28.4 C
Phnom Penh

ណាតូ​ប្រាប់​តួកគី​ឱ្យ​ទម្លាក់​ឧបសគ្គ​ដែល​រារាំង​ហ្វាំងឡង់​និង​ស៊ុយអែត​ក្លាយ​ជា​សមាជិក​ណាតូ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេស​ហ្វាំងឡង់ និង​ស៊ុយអែត បាន​ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិក​អង្គការ​ណាតូ (NATO) តាំងពី​ខែ​កក្កដា ហើយ​ភ្លាមៗ​នោះ​នាំ​ឲ្យ​មេដឹកនាំ​កំពូលៗ​របស់​ណាតូ មាន​ដូចជា​សហរដ្ឋ​អាមេរិក អង់គ្លេស អាល្លឺម៉ង់ បារាំង កាណាដា ហុឡង់ដ៍ អ៊ីតាលី អេស្ប៉ាញ បែលហ្សិក ប្រកាស​ស្វាគមន៍​ទទួល​យក​ប្រទេស​ពីរ​នេះ​ជា​សមាជិក​ណាតូ។

មក​ដល់​ពេលនេះ សមាជិក​សភា​នៃ​ប្រទេស​ចំនួន​២៨ បាន​ផ្ដល់​សច្ចាប័ន​រួច​ហើយ​ដើម្បី​ឱ្យ​ណាតូ ទទួល​យក​ហ្វាំងឡង់ និង​ស៊ុយអែត ជា​សមាជិក​របស់​ខ្លួន។ ប្រទេស​ពីរ​ក្នុង​ចំណោម ៣០​ប្រទេស​នេះ​ដែល​សភា​របស់​ពួកគេ​មិន​ព្រម​អនុម័ត​នោះ គឺ​ប្រទេស​តួកគី និង​ហុងគ្រី។

ប៉ុន្តែ​មាន​តែ​តួកគី ទេ​ដែល​ជំទាស់​ខ្លាំង​បំផុត ខណៈ​ប្រទេស​នេះ​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី Tayyip Erdogan ដែល​មាន​ភាព​ទោរទន់​ខ្លាំង​ទៅ​លើ​លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី។

ក្នុង​ស្ថានភាព​នេះ សភា​បក្ស​កាន់​អំណាច​នៅ​តួកគី ក៏​ដើរ​តាម​លោក Tayyip Erdogan មិន​បាន​ផ្ដល់​បត្យាប័ន​ឲ្យ​ហ្វាំងឡង់ និង​ស៊ុយអែត ក្លាយ​ជា​សមាជិក​ណាតូ​នោះ​ទេ។

យ៉ាងណាក៏ដោយ ចំណែក​ប្រទេស​ហុងគ្រី វិញ គឺ​នាយករដ្ឋមន្ដ្រី​របស់​ប្រទេស​នេះ​រួម​នឹង​សមាជិក​សភា​របស់​លោក ក៏​មិន​ទាន់​ផ្តល់​សច្ចាប័ន​នោះ​ដែរ ប៉ុន្តែ​មិន​មាន​ភាព​ជំទាស់​ខ្លាំងក្លា​ដូច​តួកគី នោះ​ទេ។

ហ្វាំងឡង់ និង​ស៊ុយអែត សម្រេច​ដាក់​ពាក្យ​សុំ​ជា​សមាជិក​អង្គការ​យោធា​ណាតូ គឺ​ដោយសារតែ​ប្រទេស​ទាំង​ពីរ​នេះ​មាន​ព្រំដែន​ជាប់​នឹង​រុស្ស៊ី ភ័យ​ព្រួយ​ខ្លាច​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​ប្រទេស​របស់​ពួកគេ​ដូច​ករណី​អ៊ុយក្រែន បច្ចុប្បន្ន​នេះ។

ដូច្នេះ​ហើយ មេដឹកនាំ​ប្រទេស​ទាំង​ពីរ​នេះ​ក៏​សម្រេច​ថា ត្រូវ​ក្លាយ​ជា​សមាជិក​ណាតូ​ឱ្យ​ទាន់​ស្ថានការណ៍​ជាក់ស្ដែង​តែម្ដង។ ស្ថានភាព​នេះ វា​កើតឡើង​បួន​ខែ​មក​ហើយ គឺ​នៅ​ទើរ​ត្រឹម​ប្រទេស​តួកគី មិន​ព្រម​អនុម័ត​ឱ្យ​សច្ចាប័ន​លើ​ពាក្យ​សុំ​ចូល​ជា​សមាជិក​ណាតូ​របស់​ប្រទេស​ពីរ​នេះ។

នៅ​ដំណាក់កាល​ចុងក្រោយ​នេះ អគ្គលេខាធិការ​យោធា​ណាតូ លោក Jens Stoltenberg បាន​សម្រេច​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​តួកគី សាជាថ្មី​ម្ដង​ទៀត ដើម្បី​សម្របសម្រួល​ឱ្យ​លោក Tayyip Erdogan ទទួលស្គាល់​ថា កាលៈទេសៈ​នេះ​ជា​ការ​ចាំបាច់​បំផុត​ត្រូវតែ​យល់ព្រម​ឱ្យ​ហ្វាំងឡង់ និង​ស៊ុយអែត ជា​សមាជិក​ណាតូ។

បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន DW របស់​អាល្លឺម៉ង់ បាន​ដកស្រង់​សម្ដី​លោក Stoltenberg ចុះផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី​៤ ខែ​វិច្ឆិកា នេះ​ថា លក្ខខណ្ឌ​ដែល​ហ្វាំងឡង់ និង​ស៊ុយអែត ត្រូវ​ចូល​សមាជិក​ណាតូ គឺ​គ្រប់គ្រាន់​អស់​ហើយ ទាំង​កម្លាំង​យោធា ទាំង​កម្លាំង​នយោបាយ និង​សេដ្ឋកិច្ច។ លោក​បាន​ប្រាប់​លោក Tayyip Erdogan ថា ពេលវេលា​នេះ​មិន​ត្រូវ​បណ្ដោយ​ឱ្យ​ប្រទេស​ពីរ​នេះ​ខកខាន​ក្នុង​ការ​ចូលរួម​ជាមួយ​ណាតូ​នោះ​ទេ។

លោក Stoltenberg បន្ត​ថា ប្រទេស​ផ្សេងៗ​ទៀត គឺ​ភាគច្រើន​លើសលប់​គេ​បាន​ត្រួសត្រាយ​ផ្លូវ​ឱ្យ​ប្រទេស​ពីរ​នេះ​ចូល​ជា​សមាជិក​ណាតូ​រួច​អស់​ទៅ​ហើយ។

លោក​បាន​ប្រាប់​ទៅ​រដ្ឋមន្ត្រី​ការបរទេស​តួកគី ថា ឧបសគ្គ​ដែល​តួកគី​ចេះ​តែ​លើកឡើង​ដូចជា​អស់​ន័យ​ទៅ​ហើយ អស់​តម្លៃ​ទៅ​ហើយ​ក្នុង​ការ​រារាំង​ស៊ុយអែត និង​ហ្វាំងឡង់ ហើយ​ពេល​ខ្លះ តួកគី​ព្យាយាម​បង្កើត​ឧបសគ្គ​ទៅវិញ​នោះ​ទេ។ ជាមួយ​នឹង​ការ​ធ្វើ​ជា​មិន​យល់ ធ្វើ​ជា​មិន​ដឹង​មិន​ឮ នៅ​ពេល​ដែល​ស្ថានភាព​មក​ដល់​ទៅ​ហើយ​នេះ លោក​ព្រមាន​ថា តួកគី​ត្រូវតែ​ពិនិត្យ​មើល​គោលជំហរ​របស់​ខ្លួន​ឡើងវិញ។

តែ​ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​ការបរទេស​តួកគី Mevlut Cavusoglu ដែល​បាន​ជួប​លោក Stoltenberg នៅ​ក្នុង​ប្រទេស​តួកគី កាលពី​ថ្ងៃ​ព្រហស្បតិ៍ ព្រមាន​ថា ការ​ដោះដូរ​លក្ខខណ្ឌ​ណា​មួយ​ក្នុង​អង្គការ​ណាតូ គឺជា​ការ​រុញ​ឱ្យ​ណាតូ​បាត់បង់​សាមគ្គី​គ្នា​តែប៉ុណ្ណោះ។

លោក​ថា តួកគី​មិន​មាន​បំណង​រាំងស្ទះ​ប្រទេស​ពីរ​នេះ​ទេ តែ​ពេលវេលា​វា​មិន​ទាន់​មក​ដល់​តែប៉ុណ្ណោះ។

ប៉ុន្តែ​លោក Stoltenberg ទទួលស្គាល់​ថា ការ​បារម្ភ​របស់​តួកគី ដែល​យក​រឿង​អតីតកាល​មក​បូក​ឡូកឡំ​នៅ​ពេលនេះ គឺ​មិន​ត្រឹមត្រូវ​នោះ​ទេ។ លោក​ថា តួកគី​គួរតែ​បន្ថយ​ជំហរ និង​បន្ទន់​ឥរិយាបថ​របស់​ខ្លួន​ឡើងវិញ ព្រោះ​ប្រទេស​ចំនួន ២៨ គេ​យល់ស្រប​ទទួលយក​ហ្វាំងឡង់ និង​ស៊ុយអែត ទៅ​ហើយ។

យោង​តាម​ធម្មនុញ្ញ​របស់​ណាតូ ប្រទេស​ណា​មួយ​ដែល​សុំ​ជា​សមាជិក​ថ្មី​របស់​ណាតូ គឺ​ត្រូវ​ឆ្លងកាត់​ការ​យល់ព្រម​ទាំងអស់​ពី​សមាជិក​សភា​នៃ​ប្រទេស​ទាំង ៣០​ប្រទេស​នេះ​ជា​មុន​សិន។

ក្រុម​អ្នក​ជំនាញ​ផ្នែក​ច្បាប់​អះអាង​ថា ណាតូ​ពេលនេះ​កំពុងតែ​សិក្សា​គួរ​កែប្រែ​ចំណុច​ទាំងនេះ។

យ៉ាងណា ណាតូ និង​ស៊ុយអែត​ដែល​មាន​ព្រំដែន​ធំ​ល្វឹងល្វើយ​ជាប់​ជាមួយ​នឹង​រុស្ស៊ី គឺ​ពួកគេ​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​ផ្នែក​យោធា​ត្រីភាគី​ជាមួយ​អង់គ្លេស និង​សហរដ្ឋ​អាមេរិក​រួច​ទៅ​ហើយ។

មាត្រា​៥ នៃ​ធម្មនុញ្ញ​របស់​ណាតូ ចែង​ថា បើ​អង់គ្លេស ឬ​អាមេរិក​ធ្លាក់​ក្នុង​សង្គ្រាម​ដោយសារតែ​ជួយ​ហ្វាំងឡង់ និង​ស៊ុយអែត គឺ​ណាតូ​ទាំងអស់​ត្រូវតែ​ជួយ​អាមេរិក និង​អង់គ្លេស។ ដូច្នេះ ហ្វាំងឡង់ និង​ស៊ុយអែត បើ​ទោះជា​មិន​ទាន់​ក្លាយ​ជា​សមាជិក​ណាតូ​ក៏ដោយ គឺ​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យោធា​ជាមួយ​នឹង​ណាតូ​រួច​ទៅ​ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស