33.2 C
Phnom Penh

លោក ហ៊ុន សែន កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​ជាង​៥​ហិកតារ​ឱ្យ​លោក ចម ប្រសិទ្ធ ធ្វើជា​កម្មសិទ្ធិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន សម្រេច​កាត់​ឆ្វៀល​ដី​ចេញពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ និង​ដី​សម្បទាន​សង្គមកិច្ច​ស្ថិត​ក្នុង​ខេត្ត​ព្រះសីហនុ សរុប​ជាង ៥​ហិកតារ​ឱ្យ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា លោក ចម ប្រសិទ្ធ ធ្វើជា​កម្មសិទ្ធិ។

លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២២ ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២ ខែ​មករា នេះ បាន​សម្រេច​កាត់​ដី​ទំហំ​ជាង ៥​ហិកតារ ស្ថិត​នៅ​ភូមិ​១ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ឱ្យ​ទៅ​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​របស់​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម លោក ចម ប្រសិទ្ធ និង​ភរិយា អ្នកស្រី ទេព បុប្ផា ប្រសិទ្ធ ធ្វើជា​កម្មសិទ្ធិ ក្នុង​នោះ​ដី​ទំហំ​ជាង ៤​ហិកតារ​កាត់​ចេញពី​ទីតាំង​ដី​សម្បទាន​សង្គមកិច្ច និង​ដី​ទំហំ​ជាង ៨០​អា បាន​កាត់​ចេញពី​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដោយ​ធ្វើ​អនុបយោគ​ជា​ដី​ឯកជន​របស់​រដ្ឋ។

មេដឹកនាំ​ប្រទេស​កម្ពុជា​ដែល​កំពុង​ដឹកនាំ​ប្រទេស​តាម​បែប​គ្រួសារ​និយម លោក ហ៊ុន សែន បញ្ជាក់​ថា ការ​សម្រេច​កាត់​ឆ្វៀល​ដី​ចេញពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ និង​ដី​សម្បទាន​សង្គមកិច្ច​សរុប​ជាង ៥​ហិកតារ​នេះ ធ្វើឡើង​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ហើយ​អភិបាល​ខេត្ត​ព្រះសីហនុ និង​ក្រសួង​ពាក់ព័ន្ធ ដូចជា​ក្រសួង​កសិកម្ម ក្រសួង​មហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាដើម ត្រូវ​អនុវត្ត​អនុក្រឹត្យ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។

ការ​កាត់​ឆ្វៀល​ដី​រដ្ឋ និង​ដី​សម្បទាន​សង្គមកិច្ច​ឱ្យ​ទៅ​ជា​កម្មសិទ្ធិ​ឯកជន​ក្រោម​ការ​ដឹកនាំ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បែប​នេះ ត្រូវ​គេ​រិះគន់​យ៉ាង​ធ្ងន់ធ្ងរ ខណៈ​បុរស​ខ្លាំង​កម្ពុជា​រូប​នេះ​កំពុងតែ​អនុវត្ត​យ៉ាង​អនាធិបតេយ្យ​ទូទាំង​ប្រទេស​សព្វថ្ងៃ​នេះ។

ជុំវិញ​ការ​កាត់​ឆ្វៀល​ដី​ចេញពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដែល​ស្ថិត​ក្នុង​ខេត្ត​ព្រះសីហនុ នេះ ឧកញ៉ា​ជាច្រើន​ដែល​ជិតស្និទ្ធ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រួម​ទាំង​សាច់ញាតិ និង​កូនបង្កើត​របស់​គាត់​ផង បាន​ទទួល​ដី​ជាច្រើន​រយ​ហិកតារ​ធ្វើជា​កម្មសិទ្ធិ ដូចជា​ឧកញ៉ា ពុង ឃាវសែ ទទួល​បាន​ដី​ជាង ១០​ហិកតារ​កាលពី​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២១ ឧកញ៉ា សេង ញ៉ក និង​ជំទាវ លី អាផណ ដែល​ត្រូវ​ជា​សាច់ញាតិ​របស់​ឧកញ៉ា លី យ៉ុងផាត់ ទទួល​បាន​ដី​ជាង ៦០០​ហិកតារ​កាលពី​ថ្ងៃទី​៩ ខែ​មិថុនា ឆ្នាំ​២០២០ ធ្វើជា​កម្មសិទ្ធិ។

លើស​ពី​នេះ​ទៀត អ្នកស្រី ហ៊ុន ម៉ាណា និង​អ្នកស្រី ហ៊ុន ម៉ាលី ដែល​ត្រូវ​ជា​កូនស្រី​បង្កើត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​ដី​ពី​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ នេះ​ទំហំ​ជាង ៤០​ហិកតារ​កាលពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០២០ ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ឆ្នាំ​២០១៧ លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​មន្ត្រី​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ត្រូវ​នាំគ្នា​ថែរក្សា​ការពារ​តំបន់​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ក្នុង​ខេត្ត​នេះ​ឲ្យ​បាន​គង់វង្ស ជៀសវាង​ការ​កាប់​បំផ្លាញ​ពី​ជន​ខិលខូច និង​ការ​រំលោភ​ទន្ទ្រាន​ពី​ក្រុមហ៊ុន​ឯកជន​នានា ដើម្បី​ទុក​បម្រើ​វិស័យ​ទេសចរណ៍​ដែល​ចូល​មក​ក្នុង​ខេត្ត​នេះ។

ប៉ុន្តែ​អ្នក​ដែល​បំផ្លាញ​តំបន់​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ នេះ ត្រូវ​គេ​មើល​ឃើញ​ថា​គឺជា​លោក ហ៊ុន សែន ខ្លួនឯង​ទៅវិញ។

កាលពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ លោក ហ៊ុន សែន ចុះហត្ថលេខា​លើ​អនុក្រឹត្យ​មួយ​ដោយ​កំណត់​ដី​សាធារណៈ​របស់​រដ្ឋ​ជិត ១​លាន​ហិកតារ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ខេត្ត​ចំនួន​១៥ រួម​មាន​ខេត្ត​ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង កំពង់ធំ និង​ខេត្ត​តាកែវ ជាដើម ដើម្បី​ត្រៀម​ធ្វើ​អនុបយោគ និង​បែងចែក​សម្រាប់​កម្មសិទ្ធិ​ឯកជន​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​នានា​ដើម្បី​ធ្វើការ​អភិវឌ្ឍ។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​កន្លង​ទៅ​ថា អាជ្ញាធរ​ត្រូវ​ពន្យល់ និង​ផ្សព្វផ្សាយ​ឱ្យ​បាន​ច្បាស់លាស់​ពី​ការ​កាត់​ដី​គម្រប​ព្រៃឈើ និង​ការ​ធ្វើ​អនុបយោគ​តំបន់​ផ្សេងៗ​ទៀត​កន្លងមក ដើម្បី​ឱ្យ​មាន​តម្លាភាព​ក្នុង​កិច្ចការ​របស់​ខ្លួន។

ទាក់ទិន​នឹង​បញ្ហា​នេះ លោក អូត ឡាទីន មន្ត្រី​សម្របសម្រួល​សហគមន៍​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​កែសម្រួល​ព្រំប្រទល់​តំបន់​ការពារ​ធម្មជាតិ​នេះ នឹង​ធ្វើ​ឲ្យ​ដី​ព្រៃ​តំបន់​ការពារ​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​រួញ​តូច​ទៅៗ ហើយ​យន្តការ​នេះ​មិន​ឆ្លុះបញ្ចាំង​ពី​ការ​បង្ហាញ​អំពី​ដំណោះស្រាយ​នៃ​វិបត្តិ​ព្រៃឈើ​នោះ​ឡើយ ខណៈ​អ្នក​ដែល​ទទួល​បាន​ផល​ប្រយោជន៍​ធំ​អាច​ជា​ក្រុម​អ្នក​មាន​អំណាច និង​ក្រុម​អ្នក​មាន​ធនធាន​ច្រើន​ប៉ុណ្ណោះ។

ចំណែក​មន្ត្រី​អង្គការ​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​ចំនួន ២​ស្ថាប័ន រួម​មាន​អង្គការ LICADHO និង​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ឬ​ហៅ​កាត់ ស៊ីអិនរ៉ូ ប្រចាំ​ខេត្ត​ព្រះសីហនុ ធ្លាប់​បាន​បង្ហាញ​កង្វល់​កាលពី​ពេល​កន្លង​ទៅ​ថា សព្វថ្ងៃ​នេះ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដែល​រដ្ឋាភិបាល​បាន​រក្សា​ទុក​កំពុង​រង​ការ​បំផ្លាញ និង​ពុះ​ច្រៀក​ធ្វើ​កម្មសិទ្ធិ​ឯកជន​ឱ្យ​ទៅ​អ្នក​មាន​ទ្រព្យធន និង​អ្នក​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ព្រោងព្រាត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស