38.8 C
Phnom Penh

អ្នក​ឃ្លាំមើល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដឹកនាំ​នយោបាយ​រក​ការ​ឯកភាព​ជាតិ​ដើម្បី​មាន​សន្តិភាព​ពិតប្រាកដ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​អគ្គទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី អំពាវនាវ​ឱ្យ​បុរស​ខ្លាំង​ក្រាញ​អំណាច​នៅ​កម្ពុជា គឺ​លោក ហ៊ុន សែន ដឹកនាំ​នយោបាយ​ទៅ​រក​ការ​ឯកភាព​ជាតិ ដើម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​សន្តិភាព និង​សេចក្តី​សុខ​សុភមង្គល​ពិតប្រាកដ។

អតីត​អគ្គទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៨ មករា ថា បើ​ទោះជា​លោក ហ៊ុន សែន អាច​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ត្រូវ​គ្រប់គ្រង​ដោយ​ពេញលេញ​ក្នុង​ដៃ​នៃ​រដ្ឋាភិបាល​របស់​គាត់​ក៏ដោយ ប៉ុន្តែ​បើ​សាមគ្គី​ជាតិ​នៅតែ​បែកបាក់ នោះ​ក៏​ជា​សញ្ញា​នៃ​ការ​បែកបាក់​ទឹកដី​ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត ព្រោះ​ការ​ដឹកនាំ​ដែល​គ្មាន​យុត្តិធម៌ គឺ​ត្រូវតែ​មាន​ការ​តវ៉ា​ទាមទារ ដែល​វា​គឺជា​ភាព​សត្យានុម័ត​ពី​ធម្មជាតិ។

បណ្ឌិត សូ ណារ៉ូ អះអាង​ថា ការ​ដឹកនាំ​នយោបាយ​ដោយ​ការ​រំលោភ​ច្បាប់​ដូច​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អនុវត្ត​សព្វថ្ងៃ​នេះ ដែល​បាន​ធ្វើការ​រឹបអូស​ផ្ទះ​មន្ត្រី​របស់​បក្ស​ក្រៅ​រដ្ឋាភិបាល​យក​ទៅ​លក់​ដោយ​បង្ខំ​ដើម្បី​សង​ជំងឺចិត្ត​ខ្លួនឯង ក្នុង​ទំហំ​ទឹកប្រាក់​ដែល​លើស​ពី​មាត្រា​ដែល​បាន​ចែង​ក្នុង​ច្បាប់ គឺជា​អំពើ​អយុត្តិធម៌​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ទង្វើ​បែប​នេះ​នឹង​ធ្វើ​ឱ្យ​បែកបាក់​សាមគ្គី​ជាតិ​ខ្មែរ​កាន់តែ​ធំ​ទៅៗ ក៏ដូចជា​ការ​រុញច្រាន​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយ​ទៅ​ជា​រដ្ឋ​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​អនាធិបតេយ្យ​ដូច្នោះ​ដែរ។

ប្រភព​ដដែល​បញ្ជាក់​ថា ការ​អនុវត្ត​កណ្ដាប់ដៃ​ដែក​របស់​លោក ហ៊ុន សែន ដោយ​រំលោភ​ច្បាប់​ធ្វើ​ទុក្ខបុកម្នេញ​លើ​ពលរដ្ឋ ឬ​លើ​អ្នក​នយោបាយ​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​ខ្លួន ជា​មូលហេតុ​សមស្រប​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​កំហឹង​នឹង​ការ​ដឹកនាំ​របស់​គាត់​ពេញ​ផ្ទៃ​ប្រទេស ហើយ​សន្តិភាព​ដែល​លោក ហ៊ុន សែន ប្រកាស​កន្លងមក​នេះ​គ្រាន់តែ​ជា​សន្តិភាព​ក្រោម​អំណាច​យង់ឃ្នង​របស់​គាត់​ដែល​ពលរដ្ឋ​មិន​ហ៊ាន​តវ៉ា​ប៉ុណ្ណោះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ប្រើ​វិធានការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ដែល​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​លោក​កាន់តែ​ខ្លាំង​ឡើងៗ​នៅ​ដើម​ឆ្នាំ​២០២៣ នេះ។

កាលពី​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២២ លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ដារ​ផ្លូវជាតិ​ខេត្ត​កំពត ថា កម្ពុជា​ដែល​ដឹកនាំ​ដោយ​រូបលោក គឺ​អាច​គ្រប់គ្រង និង​បង្រួបបង្រួម​ទឹកដី​បាន​ទាំងមូល ក្នុង​នោះ​សមាសភាព​អ្នក​ដែល​ធ្លាប់​តែ​កាន់​កាំភ្លើង​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក បាន​មក​រួបរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​អស់​ហើយ ដូចជា​សមាសភាព​មកពី​ខាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច សមាសភាព​មកពី​រណសិរ្ស​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ និង​សមាសភាព​របស់​ក្រុម​ខ្មែរក្រហម ជាដើម ដែល​នេះ​គឺជា​សមិទ្ធផល​ដ៏​ធំធេង​នៃ​ការ​រក្សា​សន្តិភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

ទោះជា​បែប​នេះ​ក្តី កម្ពុជា​ដែល​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ត្រូវ​គេ​មើល​ឃើញ​ថា បើ​ទោះបីជា​កម្ពុជា​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ដើម្បី​បង្រួបបង្រួម​បញ្ចប់​វិបត្តិ​ផ្ទៃក្នុង​របស់​កម្ពុជា​ហើយ​ក៏ដោយ ក៏​កម្ពុជា​នៅតែ​មិន​អាច​រួបរួម​គ្នា​បាន​រវាង​អ្នក​នយោបាយ និង​អ្នក​នយោបាយ​ដដែល ខណៈ​មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​នៅតែ​បន្ត​ប្រើ​យុទ្ធសាស្ត្រ​កម្ទេច​គេ​ឯង​រហូត​ដល់​សព្វថ្ងៃ​នេះ។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២១ កន្លងទៅ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា លោក​បាន​ធ្វើ​ច្រើន​ណាស់​ក្នុង​ការ​ដឹកនាំ​ជាតិ​រក​ការ​បង្រួបបង្រួម​រវាង​ខ្មែរ​និង​ខ្មែរ ប៉ុន្តែ​ភាគី​នយោបាយ​ក្រុម​ប្រឆាំង​មិន​យល់​អំពី​ការ​បង្រួបបង្រួម​ជាតិ​នេះ​ទេ ហើយ​នៅ​ពេលនេះ​គ្មាន​កិច្ចការ​នយោបាយ​ណា​ដែល​ត្រូវ​ដោះស្រាយ​ដោយ​ការ​ចរចា​នោះ​ឡើយ។

ទោះជា​បែប​នេះ​ក្តី ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ប្រវត្តិ​នៃ​ការ​ដឹកនាំ​ប្រទេស​ជាង ៤០​ឆ្នាំ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ចាប់តាំងពី​កងទ័ព​វៀតណាម​លើក​បន្តុប​ជា​នាយករដ្ឋមន្ត្រី​កាលពី​ឆ្នាំ​១៩៨៥ មក គឺ​មាន​តែ​ការ​បំបែក​បំបាក់ និង​បំផ្លាញ​ជាតិ​ខ្មែរ​ប៉ុណ្ណោះ។

អង្គការ Freedom House បាន​ចេញ​របាយការណ៍​របស់​ខ្លួន​នៅ​ឆ្នាំ​២០២២ នេះ​ថា ប្រព័ន្ធ​នយោបាយ​របស់​ប្រទេស​កម្ពុជា ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រប់គ្រង​ផ្ដាច់មុខ​ទាំងស្រុង ក្នុង​នោះ​គណបក្ស​ប្រឆាំង បណ្ដាញ​សារព័ត៌មាន​ឯករាជ្យ អ្នក​តវ៉ា​ទាមទារ​សិទ្ធិ​សេរីភាព និង​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ក្នុង​ភាព​ភ័យខ្លាច​គ្រប់ៗ​គ្នា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស