ទោះបីសង្គ្រាមពីមួយជំនាន់ទៅមួយជំនាន់បានបញ្ចប់ហើយក៏ដោយ ក៏ពលរដ្ឋនៅតាមបណ្តាប្រទេសខ្លះមិនទាន់មានវាសនា ឬមានឱកាសរស់នៅក្នុងភាពសុខដុមរមនា និងរស់នៅក្នុងសេរីភាពពិតប្រាកដនោះឡើយ។
ពួកគេកំពុងរស់នៅក្នុងសម្ពាធនៃការដឹកនាំតាមបែបផ្ដាច់ការ ឬការដឹកនាំតាមបែបរបបសឹក។ បណ្តាប្រទេសខ្លះបានយកប្រជាធិបតេយ្យធ្វើវាំងននបិទបាំងនូវការដឹកនាំដែលញាំញីទៅដោយអំពើពុករលួយ គ្រួសារនិយម បក្សពួកនិយម ការរំលោភអំណាច និងការលាងលុយកខ្វក់ជាប្រព័ន្ធ។ របបដឹកនាំបែបនេះបើកចំហឲ្យមានកម្លាំងនយោបាយ ឬពហុបក្ស តែបក្សទាំងអស់ត្រូវតែរណបបក្សនៃមេដឹកនាំផ្ដាច់ការនោះ ទើបអាចរស់បាន ហើយបើកឱ្យធ្វើនយោបាយត្រឹមតែកំដរបរិយាកាសផ្ដាច់ការតែប៉ុណ្ណោះ។
ក្រោយពីពិភពលោកបានបិទបញ្ចប់សង្គ្រាមត្រជាក់រវាងប្លុកសេរី និងប្លុកកុម្មុយនីស្តនៅដើមទសវត្ស១៩៩០ គេសង្កេតឃើញពិភពលោកនៅមានមេដឹកនាំផ្ដាច់ការបន្តកាន់អំណាច ដែលភាគច្រើននៅសេសសល់ពីប្រព័ន្ធដឹកនាំបែបយោធានិយម។
នៅពេលសហភាពសូវៀត ដែលមានមេដឹកនាំបែបកុម្មុយនីស្តនិយមលើពិភពលោកដួលរលំទៅ ហើយរដ្ឋរណបនានាក៏ដូររបប ពិភពលោកនៅតែជួបប្រទះបន្តទៀតនូវប្រព័ន្ធដឹកនាំបែបផ្ដាច់ការដែលមានភាពខុសគ្នាបន្តិចពីមេដឹកនាំរបបយោធានិយម ភាពខុសគ្នាគឺត្រង់ប្រទេសនោះប្រកាសថាប្រកាន់នូវរបបប្រជាធិបតេយ្យ តែប្រជាធិបតេយ្យក្លែងក្លាយ។ របបដឹកនាំនេះ បើកចំហកម្លាំងនយោបាយ ឬពហុបក្ស តែបក្សទាំងអស់ត្រូវតែរណបបក្សនៃមេដឹកនាំផ្ដាច់ការនោះ ទើបរស់បាន ហើយបើកឱ្យធ្វើនយោបាយត្រឹមតែកំដរបរិយាកាសផ្ដាច់ការតែប៉ុណ្ណោះ។
មេដឹកនាំបែបនេះមានល្បិចក្នុងការក្ដោបអំណាចឲ្យណែនក្នុងដៃ ជាមួយនឹងការកសាងកម្លាំងបក្ខពួកនិយម គ្រួសារនិយម ការកសាងសង្គមពុករលួយ សង្គមអយុត្តិធម៌ សង្គមមានវណ្ណៈ ក្រុមអញ បក្សអញ មិនអាចប៉ះបានឡើយ។
ត្រូវរណបក្រុមអញ ត្រូវខ្លាចក្រុមអញ ត្រូវខ្លាចអំណាចអញ ទើបអ្នកឯង ក្រុមអ្នកឯង បក្សអ្នកឯង អាចរស់នៅក្នុងរបបអញបាន។ យុត្តិធម៌នៅលើបក្សអញ បើអញឱ្យឯងសុខ ឯងពិតជាបានសុខ។ ក្រុមឯងហ៊ានហារមាត់ប្រឆាំង វាយប្រហារបក្សអញ គឺក្រុមឯងនឹងមិនសុខទេ។ អ្នកឯងដឹងទេ យើងនេះហើយជាកំពូលអំណាច បក្សអញនេះជាកំពូលអំណាច។
នីតិរដ្ឋ Rule of Law អញអ្នកបង្កើត តាមរបៀបអញ។ ប្រព័ន្ធស្ថាប័នជាតិទាំងអស់នៅក្រោមអញ នៅក្រោមបក្សអញទាំងអស់។ អ្នកឯងគ្មានផ្លូវផ្ដួលរំលំបក្សអញ អំណាចអញបានទេ ព្រោះកម្លាំងប្រដាប់អាវុធនៅក្រោមបក្សអញ នៅក្នុងអំណាចអញទាំងអស់ ស្ថាប័នកាត់សេចក្ដីថាបក្សណាត្រូវឈ្នះឆ្នោត គឺនៅក្រោមអញ និងបក្សអញ។ ប្រព័ន្ធតុលាការជាឧបករណ៍របស់អញ បម្រើតែបក្សអញ និងក្រុមបក្ខពួកអញ។
ដង្ហើមដកចេញ ដង្ហើមដកចូលប្រទេសទាំងមូលនៅក្រោមអំណាចអញ និងបក្សអញ បើអញបើកឱ្យចូល ទើបក្រុមអ្នកឯងចូលបាន។ បើអញបិទ គឺអ្នកឯង បក្សអ្នកឯងត្រូវតែនៅក្រៅស្រុក ឬក៏រលាយ។
ក្នុងទសវត្សនេះនៅមានមេដឹកនាំដែលមានចរិតបែបនេះយ៉ាងតិចមានជាង ៣០នាក់ ឬជាង ៣០ប្រទេស តែអ្នកខ្លះស្លាប់បាត់ទៅហើយ។ អ្នកខ្លះអស់អំណាចដោយសារទទួលមរណភាព ករណីធ្លាក់ខ្លួនឈឺធ្ងន់ ឬប្រការណាមួយជាយថាហេតុ ឬស្លាប់ដោយកម្លាំងបះបោរ និងការផ្ដួលរំលំដោយរដ្ឋប្រហារយោធា ឬក្រុមកូនទាហានងើបឡើងកាន់អាវុធធ្វើរដ្ឋប្រហារ ដែលពួកគេពុំអាចស៊ូទ្រាំបានពីសង្គមអយុត្តិធម៌របស់មេដឹកនាំផ្ដាច់ការទាំងនោះ។
មេដឹកនាំដែលកាន់អំណាចយូរជាងគេ និងផ្ដាច់ការជាងគេនៅលើពិភពលោក ហើយប្រទេសនៅលើពិភពលោកដែលត្រូវបានអង្គការសហប្រជាជាតិរាប់ថាជារដ្ឋអធិបតេយ្យមានចំនួន ១៩៣ប្រទេស ប៉ុន្តែក្នុងចំណោមនេះមានប្រទេសខ្លះអនុវត្តរបបប្រជាធិបតេយ្យ និងខ្លះទៀតរបបកុម្មុយនីស្ត ហើយខ្លះទៀតអនុវត្តរបបអតា្តធិបតេយ្យ គេថាមេដឹកនាំជាអាទិទេព ឬទេវរាជា។
គេហទំព័រ Wikimedia បានធ្វើបញ្ជីបច្ចុប្បន្នភាពនូវបញ្ជីឈ្មោះមេដឹកនាំទាំងនោះដែលមានឋានៈជាព្រះមហាក្សត្រ ជាប្រមុខរដ្ឋ ជាប្រធានាធិបតី និងជានាយករដ្ឋមន្ត្រី។ តាមគេហទំព័រនេះ គេអាចរាប់ពីមេដឹកនាំកាន់អំណាចចាប់ពីជាង ១០ ទៅ ៤០ឆ្នាំ។ មេដឹកនាំដែលកាន់អំណាចដ៏យូរ ត្រូវបានគេដាក់រហស្សនាមថាជាមេដឹកនាំផ្ដាច់ការ ឬបុរសខ្លាំងរបស់ប្រទេសនោះ។

តទៅនេះ គឺជាតារាងបញ្ជីឈ្មោះមេដឹកនាំទាំងនោះដែលរាប់លេខរៀងពីលេខ១ ដល់លេខរៀងទី៣១ ទៅតាមរយៈពេលនៃការក្តាប់អំណាច៖
- ប្រធានាធិបតី Paul Biya នៃប្រទេសកាម្រូន ប៉ែកខាងលិចទ្វីបអាហ្វ្រិក។ លោកកាន់អំណាច ៤១ឆ្នាំ និង ៣៤៨ថ្ងៃ។
- នាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជា អាស៊ីអាគ្នេយ៍ កាន់អំណាចតាំងពីឆ្នាំ១៩៨៥ មកដល់សព្វថ្ងៃនេះបាន ៣៨ឆ្នាំ។
- ប្រធានាធិបតី Teodoro Obiang Nguema Mbasogo នៃប្រទេស Equatorial Guinea ប៉ែកខាងលិចទ្វីបអាហ្វ្រិក កាន់អំណាចបាន ៣៧ឆ្នាំ និង ៣១៤ថ្ងៃ។
- ប្រធានាធិបតី José Eduardo dos Santos ជាប្រធានាធិបតីនៃប្រទេសអង់ហ្គូឡា ប៉ែកនិរតីទ្វីបអាហ្វ្រិក កាន់អំណាច ៣៧ឆ្នាំ ២៧៦ថ្ងៃ។
- ប្រធានាធិបតី Robert Mugabe (ស្លាប់) នៃប្រទេសហ្ស៊ីមបាវ៉េ ប៉ែកកណ្តាល-ទក្សិណទ្វីបអាហ្វ្រិក កាន់អំណាចបាន ៣៧ឆ្នាំ និង ៥៦ថ្ងៃ។
- លោក Ali Khamenei ជាមេដឹកនាំកំពូលនៃប្រទេសអ៊ីរ៉ង់ មជ្ឈិមបូព៌ា កាន់អំណាចតាំងពីឆ្នាំ១៩៨៩ មកដល់សព្វថ្ងៃនេះ។
- ប្រធានាធិបតី Nursultan Nazarbayev នៃប្រទេសកាហ្សាគីស្ថាន អាស៊ីកណ្តាលកាន់អំណាចបាន ៣៣ឆ្នាំ ៨៣ថ្ងៃ។
- ប្រធានាធិបតី Yoweri Museveni នៃប្រទេសអ៊ូហ្គាន់ដា ទ្វីបអាហ្វ្រិកកណ្តាល កាន់អំណាចបាន ៣១ឆ្នាំ ១៣៨ថ្ងៃ។
- ប្រធានាធិបតី Omar al-Bashir នៃប្រទេសស៊ូដង់ ទ្វីបអាហ្វ្រិកកណ្តាល កាន់អំណាច ៣០ឆ្នាំ។
- ប្រធានាធិបតី Idriss Déby នៃប្រទេសឆាត អាហ្វ្រិកកណ្តាល កាន់អំណាចបាន ២៦ឆ្នាំ ១៩៣ថ្ងៃ។
- ប្រធានាធិបតី Isaias Afwerki នៃប្រទេសអ៊ីរីតទ្រា ប៉ែកបូព៌ាទ្វីបអាហ្វ្រិក កាន់អំណាចបាន ២៦ឆ្នាំ ៤៧ថ្ងៃ។
- ប្រធានាធិបតី Emomali Rahmon នៃប្រទេសតាជីគីសស្ថាន ភាគកណ្តាលទ្វីបអាស៊ី កាន់អំណាចបាន ២៤ឆ្នាំ ២០៦ថ្ងៃ។
- ប្រធានាធិបតី Paul Kagame នៃប្រទេសរូវ៉ានដា ភាគកណ្តាលទ្វីបអាហ្វ្រិក កាន់អំណាចបាន ២២ឆ្នាំ ៣២៩ថ្ងៃ។
- ប្រធានាធិបតី Alexander Lukashenko នៃប្រទេសបេឡារ៉ុស ប៉ែកបូព៌ាទ្វីបអឺរ៉ុប កាន់អំណាចតាំងពីឆ្នាំ១៩៩៤ មកដល់សព្វថ្ងៃបាន ២៩ឆ្នាំ។
- ប្រធានាធិបតី Denis Sassou Nguesso នៃសាធារណរដ្ឋកុងហ្គោ ប៉ែកនិរតីទ្វីបអាហ្វ្រិក កាន់អំណាចបាន ១៩ឆ្នាំ ២៣១ថ្ងៃ។
- លោក Kim Jong Un មេដឹកនាំកំពូលប្រទេសកុម្មុយនីស្តកូរ៉េខាងជើង ប៉ែកបូព៌ាទ្វីបអាស៊ី កាន់អំណាចតាំងពីឆ្នាំ២០១១ មកដល់សព្វថ្ងៃ។ ជាគ្រួសារសន្តតិវង្ស កាន់អំណាចពីជីតារហូតដល់ចៅ។
- នាយករដ្ឋមន្ត្រី Tuilaepa Aiono Sailele Malielegaoi នៃប្រទេសសាម័រ ប៉ែកបូព៌ាទ្វីបអូសេអានី កាន់អំណាចបាន ១៨ឆ្នាំ និង ២០២ថ្ងៃ។
- ប្រធានាធិបតី Abdelaziz Bouteflika នៃប្រទេសអាល់ហ្សេរី ប៉ែកឧត្តរទ្វីបអាហ្វ្រិក កាន់អំណាចបាន ១៨ឆ្នាំ ២០២ថ្ងៃ។
- ប្រធានាធិបតី Ismaïl Omar Guelleh នៃប្រទេសហ្សីបូទី ប៉ែកបូព៌ាទ្វីបអាហ្វ្រិក កាន់អំណាចបាន ១៨ឆ្នាំ និង ៣៦ថ្ងៃ។
- ប្រធានាធិបតី Vladimir Putin នៃប្រទេសសហព័ន្ធរុស្សី ប៉ែកបូព៌ាទ្វីបអឺរ៉ុប និងអាស៊ី កាន់អំណាចតាំងពីឆ្នាំ២០០០ មកដល់សព្វថ្ងៃ។
- ប្រធានាធិបតី Bashar al-Assad នៃប្រទេសស៊ីរី នៅមជ្ឈិមបូព៌ា កាន់អំណាចតាំងពីឆ្នាំ២០០០ មកដល់សព្វថ្ងៃបាន ២៣ឆ្នាំ។
- ប្រធានាធិបតី Joseph Kabila នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្កោ ប៉ែកនិរតីទ្វីបអាហ្វ្រិក កាន់អំណាចបាន ១៦ឆ្នាំ ១៤៧ថ្ងៃ។
- នាយករដ្ឋមន្ត្រី Ralph Gonsalves នៃប្រទេស Saint Vincent and the Grenadines ភាគកណ្តាលទ្វីបអាមេរិក កាន់អំណាចបាន ១៦ឆ្នាំ ៧៦ថ្ងៃ។
- ប្រធានាធិបតី Recep Tayyip Erdoğan នៃប្រទេសតួកគី កាន់អំណាចតាំងពីឆ្នាំ២០១៤ មកដល់សព្វថ្ងៃបាន ៩ឆ្នាំ។
- ប្រធានាធិបតី Filip Vujanović នៃប្រទេសម៉ុងតេណេក្រូ ប៉ែកអាគ្នេយ៍ទ្វីបអឺរ៉ុប កាន់អំណាចបាន ១៤ឆ្នាំ ២២ថ្ងៃ។
- ប្រធានាធិបតី Ilham Aliyev នៃប្រទេសអាហ្សែបៃហ្សង់ ប៉ែកខាងកើត និងខាងលិចទ្វីបអឺរ៉ុប កាន់អំណាចបាន ១៣ឆ្នាំ ៣១៣ថ្ងៃ។
- នាយករដ្ឋមន្ត្រី Artur Rasizade នៃប្រទេសអាហ្សែបៃហ្សង់ ប៉ែកខាងកើត និងខាងលិចទ្វីបអឺរ៉ុប កាន់អំណាចបាន ១៣ឆ្នាំ ៣១១ថ្ងៃ។
- នាយករដ្ឋមន្ត្រី Abdelkader Taleb Omar នៃសាធារណរដ្ឋប្រជាធិបតេយ្យអារ៉ាប់ ឬសាធារណរដ្ឋសាសរ៉ាវី ប៉ែកខាងលិចសមុទ្រខ្សាច់សាហារ៉ា កាន់អំណាចបាន ១៣ឆ្នាំ ២២៧ថ្ងៃ។
- ប្រធានាធិបតី Shavkat Mirziyoyev នៃប្រទេសអ៊ុយបីហ្គីសស្ថាន ភាគកណ្តាលទ្វីបអាស៊ី កាន់អំណាចបាន ១៣ឆ្នាំ ១៨៤ថ្ងៃ។
- នាយករដ្ឋមន្ត្រី Roosevelt Skerrit នៃប្រទេសដូមីការ ភាគកណ្តាលទ្វីបអាមេរិក កាន់អំណាចបាន ១៣ឆ្នាំ ១៥៦ថ្ងៃ។
- ប្រធានាធិបតី Xi Jinping សាធារណរដ្ឋប្រជាមានិតចិន ឡើងកាន់អំណាចតាមរយៈបក្សកុម្មុយនីស្តចាត់តាំង តាំងពីឆ្នាំ២០១២ មកដល់សព្វថ្ងៃបាន ១១ឆ្នាំ។
ពិភពលោកកំពុងតែរង់ចាំមើលស្ថានការណ៍ប្រែប្រួលនៅក្នុងទីក្រុងមូស្គូ ដែលក្រោមបុរសខ្លាំងផុតលេខ វ៉្លាឌីមៀរ ពូទីន ថាតើបុរសដែលបញ្ជាឱ្យលើកទ័ព ២៥ម៉ឺននាក់វាយឈ្លានពានលុកលុយកាន់កាប់ប្រទេសអ៊ុយក្រែន ដែលជាប្រទេសមានព្រំដែនជាប់គ្នា អាចបាត់បង់អំណាចដោយសារចាញ់សង្គ្រាម ឬបន្តកាន់អំណាចទៀត នៅពេលលោកបានបំផ្លាញពិភពលោកឈ្នះហើយនោះ។
តែបើលោកចាញ់សង្គ្រាម គឺប្រាកដណាស់របបរបស់លោក និងរូបលោកផ្ទាល់ ព្រមទាំងបក្ស និងបក្ខពួកគាត់ក៏រលាយតាមដែរ។ ពិភពលោកនឹងធ្វើដំណើរទៅរកការផ្លាស់ប្ដូរ ហើយកំពូលជនផ្ដាច់ការនៅលើពិភពលោកក៏ចាប់ផ្ដើមដួលរលំធ្លាក់ចុះអស់អំណាច និងឥទ្ធិពលដែរ៕