28.5 C
Phnom Penh

លោក ហ៊ុន សែន បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ពង្រឹង​វិជ្ជាជីវៈ​ដល់​អ្នក​សារព័ត៌មាន​ក្រោយពី​មាន​ការ​រិះគន់​ចាងហ្វាង TVFB

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន បញ្ជា​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ឲ្យ​ពង្រឹង​វិជ្ជាជីវៈ​ដល់​អ្នក​សារព័ត៌មាន​បន្ថែម​ទៀត ក្រោយពី​ចាងហ្វាង​សារព័ត៌មាន TVFB ដែល​ចុះ​យក​ព័ត៌មាន​បាន​ស្ដីបន្ទោស​ទៅ​លើ​អ្នក​ជួយ​លើក​ម៉ូតូ​ជនរងគ្រោះ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​លើ​ស្ពាន​ជ្រោយចង្វារ។

ការ​បញ្ជា​របស់​លោក ហ៊ុន សែន ធ្វើឡើង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃទី​២៦ មករា។ ក្នុង​ពិធី​នោះ លោក ហ៊ុន សែន បាន​បង្ហាញ​ការ​ហួសចិត្ត​ចំពោះ​ឥរិយាបថ​ចាងហ្វាង​សារព័ត៌មាន TVFB លោក សុវណ្ណ រិទ្ធី ដែល​បាន​ចុះផ្សាយ​ផ្ទាល់ (Live) ក្នុង​រឿង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ស្ពាន​ជ្រោយចង្វារ​នា​ពេល​ថ្មីៗ​នេះ។

លោក​បញ្ជាក់​ថា ខ្លួន​ជា​អ្នក​សារព័ត៌មាន​មិនមែន​ជា​នគរបាល​យុត្តិធម៌​ទេ ដែល​មាន​សិទ្ធិ​អារកាត់​ជំនួស​នគរបាល​យុត្តិធម៌ ហើយ​ក៏​គ្មាន​សិទ្ធិ​អី​ទៅ​គំរាមកំហែង​អ្នកដទៃ​ដើម្បី​ឲ្យ​សុំទោស​ខ្លួន​នោះ​ទេ។

លោក ហ៊ុន សែន ក៏​បាន​លើក​អំពី​ករណី​លោក សុវណ្ណ រិទ្ធី ដែល​ទាមទារ​ឱ្យ​អ្នក​ជួយ​លើក​ម៉ូតូ​ជនរងគ្រោះ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​សុំទោស​ខ្លួន ហើយ​ទោះបីជា​អ្នក​ជួយ​លើក​ម៉ូតូ​បាន​លើក​ដៃ​សុំទោស​ហើយ​ក្ដី ប៉ុន្តែ​ចាងហ្វាង​សារព័ត៌មាន TVFB លោក សុវណ្ណ រិទ្ធី នៅតែ​បន្ត​ដេញ​តាម​ទាមទារ​ឲ្យ​បុរស​រូប​នោះ​ត្រូវ​សុំទោស​ខ្លួន​ឲ្យ​អស់​ពី​ចិត្ត​ផង​ដែរ។

ករណី​នេះ លោក ហ៊ុន សែន ថា​ក៏​មាន​ការ​រិះគន់​ច្រើន​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ផង និង​មន្ត្រី​ផង ដោយ​ខ្លះ​បាន​ទាមទារ​ឲ្យ​ដក​អាជ្ញាប័ណ្ណ​អ្នក​សារព័ត៌មាន​អនឡាញ​រូប​នោះ និង​ខ្លះ​ទៀត​បាន​ទាមទារ​ឲ្យ​ចាត់​វិធានការ​ច្បាប់ ប៉ុន្តែ​លោក​ថា​បញ្ហា​ត្រូវ​បិទ​បញ្ចប់​ត្រឹម​ការ​អប់រំ។

ជាមួយ​គ្នា​នោះ លោក​ក៏​បាន​បញ្ជា​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ពង្រឹង​វិជ្ជាជីវៈ​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ចុះផ្សាយ​ផ្ទាល់​ឡើងវិញ។

នៅ​ដើម​សប្ដាហ៍​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​លើ​ស្ពាន​ជ្រោយចង្វារ ដោយ​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​ពីរ​នាក់​ទៅ​បុក​ម៉ូតូ​កង់​៣ ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា។ គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​អ្នក​បើកបរ​ម៉ូតូ​ម្នាក់​សន្លប់ អំឡុង​ពេល​នោះ​បុរស​ម្នាក់​ដែល​ឃើញ​ហេតុការណ៍ ឈប់​ម៉ូតូ​ដាក់​កូន និង​ភរិយា​ចុះ ហើយ​ស្ទុះ​ទៅ​ជួយ​លើក​ម៉ូតូ​ជនរងគ្រោះ​ចេញពី​គន្លង​ផ្លូវ​នៅ​លើ​ស្ពាន។

អំឡុង​ពេល​នោះ លោក សុវណ្ណ រិទ្ធី ដែល​ចុះផ្សាយ​ផ្ទាល់​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ក៏​បាន​ស្ដីបន្ទោស​បុរស​ម្នាក់​នោះ​រឿង​ជួយ​លើក​ម៉ូតូ​ជនរងគ្រោះ​ចេញពី​កន្លែង​កើតហេតុ ថា​ធ្វើ​ឲ្យ​បាត់​ដាន និង​បង្ក​ការ​លំបាក​ដល់​មន្ត្រី​ជំនាញ​ក្នុង​ការ​វាស់វែង​ធ្វើ​កំណត់ហេតុ។

ជុំវិញ​រឿង​នេះ លោក ស សុខា កូនប្រុស​លោក ស ខេង ក៏​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​ជួយ​យកអាសា​គ្នា តែ​ដើម្បី​ការពារ​ខ្លួន។ លោក​ក៏​បាន​ស្នើ​ទៅ​អ្នក​ជួយ​ឲ្យ​ពិនិត្យ​ទៅ​តាម​សភាព​ជាក់ស្ដែង ចៀសវាង​ធ្វើ​គុណ​បាន​ទោស។

លោក ស សុខា ក៏​បាន​រិះគន់​ឥរិយាបថ​លោក សុវណ្ណ រិទ្ធី ថា​ក្នុង​នាម​អ្នក​សារព័ត៌មាន​គប្បី​បំពេញ​ភារកិច្ច​របស់​ខ្លួន​ស្រប​ទៅ​តាម​ច្បាប់ ជំនាញ ក្រមសីលធម៌​វិជ្ជាជីវៈ កុំ​ឲ្យ​ហួស​ដែន​សមត្ថកិច្ច ខណៈ​សមត្ថកិច្ច​ជំនាញ បើ​ទទួល​ព័ត៌មាន​នេះ គួរ​ប្រញាប់​ចុះ​សម្របសម្រួល​អន្តរាគមន៍​នៅ​កន្លែង​កើតហេតុ​ធ្វើការ​តាម​ជំនាញ​ឱ្យ​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​បើ​អាច​ធ្វើ​បាន​ទៀត​នោះ គួរ​ការពារ ឬ​ហ៊ុមព័ទ្ធ​កន្លែង​កើតហេតុ ជាដើម។

ក្រោយពី​មាន​ករណី​នេះ​ហើយ លោក សុវណ្ណ រិទ្ធី ក៏​បាន​ចេញ​សុំទោស​ជា​សាធារណៈ​ដែរ​ចំពោះ​ទង្វើ​មិន​គប្បី​របស់​លោក​ទៅ​លើ​បុរស​ម្នាក់​ដែល​ជា​អ្នក​ជួយ​លើក​ម៉ូតូ​ជនរងគ្រោះ​នៅ​លើ​ស្ពាន​ជ្រោយចង្វារ។

លោក សុវណ្ណ រិទ្ធី ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ម្ដង​កាលពី​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២០២០ ហើយ​តុលាការ​បាន​ចោទប្រកាន់ និង​កាត់ទោស​ឲ្យ​ជាប់​គុក ១៨​ខែ​ពី​បទ «ញុះញង់» ក្រោយពី​លោក​បាន​ដកស្រង់​សម្ដី​លោក ហ៊ុន សែន ដែល​ថ្លែង​អំឡុង​កម្ពុជា​ជួប​វិបត្តិ​កូវីដ-១៩ ថា «បើ​អ្នក​រត់​ម៉ូតូ​ឌុប​ក្ស័យ​ធន លក់​ម៉ូតូ​ចាយ​សិន​ទៅ រដ្ឋាភិបាល​គ្មាន​លទ្ធភាព​ជួយ​នោះ​ទេ»

ប៉ុន្តែ​ទោស ១៨​ខែ​នេះ តុលាការ​បាន​សម្រេច​ឲ្យ​អនុវត្ត​ជាប់​ពន្ធនាគារ​ប្រមាណ ៦​ខែ ដោយ​ទោស​នៅ​សល់​ត្រូវ​បាន​តុលាការ​កាត់​តម្រឹម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស