28.4 C
Phnom Penh

លោក សម រង្ស៊ី ថា​ព្រះមហាក្សត្រ​បិទ​ព្រះ​នេត្រ​មិន​ខ្វល់​ពី​ទុក្ខសោក​ប្រជារាស្ត្រ​និង​មិន​ទទួលស្គាល់​ការពិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ចោទ​សួរ​ថា តើ​ហេតុ​អ្វី​បាន​ជា​ព្រះមហាក្សត្រ​ខ្មែរ​សព្វថ្ងៃ​នេះ​យល់ព្រម​ធ្វើ​តាម​បញ្ជា​របស់​លោក ហ៊ុន សែន ដោយ​បិទ​ព្រះ​នេត្រ​មិន​ទទួលស្គាល់​ការពិត មិន​ខ្វល់​ព្រះទ័យ​ពី​ទុក្ខសោក​របស់​ប្រជារាស្ត្រ បន្ទាប់ពី​ព្រះអង្គ​បាន​ចេញ​ព្រះរាជសារ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​ចូលរួម​បោះឆ្នោត​ឱ្យ​បាន​គ្រប់​គ្នា។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៩ កុម្ភៈ នេះ​ថា ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា ការ​បោះឆ្នោត​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ក្នុង​សេចក្តី​អំពាវនាវ​របស់​សម្តេច​ព្រះអង្គ កាលពី​ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៣ កន្លងទៅ​នេះ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​លើក​ជា​សំណួរ​បន្ថែម​ថា តើ​ព្រះអង្គ​ជ្រាប​ទេ​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) មាន​សមាសភាព​តាម​ការ​ចាត់ចែង​របស់​គណបក្ស​កាន់​អំណាច​សព្វថ្ងៃ ហើយ​ធ្វើ​តាម​តែ​បញ្ជា​គណបក្ស​នេះ ដែល​ជួយ​លួច​បន្លំ​សន្លឹកឆ្នោត​តាម​តែ​អំពើ​ចិត្ត​រហូត​មក?

ជាង​នេះ​ទៀត តើ​ព្រះអង្គ​មាន​ជ្រាប​ទេ​ថា ការ​បោះឆ្នោត​មុនៗ​រហូត​មក​ដល់​ថ្ងៃ​នេះ បាន​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ការ​លួច​បន្លំ​សន្លឹកឆ្នោត ដែល​វា​មិន​បាន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជារាស្ត្រ​ខ្មែរ​ដែល​ចង់​បាន​ការ​ផ្លាស់ប្ដូរ​នោះ?

លើស​ពី​នេះ តើ​ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​យាង​ទៅ​បើក​សម័យប្រជុំ​រដ្ឋសភា​ក្រោយ​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ទោះ​ជា​ព្រះអង្គ​ជ្រាប​ហើយ​ពេល​នោះ​ថា​រដ្ឋសភា​នោះ​មិនមែន​តំណាង​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​ទាំងមូល ពីព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​ការ​គាំទ្រ​ពី​ប្រជារាស្ត្រ​ពាក់កណ្តាល​នគរ ត្រូវ​បាន​គេ​រំលាយ​ដោយ​អត្តនោម័តិ មុន​ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ នោះ។

លោក សម រង្ស៊ី ចោទ​ជា​សំណួរ​ថា តើ​ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​មិន​យក​គំរូ​តាម​ព្រះរាជ​បិតា​របស់​ព្រះអង្គ សម្តេច​ព្រះ នរោត្តម សីហនុ ដែល​ទ្រង់​មិន​យល់ព្រម​ដាច់ខាត​យាង​ទៅ​បើក​សម័យប្រជុំ​ណា​មួយ​របស់​រដ្ឋសភា បើ​មាន​គណបក្ស​នយោបាយ​ជាប់​ឆ្នោត​ណា​មួយ​ធ្វើ​ពហិការ​មិន​ចូល​សភា ដោយ​មិន​សុខចិត្ត​ពី​ការ​លួច​បន្លំ​សន្លឹកឆ្នោត​នោះ។

កាលពី​ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ខ្មែរ​បាន​ចេញ​ព្រះរាជសារ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ នា​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ​ឱ្យ​បាន​គ្រប់​គ្នា ដើម្បី​ជ្រើសរើស​អ្នក​ដឹកនាំ​ជាតិ ដើម្បី​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។

ក្នុង​ព្រះរាជសារ​នោះ​បញ្ជាក់​ថា «សូម​ពលរដ្ឋ​ខ្មែរ​មេត្តា​ប្រើ​សិទ្ធិ​សេរីភាព​ទៅ​បោះឆ្នោត​ទៅ​តាម​សតិសម្បជញ្ញៈ​របស់​ខ្លួន​ម្នាក់ៗ ដែល​មាន​ទំនុក​ចិត្ត​ទៅ​លើ​បេក្ខជន​ណា​ម្នាក់ ឬ​គណបក្ស​នយោបាយ​ណា​មួយ​ដោយ​សេរី។»

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២០ កុម្ភៈ នេះ​ថា ការ​ស្ដីបន្ទោស​ព្រះមហាក្សត្រ​មិនមែន​ជា​ដំណោះស្រាយ​សម្រាប់​អ្នក​នយោបាយ​ទេ គឺ​រឹតតែ​ធ្វើ​ឱ្យ​មាន​វិបត្តិ​នយោបាយ​ទៅវិញ​ប៉ុណ្ណោះ ព្រោះ​ព្រះមហាក្សត្រ​ទ្រង់​មិនមែន​ជា​ភាគី​ជម្លោះ​នៃ​អ្នក​នយោបាយ​ឡើយ ដូច្នេះ​អ្នក​នយោបាយ​ដែល​មាន​ជម្លោះ គួរ​សុំ​ការ​ដោះស្រាយ​ពី​ព្រះអង្គ ដើម្បី​ឱ្យ​មាន​ការ​ផ្សះផ្សា និង​ការ​បង្រួបបង្រួម​ជាតិ។

លោក សេក សុជាតិ លើកឡើង​ថា មុន​នឹង​បន្ទោស​ព្រះមហាក្សត្រ អ្នក​នយោបាយ​ទាំងនោះ​គួរតែ​មើល​ពី​ទង្វើ​របស់​ខ្លួន​វិញ​ថា តើ​ពួកគេ​បាន​ធ្វើ​អ្វី​ខ្លះ។ លោក​បន្ត​ថា អ្នក​នយោបាយ​ខ្លះ​បាន​ទុក​ព្រះមហាក្សត្រ​ចោល ដោយ​មិន​ខ្វល់​ពី​ព្រះអង្គ​ឡើយ ប៉ុន្តែ​ពេល​មាន​បញ្ហា​ដល់​ខ្លួនឯង បែរ​ជា​យក​ព្រះអង្គ​ធ្វើ​ជា​ផ្ទាំង​ស៊ីប​សម្រាប់​ខ្លួន​បញ្ចេញ​កំហឹង​ទៅវិញ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា ការ​ប្រើ​សំណួរ​ដ៏​ច្រើន​របស់​លោក សម រង្ស៊ី គ្រាន់តែ​ជា​វិធី​បង្វែរ​កំហុស​ដាក់​បន្ទុក​លើ​ព្រះមហាក្សត្រ ដើម្បី​បិទបាំង​កំហុស​ខ្លួនឯង​ប៉ុណ្ណោះ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា លោក សម រង្ស៊ី បន្ទោស​ព្រះមហាក្សត្រ​ចំពោះ​ការ​យាង​ទៅ​បើក​សម័យប្រជុំ​រដ្ឋសភា​កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ដើម្បី​ផ្តល់​ភាព​ស្រប​ច្បាប់​ឲ្យ​បក្ស​កាន់​អំណាច​ក្រោយ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​នោះ។

ប្រភព​ដដែល​លើកឡើង​ថា លោក សម រង្ស៊ី ភ្លេច​ថា កាលពី​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ក្រោម​ការ​ចរចា​នយោបាយ​ដែល​ត្រូវ​ផ្តល់​តួនាទី​ឱ្យ​គាត់​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច អតីត​មេដឹកនាំ​ប្រឆាំង​រូប​នេះ​ក៏​ធ្លាប់​បាន​ដឹកនាំ​មន្ត្រី​របស់​ខ្លួន​ចូល​បំពេញ​ភាព​ស្រប​ច្បាប់​ឱ្យ​រដ្ឋសភា​មិន​គ្រប់​ទឹក​របស់​បក្ស​កាន់​អំណាច​ដែរ ដែល​ធ្វើ​ឱ្យ​លោក ហ៊ុន សែន មាន​ឱកាស​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៧ កន្លងទៅ។

ដូច្នេះ ពលរដ្ឋ​ខ្មែរ​គួរ​សួរ​លោក សម រង្ស៊ី អំពី​ការ​សម្រេច​ចិត្ត​ចូល​ប្រជុំ​សភា​កាលពី​ឆ្នាំ​២០១៣ ដើម្បី​ផ្តល់​ភាព​ស្រប​ច្បាប់​ឲ្យ​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ដែរ​ឬ​ទេ ឲ្យ​ដូច​ការ​សួរ​របស់​គាត់​ទៅ​កាន់​ព្រះមហាក្សត្រ​នៅ​ពេលនេះ​អ៊ីចឹង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស