32.5 C
Phnom Penh

អូស្ត្រាលី​ចង់​ឃើញ​វត្តមាន​លោក កឹម សុខា និង​លោក សុន ឆ័យ ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២៣

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា ថ្លែង​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ថា អូស្ត្រាលី​ចង់​ឃើញ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២៣ ខាងមុខ ប្រកប​ដោយ​យុត្តិធម៌​ពិតប្រាកដ ដោយ​បើក​ឲ្យ​លោក កឹម សុខា និង​លោក សុន ឆ័យ ចូលរួម​ដោយ​សេរី។

បើ​តាម​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ចន្ទ ទី​១៧ តុលា នេះ​ថា ក្នុង​ជំនួប​ជាមួយ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃទី​១៣ ខែតុលា លោក Pablo Kang ឯកអគ្គរាជទូត​អូស្ត្រាលី បាន​លើកឡើង​ពី​ការងារ​ដែល​ជា​សមិទ្ធផល​លេចធ្លោ​របស់​អូស្ត្រាលី​នៅ​កម្ពុជា ដែល​ជួយ​នាំ​ឲ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ការ​ចូលរួម​យ៉ាង​សកម្ម​ជា​បន្តបន្ទាប់​នៅ​ក្នុង​បេសកកម្ម​អ៊ុនតាក់ (UNTAC) ក៏ដូចជា​ទំនាក់ទំនង​ដ៏​ទូលំទូលាយ​រវាង​ប្រជាជន និង​ប្រជាជន​ដែល​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ទ្វេភាគី​អស់​រយៈពេល​ជាង ៧០​ឆ្នាំ​មក​ហើយ។

លោក​ក៏​បាន​ពិភាក្សា​ពី​បច្ចុប្បន្នភាព​នៃ​វិវាទ​ណាហ្គា​វើលដ៍​ដែល​កំពុង​បន្ត​កើតមាន ព្រមទាំង​បាន​លើក​ទឹកចិត្ត​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ធ្វើការ​ខិតខំ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដែល​អាច​ទទួល​យក​បាន​សម្រាប់​ភាគី​ទាំង​សងខាង​ផង​ដែរ។

ក្រៅពី​ការ​លើកឡើង​អំពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ និង​រឿង​ណាហ្គា​វើលដ៍ លោក​ឯកអគ្គរាជទូត Pablo Kang ក៏​បាន​បង្ហាញ​សាជាថ្មី​ទៀត​នូវ​គោលបំណង​របស់​ប្រទេស​អូស្ត្រាលី ចំពោះ​ការ​បោះឆ្នោត​សភា​ប្រកប​ដោយ​យុត្តិធម៌​ពិតប្រាកដ​នៅ​កម្ពុជា សម្រាប់​ឆ្នាំ​២០២៣ ខាងមុខ​នេះ។ លោក​បញ្ជាក់​ថា អូស្ត្រាលី​ចង់​ឱ្យ​មេដឹកនាំ​នយោបាយ ដូចជា​លោក កឹម សុខា និង​លោក សុន ឆ័យ អាច​ចូលរួម​ដោយ​សេរី​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ ខាងមុខ​នេះ។

ការ​លើកឡើង​របស់​ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ស្រប​ពេល​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កូយ សៅ បាន​ប្រកាស​ថា តុលាការ​នឹង​បន្ត​នីតិវិធី​បន្ថែម​ទៀត​នៅ​ថ្ងៃទី​១៩ ខាងមុខ​នេះ ដើម្បី​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ចុងក្រោយ ថា​តើ​គួរ​បន្ត​សវនាការ​ទៀត ឬ​ត្រូវ​ដាក់​ឱ្យ​ភាគី​ធ្វើ​សេចក្តី​សន្និដ្ឋាន​ចុងក្រោយ។

ការ​សម្រេច​របស់​ចៅក្រម​បែប​នេះ ក្រោយពី​មេធាវី​លោក កឹម សុខា បាន​ជំទាស់​ចំពោះ​ការ​សម្រេច​បិទ​បញ្ចប់​នីតិវិធី​សួរ​ដេញដោល​ឈាន​ទៅ​ឲ្យ​ភាគី​ទាំង​សង​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ចុងក្រោយ ដោយ​មិន​បាន​សួរ​ទៅ​សាក្សី​ជា​សមត្ថកិច្ច និង​ប្រទេស​ដែល​រដ្ឋាភិបាល​កម្ពុជា​ចោទប្រកាន់​ថា លោក កឹម សុខា គប់គិត​ជាមួយ​សហរដ្ឋ​អាមេរិក​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល។

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ ទាំង​ពាក់​កណ្តាល​អធ្រាត្រ ដោយ​រដ្ឋាភិបាល​កម្ពុជា​ចោទ​ថា «សន្ទិដ្ឋភាព​ត្រូវរ៉ូវ​ដោយ​សម្ងាត់​ជាមួយ​សហរដ្ឋ​អាមេរិក» ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល។ គិត​មក​ដល់​ពេលនេះ សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​នេះ​បាន​បន្ត​អូស​បន្លាយ​ប្រមាណ ៥​ឆ្នាំ​មក​ហើយ។

ចំណែក​រឿង​លោក សុន ឆ័យ វិញ ត្រូវ​បាន​តុលាការ​កម្ពុជា​កាត់​ឲ្យ​ចាញ់​ក្ដី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ដែល​ជា​អាជ្ញាកណ្ដាល​ក្នុង​សំណុំរឿង​បរិហារ​កេរ្តិ៍ កាលពី​ថ្ងៃទី​៧ ខែ​តុលា ឆ្នាំ​២០២២។

ក្រៅពី​ចាញ់​ក្ដី​ហើយ តុលាការ​កម្ពុជា​ក៏​បាន​បង្គាប់​ឲ្យ​លោក សុន ឆ័យ សង​ជំងឺចិត្ត​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ៧៥​ម៉ឺន​ដុល្លារ និង​បង្គាប់​ឲ្យ​លោក សុន ឆ័យ បង់​ប្រាក់​ពិន័យ​ទាំង​បណ្ដឹង​គណបក្ស​ប្រជាជន​កម្ពុជា និង​បណ្ដឹង គ.ជ.ប សរុប ១៧​លាន​រៀល​ចូល​រដ្ឋ​ផង​ដែរ។

គណបក្ស​ប្រជាជន​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ប្ដឹង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ក្រោយពី​លោក​និយាយ​រឿង​ភាព​មិន​ប្រក្រតី​រឿង​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​កាលពី​ខែ​មិថុនា ឆ្នាំ​២០២២។ បណ្ដឹង​រដ្ឋាភិបាល​នេះ ត្រូវ​បាន​សង្គម​ស៊ីវិល និង​អ្នកវិភាគ​យល់​ថា​ជា​រឿង​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។

តែ​យ៉ាងណា ការ​បញ្ជាក់​ជំហរ​របស់​ឯកអគ្គរាជទូត​អូស្ត្រាលី លោក Pablo Kang ធ្វើឡើង​ស្រប​ពេល​ដែល​កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​សម្រាប់​នីតិកាល​ទី​៧ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស