32.5 C
Phnom Penh

ក្រុម​ឃ្លាំមើល​ចាត់ទុក​ការ​ផ្សាយ​របស់​ក្រសួង​ព័ត៌មាន​រឿង​ចាប់​ខ្លួន​លោក ថាច់ សេដ្ឋា ថា​ជា​រឿង​បំផ្លើស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ចាត់ទុក​ការ​ផ្សព្វផ្សាយ​របស់​ក្រសួង​ព័ត៌មាន​ដែល​ថា​គណបក្ស​ភ្លើង​ទៀន​បាន​ឯកភាព​នូវ​វិធានការ​ច្បាប់​ជុំវិញ​ការ​ចាប់​ខ្លួន​លោក ថាច់ សេដ្ឋា ថា​ជា​រឿង​បំផ្លើស។

លោក​បន្ថែម​ថា ទង្វើ​បែប​នេះ​គឺជា​ការ​រំលោភ​លើ​កាតព្វកិច្ច​របស់​ខ្លួន​យ៉ាង​ធ្ងន់ធ្ងរ​ដែល​តម្រូវ​ដោយ​ច្បាប់ ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​នាម​ស្ថាប័ន​ជាតិ។

ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៨ មករា នេះ​ថា ការ​ផ្សព្វផ្សាយ​របស់​ក្រសួង​ព័ត៌មាន​នូវ​រឿង​មិន​ត្រឹមត្រូវ​បែប​នេះ មិន​ត្រឹមតែ​លើក​ទឹកចិត្ត​ឱ្យ​អង្គភាព​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ក្លែងក្លាយ​ទេ ថែម​ទាំង​ជា​គំរូ​អាក្រក់​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​សង្គម​ថែម​ទៀត។

លោក ប៉ា ងួនទៀង លើកឡើង​ថា ក្រសួង​ព័ត៌មាន​គឺជា​ស្ថាប័ន​រដ្ឋ​ដែល​មាន​តួនាទី និង​ភារកិច្ច​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ត្រឹមត្រូវ និង​ឯករាជ្យ ដើម្បី​លើក​កម្ពស់​ការ​ផ្សព្វផ្សាយ​សារព័ត៌មាន​ទៅ​កាន់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​មាន​ភាព​សុក្រឹត និង​ពិតប្រាកដ ដែល​កិច្ចការ​ទាំងអស់​នេះ គឺជា​តួនាទី​ស្នូល និង​ចាំបាច់​បំផុត​របស់​ខ្លួន​ដែល​ត្រូវ​ផ្តល់​ជូន​ប្រជាពលរដ្ឋ​គ្រប់​រូប និង​គ្រប់​មជ្ឈដ្ឋាន។

ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​រូប​នេះ​បញ្ជាក់​ថា មក​ដល់​ពេលនេះ លោក​មិន​ទាន់​ឃើញ​ជំហរ​របស់​គណបក្ស​ភ្លើង​ទៀន​ឯកភាព​ទៅ​នឹង​ការ​ចាប់​ខ្លួន​លោក ថាច់ សេដ្ឋា នៅឡើយ​ទេ គឺ​មាន​តែ​ការ​ទាមទារ​ឱ្យ​ដោះលែង​អនុប្រធាន​របស់​ខ្លួន​ឱ្យ​មាន​សេរីភាព​ពេញលេញ​ឡើងវិញ​ប៉ុណ្ណោះ ដូច្នេះ​ការ​ផ្សព្វផ្សាយ​របស់​ក្រសួង​ព័ត៌មាន​លើ​ករណី​នេះ គឺជា​រឿង​ភូតភរ​កុហក​សាធារណជន​ទាំងស្រុង។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​ព័ត៌មាន​បាន​ផ្សព្វផ្សាយ​ថា គណបក្ស​ភ្លើង​ទៀន​បាន​ឯកភាព​ទៅ​នឹង​នីតិវិធី​របស់​សមត្ថកិច្ច​ក្នុង​ការ​ចាប់​ខ្លួន​លោក ថាច់ សេដ្ឋា កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០២៣ ក្រសួង​ព័ត៌មាន​បាន​បង្ហោះ​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​ភ្លើង​ទៀន​ភ្ជាប់​ជាមួយ​រូបថត​លោក ថាច់ សេដ្ឋា ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន ដោយ​សរសេរ​ថា គណបក្ស​ភ្លើង​ទៀន​បាន​ប្រកាស​ថា ការ​ឃុំ​ខ្លួន និង​ចាប់​ខ្លួន​លោក ថាច់ សេដ្ឋា គឺជា​រឿង​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​នៅ​កម្ពុជា មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នោះ​ទេ។

យ៉ាងណាក៏ដោយ សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​ភ្លើង​ទៀន​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២៣ មាន​ខ្លឹមសារ​ផ្ទុយ​ស្រឡះ​ពី​ការ​អះអាង​របស់​ក្រសួង​ព័ត៌មាន​ទាំងស្រុង ដោយ​ចាត់ទុក​សកម្មភាព​នៃ​ការ​ចាប់​ខ្លួន​អនុប្រធាន​បក្ស​នេះ ថា​បាន​ជះ​ឥទ្ធិពល​ដ៏​អាក្រក់​ដល់​បរិយាកាស​នយោបាយ​មុន​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ។ លើស​ពី​នេះ គណបក្ស​ភ្លើង​ទៀន​ព្រមាន​ថា ខ្លួន​នឹង​ពិចារណា​ឡើងវិញ​អំពី​លទ្ធភាព​នៃ​ការ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជាតិ​ខាងមុខ ប្រសិនបើ​សកម្មភាព​គំរាមកំហែង​នៅតែ​បន្ត​កើតមាន​លើ​ខ្លួន​បន្ត​ទៀត​នោះ។

នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា លើកឡើង​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៨ មករា នេះ​ថា ដល់​ពេល​ដែល​ស្ថាប័ន​រដ្ឋ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ហើយ។ លោក មឿន តុលា សួរ​ថា តើ​ប្រជាពលរដ្ឋ​គួរ​នាំគ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​ដោយ​របៀប​ណា?

យ៉ាងណាក៏ដោយ ក្រសួង​ព័ត៌មាន​បាន​លុប​នូវ​ការ​ផ្សព្វផ្សាយ​របស់​ខ្លួន​ភ្លាមៗ​ក្រោយពី​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន​ប៉ុន្មាន​ម៉ោង​ក្រោយ​មក ស្រប​ពេល​ដែល​មាន​ការ​ប្រតិកម្ម​ពី​មជ្ឈដ្ឋាន​នានា​ជា​បន្តបន្ទាប់។

ទាក់ទិន​នឹង​ការ​ផ្សព្វផ្សាយ​របស់​ក្រសួង​ព័ត៌មាន​នេះ មាន​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ខ្លះ​លើកឡើង​ថា ទំនង​ជា​ក្រសួង​ព័ត៌មាន​បង្ហោះ​ដោយ​ការ​ភាន់ច្រឡំ​ប៉ុណ្ណោះ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​ដែល​ទទួល​បន្ទុក​សិទ្ធិមនុស្ស លោក មឿន តុលា តប​ថា បើ​ពលរដ្ឋ​ច្រឡំ​ប្រហែល​ជា​គេច​មិន​ផុត​ពី​ជាប់​ឃុំ​ទេ​មើល​ទៅ។

ទាក់ទិន​នឹង​បញ្ហា​នេះ អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន បាន​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​ស្ដីពី​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​សម្រាប់​ឆ្នាំ​២០២២ ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នៅតែ​មិន​អាច​ងើប​ចេញពី​ចំណាត់ថ្នាក់​មិន​ល្អ​ដដែល គឺ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១៤២ ក្នុង​ចំណោម​ប្រទេស​១៨០ ដែល​ជា​ចំណាត់ថ្នាក់​មួយ​ដូច​ឆ្នាំ​២០១៨ ដែរ ដែល​ជា​ឆ្នាំ​រដ្ឋាភិបាល​ប្រើ​វិធានការ​បោស​សម្អាត​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ស្ទើរតែ​ទាំងអស់​ពី​ប្រទេស​កម្ពុជា។

ក្នុង​នោះ ស្ថាប័ន​កាសែត​ខ្លះ​ត្រូវ​បិទ​ទ្វារ ខ្លះ​ទៀត​ត្រូវ​ប្តូរ​ម្ចាស់ ខណៈ​កាសែត​បរទេស​ត្រូវ​បិទ​ការិយាល័យ​របស់​ខ្លួន​ទាំងស្រុង។ ទន្ទឹម​គ្នា​នោះ ក៏​មាន​ស្ថានីយ​វិទ្យុ​ឯករាជ្យ​ក្នុង​ស្រុក​ជាង ៣០​ស្ថានីយ​ផង​ដែរ​ដែល​ត្រូវ​បាន​បង្ខំ​ឱ្យ​បិទ​ទ្វារ​ទាំង​ដែល​គ្មាន​កំហុស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស