ក្រុមហ៊ុន Overseas Cambodian Investment Corporation អូ.ស៊ី.អាយ.ស៊ី (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ ដែលជាឈ្មួញឈរឈ្មោះរកស៊ីឲ្យគ្រួសារត្រកូល «ហ៊ុន» គ្រប់វិស័យ ដូចជាធនាគារ អចលនទ្រព្យ សមាគមអ្នកសាងសង់កម្ពុជា និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត បានលក់ដីទំហំ ៣,៥ហិកតារនៅក្នុងគម្រោងអភិវឌ្ឍកោះនរា ឱ្យទៅក្រុមហ៊ុនអចលនទ្រព្យសិង្ហបុរី ឈ្មោះ AKRAM Development Co., Ltd ក្នុងតម្លៃបោះទុនជាង ១៥០លានដុល្លារអាមេរិក។
គេព្យាករថា ដីគម្រោងអភិវឌ្ឍន៍កោះចំនួនជាង ១០០ហិកតារនោះមានតម្លៃជាង ៥ពាន់លានដុល្លារសហរដ្ឋអាមេរិក កំពុងតែប្រើឲ្យវិស័យឯកជនសុទ្ធសាធ ផ្ទុយទៅនឹងច្បាប់ដែលបានកំណត់ និងកំពុងធ្វើឲ្យមានហានិភ័យនៃទឹកជំនន់ និងការបាក់ច្រាំងទន្លេកាន់តែកើនឡើង។
តើលោកឧកញ៉ារូបនេះចង់ប្រែក្លាយអ្វីខ្លះនៅក្នុងកូនកោះសិប្បនិម្មិតនេះ? លោក តាំង សារ៉ាដា សូមជូនសេចក្តីរាយការណ៍អំពីរឿងនេះពិស្ដារ។
ក្រុមហ៊ុន Overseas Cambodian Investment Corporation អូ.ស៊ី.អាយ.ស៊ី (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ ស្ថាបនិកធនាគារកាណាឌីយ៉ា ដែលពលរដ្ឋទូទៅដឹងថាជាឈ្មួញឈរឈ្មោះរកស៊ីឲ្យគ្រួសារត្រកូល «ហ៊ុន» លើគ្រប់វិស័យ ទទួលបានសិទ្ធិអភិវឌ្ឍន៍កោះនរាដើម្បីពង្រីកទំហំកោះធម្មជាតិដ៏តូចមួយ។

កោះនេះជាចំណុចប្រសព្វនៃទន្លេមេគង្គ និងទន្លេបាសាក់ បានសម្រេចលក់ក្នុងទំហំ ៣,៥ហិកតារឱ្យទៅក្រុមហ៊ុនអចលនទ្រព្យសិង្ហបុរី ឈ្មោះ AKRAM Development Co., Ltd ក្នុងតម្លៃបោះទុនជាង ១៥០លានដុល្លារអាមេរិក ប៉ុន្តែតម្លៃដីកោះទំហំជាង ១០០ហិកតារនោះមានតម្លៃរហូតទៅដល់ជាង ៥ពាន់លានដុល្លារអាមេរិកឯណោះ។
នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ តំណាងអ្នកទិញលោក Kelvin Chua អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យសិង្ហបុរី AKRAM Development Co., Ltd និងលោកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC ជាតំណាងអ្នកលក់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់នេះក្នុងតម្លៃបោះទុនជាង ១៥០លានដុល្លារអាមេរិក។
លោក Kelvin Chua បានថ្លែងនៅក្នុងថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញថា គោលបំណងនៃការទិញនេះ គឺដើម្បីអភិវឌ្ឍគម្រោងបែបប្រណីតលំដាប់កំពូល ដោយលោកបានមើលឃើញអំពីការកើនឡើងតម្រូវការនៃគម្រោងបែបប្រណីតលំដាប់កំពូលនៅកម្ពុជា។
សហគ្រិនវ័យ ៣៥ឆ្នាំរូបនេះបានសង្កត់ធ្ងន់ថា លោកមានក្ដីសោមនស្សរីករាយជាខ្លាំងក្នុងការទិញយកបាននូវទីតាំងដីនេះពីលោកឧកញ៉ា ពុង ឃាវសែ។ ការទិញយកដីមួយកន្លែងនេះប្រាកដជាមិនអាចធ្វើទៅបាននោះទេ ប្រសិនបើមិនមានការគាំទ្រ និងទុកចិត្តរបស់លោកឧកញ៉ា ពុង ឃាវសែ នៅក្នុងគម្រោងរបស់គាត់។
លោកមានភាពរីករាយដែលបានក្លាយជាផ្នែកមួយនៃចក្ខុវិស័យរបស់លោក ពុង ឃាវសែ នៅក្នុងការអភិវឌ្ឍកោះនរា និងមានក្ដីសង្ឃឹមយ៉ាងមុតមាំថា ទីតាំងដ៏មានសក្ដានុពលមួយនេះនឹងក្លាយជាចំណុចទាក់ទាញបំផុតមួយនៃគម្រោងរបស់លោក។

ក្រុមហ៊ុនអភិវឌ្ឍ AKRAM គឺជាក្រុមហ៊ុនដៃគូរវាងលោក Kelvin Chua និងលោក Melvin Poh មកពីក្រុមហ៊ុន Centra Group Singapore ដែលមានគម្រោងអភិវឌ្ឍជាច្រើនក្រាស់ក្រែលមានតម្លៃជាង ១,៦៥ពាន់លានដុល្លារនៅក្នុងដៃ។
លោក Kelvin Chua ធ្លាប់អះអាងថា កោះនរាគឺជាទីតាំងយុត្តិសាស្ត្រដ៏មុតមាំមួយដែលមិនត្រឹមតែស្ថិតនៅជាប់នឹងដងទន្លេមេគង្គប៉ុណ្ណោះទេ តែក៏ស្ថិតនៅកៀកជាមួយនឹងទីតាំងដ៏ពិសិដ្ឋពីរផ្សេងទៀត គឺទីក្រុងកោះពេជ្រ និងណាហ្គាវើលដ៍ផងដែរ។
បើនិយាយអំពីទីក្រុងកោះពេជ្រ ដែលគេចាត់ទុកថាជាទីតាំងដ៏ពិសិដ្ឋនោះ តំបន់កោះពេជ្រនេះពីដើមឡើយគ្រាន់តែជាលំនៅឋាន និងកន្លែងដាំបន្លែរបស់គ្រួសារក្រីក្រប៉ុន្មានរយនាក់ប៉ុណ្ណោះ។ កោះទំហំ ១០០ហិកតារដែលនៅប្រសព្វនឹងទន្លេបួនមុខនេះ ត្រូវបានអភិវឌ្ឍនៅឆ្នាំ២០០៦ ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (Overseas Cambodian Investment Corporation) របស់ធនាគារកាណាឌីយ៉ា បន្ទាប់ពីក្រុមហ៊ុនដ៏មានឥទ្ធិពលមួយនេះបានបង្ខំឱ្យពលរដ្ឋប្រមាណ ៣០០គ្រួសារនៅទីនោះលក់ដីទៅឱ្យក្រុមហ៊ុនក្នុងតម្លៃដ៏ទាបមួយ។
ក្រុមហ៊ុនកម្ពុជាដ៏ធំមួយនេះបានលក់ដីមួយចំនួនបន្ត ឬវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនឯកជនមួយចំនួនទៀត ដើម្បីសាងសង់សំណង់ទំនើបៗដែលមានតម្លៃសរុបជាច្រើនពាន់លានដុល្លារ។
គម្រោងធំៗទាំងនោះមានដូចជា៖
- គម្រោង Riviera ដែលមានតម្លៃ ៧០០លានដុល្លារ មានខុនដូ ៣៣ជាន់ចំនួន ៣អគារ ខុនដូ ២៩ជាន់ចំនួន ២អគារ អាងហែលទឹក ផ្សារទំនើប មន្ទីរពេទ្យ និងសាលារៀនលំដាប់អន្តរជាតិ ដែលបានបញ្ចប់នៅឆ្នាំ២០១៧
- គម្រោងខុនដូ Casa Meridian
- គម្រោងផ្សារទំនើប La Siene
- គម្រោងបុរីវរជន ជាដើម
- និងគម្រោងសំណង់អគារពេជ្រដែលមានកម្ពស់រហូតដល់ ៥៥៥ម៉ែត្រ ជាដើម។
កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ គឺជាខួបគម្រប់ ១២ឆ្នាំគត់នៃព្រឹត្តិការណ៍រត់ជាន់គ្នាស្លាប់នៅលើស្ពានកោះពេជ្រនៅយប់ចុងក្រោយនៃពិធីបុណ្យអុំទូក កាលពីឆ្នាំ២០១០។ ព្រឹត្តិការណ៍រត់ជាន់គ្នាស្លាប់នៅលើស្ពានកោះពេជ្រកាលពី ១២ឆ្នាំមុន ដែលបានបណ្តាលឱ្យមនុស្ស ៣៥៣នាក់ស្លាប់បាត់បង់ជីវិត និង ៤១០នាក់បានរងរបួស។
ងាកមកកោះនរាវិញ ក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនវិនិយោគពហុជំនាញដ៏ធំបំផុតរបស់ប្រទេសកម្ពុជានេះ កំពុងជំរុញការកសាងគម្រោងទីក្រុងរណបតម្លៃ ២,៥ពាន់លានដុល្លាររបស់ខ្លួនឈ្មោះថា ទីក្រុងកោះនរា។ គម្រោងនេះនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងជាតំបន់លំនៅឋានលំដាប់ប្រណីតក្នុងរាជធានីភ្នំពេញ។

គម្រោងអភិវឌ្ឍន៍នេះនឹងរួមបញ្ចូលតំបន់ពាណិជ្ជកម្ម និងការកម្សាន្ត ប្រណីតភាព លំនៅឋាន សាលារៀន ធនាគារ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ និងសេវាកម្មជាច្រើនទៀត។
ក្រុមហ៊ុន OCIC បានទទួលគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍកោះនរានេះដែលមានទីតាំងស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះបើយោងតាមរយៈលិខិតលេខ១០៨៥ សជណ.កស ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី។ ក្នុងលិខិតដដែលនោះបញ្ជាក់ថា ក្រុមហ៊ុន OCIC នឹងស្ថាបនាស្ពានបេតុងខ្សែកាបចំនួន ១ខ្សែ ដើម្បីតភ្ជាប់ទីក្រុងកោះពេជ្រទៅគម្រោងអភិវឌ្ឍន៍កោះនរា។
យោងតាមលិខិតមួយច្បាប់របស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញផ្ញើជូនលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្ភារៈ និងគ្រឿងចក្រសម្រាប់ស្ថាបនាស្ពានដែលក្រុមហ៊ុន OCIC ស្នើសុំនាំចូលនេះមានតម្លៃសរុប ៤០លាន ៨សែន ៨ម៉ឺន ៨ពាន់ ៥៨០ដុល្លារអាមេរិក (៤០ ៨៨៨ ៥៨០ដុល្លារ) ដោយពន្ធជាបន្ទុករបស់រដ្ឋ។
អគ្គនាយករងនៃក្រុមហ៊ុន OCIC លោក ទូច សំណាង បានប្រាប់សារព័ត៌មានក្នុងស្រុកកន្លងមកថា ស្ពានកោះនរាដែលភ្ជាប់ទៅកាន់ផ្លូវជាតិលេខ១ ដាក់ឱ្យប្រើប្រាស់នៅដើមខែតុលា ឆ្នាំ២០២២ នេះ ដើម្បីសម្រួលដល់ការធ្វើចរាចរដ៏មមាញឹកនៅតាមបណ្តោយផ្លូវនេះឆ្ពោះទៅទីក្រុងភ្នំពេញ។

ដោយឡែកស្ពានមួយទៀតតភ្ជាប់ពីកោះនរាឆ្ពោះទៅកាន់កោះពេជ្រ គ្រោងនឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២៣ ខាងមុខ។ លោករំពឹងថា ស្ពាននេះនឹងជួយសម្រួលដល់ការធ្វើចរាចររបស់ពលរដ្ឋតាមបណ្តោយផ្លូវជាតិលេខ១ ឆ្ពោះទៅកាន់ក្រុងភ្នំពេញ។
ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប ១ខ្សែឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ពីកោះពេជ្រទៅគម្រោងអភិវឌ្ឍន៍កោះនរា នៅថ្ងៃទី២៦ ខែតុលា កន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ការបង្កើតឱ្យមានស្ពាននេះជាសមិទ្ធផលរបស់ជាតិ ដែលបានរួមចំណែកដល់ផលិតផលក្នុងស្រុកសរុបប្រមាណជា ២២៥លានដុល្លារក្នុងមួយឆ្នាំ ដែលស្មើនឹង ០,៩% នៃផលិតផលក្នុងស្រុកសរុបនាពេលបច្ចុប្បន្ន។
លោក ហ៊ុន សែន បន្តថា ការអភិវឌ្ឍតំបន់នេះ គឺបានធ្វើឱ្យសំណង់មានការកើនឡើង ហើយបានបង្កើននូវចំណូលពន្ធ និងពន្ធអចលនទ្រព្យជារៀងរាល់ឆ្នាំតាមរយៈការលក់ និងដោះដូរផ្ទះ ដែលត្រូវការបង់ពន្ធប្រថាប់ត្រា និងពន្ធអចលនទ្រព្យ។
ក្រឡេកមកមើលអ្នកឧកញ៉ា ពុង ឃាវសែ វិញ ថាតើបានវិនិយោគលើវិស័យអ្វីខ្លះ?
អ្នកឧកញ៉ា ពុង ឃាវសែ រកស៊ីចំណេញប្រាក់ជាច្រើនក្នុងប្រទេសកាណាដា មុនពេលបង្កើតធនាគារកាណាឌីយ៉ា ដែលជាធនាគារដំបូងបំផុតមួយក្នុងចំណោមធនាគារធំៗជាច្រើនទៀតនៅកម្ពុជា។
អ្នកឧកញ៉ា ពុង ឃាវសែ ក៏មានចំណាប់អារម្មណ៍លើការរកស៊ីខាងពាណិជ្ជកម្មផងដែរ ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន។
បច្ចុប្បន្ន អ្នកឧកញ៉ា ពុង ឃាវសែ មានតួនាទីសំខាន់ៗជាច្រើន ដូចជា៖
- ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកធនាគារកាណាឌីយ៉ា
- អគ្គនាយកក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)
- ប្រធានសមាគមអ្នកសាងសង់កម្ពុជា
- ប្រធានសមាគមធនាគារកម្ពុជា
- ប្រធានសមាគមខ្មែរ-ចិន។
អ្នកឧកញ៉ារូបនេះក៏មានធនាគារប្រៃសណីយ៍កម្ពុជា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណភូមិ និងក្រុមហ៊ុនធានារ៉ាប់រងទូទៅ Cambodia-Vietnam Insurance Plc។ លោកក៏បានវិនិយោគទៅលើសួនឧស្សាហកម្មកាណាឌីយ៉ា ដែលមានរោងចក្រកាត់ដេរសម្លៀកបំពាក់ប្រមាណជិត ៥០រោងចក្រ បូករួមជាមួយនឹងផ្សារ ឃ្លាំងស្តុកទំនិញជាច្រើនទៀត។
មិនទាន់អស់ត្រឹមនេះទេ អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៅទៀតនោះ គឺអ្នកឧកញ៉ា ពុង ឃាវសែ បានបោះទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិកទៅលើគម្រោងបុរីលំនៅឋាន និងអគារពាណិជ្ជកម្មធំៗជាច្រើននៅក្នុងរាជធានីភ្នំពេញ ដូចជា៖
- បុរីទន្លេបាសាក់
- បុរីចម្ការមន
- បុរីវរជន
- អូឡាំព្យាស៊ីធី នៅជុំវិញស្តាតអូឡាំពិក
- សាន់វ៉េ ស៊ីធី ទួលគោក
- លំនៅឋានជាច្រើននៅជុំវិញផ្សារទំនើបរតនាផ្លាហ្សា និងទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ
- អគារផ្សារទំនើបសូរិយា
- អគារផ្សារទំនើបសុវណ្ណា
- អគារខុនដូ និងបុរីលំនៅឋាននៅតាមបណ្តាខេត្តមួយចំនួន ដូចជាសៀមរាប បាត់ដំបង និងខេត្តព្រះសីហនុ និងបណ្តាខេត្តជាច្រើនផ្សេងទៀត។
អ្នកឧកញ៉ារូបនេះបានសហការចាប់ដៃគូវិនិយោគជាមួយប្រទេសមួយចំនួន ដូចជា ថៃ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី និងជាពិសេសចិន គឺជាប្រទេសដែលលោកបានវិនិយោគច្រើនជាងគេ និងជិតដិតជាងគេ ដោយសារតែលោកឧកញ៉ាអាចនិយាយភាសាចិនដូចគ្នា ចិនមានទុនច្រើន និងមានការគាំទ្រពីរដ្ឋាភិបាល។

លោកឧកញ៉ា ពុង ឃាវសែ បានបោះទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិកទៅលើគម្រោងអភិវឌ្ឍន៍ទីក្រុងរណបចំនួនបីនៅក្នុងទីក្រុងភ្នំពេញ៖
- ទី១ ទីក្រុងរណបកោះពេជ្រ
- ទី២ គឺទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគត ក្រោមទុនវិនិយោគចំនួន ១៦០០លានដុល្លារអាមេរិក
- និងទីបី ទីក្រុងកោះនរា ដែលទុនវិនិយោគជាង ៥ពាន់លានដុល្លារ។
ករណីការអភិវឌ្ឍននេះ បានធ្វើឱ្យតម្លៃដីនៅក្នុងតំបន់នោះមានការហក់ឡើង ដែលក្នុងនោះក្រុមហ៊ុនអចលនទ្រព្យ CBRE បានរាយការណ៍ពីការកើនឡើងយ៉ាងឆាប់រហ័សសម្រាប់តម្លៃដីក្នុងមួយម៉ែត្រការ៉េនៅតាមបណ្ដោយផ្លូវជាតិលេខ១។
ក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា តម្លៃដីនៅក្នុងតំបន់ច្បារអំពៅតាមបណ្ដោយផ្លូវជាតិ បានហក់ឡើងខ្ពស់ជាមធ្យមប្រមាណជាង ២ពាន់ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈអំឡុងឆ្នាំ២០១៨ មានតម្លៃប្រមាណ ១២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ការកើនឡើងនៃតម្លៃនេះ គឺចាប់ផ្ដើមនៅក្នុងឆ្នាំដែលក្រុមហ៊ុន OCIC ត្រូវបានរដ្ឋាភិបាលផ្ដល់សម្បទានជាលើកដំបូង ដើម្បីធ្វើសកម្មភាពចាក់ដីបំពេញទន្លេ។
នៅលើគេហទំព័រ B.I.C. Development ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ រូបភាពផែនការមេក៏បានបង្ហាញពីដំណាក់កាលនៃការសាងសង់ដែលដាក់ស្លាកថា «Yim Family Land» បានបង្ហាញថា ទីតាំងនេះកាន់កាប់ដោយលោក យឹម លក្ខណ៍ ដែលត្រូវបានស្គាល់ថាជាកូនប្រុសពៅរបស់លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី។ ក្រុមហ៊ុននេះសន្យាថានឹងអភិវឌ្ឍលើផ្ទៃដីទំហំ ៦១ហិកតារសម្រាប់ទីក្រុងរណបខ្នាតតូច ដែលមានលំនៅឋាន ទីតាំងពាណិជ្ជកម្ម និងសួនច្បារ ដែលគេស្គាល់ថាជា One Phnom Penh។
លោក យឹម លក្ខណ៍ គឺជាអ្នកជំនួញដ៏ធំមួយរបស់កម្ពុជា តាមរយៈជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន BIC គ្រុប ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន ដូចជា៖
- ធនាគារ B.I.C Bank
- B.I.C Markets
- B.I.C Insurance
- គម្រោងបឹងស្នោរ «Yim Family Land»
- ក្រុមហ៊ុន Paradise Investment Co., Ltd.,
- ក្រុមហ៊ុន Kampot Foods និង SEA Fintech។
ជាមួយគ្នានេះ ភរិយារបស់លោក គឺលោកស្រី យឹម វិតសានី ជាអ្នកជំនួញជនជាតិថៃ ដែលមានក្រុមហ៊ុនក្នុងដៃច្រើនផងដែរនៅក្នុងប្រទេសថៃ។
គម្រោងអភិវឌ្ឍន៍កោះនរាបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់សាធារណៈ និងសេដ្ឋកិច្ចជាតិ ដោយមានស្ពានឆ្លងកាត់ងាយស្រួលនោះ ពលរដ្ឋទូទៅកំពុងតែមានមន្ទិលសង្ស័យថា តើទៅថ្ងៃអនាគត ពលរដ្ឋអាចនឹងធ្វើដំណើរកាត់តំបន់អភិវឌ្ឍន៍កោះនេះបានដែរឬយ៉ាងណានៅពេលដែលស្ពានសាងសង់រួច និងអគារទីក្រុងនេះប្រកាសលក់។
ពលរដ្ឋម្នាក់ដែលរស់នៅក្នុងខណ្ឌច្បារអំពៅ ហើយផ្ទះរបស់លោកត្រូវបានគេចរចាទិញជាច្រើនលើក បានថ្លែងដោយពុំបញ្ចេញឈ្មោះថា សព្វថ្ងៃនេះពលរដ្ឋមានភាពងាយស្រួលច្រើនបន្ទាប់ពីសាលាក្រុងបានដាក់សាឡាងឱ្យពលរដ្ឋឆ្លងកាត់តាមគម្រោងអភិវឌ្ឍន៍កោះនរា ហើយការអភិវឌ្ឍកោះនេះក៏បានធ្វើឲ្យតម្លៃដីឡើងថ្លៃខ្ពស់ផងដែរ។
លោកថា ពលរដ្ឋមួយចំនួនធំបានលក់ដីឲ្យឈ្មួញដោយសារគេខ្លាចមានបញ្ហាដូចការអភិវឌ្ឍកោះពេជ្រលើកដំបូង។
លោកបន្តថា ការធ្វើដំណើរតាមសាឡាងបានកាត់បន្ថយការកកស្ទះបានមួយកម្រិត ប៉ុន្តែលោកកំពុងតែសង្ស័យថា តើទៅថ្ងៃអនាគត ពលរដ្ឋអាចនឹងប្រើប្រាស់ផ្លូវនោះបានឬអត់ ពីព្រោះនេះជាទីក្រុងរណបរបស់គ្រួសារអ្នកមានអំណាច ឧកញ៉ា និងមហាសេដ្ឋី។
បុរសដដែលបានលើកឡើងថា លោកមានបទពិសោធន៍មួយ គឺបុរីវិមានចម្ការមន ដែលអាចកាត់បន្ថយកកស្ទះបាននៅខាងមុខក្រសួងមហាផ្ទៃ ប៉ុន្តែបុរីនោះមិនបានអនុញ្ញាតឱ្យសាធារណជនទូទៅប្រើប្រាស់នោះទេ ក្រៅតែពីអ្នកដែលមានផ្ទះនៅក្នុងបុរីនោះ។
លោកបានថ្លែងឲ្យដឹងបន្តទៀតថា ដោយសារតែបទពិសោធន៍នេះ លោកគ្មានជំនឿចិត្តថានឹងបានប្រើប្រាស់ស្ពាននេះទេ។ ការកសាងស្ពាននេះ គឺសម្រាប់តែគម្រោងអភិវឌ្ឍន៍កោះនរាប៉ុណ្ណោះ ដូច្នេះទៅថ្ងៃអនាគត លុះត្រាតែអ្នករស់នៅក្នុងតំបន់នោះ ទើបអាចប្រើប្រាស់បាន។ លោកថាគេប្រើដៃរដ្ឋដើម្បីធ្វើស្ពានចម្លងពួកគេពីកោះពេជ្រមកកោះនរាតែប៉ុណ្ណោះ ដូច្នេះមានន័យថាពួកគេបានប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ។

ពលរដ្ឋម្នាក់ទៀតដែលស្នើសុំមិនបញ្ចេញឈ្មោះ បានអះអាងថា ការសាងសង់ស្ពាននេះគឺជាល្បិចរបស់គ្រួសារត្រកូល «ហ៊ុន» ដើម្បីយកលេសអភិវឌ្ឍធ្វើស្ពានឲ្យពលរដ្ឋឆ្លងកាត់ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ តែធាតុពិត គឺគេបូមខ្សាច់ពង្រីកកោះដើម្បីលក់ដីឱ្យបរទេសតែប៉ុណ្ណោះ។
លោកបានថ្លែងឲ្យដឹងបន្តទៀតថា មានតែស្រុកខ្មែរទេដែលមានទន្លេបឹងបួស្អាត បែរជាមិននាំគ្នាថែរក្សា មានតែចាក់ដីលុបទៅវិញ។ លោកថានៅសម័យអង្គរ ដូនតាជីកប្រឡាយដើម្បីមានទឹកការពារនគរ តែសម័យនេះបូមខ្សាច់ពង្រួមទន្លេ ដើម្បីបានលុយសម្រាប់គ្រួសាររបស់ពួកគេដោយពុំបានគិតអំពីការប៉ះពាល់មច្ឆជាតិ និងផលប៉ះពាល់បរិស្ថាននោះទេ។ លោកថា បន្តិចទៀតទន្លេនេះនឹងរួមកាន់តែតូចទៅៗ។
យោងតាមការបង្ហោះកាលពីខែធ្នូ ឆ្នាំ២០២០ នៅលើគេហទំព័ររបស់សមាគមអ្នកសាងសង់កម្ពុជា (CCA) បានឱ្យដឹងថា គម្រោងនេះនឹងត្រូវការចាក់បំពេញដីប្រមាណជា ៦០លានម៉ែត្រគូបបន្ថែមទៀត ដើម្បីបញ្ចប់កិច្ចការងារនេះទាំងស្រុងលើផ្ទៃដី ១២៥ហិកតារ។
តាមការវាស់វែងលើផែនទីផ្កាយរណប ផ្ទៃដីកោះនរាមានទទឹងប្រមាណជា ៤២០ម៉ែត្រ។ ការចាក់បំពេញដីក្នុងទន្លេក៏បានបង្រួមច្រកសំខាន់នៃទន្លេមេគង្គប្រមាណជាមួយភាគបី (១/៣) ក្នុងចំណុចនោះផងដែរ ហើយនឹងកាន់តែរួមតូចបន្ថែមទៀតនាពេលអនាគត ដោយសារតែការចាក់បំពេញច្រាំងទន្លេក្នុងតំបន់ដែលលោកឧកញ៉ា ឃុន សៀ កំពុងត្រៀមទុកសម្រាប់ការអភិវឌ្ឍគម្រោងទីក្រុងរណបដាច់ដោយឡែកមួយទៀតពីកោះនរាទៅអរិយក្សត្រ លើផ្ទៃដីទំហំ ៧០ហិកតារ ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន ឃុន សៀ អាហរ័ណនីហរ័ណ។

អ្នកជំនាញផ្នែកជលសាស្ត្រមួយរូបរបស់ក្រុមហ៊ុនប្រឹក្សា Green Enivro-Sult Cambodia (GESC) លោក មាស សុធា ធ្លាប់បានលើកឡើងប្រាប់សារព័ត៌មានក្នុងស្រុកថា ការចាក់បំពេញកោះនរាតែមួយអាចនឹងបង្កើនល្បឿនលំហូរទឹកទន្លេរហូតដល់ទៅ ២០ភាគរយ ដែលធ្វើឱ្យហានិភ័យនៃទឹកជំនន់ និងការបាក់ច្រាំងទន្លេកាន់តែកើនឡើង។
កាលពីឆ្នាំ២០១៩ ក្រុមហ៊ុនខាងលើបានសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម ដើម្បីធ្វើការសិក្សាពីគំរូលំហូរទន្លេមេគង្គ ដើម្បីពិនិត្យមើលថាតើការចាក់បំពេញកោះនរានេះអាចធ្វើឱ្យមានការផ្លាស់ប្ដូររបស់ទន្លេយ៉ាងដូចម្ដេចខ្លះ។ ការសិក្សានោះបានប្រើប្រាស់ទិន្នន័យប្រវត្តិសាស្ត្រជាច្រើន ដើម្បីបង្កើតគំរូលំហូរដែលអាចប៉ាន់ប្រមាណកម្រិតទឹកនាពេលអនាគត និងហានិភ័យទឹកជំនន់ដែលបង្កឡើងដោយសារការសាងសង់ថ្មី។
លោក មាស សុធា បានបន្ថែមថា អាទិភាពចម្បងនៃការស្រាវជ្រាវនេះ គឺដើម្បីផ្ដល់អនុសាសន៍នានាក្នុងការសាងសង់កោះថ្មីដែលមានផលប៉ះពាល់លើទន្លេមេគង្គ និងទន្លេបាសាក់។
ក្រុមហ៊ុន GESC និងភាគីពាក់ព័ន្ធនានារបស់ក្រសួង បានផ្ដល់ជាយោបល់ជាច្រើនអំពីរបៀបដែលអាចធ្វើទៅបាន រួមទាំងការរក្សាទុកប្រឡាយដែលបែងចែកកោះនរាពីតំបន់ច្បារអំពៅ ណែនាំឱ្យក្រុមហ៊ុន OCIC ប្រើប្រាស់ការបូមខ្សាច់នៅបាតទន្លេ ដើម្បីកាត់បន្ថយល្បឿននៃលំហូរ និងស្នើឱ្យអ្នកអភិវឌ្ឍន៍ថែទាំច្រាំងទន្លេទាំងសងខាងក្នុងប្រវែង ៥គីឡូម៉ែត្រ ដើម្បីការពារតំបន់ដែលមានហានិភ័យបំផុតផងដែរ។
កន្លងមក គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ធ្លាប់បានដាក់លិខិតស្នើសុំឲ្យរដ្ឋសភាឯកបក្ស កោះហៅរដ្ឋាភិបាលមកសួរនាំអំពីការផ្តល់សិទ្ធិឲ្យក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី លុបទន្លេមេគង្គក្រោម ទំហំជាង ១០០ហិកតារ សម្រាប់បង្កើតជាទីក្រុងរណបថ្មីមួយទៀតស្ថិតនៅក្បែរទីក្រុងកោះពេជ្រ។
ការដាក់លិខិតនេះ ដោយសង្កេតឃើញថាការលុបទន្លេមេគង្គក្រោម ដោយក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី ដើម្បីយកដីអភិវឌ្ឍនេះ គឺជាការបម្រើផលប្រយោជន៍ឯកជនសុទ្ធសាធ ដែលផ្ទុយនឹងច្បាប់។ គណបក្សមួយនេះព្រួយបារម្ភថា ការលុបផ្ទៃទឹកទន្លេមេគង្គធំធេងនេះ នឹងអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ជាពិសេសការរារាំងផ្លូវមច្ឆជាតិ បង្កទឹកជំនន់ និងការបាក់ច្រាំងទន្លេនាពេលអនាគត៕