28.4 C
Phnom Penh

អ្នក​ឃ្លាំមើល៖ ការ​ប្តូរ​ឈ្មោះ​វិញ្ញាសា​គុន​ខ្មែរ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ជា​សិទ្ធិ​របស់​កម្ពុជា​ដែល​ជា​ម្ចាស់​ផ្ទះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​លើកឡើង​ថា ការ​ផ្លាស់ប្ដូរ​ឈ្មោះ​វិញ្ញាសា​កីឡា​មួយ (Muay) មក​ជា​គុន​ខ្មែរ ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​៣២ នេះ វា​គឺជា​សិទ្ធិ​របស់​កម្ពុជា​ដែល​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​ជា​ការ​លើក​កម្ពស់​អត្តសញ្ញាណ​កីឡា​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៥ មករា នេះ​ថា លោក​ឯកភាព​ទៅ​នឹង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម ដែល​សម្រេច​ប្តូរ​ឈ្មោះ​វិញ្ញាសា​ប្រកួត​ប្រដាល់​មួយ​ទៅ​ជា «គុន​ខ្មែរ» ព្រោះ​ថា​ការ​ធ្វើ​បែប​នេះ គឺជា​ការ​បញ្ចៀស​នូវ​ការ​យល់​ច្រឡំ​ពី​បណ្តា​ប្រទេស​ដែល​មក​ចូលរួម​ចំពោះ​វិញ្ញាសា «មួយ​ថៃ» ផង និង​ជា​ការ​លើក​តម្កើង​កិត្តិយស​ជាតិ​ផ្នែក​វិស័យ​កីឡា​មួយ​កម្រិត​ទៀត ក្រោយ​អវត្តមាន​ការ​រៀបចំ​កីឡា​ស៊ីហ្គេម​របស់​ខ្លួន​អស់​រយៈពេល​ជាង ៤០​ឆ្នាំ​មក​នេះ។

លោក សេក សុជាតិ លើកឡើង​ថា ការ​សម្រេច​ចូលរួម ឬ​មិន​ចូលរួម​ខាង​សហព័ន្ធ​កីឡា​របស់​ថៃ គឺជា​សិទ្ធិ​សម្រេច​របស់​ពួកគេ ប៉ុន្តែ​អ្វី​ដែល​កម្ពុជា​ត្រូវ​ធ្វើ គឺ​ត្រូវតែ​រៀបចំ និង​ដឹកនាំ​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី​៣២ នេះ​ឱ្យ​ទទួល​បាន​ជោគជ័យ ដើម្បី​ឱ្យ​ប្រទេស​នានា​ដែល​មក​ចូលរួម​បាន​ឃើញ និង​ទទួលស្គាល់​នូវ​សមត្ថភាព​ដឹកនាំ​របស់​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​លើកដំបូង​របស់​ខ្លួន​នេះ។

កាលពី​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៣ អនុប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ថៃ (NOCT) លោក Charoen Wattanasin អះអាង​ថា គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) មិន​បាន​ទទួលស្គាល់​ពាក្យ «គុន​ខ្មែរ» ទេ ដូច្នេះ​ការ​ប្តូរ​ឈ្មោះ​វិញ្ញាសា​ប្រកួត​ប្រដាល់ មួយ (Muay) ទៅ​ជា «គុន​ខ្មែរ» (Kun Khmer) ក្នុង​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី​៣២ កម្ពុជា​បាន​បំពាន​ទាំងស្រុង​ទៅ​លើ​ច្បាប់​នៃ​ការ​ប្រកួត​កីឡា​អន្តរជាតិ។

លោក Charoen Wattanasin អះអាង​ថា សមាគម​កីឡា​ប្រដាល់​ថៃ​នឹង​មិន​បញ្ជូន​អត្តពលិក​ទៅ​ប្រកួត​ក្នុង​វិញ្ញាសា​នេះ​ដាច់ខាត។ ជាង​នេះ​ទៀត ថៃ​នឹង​ដាក់​ពិន័យ​ទៅ​លើ​ប្រទេស​ដែល​ជា​សមាជិក​សហព័ន្ធ​កីឡា​មួយ​ថៃ​អន្តរជាតិ (IFMA) ណា​ដែល​ហ៊ាន​បញ្ជូន​អត្តពលិក​ទៅ​ប្រកួត​ស៊ីហ្គេម​នៅ​កម្ពុជា​ផង​ដែរ។

យ៉ាងណាក៏ដោយ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម (CAMSOC) លោក វ៉ាត់ ចំរើន អះអាង​ថា កម្ពុជា​នៅតែ​ប្រកាន់​គោលជំហរ​មិន​ផ្លាស់ប្ដូរ​ឈ្មោះ​ពី​គុន​ខ្មែរ​ទៅ​មួយ (Muay) វិញ​ទេ បើ​ទោះជា​ភាគី​ថៃ ឬ​សមាគម​ប្រដាល់​ថៃ​មិន​បញ្ជូន​អត្តពលិក​មក​ប្រកួត​ក៏ដោយ។

លោក​បញ្ជាក់​ថា ការ​សម្រេច​លុប​ចោល​ការ​ប្រើ​ពាក្យ​កីឡា «Muay» ចេញពី​ការ​ប្រកួត​ស៊ីហ្គេម​ឆ្នាំ​២០២៣ ដោយ​កម្ពុជា​បាន​ប្រកាន់​ជំហរ​ប្រើ​ពាក្យ «Kun Khmer» គឺ​ដើម្បី​បង្ហាញ​ពី​កីឡា​ជា​អត្តសញ្ញាណ​របស់​ខ្លួន​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ទៅ​តាម​ការ​ចង់​បាន​របស់​ប្រជាជន​កម្ពុជា។

លោក វ៉ាត់ ចំរើន ពន្យល់​ថា នៅ​ក្នុង​ធម្មនុញ្ញ​របស់​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍​បាន​ដាក់​ពាក្យ​ថា “កីឡា​មួយ” មិនមែន មួយ​ថៃ ទេ ស្រប​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ស៊ីហ្គេម​ឆ្នាំ​២០២៣ ក៏​សម្រេច​សុំ​ដាក់​ឈ្មោះ គុន​ខ្មែរ ចូលរួម​ក្នុង​កីឡា​មួយ​នេះ​តែម្តង​ទៅ។

ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៣ ខាងមុខ​នេះ ហើយ​វិញ្ញាសា​ប្រដាល់​គុន​ខ្មែរ​នេះ បើ​ទោះជា​គ្មាន​ភាគី​ថៃ​ចូលរួម​ក៏ដោយ ក៏​មាន​ប្រទេស​ចំនួន​៦ បាន​សម្រេច​មក​ចូលរួម​ដែរ ដូចជា​ឥណ្ឌូនេស៊ី វៀតណាម ហ្វីលីពីន ឡាវ មីយ៉ាន់ម៉ា និង​ម៉ាឡេស៊ី ផង​ដែរ ខណៈ​ច្បាប់​កីឡា​បញ្ជាក់​ថា វិញ្ញាសា​ដែល​មាន​ចាប់ពី ៤​ប្រទេស​ឡើង​ទៅ គឺ​អាច​ដាក់​ឲ្យ​ប្រកួត​បាន​ហើយ។

នៅ​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២៣ នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា សូម​ស្វាគមន៍​ការ​រាប់​ថយ​ក្រោយ ១០០​ថ្ងៃ​នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​ទទួល​រៀបចំ​សម្រាប់​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី​១២ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ឆ្នាំ​២០២៣ នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ សារព័ត៌មាន​ប្រទេស​ថៃ ដែល​មាន​ឈ្មោះ​ថា ONE SIAM បាន​ចុះផ្សាយ​កាលពី​ពេល​កន្លងទៅ​ថា ភស្តុតាង​បុរាណវិទ្យា​មួយ​បង្ហាញ​ថា មួយ​ថៃ (MuayThai) មាន​ប្រភព​មកពី​អាណាចក្រ​ខ្មែរ។ ថ្ងៃ​នេះ​កម្ពុជា​មាន​គុន​ខ្មែរ ឡាវ​មាន​មួយ​ឡាវ ហើយ​ថៃ​មាន​មួយ​ថៃ (Muay Thai)។

ប្រភព​ដដែល​បញ្ជាក់​ថា កីឡា​ទាំង​បី​នេះ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ខ្លាំង​ណាស់ ប៉ុន្តែ​ដោយសារ​កង្វះ​ខាត​កំណត់ត្រា​ជា​លាយលក្ខណ៍​អក្សរ វា​ពិបាក​ក្នុង​ការ​ផ្ទៀងផ្ទាត់​ណាស់​ថា​តើ​ផ្នែក​ណា​ខ្លះ​ជា មួយ​ថៃ (Muay Thai)? គេ​គ្រាន់តែ​សម្គាល់​បាន​ថា មួយ​ថៃ (Muay Thai) ពិត​ជា​បាន​ចាប់ផ្តើម​ក្នុង​អាណាចក្រ​ខ្មែរ​ប្រាកដ​មែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស