42.2 C
Phnom Penh

អ្នក​ឃ្លាំមើល៖ ការ​អួត​ពី​លោក ហ៊ុន សែន ថា​ជោគជ័យ​ដឹកនាំ​កិច្ចប្រជុំ​អាស៊ាន​គឺ​ល្បិច​ប្រជាភិថុតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា ការ​ប្រើ​យុទ្ធសាស្ត្រ​អួតអាង​របស់​មន្ត្រី​រដ្ឋាភិបាល និង​កូនៗ​របស់​លោក ហ៊ុន សែន ដែល​សរសើរ​ឪពុក​ខ្លួនឯង​ថា​ដឹកនាំ​ប្រជុំ​អាស៊ាន​ទទួល​បាន​ជោគជ័យ​ដោយសារ​មេដឹកនាំ​ពិភពលោក​ទៅ​ចូលរួម គឺជា​រឿង​ភូត​កុហក​ទាំងស្រុង ព្រោះ​មេដឹកនាំ​ពិភពលោក​ទាំងនោះ​មក​ក្រើន​រំឭក​កម្ពុជា​ឲ្យ​បើក​លំហ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ វិច្ឆិកា នេះ​ថា កូនៗ​របស់​លោក ហ៊ុន សែន ដែល​សរសើរ​ឪពុក​ខ្លួនឯង​ថា​ដឹកនាំ​ប្រជុំ​អាស៊ាន​ទទួល​បាន​ជោគជ័យ​ដោយសារ​មេដឹកនាំ​ពិភពលោក​ទៅ​ចូលរួម​កាលពី​ពេល​ថ្មីៗ​នេះ ជា​រឿង​ភូត​កុហក​ទាំងស្រុង ព្រោះ​ថា​ពិត​មែន​តែ​មេដឹកនាំ​ពិភពលោក​ទាំងនោះ​ទៅ​កម្ពុជា ប៉ុន្តែ​វត្តមាន​របស់​អ្នក​ទាំងនោះ​វា​ជា​កាតព្វកិច្ច​របស់​ពួកគេ​ដែល​ផ្សារភ្ជាប់​ជាមួយ​អាស៊ាន​ប៉ុណ្ណោះ។ លើស​ពី​នេះ ពួកគេ​ទៅ​ក៏​មាន​គោលបំណង​ដើម្បី​ក្រើន​រំឭក​កម្ពុជា​ពី​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ផង​ដែរ ជាពិសេស​គឺ​សហរដ្ឋ​អាមេរិក​តែម្តង។

លោក ម៉ែន ណាត លើកឡើង​ថា បើ​ចង់​ដឹង​ថា​កិច្ចប្រជុំ​អាស៊ាន​នេះ​កម្ពុជា​ទទួល​បាន​ជោគជ័យ​ឬ​អត់ គួរ​ពិនិត្យ​ទៅ​លទ្ធិប្រជាធិបតេយ្យ ពិនិត្យ​លើ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ ពិនិត្យ​លើ​អធិបតេយ្យភាព​របស់​កម្ពុជា​នៅ​ពេលនេះ ថា​តើ​វា​មាន​ភាព​ល្អ​ប្រសើរ​កម្រិត​ណា​ហើយ ស្រប​ពេល​ដែល​អាមេរិក​បាន​ដាស់តឿន​កម្ពុជា​បន្ថែម​ទៀត​ជុំវិញ​អធិបតេយ្យភាព​ជាតិ​របស់​ខ្លួន ដែល​ពាក់ព័ន្ធ​នឹង​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម ដែល​កម្ពុជា​នៅតែ​បង្ក​ភាព​មិន​ច្បាស់លាស់​ពី​ឯករាជ្យ​របស់​ខ្លួន​ជាមួយ​ចិន​សព្វថ្ងៃ​នេះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ការ​លើក​សរសើរ​ពី​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ពី​កូនប្រុស​របស់​គាត់ រួម​ទាំង​មន្ត្រី​រដ្ឋាភិបាល​ផង​នោះ មិនមែន​ជា​រឿង​ថ្មី និង​ចម្លែក​នោះ​ទេ ព្រោះ​ថា​បើ​ទោះបីជា​លោក ហ៊ុន សែន ដឹកនាំ​នយោបាយ​ដោយ​ដាក់​អធិបតេយ្យភាព​ជាតិ​ក្រោម​ប្រទេស​ដទៃ ដូចជា​វៀតណាម និង​ចិន ឬ​រំលោភ​សិទ្ធិមនុស្ស​ដោយ​ការ​ចាប់​ឃុំ​ខ្លួន​អ្នក​នយោបាយ និង​សកម្មជន​នានា​កន្លងមក​ក៏ដោយ ក៏​ពួក​គេ​នៅតែ​សរសើរ​ថា លោក ហ៊ុន សែន ដឹកនាំ​បាន​ល្អ​ដែរ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​កំពូល​ប្រារព្ធ​ខួប​ទំនាក់ទំនង​អាស៊ាន-កាណាដា ល្ងាច​ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២២។

កាលពី​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២២ បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​របស់​បក្ស​កាន់​អំណាច លោក ហ៊ុន ម៉ាណែត ដែល​ជា​កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន បាន​លើកឡើង​ថា ជា​មោទកភាព​របស់​កម្ពុជា​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ក្នុង​នាម​ជា​ប្រធាន​អាស៊ាន បាន​ដឹកនាំ​សម្របសម្រួល​ការងារ​រហូត​បាន​សម្រេច​លទ្ធផល​ធំៗ​ជាច្រើន ទោះបីជា​ត្រូវ​ប្រឈម​បញ្ហា​ស្មុគស្មាញ​ជាច្រើន​នៅ​ក្នុង​តំបន់ និង​នៅ​លើ​សកលលោក​ក៏ដោយ។

ចំណែក​កូនប្រុស​ពៅ​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ក៏​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃ​អាទិត្យ ទី​១៣ វិច្ឆិកា នេះ​ដែរ​ថា ការ​អញ្ជើញ​ចូលរួម​ពី​បណ្តា​ប្រមុខ​ថ្នាក់​ដឹកនាំ​កំពូលៗ​លើ​ពិភពលោក​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ពេលនេះ បាន​ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពី​តួនាទី​ដ៏​សំខាន់​របស់​កម្ពុជា ការ​ជឿ​ទុកចិត្ត​លើ​កម្ពុជា និង​ការ​ឲ្យ​តម្លៃ​ដល់​កម្ពុជា។

កូនប្រុស​បុរស​ខ្លាំង​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ភាព​ជោគជ័យ​នៅ​ថ្ងៃ​នេះ​មិនមែន​ជា​រឿង​ចៃដន្យ​ឡើយ ហើយ​ក៏​មិនមែន​ជា​អ្វី​ដែល​បរទេស​ណា​ម្នាក់​បាន​ផ្តល់​ឲ្យ​កម្ពុជា​ដែរ ប៉ុន្តែ​វា​ជា​ញើស​ជា​ឈាម​របស់​កម្ពុជា​សុទ្ធសាធ ក្រោម​ការ​ដឹកនាំ​ដ៏​ប៉ិនប្រសព្វ​របស់​ឪពុក​លោក​ក្នុង​មាគ៌ា​ដ៏​ត្រឹមត្រូវ​នេះ។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ វិច្ឆិកា នេះ​ថា លោក​ទទួលស្គាល់​ថា​ការ​រៀបចំ​អាស៊ាន​នៅ​ឆ្នាំ​នេះ​មាន​ភាព​រលូន​ជាង​មុន ប៉ុន្តែ​ក៏​មិន​អាច​ចាត់ទុក​ថា​ជា​មុខមាត់​របស់​កម្ពុជា​ទាំងស្រុង​នោះ​ដែរ ព្រោះ​អ្វី​ដែល​មេដឹកនាំ​ពិភពលោក​បាន​លើកឡើង​ទៅ​កាន់​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន គឺ​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​ការ​បញ្ជាក់​ពី​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​ប៉ុណ្ណោះ មិនមែន​រឿង​រៀបចំ​ប្រជុំ​អាស៊ាន​បាន​ល្អ ឬ​មិន​បាន​ល្អ​នោះ​ទេ។

លោក សេក សុជាតិ លើកឡើង​ថា បើ​កម្ពុជា​នៅតែ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ រាំង​ខ្ទប់​ដំណើរការ​ប្រជាធិបតេយ្យ បង្រួម​សិទ្ធិមនុស្ស ជាពិសេស​ការ​មិន​អាច​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​នូវ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ​នេះ នោះ​កម្ពុជា​ក៏​នៅតែ​រង​នូវ​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ដដែល។

កាលពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២២ កម្ពុជា​បាន​ដឹកនាំ​កិច្ចប្រជុំ​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដទៃ​ទៀត ដូចជា​កិច្ចប្រជុំ​កំពូល​អាស៊ាន-ចិន កិច្ចប្រជុំ​កំពូល​អាស៊ាន-ជប៉ុន និង​កិច្ចប្រជុំ​កំពូល​អាស៊ាន-សាធារណរដ្ឋ​កូរ៉េ ជាដើម ដែល​មាន​មេដឹកនាំ​ធំៗ​របស់​ប្រទេស​ជាច្រើន​ទៅ​ចូលរួម។

ក្រោយ​បិទ​បញ្ចប់​កិច្ចប្រជុំ មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន បាន​ប្រគល់​ញញួរ​អាស៊ាន​ឱ្យ​ទៅ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី គឺ​លោក ចូកូ វីដូដូ ដែល​នឹង​ត្រូវ​ដល់​វេន​ដឹកនាំ​អាស៊ាន ១០​ឆ្នាំ​ម្តង​ក្នុង​ឆ្នាំ​២០២៣ ខាងមុខ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស