29.6 C
Phnom Penh

អ្នក​ឃ្លាំមើល​ច្រាន​ចោល​ការ​លើក​ឡើង​របស់​លោក ទៀ បាញ់ ថា​ការ​សង្ស័យ​វត្តមាន​ទ័ព​ចិន​នៅ​រាម​ជា​រឿង​តូចតាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រស់នៅ​ក្រៅ​ស្រុក ច្រានចោល​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ ដែល​ថា​ក្តី​បារម្ភ​របស់​សហរដ្ឋ​អាមេរិក​ជុំវិញ​ការ​សង្ស័យ​ពី​វត្តមាន​កងទ័ព​ចិន​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​ជា​រឿង​តូចតាច ខណៈ​សហរដ្ឋ​អាមេរិក​ថា​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​របស់​កម្ពុជា គឺជា​ចំណុច​ដែល​បង្ក​ហានិភ័យ​ធំ​ដល់​សន្តិសុខ​ក្នុង​តំបន់​ទាំងមូល។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៤ វិច្ឆិកា នេះ​ថា ចម្លើយ​របស់​លោក ទៀ បាញ់ ជុំវិញ​កំពង់ផែ​រាម​នេះ​នឹង​ធ្វើ​ឱ្យ​សម្ពន្ធមិត្ត​របស់​ខ្លួន គឺ​សហរដ្ឋ​អាមេរិក​មាន​ការ​អាក់អន់​ស្រពន់​ចិត្ត​កាន់តែ​ខ្លាំង​បន្ថែម​ទៀត ព្រោះ​ថា​ការ​ផ្តល់​មូលដ្ឋាន​ជើងទឹក​រាម​របស់​ខ្លួន​ឱ្យ​កងទ័ព​ចិន​ឈរជើង គឺជា​ទង្វើ​រំលោភ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ធ្ងន់ធ្ងរ​ជាមួយ​អាមេរិក ក្នុង​នាម​ជា​ប្រទេស​ដែល​ធ្លាប់​ចុះ​កិច្ចសន្យា​នានា​ជុំវិញ​មូលដ្ឋាន​ជើងទឹក​រាម​រហូត​ដល់​មាន​ការ​សាងសង់​អគារ​មួយ​ចំនួន​នៅ​ទីនោះ​នា​ពេល​កន្លងមក។

លោក ម៉ែន ណាត ត្អូញត្អែរ​ថា ទង្វើ​របស់​មេដឹកនាំ​កម្ពុជា​បែប​នេះ គឺ​បង្ហាញ​ពី​សកម្មភាព​បំផ្លាញ​ផល​ប្រយោជន៍​ជាតិ​ទាំងស្រុង ព្រោះ​ថា​ការ​ផ្តល់​មូលដ្ឋាន​យោធា​របស់​ខ្លួន​ឱ្យ​កងទ័ព​ចិន​កាន់កាប់ គឺជា​ការ​ដុត​បញ្ឆេះ​ភ្លើង​លើ​ទឹកដី​របស់​ខ្លួន បំផ្ទុះ​សង្គ្រាម​ក្នុង​តំបន់​ដែល​គួរ​ឱ្យ​ភ័យ​ព្រួយ ហើយ​អ្នក​ដែល​ទទួល​រងគ្រោះ​ពី​រឿង​នេះ គឺ​កម្ពុជា​ខ្លួនឯង​ប៉ុណ្ណោះ។

លោក​បន្ថែម​ថា កម្ពុជា​នឹង​ជាន់​ដាន​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ដូច​អំឡុង​ទសវត្ស​ឆ្នាំ​១៩៧០ ដែល​បាន​ផ្តល់​ទឹកដី​របស់​ខ្លួន​ឱ្យ​វៀតណាម​ជ្រកកោន​ដូច្នោះ​ដែរ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​ព្រមាន​ថា បើ​កម្ពុជា​មិន​ធ្វើ​ឱ្យ​ជាក់ច្បាស់​អំពី​មូលដ្ឋាន​ជើងទឹក​រាម អំពី​ឯករាជភាព​របស់​ខ្លួន​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ទេ កម្ពុជា​នឹង​ខាតបង់​ផល​ប្រយោជន៍​ជាតិ​គ្រប់​យ៉ាង​លើ​ឆាក​អន្តរជាតិ ទាំង​នយោបាយ​ការទូត ទាំង​សេដ្ឋកិច្ច និង​មុខមាត់​របស់​ខ្លួន​ក្នុង​នាម​ជា​រដ្ឋ​ឯករាជ្យ​មួយ។

កាលពី​ថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន លោក ទៀ បាញ់ ដែល​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា បាន​ឆ្លើយតប​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ជុំវិញ​ការ​សង្ស័យ​អំពី​វត្តមាន​កងទ័ព​ចិន​ក្នុង​មូលដ្ឋាន​ជើងទឹក​រាម​ថា នៅ​កម្ពុជា​គ្មាន​កងទ័ព​បរទេស​ទេ ហើយ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ក៏​ពុំ​អនុញ្ញាត​ឲ្យ​មាន​កងទ័ព​បរទេស​ដែរ។

លោក ទៀ បាញ់ បញ្ជាក់​ថា ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​ជើងទឹក​រាម មិន​បង្ក​ការ​គំរាមកំហែង​ដល់​សន្តិសុខ​របស់​អ្នក​ដទៃ​នោះ​ឡើយ ដូច្នេះ​អាមេរិក​ក៏​មិន​គួរ​ខ្វល់ខ្វាយ​ពី​រឿង​នេះ​ពេក​ដែរ ព្រោះ​ថា​មូលដ្ឋាន​ជើងទឹក​រាម​គ្រាន់តែ​ជា​ទីតាំង​កងទ័ព​តូច​មួយ​ដែល​មាន​ទំហំ​ប៉ុន​នឹង​ផែ​នេសាទ​ប៉ុណ្ណោះ។

ក្នុង​កិច្ចពិភាក្សា​អំឡុង​ពេល​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ កាលពី​ថ្ងៃទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក លោក ឡយ អូសស្ទីន បាន​លើកឡើង​ថា វត្តមាន​កងទ័ព​ចិន​លើ​មូលដ្ឋាន​ជើងទឹក​រាម​របស់​កម្ពុជា ថា​ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ផល​ប្រយោជន៍ សន្តិសុខ​សហរដ្ឋ​អាមេរិក និង​សន្តិសុខ​សម្ពន្ធមិត្ត​របស់​ខ្លួន​នៅ​ក្នុង​តំបន់។

ទាក់ទិន​នឹង​ក្តី​បារម្ភ​នេះ កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០២០ កន្លងទៅ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​វាយ​កម្ទេច​អគារ​មួយ​ក្នុង​ចំណោម​អគារ​ជាច្រើន​នៅ​ក្នុង​មូលដ្ឋាន​ទ័ព​រាម ដែល​សាងសង់​ដោយ​ថវិកា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក កាលពី​អំឡុង​ខែ​សីហា ឆ្នាំ​២០១២ កន្លងទៅ។ បញ្ហា​នេះ សហរដ្ឋ​អាមេរិក​បាន​សម្ដែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​វាយ​កម្ទេច​អគារ​ដែល​ជា​និមិត្តសញ្ញា​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ។

ការ​វាយ​កម្ទេច​អគារ​ដែល​សង់​ដោយ​ថវិកា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​សង្ស័យ​ថា កម្ពុជា​បាន​ចុះហត្ថលេខា​សម្ងាត់​ជាមួយ​ចិន ដើម្បី​អនុញ្ញាត​ឲ្យ​យោធា​ចិន​ប្រើប្រាស់​មូលដ្ឋាន​រាម សម្រាប់​ធ្វើ​ជា​មូលដ្ឋាន​យោធា​ជើងទឹក​របស់​ពួកគេ ប៉ុន្តែ​បញ្ហា​នេះ​ត្រូវ​រដ្ឋាភិបាល​កម្ពុជា​បដិសេធ​ចោល​ទាំងស្រុង ដោយ​អះអាង​ថា គ្រាន់តែ​ដើម្បី​កែលំអ​នូវ​មូលដ្ឋាន​ជើងទឹក​របស់​ខ្លួន​ឡើងវិញ​ប៉ុណ្ណោះ។

កាលពី​ឆ្នាំ​២០១៩ កាសែត​អាមេរិក The Wall Street Journal បាន​ចុះផ្សាយ​ថា កម្ពុជា និង​ចិន​បាន​ចុះហត្ថលេខា​ជា​សម្ងាត់​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​អនុញ្ញាត​ឱ្យ​ចិន មាន​សិទ្ធិ​ផ្ដាច់មុខ​ចូល​ទៅ​ប្រើប្រាស់​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​ក្នុង​រយៈពេល ៣០​ឆ្នាំ ដោយ​អាច​បន្ត​ឡើងវិញ​នៅ​រៀងរាល់ ១០​ឆ្នាំ​ម្ដង។

ជុំវិញ​ការ​សង្ស័យ​ពី​វត្តមាន​កងទ័ព​ចិន​ក្នុង​មូលដ្ឋាន​ជើងទឹក​រាម​នេះ ទាំង​ព្រឹទ្ធសភា ទាំង​រដ្ឋមន្ត្រី និង​អនុរដ្ឋមន្ត្រី​ការបរទេស និង​ទាំង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន សុទ្ធតែ​ព្រួយបារម្ភ និង​បាន​រំឭក​កម្ពុជា​ជានិច្ច​ជុំវិញ​ការ​សង្ស័យ​អំពី​វត្តមាន​កងទ័ព​ចិន​នៅ​មូលដ្ឋាន​ជើងទឹក​រាម​នេះ ប៉ុន្តែ​ខាង​ភាគី​កម្ពុជា​តែង​បដិសេធ​រហូត។

គួរ​បញ្ជាក់​ផង​ដែរ​ថា កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​អនុព័ន្ធ​យោធា​អាមេរិក​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ខ្លី​មួយ​នៅ​កំពង់ផែ​រាម កាលពី​ថ្ងៃទី​១១ ខែ​មិថុនា ឆ្នាំ​២០២១។ ដំណើរ​ទស្សនកិច្ច​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បើក​ភ្លើង​ខៀវ​ក្រោយ​មាន​ការ​ទទូច​ដោយ​ផ្ទាល់​ពី​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោកស្រី Wendy Sherman ក៏ប៉ុន្តែ​ភាគី​អាមេរិក​បាន​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​នោះ​ថា​មិន​ពេញលេញ ដ្បិត​ខ្លួន​មិន​អាច​ដើរ​មើល​គ្រប់​កន្លែង ហើយ​ទាមទារ​ការ​បំពេញ​ទស្សនកិច្ច​ជា​ថ្មី។

កាលពី​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០២១ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រតិកម្ម​ធ្ងន់ៗ​ថា លោក​នឹង​បិទ​ចោល​លែង​ឲ្យ​មាន​ការ​បំពេញ​ទស្សនកិច្ច​ណា​មួយ​នៅ​កំពង់ផែ​រាម​ទៀត​ឡើយ។ លោក​ថា កំពង់ផែ​រាម​មិន​មែន​ជា​កន្លែង​ចោរ​លួច​ចោរ​ប្លន់​ដែល​ចង់​ឆែកឆេរ​ស្រេច​តែ​ចិត្ត​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស