សារព័ត៌មានរបស់ប្រទេសជប៉ុន ឲ្យដឹងថា គ្រួសារត្រកូល ទៀ និងគ្រួសារត្រកូល ហ៊ុន កំពុងមានប៉ះទង្គិចគ្នាក្នុងផែនការសន្តតិវង្សរបស់លោក ហ៊ុន សែន ស្របពេលដែលចិន ហាក់មិនមានជំនឿលើលោក ហ៊ុន ម៉ាណែត ជាមេដឹកនាំថ្មីរបស់ប្រទេសកម្ពុជាទៅថ្ងៃមុខ។
គ្រួសារសាច់ញាតិរបស់លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ កំពុងតែគំរាមផែនការរបស់លោក ហ៊ុន សែន ចង់ដំឡើងសាច់ញាតិរបស់លោកនៅក្នុងក្រសួងការពារជាតិ ដែលធ្វើឱ្យស្ថាប័ននេះធ្លាក់ក្នុងឥទ្ធិពលរបស់ចិន។
សារព័ត៌មានរបស់ជប៉ុន ASIA TIMES កាលពីថ្ងៃទី៧ ខែមីនា បានចុះផ្សាយថា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ ត្រូវបានរាយការណ៍ថា លោកបានរាំងខ្ទប់ផែនការរបស់លោក ហ៊ុន សែន ដែលចង់ដំឡើងតួនាទីដ៏ធំរបស់កូនប្រុសគាត់ម្នាក់ក្នុងក្រសួងការពារជាតិ។
ប្រភពដដែលឲ្យដឹងថា គេសង្កេតឃើញជម្លោះមួយកើតឡើងនៅក្នុងសាច់ញាតិអ្នកនយោបាយកំពូលៗនៃប្រទេសកម្ពុជាដែលកំពុងកាន់អំណាច ដែលមើលទៅជាការតស៊ូមតិប្រជែងនឹងផែនការសន្តតិវង្សរបស់បុរសខ្លាំង លោក ហ៊ុន សែន ដែលនាំឱ្យមានការចោទសួរថា តើចិនពិតជាគាំទ្រលោក ហ៊ុន សែន ឲ្យផ្ទេរអំណាចទៅឱ្យកូនប្រុសច្បងរបស់លោក គឺលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ពិតដែរឬទេ?
ប្រភពដដែលបន្តថា ផែនការពង្រឹងសន្តតិវង្សនេះកំពុងដើរលើវិថីដ៏លំបាក ដែលមើលទៅដូចជាល្បែងផ្លាស់ប្ដូរនយោបាយដ៏ស្រួចស្រាល់មួយកំពុងផុសឡើងនៅកម្ពុជា។

យោងតាមប្រភពជាច្រើនដែលសុំមិនបញ្ចេញអត្តសញ្ញាណបានអះអាងថា ខណៈនេះគ្រួសារសាច់ញាតិរបស់លោករដ្ឋមន្ត្រីការពារជាតិ ទៀ បាញ់ កំពុងតែគំរាមកំហែងផែនការរបស់លោក ហ៊ុន សែន ដែលចង់ដំឡើងសាច់ញាតិរបស់លោកនៅក្នុងក្រសួងការពារជាតិ ដែលធ្វើឱ្យស្ថាប័ននេះធ្លាក់ក្នុងឥទ្ធិពលចិន។
ប្រភពដដែលលើកឡើងថា លោក ហ៊ុន សែន ឆ្នាំនេះមានអាយុជាង ៧០ឆ្នាំហើយ ហើយលោកកំពុងមានផែនការផ្ទេរអំណាចតំណែងនាយករដ្ឋមន្ត្រីទៅឱ្យកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ដែលបុរសវ័យក្មេងរូបនេះមានឋានៈជាមេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទកម្ពុជា ហើយបេក្ខភាពរបស់លោក ហ៊ុន ម៉ាណែត ក៏មានការទទួលស្គាល់ទៅហើយនៅក្នុងសមាជបក្សប្រជាជនកម្ពុជាកាលពីចុងឆ្នាំ២០២១។
ប្រភពលាក់អត្តសញ្ញាណមួយបានទម្លាយថា សាច់ញាតិមួយរបស់លោក ហ៊ុន សែន ដែលសុំដំឡើងតួនាទីជាន់ខ្ពស់ក្នុងក្រសួងការពារជាតិ ត្រូវបានរាំងខ្ទប់ ដែលក្រសួងនេះស្ថិតនៅក្រោមអំណាចរបស់លោក ទៀ បាញ់។
នេះជាការគំរាមមួយដល់សាច់ញាតិរបស់លោក ហ៊ុន សែន ដែលគេមើលឃើញថាជាជម្លោះកើតឡើងពីការដណ្ដើមកាន់កាប់គ្រប់គ្រងក្រសួងការពារជាតិទៅថ្ងៃខាងមុខ។
គេជឿថា ជម្លោះនេះជាការបញ្ជូនសារមួយប្រាប់ទៅលោក ហ៊ុន សែន ដែលតែងតែធ្វើការវះកាត់សេចក្ដីសម្រេចទៅលើស្ថាប័នមួយ ដែលលោកយកអំណាចរបស់លោកជានាយករដ្ឋមន្ត្រីទៅចាត់ចែងលើអំណាចរដ្ឋមន្ត្រីរបស់ក្រសួង។
លោក ទៀ បាញ់ ដែលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិចាប់តាំងពីទសវត្ស១៩៨០ មក គេជឿថា លោកជាមន្ត្រីបក្សកំពូលមួយរូបដែរដែលគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន ម៉ាណែត។

នៅក្នុងបក្សប្រជាជនកម្ពុជាមានមន្ត្រីជើងចាស់ និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនដែលមានបទពិសោធន៍ តែដើម្បីសាមគ្គីភាពក្នុងបក្ស និងដើម្បីផលប្រយោជន៍អំណាចរបស់ខ្លួន ថ្នាក់ដឹកនាំបក្សទាំងអស់នោះយល់ព្រមចំពោះសំណើរបស់លោក ហ៊ុន សែន ដែលលើកលោក ហ៊ុន ម៉ាណែត សម្រាប់បេក្ខភាពនាយករដ្ឋមន្ត្រីក្នុងបក្ស។
ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត មានអាយុ ៤៤ឆ្នាំ ជាមេបញ្ជាការកងទ័ពជើងគោក និងជាអគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទកម្ពុជា។ លោក ហ៊ុន ម៉ាណែត ក៏ជាប្រធានយុវជនរបស់បក្ស និងជាអ្នកគ្រប់គ្រងជំនួយសប្បុរសធម៌របស់បក្សទៀតផង។
ចំណែកកូនប្រុសម្នាក់ទៀតរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី។ លោកជាសមាជិកសភា និងជាប្រធានសម្ព័ន្ធយុវជនកម្ពុជា។ រីឯកូនប្រុសលោក ហ៊ុន សែន ម្នាក់ទៀតឈ្មោះ ហ៊ុន ម៉ានិត ត្រូវបានស្នើដំឡើងឋានៈស្មើនឹងរដ្ឋមន្ត្រីកាលពីខែធ្នូ ឆ្នាំ២០២២ ខណៈលោកជាប្រធានអង្គភាពចារកម្មរបស់ក្រសួងការពារជាតិផងដែរនោះ។
យ៉ាងណា លោក ទៀ បាញ់ និងលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អ្នកទាំងពីរគឺជាឧបនាយករដ្ឋមន្ត្រី។ ពួកគាត់ទាំងពីរនាក់នេះត្រូវគេមើលឃើញថា បានគាំទ្រផែនការស្នងតំណែងរបស់លោក ហ៊ុន សែន ដោយស្ថិតក្នុងកាលៈទេសៈពិសេស។
តែឥឡូវនេះ ពួកគាត់ទទួលបានការធានាថា សាច់ញាតិ និងកូនចៅរបស់ពួកគាត់អាចនឹងទទួលបានការគ្រប់គ្រងក្រសួងរបស់ឪពុកដែលកំពុងកាន់កាប់ ឱ្យតែពួកគាត់ទាំងពីរយល់ព្រមតាមផែនការផ្ទេរអំណាចរបស់លោក ហ៊ុន សែន ទៅឱ្យកូនប្រុសរបស់គាត់ គឺលោក ហ៊ុន ម៉ាណែត។
គេជឿថា កូនប្រុសលោក ទៀ បាញ់ គឺលោក ទៀ សីហា ដែលបច្ចុប្បន្នជាអភិបាលខេត្តសៀមរាប ក៏អាចនឹងក្លាយជារដ្ឋមន្ត្រីការពារជាតិជំនួសឪពុករបស់ខ្លួនដែរ។ ការស្នងតំណែងសម្រាប់អ្នកជំនាន់ក្រោយនេះ ក៏អាចធ្លាក់ដល់ជំនាន់ក្រោយទៀត គឺរហូតដល់ចៅឯណោះ។ ប៉ុន្តែការសន្យារបស់លោក ហ៊ុន សែន ក៏មានភាពស្មុគស្មាញ និងមានការជំទាស់ខ្លះៗដែរ។
សារព័ត៌មាន Asia Times បានរាយការណ៍មកថា ពលរដ្ឋខ្មែរដែលមានសមត្ថភាពអាចគ្មានឱកាសនោះទេ ហើយពួកគេអាចគិតថាវាសំខាន់ណាស់នៅពេលនេះដែលពួកគេត្រូវគិតថា ខ្លួនគួរមានឱកាសដែរ ឬក៏អត់នោះ។ ដូច្នេះ ភាពលំបាកអាចមានចំពោះផែនការសន្តតិវង្ស ព្រោះយុវជនកម្ពុជាភាគច្រើនក៏មានសមត្ថភាពដែរ។
សារព័ត៌មានមួយនេះបានធ្វើការវិភាគថា ឫសគល់នៃជម្លោះក៏អាចកើតមានទាក់ទងទៅនឹងឥទ្ធិពលចិន ដែលជាមិត្តដែកថែបរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ជាមួយក្រុមមិននិយមចិន។ មានកត្តាច្រើនទៀតដែលលោក ហ៊ុន សែន ពិបាកត្រួសត្រាយផ្លូវសម្រាប់កូនប្រុសរបស់គាត់។ ជាពិសេស ករណីរដ្ឋការអាមេរិកសង្ស័យថា កម្ពុជាបានចុះហត្ថលេខាសម្ងាត់រួចទៅហើយជាមួយចិន អំពីការផ្ដល់ឱ្យមានវត្តមានទ័ពចិននៅមូលដ្ឋានទ័ពជើងទឹករាមកម្ពុជា ដែលវាបង្កើតឱ្យមានឥទ្ធិពលចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសប៉ះពាល់ដល់វៀតណាម និងប្រទេសថៃ ព្រោះចិន ចង់មានវត្តមានទ័ពរបស់ខ្លួននៅលើទឹកដីកម្ពុជា ដើម្បីឱ្យចិនមានកម្លាំង និងអនុត្តរភាពជុំវិញជម្លោះសមុទ្រចិនខាងត្បូង។
បើទោះជាកម្ពុជា និងចិន តែងតែច្រានចោលការសង្ស័យរបស់អាមេរិកក៏ដោយ ប៉ុន្តែក្រសួងការពារជាតិរបស់អាមេរិក បញ្ជាក់ច្បាស់ហើយថា មូលដ្ឋានទ័ពជើងទឹករាម គឺជាមូលដ្ឋានកងទ័ពជើងទឹករបស់ចិន នៅក្នុងដែនដីអាស៊ីប៉ាស៊ីហ្វិកនេះ។
ផលប្រយោជន៍របស់ចិនមាននៅកម្ពុជាសឹងគ្រប់តំបន់ តែចិនដូចជាមិនសប្បាយចិត្តច្រើនទេ បើទោះបីក្នុងចំណោមថ្នាក់ដឹកនាំកម្ពុជាមួយចំនួនមិនទទួលយកនូវអ្វីដែលចិនចង់បានពីកម្ពុជា។ លោក ហ៊ុន សែន កាលពីខែមុននេះបានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ហើយបានជួបនឹងលោក ស៊ី ជីនពីង ដោយមានវត្តមានលោក ហ៊ុន ម៉ាណែត ដែរ។ នេះជាលើកទីពីរហើយដែលលោក ហ៊ុន ម៉ាណែត បានជួបលោក ស៊ី នៅក្រុងប៉េកាំង។
ប្រភពការទូតមួយបានប្រាប់ Asia Times ថា ក្រុងប៉េកាំង ដូចជាមិនទាន់គិតដល់លោក ហ៊ុន ម៉ាណែត សក្ដិសម ឬអាចក្លាយជាមេដឹកនាំថ្មីរបស់កម្ពុជានៅឡើយទេ បើទោះជាលោកមានបរិញ្ញាបត្រផ្នែកយោធាមកពីសាលា West Point ក្នុងសហរដ្ឋអាមេរិកក៏ដោយ ហើយដែលមើលទៅ ចិនអាចមិនទុកចិត្តចំពោះបុគ្គលដែលស្នងតំណែងលោក ហ៊ុន សែន រូបនេះ។
ជាមួយគ្នានេះក៏មានការចោទសួរអំពីឥទ្ធិពលចិននៅក្នុងក្រសួងការពារជាតិកម្ពុជា ហើយថាតើចិនចង់បានអ្វីពីក្រសួងមួយនេះសម្រាប់ថ្ងៃខាងមុខ ព្រោះលោក ហ៊ុន ម៉ាណែត ដូចជានៅខ្វះអ្នកស្មោះត្រង់ក្នុងក្រសួងមួយនេះ។
ចំណែកករណីលោក ទៀ វិញ ប្អូនប្រុសរបស់លោក ទៀ បាញ់ ជាមេទ័ពជើងទឹកកម្ពុជា ត្រូវបានអាមេរិកដាក់ទណ្ឌកម្មករណីពុករលួយ ជុំវិញការស្ថាបនាឡើងវិញនូវមូលដ្ឋានទ័ពជើងទឹករាម ដែលជាជំនួយរបស់ចិន។ ថ្មីៗនេះមានការចុះផ្សាយជាច្រើនអំពីការជួញដូរមនុស្សពាក់ព័ន្ធនឹងពលរដ្ឋចិនចូលមកកម្ពុជា។
សាស្ត្រាចារ្យនៃសាកលវិទ្យាល័យរដ្ឋ Arizona សហរដ្ឋអាមេរិក លោក អៀ សុផុល បានចោទជាសំណួរថា តើលោក ស៊ី ពិតជាគាំទ្រលោក ហ៊ុន ម៉ាណែត ជាមេដឹកនាំថ្មីសម្រាប់កម្ពុជាដែរឬទេ?
ចំណែកអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Asia Times លោក ហ៊ុន សែន អាចបញ្ជាឲ្យគេចាប់លោក ទៀ បាញ់ ជាក់ជាមិនខាន បើគាត់អាចធ្វើទៅរួច។
លោក សម រង្ស៊ី បញ្ជាក់ថា លោក ទៀ បាញ់ ដែលមានឋានៈជារដ្ឋមន្ត្រីក្រសួងការពារជាតិសព្វថ្ងៃនេះមានកងកម្លាំងប្រដាប់អាវុធក្រោមបញ្ជាគាត់ពេញដៃ ដូច្នេះពួកគេច្បាស់ជាការពារគាត់មិនឲ្យលោក ហ៊ុន សែន ចាប់ខ្លួនលោក ទៀ បាញ់ ជាដាច់ខាត។

រីឯអ្នកវិភាគឯករាជ្យ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily ថា លោក ហ៊ុន សែន ពឹងតែលើកងកម្លាំងអង្គរក្សដែលគាត់បង្កើតឡើងប៉ុណ្ណោះ ចំណែកលោក ទៀ បាញ់ មានកម្លាំងកងទ័ពនៅក្រសួងការពារជាតិមួយផ្នែកធំដែលគាំទ្រគាត់ ដូច្នេះទោះលោក ហ៊ុន សែន ចង់ចាប់លោក ទៀ បាញ់ ក៏មិនស្រួលពេកនោះដែរ។
អ្នកវិភាគឯករាជ្យរូបនេះបញ្ជាក់ថា ផែនការលោក ហ៊ុន សែន គឺក្តោបក្តាប់អំណាចផ្ដាច់មុខតែក្រុមគ្រួសារគាត់ប៉ុណ្ណោះ ដូច្នេះប្រសិនបើលោក ទៀ បាញ់ លោក ស ខេង និងអ្នកស្រី ម៉ែន សំអន មិនរើបម្រះពីពេលនេះទេ ពួកគេនឹងលែងមានឱកាសទៀតហើយ ព្រោះនៅពេលដែលគ្រួសារលោក ហ៊ុន សែន ក្តាប់អំណាចបានពេញដៃ សូម្បីពួកគេចង់ការពារខ្លួនក៏មិនអាចការពារបានដែរ។
កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ គណបក្សប្រជាជនកម្ពុជាបានសម្រេចគាំទ្រលោក ហ៊ុន ម៉ាណែត ឱ្យធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តពីលោក ហ៊ុន សែន ប៉ុន្តែការសម្រេចនេះមានការទម្លាយថា ដោយសារតែលោក ហ៊ុន សែន គំរាម និងបញ្ចុះបញ្ចូល ដោយការដំឡើងតំណែងមន្ត្រីក្នុងបក្សរបស់ខ្លួនដែលចង់ចូលមកកាន់តំណែងនេះគ្រប់ៗគ្នាតែប៉ុណ្ណោះ៕