាទី​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ប្រធាន​មហាសន្និបាត។

លោក​បន្ត​ថា លោក​ប្រធានាធិបតី ស៊ី ជីនពីង ក៏​បាន​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​ដូចនេះ​ដែរ​ដោយ​ចាត់ទុក​ថា វា​ជា​ផ្នត់គំនិត​មួយ​ជឿនលឿន ហើយ​ធ្វើ​ឱ្យ​ពិភពលោក​មាន​សន្តិភាព​មួយ​រឹងមាំ ហើយ​អាច​ជួយ​ដោះស្រាយ​បញ្ហា​ដែល​កើតមាន។

ឆ្លើយតប​នឹង​ការ​លើកឡើង​របស់​លោក វ៉ាង យី ប្រធាន​គណៈកម្មាធិការ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ បាន​ថ្លែង​ថា ចិន​ក៏​ជា​ផ្នែក​មួយ​នៃ​យន្តការ​ពហុ​និយម និង​ជា​ដៃគូ​ដ៏​មាន​សារសំខាន់​របស់​អង្គការ​សហប្រជាជាតិ។ លោក​សម្ដែង​ការ​សរសើរ​ចំពោះ​ប្រទេស​ចិន ដែល​តែងតែ​ផ្ដល់​ការ​គាំទ្រ​នៅ​ពេល​ដែល​គណៈកម្មការ​មហាសន្និបាត​មាន​ភាព​ចម្រូងចម្រាស​នៅ​ក្នុង​ការ​លើក​របៀបវារៈ​សម្រាប់​បើក​សម័យប្រជុំ​របស់​ខ្លួន។

ទោះជា​យ៉ាងណាក៏ដោយ ប្រសិនបើ​ចិន​ដើរ​ដល់​ចំណុច​តាម​ការ​ចង់​បាន​របស់​ពួក​បស្ចិម​ប្រទេស​ទៅ​ហើយ នេះ​គេ​អាច​គិត​ថា ចិន​អាច​រក​ផ្លូវ​ចំណេញ​ឃើញ​នៅ​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ឬ​ក៏​រុះរើ​សិទ្ធិ​អំណាច​របស់​ប្រទេស​ជា​សមាជិក​អចិន្ត្រយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ។

បើ​ទោះជា​ចិន​តែងតែ​ជំទាស់ ឬ​បោះឆ្នោត​អនុប្បវាទ​ចំពោះ​សេចក្ដី​សម្រេច​ណា​មួយ​ដែល​ប៉ះពាល់​ដល់​សម្ពន្ធភាព​របស់​ខ្លួន គឺ​នៅ​ក្នុង​ពេលនេះ យ៉ាងហោចណាស់​មហាអំណាច​មួយ​នេះ​ក៏​អាច​ដើរ​ដល់​ចំណុច​ទាល់ច្រក​ផង​ដែរ នៅ​ពេល​ដែល​រុស្ស៊ី​ជា​សម្ពន្ធមិត្ត​របស់​ខ្លួន​ត្រូវ​បាន​គេ​រុញ​ខ្ទប់​ដល់​ជញ្ជាំង​នៅ​ឯ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដែល​បាន​បិទ​បញ្ចប់​នៅ​ថ្ងៃទី​២៧ កញ្ញា នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស