32.5 C
Phnom Penh

លោក ហ៊ុន សែន ហៅ​លោក គឹម សុខ ថា​ជា​ក្មេង​ពាល​កែ​មិន​ឡើង​និង​ចិញ្ចឹម​ចិត្ត​ប្រឆាំង​លោក​រហូត​មក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហៅ​អ្នកវិភាគ​នយោបាយ លោក គឹម សុខ ថា​ជា​ក្មេង​ពាល​កែ​មិន​ឡើង ហើយ​ជា​អ្នក​ដែល​ចិញ្ចឹម​ចិត្ត​ប្រឆាំង​នឹង​រូបលោក​រហូត​មក។

ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​អឺរ៉ុប នា​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០២២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​យក​វីដេអូ​ឃ្លីប​ដែល​លោក គឹម សុខ បាន​ឡើង​ថ្លែង​កាលពី​អំឡុង​ឆ្នាំ​២០០៨ ក្នុង​នាម​ជា​អ្នក​តំណាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ថា គណបក្ស​នេះ​មិន​ដឹកនាំ​ប្រទេស​តាម​ជំហាន​គីង្គក់​ដូច​ការ​លើកឡើង​របស់​មេដឹកនាំ​បច្ចុប្បន្ន​ឡើយ។ លោក​បញ្ជាក់​ថា មូលហេតុ​ដែល​អ្នកវិភាគ​រូប​នេះ​លើកឡើង​ដូច្នេះ ដោយសារ​កន្លងមក​លោក​ធ្លាប់​និយាយ​ថា ការ​ដឹកនាំ​ធ្វើ​តាម​ជំហាន​គីង្គក់ ដោយ​មិន​មែន​ជំហាន​លោត​ផ្លោះ​នោះ​ទេ។

លោក ហ៊ុន សែន បាន​ថ្លែង​បែប​ចំអក​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច​រលាយ ហើយ​សម្ដេច​ក្រុមព្រះ​ក៏​សោយទិវង្គត​ដោយសារ​គណបក្ស​នេះ​យក​លោក គឹម សុខ ដែល​លោក​ហៅថា​ជា​ក្មេង​ពាល​មក​ប្រើ។ លោក​ចាត់ទុក​សម្ដី​របស់​លោក គឹម សុខ លើកឡើង​ដោយ​ព្រហើន​បែប​នេះ​ហើយ​ទើប​នាំ​ឲ្យ​ជាប់​ពន្ធនាគារ។

បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤០​ឆ្នាំ​រូប​នេះ​ថា លោក គឹម សុខ ចិញ្ចឹម​ចិត្ត​ប្រឆាំង​នឹង​រូបលោក​តាំងពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅ​មាន​សម្ពន្ធភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​បាន​បន្ទោស​សម្ដេច​ក្រុមព្រះ​ដែល​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​កាល​នោះ​ថា មិន​បាន​ប្រដៅ​កូនចៅ​ទើប​មាន​សម្ដី​ព្រហើន​បែប​នេះ។

ក្នុង​ពិធី​នោះ លោក ហ៊ុន សែន ក៏​បាន​សរសើរ​លោក ស៊ន តារា សកម្មជន​គណបក្ស​ប្រឆាំង​ថា​ចេះ​វិភាគ និង​ប្រើ​ពាក្យ​សមរម្យ ហើយ​មិន​ចេះ​ជេរ មិន​ចេះ​ប្រមាថ​លើ​រូបលោក​ផង​ដែរ។ លើស​ពី​នេះ លោក ហ៊ុន សែន ក៏​បាន​ផ្ដាំ និង​ណែនាំ​លោក ស៊ន តារា កុំ​ឲ្យ​យក​ត្រកូល ហ៊ុន ធ្វើ​ជា​សត្រូវ ដោយសារតែ​ត្រកូល ហ៊ុន មាន​បញ្ញវន្ត​ច្រើន​ណាស់ និង​មាន​ចំនួន​ច្រើន​ផង​ដែរ។

ឆ្លើយតប​នឹង​ការ​លើកឡើង​នេះ អ្នកវិភាគ​នយោបាយ លោក គឹម សុខ យល់​ថា មូលហេតុ​ដែល​លោក ហ៊ុន សែន ខឹងសម្បា​លោក​ខ្លាំង ដោយសារ​រូបលោក​នៅតែ​រំលឹក​ពាក្យ​សន្យា​ដែល​មេដឹកនាំ​រូប​នេះ​បាន​ប្រកាស​ជា​សាធារណៈ​កាលពី​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២០ ថា នឹង​យក​យន្តហោះ​ទៅ​ដឹក​លោក​ដើម្បី​ឲ្យ​មក​ធ្វើ​បាតុកម្ម​អហិង្សា​ដោយ​មិន​ធ្វើ​អ្វី​ឡើយ។ មួយ​ទៀត លោក ហ៊ុន សែន ខឹង​បណ្ដាល​មកពី​លោក​ដាក់​លក្ខខណ្ឌ​ថ្មី ដោយ​ឲ្យ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​ទាំងអស់ ដើម្បី​ឲ្យ​លោក​អាច​មក​ចូលរួម​ធ្វើ​បាតុកម្ម​អហិង្សា​ជាមួយ​ប្រជាពលរដ្ឋ ប្រសិនបើ​លោក ហ៊ុន សែន ពិបាក​នឹង​យក​យន្តហោះ​មក​ដឹក​លោក​ពី​ប្រទេស​ហ្វាំងឡង់ នោះ។

លោក គឹម សុខ បញ្ជាក់​ថា ការ​រំលឹក​ដដែល​នេះ​បាន​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ខឹងសម្បា​ស្រប​ពេល​ដែល​លោក​មិន​បាន​គោរព និង​ធ្វើ​តាម​ការ​សន្យា​របស់​ខ្លួន​រឿង​យក​យន្តហោះ​មក​ដឹក​លោក ខណៈ​លក្ខខណ្ឌ​ថ្មី​ដែល​លោក​ទាមទារ​ឲ្យ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​ទាំងអស់ លោក ហ៊ុន សែន ក៏​មិន​ហ៊ាន​ឆ្លើយតប​ដែរ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ហេតុផល​មួយ​ទៀត លោក ហ៊ុន សែន អាច​ស្រាវជ្រាវ​សកម្មភាព​កន្លង​មក​របស់​លោក ទោះបីជា​នៅ​ជាមួយ​ក្រុម​ណា និង​អ្នក​ណា​ក៏ដោយ នៅ​រក្សា​ឧត្ដមគតិ ព្រមទាំង​សកម្មភាព​ជាក់ស្ដែង​ប្រឆាំង​នឹង​ពួក​បក្ស​កុម្មុយនីស្ត ហើយ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ។ លោក​ថា ចំណុច​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ខឹង​ដោយ​ទប់ស្កាត់​មិន​បាន ខណៈ​បច្ចុប្បន្ន​លោក​ក៏​កំពុង​បារម្ភ​ខ្លាច​ប៉ះពាល់​ដល់​នយោបាយ​អ្នក​ជំនាន់​ក្រោយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​លោក ហ៊ុន ម៉ាណែត។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា កាលពី​ថ្ងៃទី​៩ ខែ​ធ្នូ ឲ្យ​ដឹង​ថា លោក ហ៊ុន សែន ដែល​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូលរួម និង​ធ្វើ​ជា​សហប្រធាន​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន-សហភាព​អឺរ៉ុប។ កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​អបអរ​សាទរ​ខួប​លើក​ទី​៤៥ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន-សហភាព​អឺរ៉ុប និង​ធ្វើ​ជា​សហប្រធាន​នៃ​កិច្ចប្រជុំ​ជាមួយ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក ឆាល មីសែល នៅ​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២២ នៅ​ទីក្រុង​ប្រ៊ុចសែល។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា នៅ​មុន​ពេល​ចូលរួម​កិច្ចប្រជុំ​កំពូល​រម្លឹក​ខួប លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​សាធារណរដ្ឋ​បារាំង ហើយ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង លោក អេម៉ានូអែល ម៉ាក្រុង នឹង​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​វិមាន​អេលីហ្សេ (Élysée Palace) ហើយ​នឹង​រៀបចំ​អាហារ​ការងារ​ពេល​ល្ងាច​ជា​កិត្តិយស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស