អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប ដែលត្រូវបានអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិធ្វើការចោទប្រកាន់ថាជាឧក្រិដ្ឋជនបំផ្លាញព្រៃឈើនៅស្រុកខ្មែរ ដោយជ្រកក្រោមសិទ្ធិវិនិយោគលើដីសម្បទានសេដ្ឋកិច្ចដើម្បីធ្វើការកាប់បំផ្លាញព្រៃឈើនាំទៅក្រៅប្រទេស គ្រប់គ្រងក្រុមហ៊ុនធំៗចំនួន២២ ដែលមានទឹកប្រាក់សរុបប្រមាណ ១២៧៣លានដុល្លារអាមេរិក។
សកម្មភាពអាជីវកម្មក្រុមហ៊ុនទាំងនោះមានដូចជា៖
- ការកាប់បំផ្លាញព្រៃឈើនាំទៅលក់នៅប្រទេសវៀតណាម ឬចិន
- ការវិនិយោគលើការបូមខ្សាច់ពីព្រំដែនវៀតណាម ភ្នំពេញ ក្រចេះ កំពង់ចាម
- ផ្ទះខុនដូប្រណិត
- សណ្ឋាគារ
- កាស៊ីណូ
- តំបន់សេដ្ឋកិច្ចពិសេស
- ក្រុមហ៊ុនទេសចរណ៍
- រីស្សត
- ស្ប៉ា ជាដើម។
ដើម្បីឲ្យដឹងកាន់តែច្បាស់លើជំនួញទាំងនោះ លោក ហាស់ សាន សូមជូនសេចក្តីរាយការណ៍អំពីរឿងនេះពិស្ដារ៖
អ្នកឧកញ៉ា ទ្រី ភាព ដែលល្បីឈ្មោះខាងបំផ្លាញព្រៃឈើនៅក្នុងប្រទេសកម្ពុជា ទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិចុងក្រោយនេះ ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា ស៊ីឌីស៊ី (CDC) សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដើម្បីអភិវឌ្ឍកោះត្បាល់ ស្ថិតក្នុងភូមិសាស្ត្រខេត្តកែប បន្ថែមទៀត បណ្តាលឲ្យអ្នកឧកញ៉ាដែលមានឈ្មោះមិនល្អរូបនោះគ្រប់គ្រងក្រុមហ៊ុនដល់ទៅចំនួន២២ ដែលមានទឹកប្រាក់សរុបត្រួសៗប្រមាណ ១២៧៣លានដុល្លារអាមេរិក។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានសម្រេចចុះបញ្ជីអនុញ្ញាតឲ្យអ្នកឧកញ៉ា ទ្រី ភាព តាមរយៈក្រុមហ៊ុន TRY PHEAP KOH TUNSAY RESORTS CO., LTD ដើម្បីអភិវឌ្ឍកោះត្បាល់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ក្នុងទុនវិនិយោគចំនួន ១៧លានដុល្លារសហរដ្ឋអាមេរិក។
យោងតាមគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន ទ្រី ភាព គ្រុប អាជីវកម្មមានដូចជា៖
- ខុនដូប្រណិតនៅលើអតីតដីសាលាកំពូល ស្ថិតនៅបឹងកេងកង
- សណ្ឋាគារ និងកាស៊ីណូមិត្តភាព នៅជាប់ព្រំដែនវៀតណាម អូរយ៉ាដាវ
- សណ្ឋាគារ និងកាស៊ីណូនៅថ្មដា ខេត្តពោធិ៍សាត់ ជាប់ព្រំដែនថៃ
- សណ្ឋាគារ និងកាស៊ីណូនៅអានសេះ ជាប់ព្រំដែនថៃ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
- រីស្សត និងស្ប៉ា នៅកណ្តាលក្រុងកែប ដ៏ធំសម្បើម
- និងរីស្សត និងស្ប៉ា នៅកណ្តាលក្រុងព្រះសីហនុ។
យោងតាមប្រភពឯកសារមិនបញ្ចេញឈ្មោះដែលសរសេរលម្អិតពីក្រុមហ៊ុនធំៗចំនួន ២២ របស់លោក ទ្រី ភាព និងក្រុមគ្រួសារដែលកំពុងគ្រប់គ្រងមានដូចជា៖
- ក្រុមហ៊ុន M D S HENG HE INVESTMENT CO., LTD.,
- ក្រុមហ៊ុន M. D. S. IMPORT EXPORT CO., LTD.,
- ក្រុមហ៊ុន TP LUCKY CHAIN HOLDING CO., LTD. ,
- ក្រុមហ៊ុន TRY PHEAP APHIWATH CO., LTD.,
- ក្រុមហ៊ុន MDS THMORDA S E Z CO., LTD.,
- ក្រុមហ៊ុន M.D.S GROUP CO., LTD.,
- ក្រុមហ៊ុន PAPA PETROLEUM CO., LTD.,
- ក្រុមហ៊ុន TRY PALACE RESORT & SPA CO., LTD.
- ក្រុមហ៊ុន TRY PHEAP DRY PORT CO., LTD.,
- ក្រុមហ៊ុន TRY PHEAP ENGINEERING & CONSTRUCTION CO., LTD.
- ក្រុមហ៊ុន TRY PHEAP GROUP CO., LTD.,
- ក្រុមហ៊ុន TRY PHEAP OYADAV S E Z CO., LTD.,
- ក្រុមហ៊ុន TRY PHEAP RONGQING MANUFACTURE CO., LTD. ,
- ក្រុមហ៊ុន TRY PHEAP TRAVEL & TOURS CO., LTD.,
- ក្រុមហ៊ុន TRY PHEAP GRAND ROYAL (CAMBODIA) CO., LTD.,
- ក្រុមហ៊ុន TRY PHEAP PROPERTY CO., LTD.,
- GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD. គ្រប់គ្រងដោយកូនប្រុសឈ្មោះ ទ្រី ដាលុច
- ក្រុមហ៊ុន LALUNE OJ TRADING CO., LTD. គ្រប់គ្រងដោយកូនស្រីឈ្មោះ ទ្រី ដាលីន
- និងក្រុមហ៊ុន TRY PHEAP LI CHUNBAO CO., LTD. គ្រប់គ្រងដោយកូនប្រុសឈ្មោះ ទ្រី ដាភ័ស្ស។
ឯកសារដដែលបង្ហាញទៀតថា ក្នុងនាមជាទីប្រឹក្សានាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាអតីតនាយទាហាន ទ្រី ភាព ទទួលបានដីសម្បទានសេដ្ឋកិច្ច និងដីអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសពីរដ្ឋាភិបាលចំនួន ១៤ក្រុមហ៊ុន មានផ្ទៃដីសរុបទំហំចំនួន ៦៨០៨៨ហិកតារ ប៉ុន្តែក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួនពីរនៅកន្ទុយនាគនៃឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី ត្រូវបានប្រគល់ជូនរដ្ឋវិញដែលមានទំហំផ្ទៃដីជិត ២០០០០ហិកតារ បន្ទាប់ពីក្រុមហ៊ុននេះបានប្រមូលឈើរួចរាល់។
សេចក្តីរាយការណ៍ដដែលបានបង្ហាញថា ឧកញ៉ា ទ្រី ភាព មានចម្ការកៅស៊ូសរុបទំហំ ៥២៣៦ហិកតារ និងចម្ការម្រេចចំនួន ១០០ហិកតារ ដោយក្នុងនោះ ចម្ការកៅស៊ូចំនួន ១៨៦០ហិកតារ ចម្ការម្រេច ៥០ហិកតារនៅអន្លង់រាប និងនៅថ្មដា ខេត្តពោធិ៍សាត់។ ចំណែកចម្ការកៅស៊ូនៅបឹងទន្លេម្រេច ខេត្តព្រះវិហារ ទំហំ ៣៣៧៦ហិកតារ និងចម្ការម្រេច ៥០ហិកតារ។

លោក ទ្រី ភាព ក៏មានសិប្បកម្មកែច្នៃឈើពីរកន្លែងធំៗ គឺសារមន្ទីរគ្រញូង នៅអង្គស្នួល ខេត្តកណ្តាល និងមួយកន្លែងទៀតនៅសំរោង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
នៅឯអន្លង់រាប ខេត្តពោធិ៍សាត់ លោក ទ្រី ភាព មានរោងចក្រអារឈើធំៗចំនួន២ ដែលការយាមយ៉ាងតឹងរ៉ឹងដោយកម្លាំងប្រដាប់អាវុធនៅក្នុងចម្ការកៅស៊ូដីសម្បទានសេដ្ឋកិច្ចពិសេស MDS Import Export Co., Ltd រោងចក្រអារឈើដ៏ធំមួយឈ្មោះថា M-1 និងរោងចក្រអារឈើមួយទៀតឈ្មោះ M-2។ រោងចក្រទាំងពីរនេះបានបិទទ្វារ និងដុតកាកសំណល់ដើម្បីបំបិទភស្តុតាងនាខែមេសា ឆ្នាំ២០១៩។
អ្នកឧកញ៉ា ទ្រី ភាព ក៏មានឃ្លាំងចំនួន ៣ ធំៗផងដែរ គឺផែឃ្លាំងកុងតឺន័រនៅចោមចៅ មួយកន្លែង ឃ្លាំងស្តុកឈើនៅភ្នំតូច ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ មួយកន្លែង និងឃ្លាំងនៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ជាប់ព្រំដែនវៀតណាម។ ឧកញ៉ារូបនោះក៏កាន់កាប់តំបន់សេដ្ឋកិច្ចពិសេសចំនួនពីរផងដែរ គឺមួយនៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ជាប់ព្រំដែនវៀតណាម និងមួយទៀតនៅស្រុកថ្មដា ខេត្តពោធិ៍សាត់ ជាប់ព្រំដែនថៃ។

អាជីវកម្មប្រេងដែលដាក់ឈ្មោះថា «ប៉ា ប៉ា ប៉េត្រូលៀម» ដែលនាំចូលប្រេងពីប្រទេសថៃ សហការជាមួយក្រុមហ៊ុន PTT Global Chemical Plc បានបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតមានទំហំទឹកប្រាក់ ៤០០លានដុល្លារនៅទឹកឈូ ខេត្តកំពត ដែលមានរោងចក្រចម្រាញ់ប្រេង និងកំពង់ផែនាំចូលប្រេងឆៅលើផ្ទៃដីទំហំ ២៦៨ហិកតារ ដែលបានចំណាយទឹកប្រាក់ចំនួន ៣០០លានដុល្លារ ដើម្បីសាងសង់កំពង់ផែអន្តរជាតិមួយដ៏ធំនៅទីនោះ ដែលចុះអនុសារណៈជាមួយក្រុមហ៊ុនចិន Hutchison Port Holdings Limited ដែលមានមូលដ្ឋានទីស្នាក់ការធំនៅទីក្រុងហុងកុង ចុះបញ្ជីពាណិជ្ជកម្មនៅកោះ Virgin Islands និងសង់ចូលជ្រៅក្នុងសមុទ្រ ៣គីឡូម៉ែត្រក្នុងជម្រៅ ១៥ម៉ែត្រ ដែលអាចទទួលបានទំនិញចំនួន ២០០០០តោន។

នៅឯខេត្តព្រះសីហនុ វិញ អ្នកឧកញ៉ា ទ្រី ភាព និងភរិយា អ្នកឧកញ៉ា គៀន ស្រីនាង ក៏បានអភិវឌ្ឍតំបន់កម្សាន្ត «ទ្រី ផាលេស រីស្សត Try Palace Resort Sihanoukville» នៅតំបន់ពយកំពេញ ឱ្យក្លាយទៅជាកន្លែងសម្រាកលំហែកាយប្រកបដោយភាពទាក់ទាញនៅក្នុងក្រុងព្រះសីហនុ ដោយបង្កើតជាឆ្នេរសិប្បនិម្មិត សាងសង់ផ្ទះសម្រាកលំហែប្រកបដោយភាពប្រណិត សាងសង់អាហារដ្ឋាន សាងសង់អាងសម្រាប់ហែលទឹក និងសួនច្បារសម្រាប់កម្សាន្តផងដែរ។

ក្រុមហ៊ុនរបស់លោក ទ្រី ភាព ទទួលបានដីសម្បទានសេដ្ឋកិច្ច និងដីវិនិយោគតំបន់សេដ្ឋកិច្ចពិសេសរបស់លោក ទ្រី ភាព នៅក្នុងឆ្នាំ២០១១ មានដូចជា៖
- ក្រុមហ៊ុន Try Pheap Oyadav S.E.Z ស្ថិតនៅក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ផ្ទៃដី ១៣៦ហិកតារ
- ក្រុមហ៊ុន MDS Thmorda S.E.Z Co., Ltd ស្ថិតនៅក្នុងស្រុកថ្មដា ខេត្តពោធិ៍សាត់ លើផ្ទៃដី ២២៣៦ហិកតារ
- ក្រុមហ៊ុន M D S Import Export Co., Ltd ស្ថិតនៅក្នុងស្រុកថ្មដា ខេត្តពោធិ៍សាត់ លើផ្ទៃដី ៤២០០ហិកតារ
- ក្រុមហ៊ុន MDS Thmorda S.E.Z Co., Ltd បានប្រគល់ជូនរដ្ឋវិញ ស្ថិតនៅឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី លើផ្ទៃដី ៩១៤៦ហិកតារ
- ក្រុមហ៊ុន Try Pheap Import Export Co., Ltd បានប្រគល់ជូនរដ្ឋវិញ ស្ថិតនៅឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី លើផ្ទៃដី ៩៧០៩ហិកតារ
- ក្រុមហ៊ុន Try Pheap Import Export Co., Ltd ស្ថិតនៅក្នុងបឹងពែ ស្រុករវៀង ខេត្តព្រះវិហារ លើផ្ទៃដី ៩៩១៦ហិកតារ
- ក្រុមហ៊ុន M.D.S Import Export Co., Ltd ស្ថិតនៅក្នុងភ្នំសំកុក ស្រុកវាលវែង ខេត្តពោធិ៍សាត់ លើផ្ទៃដី ៤៤០២ហិកតារ
- ក្រុមហ៊ុន M.D.S Import Export Co., Ltd ស្ថិតនៅក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង លើផ្ទៃដី ៦៧៧១ហិកតារ
- ក្រុមហ៊ុន (CAMBODIA) HONG FU TRY PHEAP MINING DEVELOPMENT CONSTRUCTION GROUP CO, LTD (Try Pheap and Vinacomin Joint Venture (Southern Mining).) ស្ថិតនៅក្នុងអន្លង់ភេ អន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង លើផ្ទៃដី ៦០០០ហិកតារ
- ក្រុមហ៊ុន Cambodian Company Mong Good Luck Mining ស្ថិតនៅក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង លើផ្ទៃដី ៩០០០ហិកតារ
- ក្រុមហ៊ុន MDS Import Export Co., Ltd ស្ថិតនៅក្នុងភ្នំសំកុក ស្រុកវាលវែង ខេត្តពោធិ៍សាត់ លើផ្ទៃដី ៦៣៧២ហិកតារ
- ក្រុមហ៊ុន Island Tonsay, Kep ស្ថិតនៅក្នុងខេត្តកែប លើផ្ទៃដី ២០០ហិកតារ។
សេចក្តីរាយការណ៍ដដែលបង្ហាញថា នៅលើឆាកអន្តរជាតិ លោក ទ្រី ភាព បានចាប់ដៃសហការវិនិយោគជាមួយក្រុមហ៊ុនមកពីប្រទេសចិន បើកកំពង់ផែអន្តរជាតិនៅទឹកឈូ ខេត្តកំពត ក្រុមហ៊ុនផលិតម៉ូតូ ឡាន សម្រាប់នាំចេញ ក្រុមហ៊ុនម៉ាស៊ីនត្រជាក់ ជាដើម។
លោក ទ្រី ភាព ក៏បានសហការជាមួយក្រុមហ៊ុនមកពីប្រទេសថៃ ក្នុងការនាំចេញដំឡូងមី ហើយក៏មានមហិច្ឆតាសហការជាមួយក្មួយរបស់ប្រធានាធិបតីរុស្ស៊ី លោក Ruman Putin ក្នុងការវិនិយោគផលិតថាមពលជាមួយក្រុមហ៊ុន Putin Consulting បន្តទៀត។

សេចក្តីរាយការណ៍បង្ហាញថា ការគណនាទំហំទឹកប្រាក់វិនិយោគរបស់ក្រុមហ៊ុន ទ្រី ភាព គ្រុប មានតម្លៃ ១២៧៣លានដុល្លារអាមេរិក មានដូចជា៖
- ខុនដូនៅបឹងកេងកង តម្លៃជិត ១០លានដុល្លារ ($9,310,000)
- ទ្រី ផាឡេស នៅកែប តម្លៃ ១០លានដុល្លារ ($10,000,000)
- TRY PHEAP KOH TUNSAY RESORTS CO., LTD តម្លៃ ១៧លានដុល្លារ ($17,000,000)
- PAPA Petroleum Co., Ltd សហការជាមួយ PTT Global Chemical Plc ប្រទេសថៃ និងចិន តម្លៃ ៤០០លានដុល្លារ ($400,000,000)
- កំពង់ផែអន្តរជាតិទឹកឈូ ខេត្តកំពត MoU ជាមួយចិន តម្លៃ ៣០០លានដុល្លារ ($300,000,000)
- អាជីវកម្មឈើគ្រញូងស្ទឹងអាតៃ តម្លៃ ២២០លានដុល្លារ ($220,000,000)
- សារមន្ទីរគ្រញូង តម្លៃ ៥លាន ៦សែនដុល្លារ ($5,600,000)
- ដីសារមន្ទីរគ្រញូង តម្លៃ ៤៥លានដុល្លារ ($45,000,000)
- ដីសិប្បកម្មនៅសំរោង តម្លៃ ៧៥ម៉ឺនដុល្លារ ($750,000)
- គម្រោងសាងសង់សណ្ឋាគារ និងកាស៊ីណូ នៅថ្មដា តម្លៃជិត ១០០លានដុល្លារ ($98,977,230)
- តំបន់សេដ្ឋកិច្ចពិសេស សណ្ឋាគារ និងកាស៊ីណូស្ថានីយសាំង នៅអូរយ៉ាដាវ តម្លៃ ៣០លាន ៨សែនដុល្លារ ($30,800,000)
- ផែស្ងួតឃ្លាំងនៅឧត្តុង្គ ខេត្តកំពង់ស្ពឺ តម្លៃ ១៥លានដុល្លារ ($15,000,000)
- កាស៊ីណូ និងសណ្ឋាគារ ច្រកអានសេះ តម្លៃ ១០លានដុល្លារ ($10,000,000)
- ផលិតម៉ូតូដោយសហការជាមួយក្រុមហ៊ុនចិន តម្លៃ ៥០លានដុល្លារ ($50,000,000)
- ចម្ការកៅស៊ូបឹងទន្លេម្រេច ៣៣៧៦ហិកតារ តម្លៃ ៥២លានដុល្លារ ($52,000,000)
- ចម្ការកៅស៊ូនៅថ្មដា និងប្រមោយវាលវែង ១៨៦០ហិកតារតម្លៃ ៩លាន ៣សែនដុល្លារ ($9,300,000)។

ដោយសារតែសកម្មភាពវិនិយោគទាំងនេះ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ព្រះករុណាព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» ដល់ឧកញ៉ា ទ្រី ភាព និងភរិយា គឺឧកញ៉ា គៀន ស្រីនាង ដែលជាអគ្គនាយកក្រុមហ៊ុន MDS Group ក្រុមហ៊ុន Try Pheap Import Export រួមទាំងក្រុមហ៊ុនច្រើនទៀតតាមសេចក្តីទូលថ្វាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សេចក្តីរាយការណ៍ស៊ើបអង្កេតមួយក្រោមចំណងជើងថា «ឃ្លាំមើលធុរកិច្ច និងវិនិយោគនៅកម្ពុជា ភាគ១ អំពីក្រុមហ៊ុន ទ្រី ភាព (នយោបាយប្រមូលឈើឲ្យអស់ពីស្រុកខ្មែរ)» ដែលចេញផ្សាយដោយក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជាកន្លងមក បង្ហាញថា ឧកញ៉ា ទ្រី ភាព បានចំណាយលុយប្រចាំខែ ១លានដុល្លារបង់ឲ្យក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីដឹកឈើពីស្រុកខ្មែរទៅលក់នៅប្រទេសវៀតណាម ឬចិន។
សេចក្តីរាយការណ៍ជិត ៥០ទំព័រ ក៏បានបង្ហាញពីប្រវត្តិឧកញ៉ា ទ្រី ភាព ថាជាអតីតព្រូឡានរត់តាក់ស៊ី និងជាកម្មករសំណង់មិនចេះអក្សរខ្មែរសូម្បីតែមួយតួ ប៉ុន្តែក្រោយមក បានរៀបការជាមួយស្ត្រីមេម៉ាយកូនមួយឈ្មោះ ម៉ៅ ម៉ុម ដែលមានកំណើតមកពីប្រទេសវៀតណាម និងត្រូវបានឧត្តមសេនីយ៍ម្នាក់នាំទៅជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយត្រូវបានលោកនាយករដ្ឋមន្ត្រីអាណិតស្រឡាញ់ ប្រើប្រាស់ផ្តល់ឱកាសឲ្យរកស៊ីដល់សព្វថ្ងៃនេះ។

ការដឹងគុណគ្នានេះ ក្លាយជាការបំផ្លាញធនធានធម្មជាតិដើម្បីឲ្យប្រយោជន៍គ្នាទៅវិញទៅមក។
ដោយសារតែមិនចេះអក្សរ លោក ទ្រី ភាព ក៏បានតែងតាំងកូនប្រុសទី១ ស្ថិតក្នុងចំណោមបងប្អូន ៥នាក់ គឺលោកឧកញ៉ា ទ្រី ដាលុច ជាអគ្គនាយករងក្រុមហ៊ុន ទ្រី ភាព គ្រុប។ លោក ទ្រី ដាលុច ត្រូវបាននាយករដ្ឋមន្ត្រីទូលថ្វាយព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣។
ជាមួយគ្នានេះដែរ ឧកញ៉ា ទ្រី ដាលុច ក៏ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់លោក ហេង សំរិន និងអនុប្រធានយុវជនស្រុកកណ្ដាលស្ទឹង និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ផងដែរ។
នៅក្នុងឆ្នាំ២០១៥ លោកឧកញ៉ា ទ្រី ភាព ឈ្មួញល្បីឈ្មោះខាងរកស៊ីឈើនៅក្នុងប្រទេសកម្ពុជា បានធ្វើពិធីសែនព្រេនជាមួយនារីវ័យក្មេងម្នាក់នៅក្នុងគេហដ្ឋានផ្ទាល់ខ្លួន ស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន បន្ទាប់ពីគូស្វាមីភរិយានេះបានរស់នៅជាមួយគ្នាអស់រយៈពេលជាង ៤ឆ្នាំ បានកូនស្រីម្នាក់អាយុ ៤ឆ្នាំ។ នៅក្នុងពិធីសែនព្រេននោះ គឺមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមន្ត្រីមួយចំនួនមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ត្រីរដ្ឋបាលព្រៃឈើ និងបុគ្គលិកមួយចំនួនរបស់ក្រុមហ៊ុនលោកឧកញ៉ា ទ្រី ភាព ផងដែរ។

លោក ទ្រី ភាព មិនត្រឹមតែមានឈ្មោះបោះសំឡេងក្នុងជួរអ្នកជំនួញនោះទេ នានៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសដែលអគ្គលេខាធិការដ្ឋានសហព័ន្ធកីឡាហែលទឹករៀបចំមហាសន្និបាតសហព័ន្ធខ្មែរកីឡាហែលទឹកបញ្ចប់អាណត្តិទី៦ ឆ្នាំ២០១៧-២០២១ និងបន្តអាណត្តិទី៧ ឆ្នាំ២០២១-២០២៥ លោកត្រូវបានអង្គសន្និបាតបោះឆ្នោតឱ្យក្លាយជាថ្នាក់ដឹកនាំសហព័ន្ធខ្មែរកីឡាហែលទឹកសម្រាប់អាណត្តិទី៧ ដើម្បីអភិវឌ្ឍវិស័យកីឡាហែលទឹកនៅកម្ពុជាឱ្យមានការរីកចម្រើនផងដែរ។
ចំពោះទំនាក់ទំនងក្រៅប្រទេស ក្រៅតែពីសកម្មភាពអាជីវកម្មជំនួញវិនិយោគទុន ក្រុមហ៊ុន ទ្រី ភាព គ្រុប ក៏បានភ្ជាប់ចំណងមេត្រីភាពខាងវិស័យសិក្សាអប់រំជាមួយសាកលវិទ្យាល័យនៅប្រទេសថៃឡង់ដ៍ ផងដែរ។ ក្នុងឆ្នាំ២០២២ នេះ ក្រុមហ៊ុន ទ្រី ភាព អ៊ិមផត អេក្សផត បានអញ្ជើញគណៈប្រតិភូសាកលវិទ្យាល័យបច្ចេកវិទ្យាតិកណូឡូជី រាជមង្គល ឦសាន (Rajamangala Technology Isan) ទស្សនាទីតាំងចម្ការកៅស៊ូទន្លេបឹងម្រេច ក្នុងស្រុករវៀង ខេត្តព្រះវិហារ នៅថ្ងៃទី១៣ ខែកញ្ញា។
នៅឯក្រុងភ្នំពេញ ឧកញ៉ា ទ្រី ភាព បានចុះកិច្ចព្រមព្រៀងជាមួយសាកលវិទ្យាល័យ រាជមង្គល ដែលមានទីតាំងក្នុងខេត្តនគររាជ បន្តជំនួយថវិកាឧបត្ថម្ភកម្មវិធីសិក្សារយៈពេល ៥ឆ្នាំទៅមុខ ដើម្បីការបណ្តុះបណ្តាលធនធានមនុស្ស។ តាមការចុះផ្សាយក្នុងគេហទំព័រ Wikipedia សាកលវិទ្យាល័យ រាជមង្គល បានប្រែក្លាយពីវិទ្យាស្ថានបច្ចេកវិទ្យាទៅជាសាកលវិទ្យាល័យបច្ចេកវិទ្យា នៅឆ្នាំ២០០៥។ ប៉ុន្តែក្នុងឆ្នាំ២០១៦ នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានអនុវត្តមាត្រា៤៤ នៃធម្មនុញ្ញអន្តរកាលដាក់សាកលវិទ្យាល័យនេះក្រោមការគ្រប់គ្រងចាត់ចែងរដ្ឋបាលរដ្ឋដោយផ្ទាល់ ព្រោះតែមានការគ្រប់គ្រងចាត់ចែងមិនត្រឹមត្រូវ។
នៅក្នុងអំឡុងប្រទេសកម្ពុជាដែលកំពុងរងការវាយលុកដោយសារជំងឺកូវីដ-១៩ យោងតាមលិខិតបែកធ្លាយមួយច្បាប់របស់ទីស្ដីការគណៈរដ្ឋមន្ត្រីនៅក្នុងឆ្នាំ២០១៩ ដែលផ្ញើជូនទៅកាន់រដ្ឋមន្ត្រីក្រសួងធនធានទឹក ឧតុនិយម និងជាប្រធានអាជ្ញាធរខ្សាច់កម្ពុជា ក្រុមហ៊ុន ទ្រី ភាព សុំគោលការណ៍បូមស្ដារ និងធ្វើច្រាំងទន្លេចាប់ពីព្រំប្រទល់វៀតណាមក្អមសំណ ឡើងទៅលើរហូតដល់ព្រំប្រទល់ខេត្តកំពង់ចាម ក្រចេះ ព្រមទាំងបូមខ្សាច់នៅក្នុងទន្លេបាសាក់ទាំងមូលតែម្តង។
នៅក្នុងឆ្នាំ២០១៦ ឧកញ៉ា ទ្រី ភាព ត្រូវបានសាកលវិទ្យាល័យ អាយអាយស៊ី (IIC) នៃបច្ចេកវិទ្យា ផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយស ដោយសាកលវិទ្យាល័យនេះអះអាងថា ឧកញ៉ារូបនេះមានគុណសម្បត្តិច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

សកម្មជនបរិស្ថាន លោក ហេង ស្រស់ សោកស្ដាយដែលលោក ទ្រី ភាព ជាអ្នកល្បីក្នុងការកាប់បំផ្លាញព្រៃឈើ និងបំផ្លាញធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា ត្រូវបានផ្ដល់គោរមងារជា «អ្នកឧកញ៉ា» និងគ្រប់គ្រងលើក្រុមហ៊ុនជាច្រើនស្ទើរគ្រប់វិស័យ។ លោកថា រាជរដ្ឋាភិបាល និងតុលាការគួរតែចាត់វិធានការច្បាប់លើអ្នកកាប់បំផ្លាញធនធានធម្មជាតិ និងព្រៃឈើ ជាជាងផ្ដល់គោរមងារ និងផ្តល់សិទ្ធិវិនិយោគដើម្បីបំផ្លាញធនធានធម្មជាតិរបស់ប្រទេសកម្ពុជាជាបន្តទៅទៀត។
លោក ហេង ស្រស់ អំពាវនាវ និងជំរុញឱ្យរដ្ឋាភិបាលដាក់ចេញវិធានការទប់ស្កាត់ទៅលើក្រុមឧកញ៉ាបំផ្លាញធនធានធម្មជាតិ ជាជាងការពារឧកញ៉ាទាំងនោះ បើមិនដូច្នេះទេ កម្ពុជានឹងវិនាសធនធានធម្មជាតិនៅពេលដ៏ខ្លីខាងមុខនេះ។
យោងតាមសេចក្តីរាយការណ៍របស់អង្គការ Global Witness បានចេញផ្សាយកន្លងមកដែលមានចំណងជើងថា «តម្លៃឈើប្រណីត» លើកឡើងថា លោក ទ្រី ភាព បាននាំឈើចេញទៅប្រទេសចិន ប្រមាណ ៩០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ តម្រូវការឈើប្រណិតនៅប្រទេសចិន សម្រាប់គ្រឿងសង្ហារិមទំនើបៗ បង្កជាជំនួញទីផ្សារកខ្វក់នៃលុយជាច្រើនលានដុល្លារសម្រាប់ការកាប់បំផ្លាញព្រៃឈើនៅទូទាំងប្រទេសកម្ពុជា។
លោក ទ្រី ភាព ជាអ្នកគ្រប់គ្រងនៃបណ្ដាញកាប់ឈើខុសច្បាប់ ដោយពឹងផ្អែកលើការចូលដៃពីសំណាក់មន្ត្រីរដ្ឋាភិបាល កងប្រដាប់អាវុធ នគរបាល និងគយ ដើម្បីកាប់ឈើដ៏កម្រនៅទូទាំងប្រទេស និងបញ្ជូនដាក់កប៉ាល់ទៅទីក្រុងហុងកុង។
សារព័ត៌មាន ឌឹ ខេមបូឌា ដេលី មិនអាចទាក់ទងឧកញ៉ា ទ្រី ភាព ដើម្បីសុំធ្វើការអត្ថាធិប្បាយបានទេរហូតដល់ម៉ោងចេញផ្សាយសេចក្តីរាយការណ៍នេះ។
ប៉ុន្តែលោក ទ្រី ភាព បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានក្នុងស្រុកកន្លងមកថា ការតស៊ូរបស់លោកកើតជាកិត្តិយស មានគោរមងារជាឧកញ៉ា ទ្រី ភាព ហើយបង្កើតជាក្រុមហ៊ុន ទ្រី ភាព គ្រុប គឺនឹកគុណមហាអំណាចទាំងពីរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន គាត់បណ្តុះបណ្តាលតាំងពីដើមដល់ចប់ ការជោគជ័យរបស់ក្រុមហ៊ុន ទ្រី ភាព គ្រុប នោះ ជាការជោគជ័យរបស់ ៧មករា មានថ្ងៃ៧មករា ទើបបានធ្វើឲ្យ ទ្រី ភាព ឈរជើងដោយមានគោរមងារឧកញ៉ា ទ្រី ភាព និងក្រុមហ៊ុន ទ្រី ភាព គ្រុប រហូតមកដល់សព្វថ្ងៃនេះ។
ឧកញ៉ា ទ្រី ភាព ត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងហាមចូលទឹកដីសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ជាមួយនឹងឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយសមាជិកគ្រួសារ ៣នាក់ទៀត៕
