32.5 C
Phnom Penh

ព្រះមហាក្សត្រ​បញ្ចប់​តំណែង​លោក វេង សាខុន ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​តាម​សំណើ​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះមហាក្សត្រ​បញ្ចប់​មុខតំណែង​លោក វេង សាខុន ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ក្រោយពី​លោក ហ៊ុន សែន បាន​ដាក់​លិខិត​ថ្វាយ​ព្រះមហាក្សត្រ ខណៈ​លោក អូន ព័ន្ធមុនីរ័ត្ន ត្រូវ​បាន​លោក ហ៊ុន សែន ចាត់តាំង​ជា​រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​កសិកម្ម។

ក្នុង​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​៨ ខែ​តុលា ឆ្នាំ​២០២២ ដែល​ឡាយព្រះហស្ដលេខា​ដោយ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ត្រាស់​បង្គាប់​បញ្ចប់​មុខតំណែង​លោក វេង សាខុន ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចាប់ពី​ថ្ងៃទី​៨ ខែ​តុលា នេះ​តទៅ។

ក្រោយពី​បញ្ចប់​តំណែង​លោក វេង សាខុន នៅ​ថ្ងៃទី​៨ ខែ​តុលា ឆ្នាំ​២០២២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សេចក្តី​សម្រេច​មួយ​ចាត់តាំង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ជា​រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន។

យ៉ាងណាក៏ដោយ កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២២ កន្លងទៅ លោក វេង សាខុន ក៏​ធ្លាប់​ត្រូវ​បាន​លោក ហ៊ុន សែន ស្ដីបន្ទោស​ខ្លាំងៗ​ថា​ជា​រដ្ឋមន្ត្រី​ដែល​មិន​ចេះ​ធ្វើ​ការងារ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ផ្សេងៗ ព្រមទាំង​ព្រមាន​ថា បើ​លោក​ដក​រដ្ឋមន្ត្រី​ណា​មួយ​ចេញពី​តំណែង​នោះ ប្រើ​ពេល​ត្រឹម ២៤​ម៉ោង​ប៉ុណ្ណោះ។

ក្រៅពី​ព្រមាន​ហើយ លោក ហ៊ុន សែន ថា​លោក វេង សាខុន ធ្វើ​ការងារ​ខ្ជិល​ច្រអូស ដោយសារតែ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អញ្ជើញ​លោក វេង សាខុន ឱ្យ​ទៅ​ចូលរួម​ប្រជុំ​រៀបចំ​នីតិវិធី​ដាក់​ដេញ​ថ្លៃ​នាំចូល​ជ្រូក​រស់​ដើម្បី​ដោះស្រាយ​បញ្ហា ប៉ុន្តែ​រដ្ឋមន្ត្រី​កសិកម្ម​មិនព្រម​ទៅ​ចូលរួម​ប្រជុំ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស