42.2 C
Phnom Penh

បុរស​ខ្លាំង​ថា​នយោបាយ​ឈ្នះ​ឈ្នះ​បក្ស​កាន់​អំណាច​គឺ​បញ្ចប់​សង្គ្រាម​បាន​ទាំងស្រុង​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​ខ្មែរ​ក្រាញ​អំណាច​ជាង ៤​ទសវត្ស លោក ហ៊ុន សែន លើកឡើង​ថា រយៈពេល ២៤​ឆ្នាំ​បន្ទាប់ពី​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា សង្គ្រាម​បាន​បញ្ចប់​ទាំងស្រុង​នៅ​ប្រទេស​កម្ពុជា។

មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​សល់​ពី​របប​វាល​ពិឃាត លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣ មករា នេះ​ដោយ​ភ្ជាប់​នឹង​វីដេអូ​សុន្ទរកថា​ប្រវែង​ជិត​ពីរ​នាទី ដែល​ស្រង់​ចេញពី​ខ្លឹមសារ​ដើម​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២២ នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២២ ថា សមិទ្ធផល​ថ្មីៗ​ជាច្រើន​ដែល​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​កើតឡើង​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ជាង ២​ទសវត្ស​មក​នេះ។

បុរស​ខ្លាំង​លោក ហ៊ុន សែន លើកឡើង​ថា សមិទ្ធផល​ថ្មីៗ​ជាច្រើន​ក្នុង​រយៈកាល​រាជរដ្ឋាភិបាល​លោក​ដឹកនាំ បាន​រីក​ដុះដាល​យ៉ាង​ខ្លាំង ដូចជា៖

  • ការ​ធានា​បាន​នូវ​ស្ថិរភាព​នយោបាយ និង​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម
  • ជោគជ័យ​នៃ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២២
  • ជោគជ័យ​នៃ​ការ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២
  • និង​ជោគជ័យ​នៃ​មហាសន្និបាត​ក្លឹប​មហាសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក​នា​ពេល​ថ្មីៗ​នេះ។

លោក ហ៊ុន សែន បញ្ជាក់​ថា ក្រៅពី​សមិទ្ធផល​ទាំងនេះ ប្រទេស​កម្ពុជា​ក៏​បាន​ទទួល​ជោគជ័យ​លើ​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​សម្រាប់​គម្រោង​ធំៗ​សំខាន់ៗ​ជាច្រើន​ផង​ដែរ ដូចជា​ការ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ជាច្រើន​នៅ​តាម​បណ្តា​ខេត្ត គម្រោង​សាងសង់​ស្ពាន​នានា និង​ជោគជ័យ​លើ​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ដូចជា​ការ​ស្ថាបនា​ផ្លូវជាតិ ផ្លូវ​ក្រុង ផ្លូវ​ជនបទ​នៅ​ទូទាំង​ប្រទេស​ថែម​ទៀត។

លោក ហ៊ុន សែន ទាញ​គុណសម្បត្តិ​ម្នាក់​ឯង​ដោយ​ឥត​រាប់​ពលរដ្ឋ​ខ្មែរ​ដទៃ​ឡើយ។

ការ​អះអាង​របស់​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បែប​នេះ​គឺ​ផ្ទុយ​ស្រឡះ​ពី​ការ​មើល​ឃើញ​ពី​មជ្ឈដ្ឋាន​នានា ដែល​តែងតែ​រិះគន់​ពី​ការ​ដឹកនាំ​ក្រោម​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក​បច្ចុប្បន្ន​នេះ។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣ មករា នេះ​ថា នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក ហ៊ុន សែន ដែល​បក្ស​កាន់​អំណាច​អះអាង​ថា​បាន​រំលាយ​អង្គការ​ចាត់តាំង​ខ្មែរក្រហម​ចេញពី​ទឹកដី​កម្ពុជា​នោះ គឺជា​ការ​លើកឡើង​ខុស​ស្រឡះ​ពី​ការពិត​ទាំងស្រុង ត្បិត​ប្រព័ន្ធ​នៃ​ការ​ដឹកនាំ​តាម​បែប​អង្គការ​ចាត់តាំង​ខ្មែរក្រហម​នោះ គឺ​កំពុងតែ​ប្រើ​យ៉ាង​សកម្ម​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​គាត់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​តែម្តង។

លោក​បន្ថែម​ថា នយោបាយ​ឈ្នះ​ឈ្នះ​របស់​បក្ស​កាន់​អំណាច មិនមែន​សម្រាប់​ប្រទេស​កម្ពុជា ឬ​សម្រាប់​ពលរដ្ឋ​ខ្មែរ​នោះ​ទេ តែ​ជា​របស់​បក្ស​កាន់​អំណាច​ផ្ដាច់មុខ​ប៉ុណ្ណោះ ខណៈ​ប្រជាពលរដ្ឋ​ខ្មែរ​គឺ​នៅតែ​ចាញ់ ព្រោះ​ថា​ឱ្យ​តែ​ប្រព័ន្ធ​ដឹកនាំ​តាម​បែប​អង្គការ​ចាត់តាំង​ខ្មែរក្រហម​នៅតែ​បន្ត​មាន​លើ​ទឹកដី​ប្រទេស​កម្ពុជា ពលរដ្ឋ​ខ្មែរ​នៅតែ​មិន​អាច​ស្គាល់​អ្វី​ទៅ​ដែល​ហៅថា​សន្តិភាព​ពិតប្រាកដ​នោះ​ឡើយ។

លោក មាជ សុវណ្ណារ៉ា អះអាង​ថា ដោយឡែក​ការ​អភិវឌ្ឍ​ក្រោម​ការ​ដឹកនាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ជាង ២០​ឆ្នាំ​មក​នេះ គឺ​មាន​តែ​ធ្វើ​ឱ្យ​ពលរដ្ឋ​ក្រីក្រ​រង​នូវ​ការ​ឈឺចាប់​ដោយ​ការ​បណ្ដេញ​ចេញពី​លំនៅឋាន ការ​រំលោភ​យក​ដីធ្លី​ដោយ​រំលោភ​លើ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ ខណៈ​បំណុល​កម្ពុជា​កាន់តែ​កើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ជាពិសេស​គឺ​បំណុល​ជា​លក្ខណៈ​ទ្វេភាគី​ជាមួយ​នឹង​ប្រទេស​ចិន​តែម្តង។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ក្នុង​នាម​ជា​បក្ស​ដឹកនាំ​ប្រទេស​មាន​មុខនាទី ត្រូវតែ​អភិវឌ្ឍ​ប្រទេស​ជាតិ​ជាដាច់ខាត ព្រោះ​ថា​នោះ​គឺជា​កាតព្វកិច្ច​របស់​គណបក្ស​ដែល​ជាប់​ឆ្នោត ប៉ុន្តែ​បើ​យក​ការ​អភិវឌ្ឍ​ដែល​ជា​កាតព្វកិច្ច​របស់​ខ្លួន​មក​ឃោសនា​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​ភាន់ច្រឡំ​ថា ការ​អភិវឌ្ឍ​ទាំងនេះ​គឺ​កើតឡើង​ដោយសារតែ​បក្ស​កាន់​អំណាច​នោះ គឺជា​ការ​ធ្វើ​ប្រជាភិថុតិ​លើ​ពលរដ្ឋ​ខ្លួនឯង​សុទ្ធសាធ។

ទាក់ទិន​នឹង​បញ្ហា​នេះ អង្គការ Freedom House បាន​ចេញ​សេចក្តី​រាយការណ៍​របស់​ខ្លួន​នៅ​ឆ្នាំ​២០២២ នេះ​ថា ប្រព័ន្ធ​នយោបាយ​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់គ្រង​អស់​រយៈពេល​ជាង​បី​ទសវត្ស​ហើយ ខណៈ​គណបក្ស​ប្រឆាំង បណ្ដាញ​សារព័ត៌មាន​ឯករាជ្យ និង​អ្នក​តវ៉ា​ទាមទារ​សិទ្ធិ​សេរីភាព រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ជា​ប្រចាំ ដោយ​ការ​បំភិតបំភ័យ ការ​កាត់ទោស​ក្រោម​ហេតុផល​នយោបាយ និង​អំពើ​ហិង្សា ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្នុង​បរិយាកាស​នៃ​ការ​គាប​សង្កត់ និង​ការ​ភ័យខ្លាច​គ្រប់ៗ​គ្នា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស