38.8 C
Phnom Penh

អ្នកវិភាគ​ខ្លះ​និយាយ​ថា​សង្គ្រាម​រុស្ស៊ី​និង​អ៊ុយក្រែន​អាច​នឹង​គ្មាន​អ្នក​ឈ្នះ​ឬ​គ្មាន​អ្នក​ចាញ់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មក​ដល់​ពេលនេះ សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន បាន​ឆ្លង​ផុត​ជាង ១​ឆ្នាំ​ទៅ​ហើយ។ ក្នុង​រយៈពេល​មួយ​ឆ្នាំ​នេះ កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ស្លាប់​មាន​ចំនួន​ច្រើន​ប្រហាក់ប្រហែល​គ្នា។

ប៉ុន្តែ​បើ​តាម​មន្ត្រី​ចារកម្ម​របស់​អង់គ្លេស និង​អាមេរិក គឺ​កងទ័ព​របស់​រុស្ស៊ី​បាត់បង់​នៅ​លើ​ទឹកដី​នៃ​សមរភូមិ​អ៊ុយក្រែន​កើនឡើង​ដល់​ទៅ​ជាង ២០​ម៉ឺន​នាក់ ដែល​ក្នុង​នោះ​មាន​ទាំង​អ្នក​ស្លាប់ និង​អ្នក​រង​របួស។

ជាមួយ​គ្នា​នេះ សព្វាវុធ​របស់​រុស្ស៊ី​បាត់បង់​ក្នុង​សមរភូមិ​អាច​មាន​ចំនួន​រហូត​ដល់​ទៅ​ជិត ២​ម៉ឺន​គ្រឿង ក្នុង​នោះ​រថក្រោះ​ជាង ៣៣០០​គ្រឿង រថពាសដែក​ជិត ៧​ពាន់​គ្រឿង និង​ប្រព័ន្ធ​កាំភ្លើង​ធំ​ជិត ៣​ពាន់​គ្រឿង។

អ្នកជំនាញ​យោធា​របស់​ពួក​បស្ចិម​ប្រទេស​យល់​ឃើញ​ថា បើ​មហាអំណាច​រុស្ស៊ី​បាត់បង់​សព្វាវុធ​អន្តរាគមន៍​ទ័ព​ថ្មើរជើង​ធ្ងន់ធ្ងរ​ដូចនេះ អាច​ពិបាក​ក្នុង​ការ​យក​ឈ្នះ​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន។

អ្នក​សង្កេតការណ៍​ខ្លះ​មើល​ឃើញ​ថា បើ​ទោះជា​រុស្ស៊ី​ពិបាក​ឈ្នះ​សង្គ្រាម​លើ​ទឹកដី​អ៊ុយក្រែន ក៏​ពិត​មែន តែ​អ៊ុយក្រែន ក៏​មិន​អាច​វាយលុក​ចូល​ទឹកដី​រុស្ស៊ី ឬ​ក៏​ធ្វើ​សង្គ្រាម​ឈ្នះ​រុស្ស៊ី​បាន​នោះ​ទេ បើ​ទោះជា​សព្វាវុធ​របស់​ពួក​បស្ចិម​ប្រទេស​ផ្ដល់​ទៅ​ឲ្យ​អ៊ុយក្រែន កាន់​តែ​មាន​ចំនួន​ច្រើន​ក៏ដោយ ព្រោះ​រុស្ស៊ី ក៏​មិន​ទាន់​ចុះ​ខ្សោយ​ទ័ព​ថ្មើរជើង​រហូត​ដល់​អាច​ចាញ់​សង្គ្រាម​នោះ​ដែរ។

ដូច្នេះ​ហើយ នាំ​ឲ្យ​មាន​ទស្សនៈ​ពីរ​ផ្ទុយ​គ្នា។ ទស្សនៈ​មួយ​យល់​ឃើញ​ថា បើ​ប្រទេស​ពីរ​នេះ​មិន​អាច​បញ្ចប់​សង្គ្រាម​ដោយ​មាន​អ្នក​ឈ្នះ និង​អ្នក​ចាញ់ វា​នឹង​នាំ​ទៅ​រក​សង្គ្រាម​ដូច​នៅ​ឧបទ្វីប​កូរ៉េ ដែល​បាន​ផ្ទុះឡើង​កាលពី​ដើម​ទសវត្ស​ឆ្នាំ​១៩៥០ ដែល​នាំ​ឲ្យ​ប្រទេស​កូរ៉េ​បែងចែក​ជា​ពីរ​មក​ដល់​បច្ចុប្បន្ន​នេះ គឺ​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង។ តែ​ទស្សនៈ​មួយ​ទៀត​យល់​ថា សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន​អាច​នឹង​បិទ​បញ្ចប់​ក្នុង​ឆ្នាំ​២០២៣ នេះ ដោយ​រក​ឃើញ​អ្នក​ឈ្នះ​សង្គ្រាម ហើយ​អ្នក​ឈ្នះ​នោះ​គេ​អាច​គិត​ថា​ប្រហែល​ជា​ប្រទេស​អ៊ុយក្រែន។

នេះ​ជា​ទស្សនៈ​ដែល​មើល​ឃើញ​ថា សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន​បច្ចុប្បន្ន​នេះ​ទំនង​មាន​តែ​បញ្ចប់​តាមរយៈ​ការ​ចរចា​តែប៉ុណ្ណោះ គឺ​ភាគី​ទាំង​ពីរ​យល់ព្រម​ទទួល​យក​ភាព​ស្មើ​គ្នា​នៅ​លើ​សមរភូមិ​ដោយ​គ្មាន​ភាគី​ណា​មួយ​មាន​ប្រៀប​ក្នុង​សង្គ្រាម​នោះ​ទេ។

វា​មាន​ន័យ​ថា អ៊ុយក្រែន​យល់ព្រម​ទៅ​តាម​ការ​ទាមទារ​របស់​រុស្ស៊ី​មួយ​ចំនួន ហើយ​រុស្ស៊ី​ក៏​យល់ព្រម​តាម​ការ​ដាក់​លក្ខខណ្ឌ​របស់​អ៊ុយក្រែន​ផង​ដែរ។

គេ​អាច​គិត​ថា អ៊ុយក្រែន​ជា​ជនរងគ្រោះ​នៃ​សង្គ្រាម​ត្រូវតែ​បង្ខំ​ចិត្ត​ទទួល​យក​សន្តិភាព​ពី​រុស្ស៊ី ហើយ​រុស្ស៊ី​ខ្លួនឯង​នេះ​ក៏​សុខចិត្ត​ទទួល​យក​ការ​សម្របសម្រួល​នៃ​ការ​ដក​ទ័ព​ត្រឡប់​ទៅវិញ។ បើ​រំលឹក​អំពី​សង្គ្រាម​លើ​ឧបទ្វីប​កូរ៉េ​រយៈពេល ៤​ឆ្នាំ ទីបំផុត​សង្គ្រាម​នោះ​មិនមែន​ផ្ទុះឡើង​រវាង​កូរ៉េ​សាច់ឈាម​ខ្លួនឯង​នោះ​ទេ គឺ​ភាគី​ទាំង​ពីរ​សុទ្ធតែ​មាន​អន្តរាគមន៍​ពី​ពួក​មហាអំណាច​ដូចៗ​គ្នា ដែល​ពេល​នោះ​គេ​ហៅ​ថា​សង្គ្រាម​ត្រជាក់ ហើយ​សង្គ្រាម​ត្រជាក់​នេះ​គឺជា​ការ​ប្រទាញប្រទង់​រវាង​ប្លុក​សេរី និង​ប្លុក​កុម្មុយនីស្ត។

ប្លុក​សេរី​មាន​អាមេរិក​នៅ​ពីក្រោយ​កូរ៉េខាងត្បូង ហើយ​ប្លុក​កុម្មុយនីស្ត​មាន​សហភាព​សូវៀត និង​ចិន នៅ​ពីក្រោយ​កូរ៉េខាងជើង។

សង្គ្រាម​ឧបទ្វីប​កូរ៉េ ទ័ព​អាមេរិក​រាប់​ម៉ឺន​នាក់​ចូល​ជួយ​កូរ៉េខាងត្បូង ចំណែក​កូរ៉េខាងជើង​មាន​ទ័ព​ចិន​រាប់​ម៉ឺន​រាប់​សែន​នាក់ ហើយ​ជំនួយ​សព្វាវុធ​យ៉ាង​សម្បើម​ពី​សហភាព​សូវៀត។ សង្គ្រាម​បង្ហូរ​ឈាម​មិន​ត្រឹមតែ​ជាតិ​សាសន៍​កូរ៉េ​បងប្អូន​នឹង​គ្នា​នោះ​ទេ គឺ​ជាតិ​សាសន៍​ដទៃ ចិន និង​អាមេរិក ក៏​ស្លាប់​នៅ​លើ​សមរភូមិ​នេះ​ដែរ។

យ៉ាងណា ចិន​បញ្ជូន​ទ័ព​រាប់​សែន​នាក់​ច្រើន​ជាង​អាមេរិក​រាប់​សិប​ដង​ចូល​ជួយ​កូរ៉េខាងជើង។ ដល់​ទី​បញ្ចប់​នៃ​ការ​បិទ​បញ្ចប់​សង្គ្រាម​តាមរយៈ​ការ​ចរចា​នៅ​អំឡុង​ខែ​កក្កដា ឆ្នាំ​១៩៥៣ គេ​រក​ឃើញ​ទ័ព​ចិន​ស្លាប់​លើសលប់ គឺ​រហូត​ដល់​ទៅ​ជាង ៣​សែន​នាក់ ខណៈ​ទ័ព​អាមេរិក​ស្លាប់​ប្រមាណ​ជា​ជាង ៣​ម៉ឺន​នាក់។

ការ​បិទ​បញ្ចប់​សង្គ្រាម​នៅ​កូរ៉េ​កើតឡើង​ដោយ​ភាគី​ទាំង​ពីរ​យល់ព្រម​ជាមួយ​គ្នា ខណៈ​អាមេរិក និង​សហភាព​សូវៀត ក៏​យល់ព្រម​បញ្ចប់​សង្គ្រាម​ផង​ដែរ ហើយ​ក៏​ឈាន​ទៅ​ដល់​ការ​ពុះ​ច្រៀក​ទឹកដី​កូរ៉េ​ជា​ពីរ​មក​ដល់​បច្ចុប្បន្ន​នេះ។

នេះ​ជា​ទស្សនៈ​មួយ​ដែល​គេ​គិត​ថា សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​កំពុង​ដើរ​លើ​ផ្លូវ​នៃ​សង្គ្រាម​ឧបទ្វីប​កូរ៉េ​កាលពី​ទសវត្ស​១៩៥០។

តើ​អនាគត​សង្គ្រាម​នៅ​អ៊ុយក្រែន​អាច​ដូច​នៅ​ឧបទ្វីប​កូរ៉េ​ដែរ​ឬ​ទេ?

ចម្លើយ​នៃ​សំណួរ​នេះ គេ​នឹង​អាច​ដឹង​ទៅ​តាម​ពេលវេលា​ជាក់ស្ដែង​ប៉ុណ្ណោះ ព្រោះ​ភាគី​ទាំង​ពីរ រុស្ស៊ី និង​អ៊ុយក្រែន ដូចជា​ពុំ​ទាន់​ចង់​បញ្ចប់​សង្គ្រាម​តាមរយៈ​ការ​ចរចា​នោះ​ទេ ជាពិសេស​គឺ​អ៊ុយក្រែន​ដែល​ជា​ជនរងគ្រោះ​នៃ​សង្គ្រាម​របស់​រុស្ស៊ី។

យ៉ាងណា ទស្សនៈ​មួយ​ទៀត​ដែល​មើល​ទៅ​ផ្ទុយ​នឹង​ទស្សនៈ​ទី​មួយ​នោះ គេ​អាច​និយាយ​ថា សហរដ្ឋ​អាមេរិក និង​ពួក​បស្ចិម​ប្រទេស​គេ​មិន​ឲ្យ​សង្គ្រាម​អ៊ុយក្រែន​បិទ​បញ្ចប់​ដូច​ឧបទ្វីប​កូរ៉េ​នោះ​ទេ។ ទស្សនៈ​នេះ​គេ​មើល​ឃើញ​ឆន្ទៈ​របស់​អាមេរិក​កំពុង​ដឹក​មុខ​គេ​នៃ​សម្ព័ន្ធភាព​របស់​ខ្លួន ដើម្បី​លើក​ទឹកចិត្ត​ឲ្យ​អ៊ុយក្រែន​មិន​ត្រឹមតែ​ការពារ​ទឹកដី​របស់​ខ្លួន​ដែល​រង​ការ​វាយ​កាន់កាប់​បាន​ដោយ​ទ័ព​រុស្ស៊ី​នោះ​ទេ គឺ​សូម្បីតែ​ឧបទ្វីប​គ្រីមៀរ ដែល​រុស្ស៊ី​យក​បាន​ពី​អ៊ុយក្រែន កាលពី​ឆ្នាំ​២០១៤ ក៏​ពួក​បស្ចិម​ប្រទេស​ទាំងនោះ​កំពុងតែ​រុញ​ឲ្យ​អ៊ុយក្រែន​លើក​ទ័ព​ចូល​ទៅ​លុកលុយ​តំបន់​នេះ ហើយ​រំដោះ​តំបន់​នេះ​មក​វិញ​ដែរ។

មូលហេតុ​ពួក​បស្ចិម​ប្រទេស​គិត​ថា បើ​អ៊ុយក្រែន​វាយ​រុល​ចូល​គ្រីមៀរ គេ​នឹង​បាន​ឃើញ​ការ​ដោះដូរ​ការ​ដឹកនាំ​ក្នុង​ប្រទេស​រុស្ស៊ី ពីព្រោះ​លោក វ៉្លាឌីមៀ ពូទីន ជា​អ្នក​បញ្ជា​ឲ្យ​លើក​ទ័ព​លុកលុយ​អ៊ុយក្រែន ជាង ២៥​ម៉ឺន​នាក់​នោះ​អាច​នឹង​ត្រូវ​ផ្ទៃក្នុង​របស់​ខ្លួន​ផ្ដួល​រលំ ឬ​ក៏​លោក ពូទីន ផ្ទាល់​ធ្វើ​អត្តឃាត​អំណាច​របស់​ខ្លួនឯង​តែម្ដង។ នេះ​មាន​ន័យ​ថា បុរស​ខ្លាំង​ម្នាក់​សុខចិត្ត​ចាញ់​សង្គ្រាម​តែ​ម្នាក់​ឯង ប៉ុន្តែ​គាត់​នឹង​មិន​ឲ្យ​រុស្ស៊ី​ចាញ់​សង្គ្រាម​នៅ​អ៊ុយក្រែន ឬ​ចាញ់​ពួក​បស្ចិម​ប្រទេស​នោះ​ទេ។

យ៉ាងណា បើ​លោក ពូទីន អស់​អំណាច របប​ដឹកនាំ​របស់​លោក​ក៏​រលាយ​ផង​ដែរ។ ដូចនេះ​ការ​ធ្វើ​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន អាច​នឹង​ទៅ​រក​ពេលវេលា​បញ្ចប់​បាន ព្រោះ​មេដឹកនាំ​ដែល​មាន​មហិច្ឆតា​ពង្រីក​ទឹកដី ក៏​បាត់​ស្រមោល​នៅ​ក្នុង​វិមាន​ក្រឹមឡាំង​ផង​ដែរ។

មាន​ន័យ​ថា មេដឹកនាំ​ជំនាន់​ក្រោយ​អាច​នឹង​ទទួល​យក​ការ​បញ្ចប់​សង្គ្រាម​របស់​អ៊ុយក្រែន និង​ពួក​បស្ចិម​ប្រទេស​ដោយ​ការ​កំណត់​អធិបតេយ្យភាព​ជាមួយ​អ៊ុយក្រែន​ឡើងវិញ និង​ការ​កំណត់​នយោបាយ​ក្នុង​តំបន់​ឡើងវិញ​ផង​ដែរ។

ត្រង់​ចំណុច​នេះ អ្នកវិភាគ​ខ្លះ​មើល​ឃើញ​ថា បើ​អ៊ុយក្រែន​បែរ​ជា​ឈ្នះ​សង្គ្រាម គឺ​រុស្ស៊ី​ក្លាយ​ជា​អ្នក​ចាញ់​សង្គ្រាម ហើយ​ចង់​មិន​ចង់ គ្រីមៀរ​ពិត​ជា​នឹង​ក្លាយ​ទៅ​ជា​ទឹកដី​របស់​អ៊ុយក្រែន​វិញ។ ដូចនេះ​គេ​នឹង​រក​ឃើញ​ពេលវេលា​នៃ​ការ​បញ្ចប់​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន គឺ​មាន​អ្នក​ឈ្នះ​មាន​អ្នក​ចាញ់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស