28.4 C
Phnom Penh

ព្រឹទ្ធសភា​អាមេរិក​យល់ព្រម​លើ​សេចក្តី​ស្នើ​ច្បាប់​ស្តីអំពី​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រឹទ្ធសភា​អាមេរិក យល់ព្រម​ជា​ឯកច្ឆន្ទ​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្តីអំពី​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន ដូច​ដែល​មាន​ចែង​ក្នុង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១។

សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង លោក អិត ម៉ាកឃី (Ed Markey) ដែល​ជា​ប្រធាន​អនុ​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស ទទួល​បន្ទុក​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក បាន​លើកឡើង​ក្នុង​វីដេអូ​ឃ្លីប​របស់​លោក​កាលពី​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០២២ ថា សេចក្តី​ស្នើ​ច្បាប់​ស្តីអំពី​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នេះ​មាន​គោលដៅ​រារាំង​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក មិន​ឲ្យ​ជិះ​សេះ​លែង​ដៃ​ដើម្បី​ប្រល័យ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ដូច​សព្វថ្ងៃ។

លោក​អះអាង​ថា ស្ថាប័ន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​គាំទ្រ​ជានិច្ច​នូវ​ជំហរ​ដើម្បី​ទាមទារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប ហើយ​ខ្លួន​លោក​ផ្ទាល់​តែងតែ​ឈរ​នៅ​ខាង​ពលរដ្ឋ​ខ្មែរ ដើម្បី​បុព្វហេតុ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ជា​រៀង​រហូត ក្នុង​បំណង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​កុំ​ឱ្យ​ពួកគេ​បំផ្លាញ​ប្រជាធិបតេយ្យ និង​ធ្វើ​អ្វីៗ​បាន​ស្រេច​តែ​អំពើ​ចិត្ត​បន្ត​ទៀត។

លោក អិត ម៉ាកឃី (Ed Markey) បញ្ជាក់​ថា សព្វថ្ងៃ​នេះ សិទ្ធិ​ទាំងអស់​នៅ​កម្ពុជា​បាន​រង​នូវ​ការ​វាយប្រហារ​ពី​សំណាក់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ ដូច្នេះ​លោក​ប្ដេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​ឲ្យ​សេចក្តី​ស្នើ​ច្បាប់​នេះ​ក្លាយ​ជា​ច្បាប់​មាន​រូបរាង​ពិតប្រាកដ ដើម្បី​បញ្ឈប់​ទង្វើ​រំលោភ​បំពាន​របស់​ពួកគេ​ឱ្យ​បាន។

សមាជិក​ព្រឹទ្ធសភា​រូប​នេះ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង និង​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ពួត​ដៃ​គ្នា​បន្ត​ទៀត ដើម្បី​អនាគត​កម្ពុជា ក្នុង​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន បន្ត​គោរព និង​រក្សា​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ឱ្យ​បាន​ត្រឹមត្រូវ​ដូច​បំណង​នៃ​កិច្ចព្រមព្រៀង​នេះ​ចង់​បាន។

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស (Paris Peace Accords) គឺជា​កិច្ចព្រមព្រៀង​មួយ​ស្ដីពី​ដំណោះស្រាយ​នយោបាយ​ដើម្បី​បញ្ចប់​ជម្លោះ​នៅ​កម្ពុជា ធ្វើឡើង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ក្នុង​គោលបំណង​ឈាន​ទៅ​រក​ការ​រៀបចំ​ឲ្យ​មាន​សន្តិភាព​ឡើងវិញ​នៅ​កម្ពុជា ជំរុញ​ឱ្យ​កម្ពុជា​ដឹកនាំ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ ការពារ​អធិបតេយ្យ​ជាតិ ធានា​ឯករាជ្យ បូរណភាព​ទឹកដី ឯកភាព​ជាតិ​របស់​កម្ពុជា និង​ការ​ធានា​នូវ​ការ​អនុវត្ត​សិទ្ធិ​របស់​ពលរដ្ឋ​ឱ្យ​បាន​ពេញលេញ។

អស់​រយៈពេល ៣១​ឆ្នាំ​នូវ​ការ​ចាប់​បដិសន្ធិ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស តាំងពី​ឆ្នាំ​១៩៩១ មក ត្រូវ​គេ​មើល​ឃើញ​ថា រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន មិន​ត្រឹមតែ​មិន​អនុវត្ត​តាម​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​អន្តរជាតិ​នេះ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រំលោភ​លើ​វត្ថុបំណង​នៃ​កិច្ចព្រមព្រៀង​នេះ​យ៉ាង​ធ្ងន់​ថែម​ទៀត​ជុំវិញ​ការ​ធានា​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ការ​ការពារ​បូរណភាព​ទឹកដី​ពី​ការ​ឈ្លានពាន​របស់​បរទេស​ជិតខាង និង​ការ​ធានា​ឱ្យ​បាន​នូវ​ការ​ដឹកនាំ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ ជាដើម។

ក្នុង​នោះ លោក ហ៊ុន សែន បាន​គំរាម​កម្ទេច​ក្រុម​ប្រឆាំង​គ្រប់​រូបភាព និង​ព្រមាន​ចាប់​ឃុំ​ខ្លួន​សកម្មជន​នានា​ជុំវិញ​ការ​ការពារ​បរិស្ថាន ជាដើម។ ជាង​នេះ​ទៀត លោក​ក៏​បាន​ធ្វើ​សន្ធិសញ្ញា​ខុស​ច្បាប់​ឆ្នាំ​២០០៥ ជាមួយ​វៀតណាម ដើម្បី​បើក​ផ្លូវ​ឱ្យ​បរទេស​ជិតខាង​មួយ​នេះ​អាច​ឈ្លានពាន​កម្ពុជា​ដោយ​ស្រប​ច្បាប់​បន្ត​ទៀត​ទៅ​ថ្ងៃ​អនាគត។

លើស​ពី​នេះ បុរស​ខ្លាំង​កម្ពុជា​រូប​នេះ​ក៏​រៀបចំ​ការ​ផ្ទេរ​អំណាច​ទៅ​កូនប្រុស​បង្កើត​របស់​ខ្លួន​តាម​របៀប​សន្តតិវង្ស ដែល​ប្រទេស​កុម្មុយនីស្ត​តែងតែ​អនុវត្ត​ផង​ដែរ ដែល​ប្រាសចាក​ពី​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​មាន​បំណង​ជំរុញ​ឱ្យ​កម្ពុជា​អនុវត្ត​តាម​គន្លង​ប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ។

កាលពី​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ សភា​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​មួយ​ដែល​បាន​កំណត់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​រក្សា​អព្យាក្រឹត ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​តាម​គោលការណ៍​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ដើម្បី​ធានា​នូវ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ការ​គោរព​សិទ្ធិមនុស្ស និង​ធ្វើ​ឱ្យ​ជាក់ច្បាស់​ពី​មូលដ្ឋាន​ជើង​ទឹក​រាម​ដែល​គេ​សង្ស័យ​ពី​វត្តមាន​កងទ័ព​ចិន​នៅ​ទីនោះ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស