42.2 C
Phnom Penh

បុរស​ខ្លាំង​លោក ហ៊ុន សែន បន្ត​គំរាម​តាម​កម្ទេច​អ្នក​ដែល​មាន​បំណង​បំផ្លាញ​សន្តិភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​ដែល​ចូលចិត្ត​អួត​ពី​សន្តិភាព​ក្រោម​អំណាច​ផ្ដាច់មុខ លោក ហ៊ុន សែន បន្ត​គំរាម​តាម​កម្ទេច​អ្នក​ដែល​មាន​បំណង​បំផ្លាញ​សន្តិភាព​របស់​ប្រទេស​កម្ពុជា​ដោយ​មិន​ញញើត ទោះ​ត្រូវ​ប្រើ​វិធី​បែប​ណា និង​ត្រូវ​លះបង់​ក្នុង​តម្លៃ​ណា​ក៏ដោយ។

បុរស​ខ្លាំង​ក្តាប់​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្ត​កំពង់ធំ កាលពី​ថ្ងៃទី​៩ មីនា ថា នរណា​ក៏ដោយ​ដែល​មាន​បំណង ឬ​ធ្វើ​សកម្មភាព​ដើម្បី​បំផ្លាញ​សន្តិភាព​របស់​ប្រទេស​កម្ពុជា លោក​មិន​ញញើត​ក្នុង​ការ​ប្រើ​គ្រប់​មធ្យោបាយ និង​គ្រប់​វិធានការ​ទាំងអស់​ក្នុង​ការ​តបត​ជាមួយ​ពួកគេ​ឡើយ ដើម្បី​រក្សា​នូវ​សន្តិភាព និង​ធានា​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ទៅ​ថ្ងៃ​មុខ។

មេដឹកនាំ​កម្ពុជា​ដែល​សល់​ពី​របប​យង់ឃ្នង លោក ហ៊ុន សែន អះអាង​ថា សន្តិភាព​មាន​តម្លៃ​ជាង​អ្វីៗ​ទាំងអស់។ លោក​បន្ថែម​ថា បើ​មិន​មាន​សន្តិភាព​ទេ សូម​កុំ​និយាយ​ដល់​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​សោះ គឺ​អាច​និយាយ​បាន​ត្រឹមតែ​សិទ្ធិ​រស់រាន​មាន​ជីវិត​ប៉ុណ្ណោះ។

អតីត​មេ​កម្មាភិបាល​ខ្មែរក្រហម លោក ហ៊ុន សែន បញ្ជាក់​ថា ប្រជាជន​កម្ពុជា​ធ្លាប់​ឆ្លងកាត់​សង្គ្រាម និង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត កន្លងមក ច្បាស់​ជា​យល់​អំពី​អ្វី​ដែល​រាជរដ្ឋាភិបាល​ចាត់​វិធានការ​ដើម្បី​រក្សា​សន្តិភាព ព្រោះ​ថា​សន្តិភាព​ត្រូវ​កើត​មុន​អ្វីៗ​ទាំងអស់ ដូច្នេះ​មិន​ត្រូវ​ឱ្យ​ប្រទេស​ណា​មួយ ឬ​ក្រុម​ណា​មួយ​មក​បំផ្លាញ​សន្តិភាព​នៅ​ក្នុង​ប្រទេស​នេះ​ជាដាច់ខាត។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily ថា វិបត្តិ​សង្គម​ដែល​បាន​កើតឡើង​រាប់​មិន​អស់​នៅ​កម្ពុជា គឺ​កើត​មក​តែ​ពី​អ្នក​នយោបាយ និង​អ្នក​ដឹកនាំ​ប្រទេស​ដែល​មិន​យក​ច្បាប់​របស់​ប្រទេស​ជាតិ​ជា​គោលការណ៍​ក្នុង​ការ​ដឹកនាំ​ប៉ុណ្ណោះ។ លោក​បន្ត​ថា ដោយសារ​តែ​បែប​នេះ​ហើយ បាន​នាំ​ឲ្យ​មាន​ជម្លោះ​បុគ្គល និង​បុគ្គល ដែល​បញ្ហា​នេះ​នឹង​មិន​អាច​ឲ្យ​កម្ពុជា​ទទួល​បាន​នូវ​សន្តិភាព​ពិតប្រាកដ​បាន​ទេ។

លោក មាជ សុវណ្ណារ៉ា អះអាង​ថា លោក​មាន​តែ​អបអរ​សាទរ​ទៅវិញ​ទេ​ចំពោះ​ការ​ប្រកាស​រក្សា​សន្តិភាព​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែ​គាត់​ក៏​គួរតែ​បង្ហាញ​ឲ្យ​ច្បាស់​ដែរ​ថា តើ​គាត់​នឹង​ចាប់​ដៃគូ​នយោបាយ​បែប​ណា​ជាមួយ​មេដឹកនាំ​នយោបាយ​ដែល​មាន​ឥទ្ធិពល​នៅ​កម្ពុជា ដើម្បី​ឲ្យ​កម្ពុជា​មាន​សន្តិភាព​ពិតប្រាកដ និង​យូរ​អង្វែង​ទៅ​ថ្ងៃ​មុខ ជា​មេដឹកនាំ​ដែល​ចូលចិត្ត​ប្រើ​អំពើ​ហិង្សា ការ​ជេរប្រមាថ ការ​លាប​ពណ៌ ឬ​ជា​មេដឹកនាំ​ដែល​ប្រកាន់​គោលការណ៍​អហិង្សា។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ដើម្បី​ឲ្យ​មាន​សន្តិភាព​យូរ​អង្វែង​គ្មាន​អ្វី​ក្រៅពី​អ្នក​នយោបាយ និង​មេដឹកនាំ​ប្រទេស​ដាក់​តុ​ចរចា​គ្នា និង​អនុវត្ត​ទៅ​តាម​ច្បាប់​ដែល​ខ្លួន​មាន ដើម្បី​ប្រកួតប្រជែង​ដោយ​ស្មោះត្រង់​ដោយ​តម្កល់​ប្រយោជន៍​ជាតិ​ជា​ធំ​នោះ​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ធ្លាប់​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ដើម្បី​ឱ្យ​កម្ពុជា​មាន​សន្តិភាព និង​មាន​ស្ថិរភាព​នយោបាយ​ពិតប្រាកដ ទាល់តែ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ និង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ត្រូវ​បាន​រដ្ឋាភិបាល​យក​ទៅ​អនុវត្ត​ឱ្យ​បាន​ពេញលេញ។

លោក គឹម សុខា លើកឡើង​ថា ការ​គ្រប់គ្រង និង​ការ​គាបសង្កត់​របស់​លោក ហ៊ុន សែន ដែល​ដឹកនាំ​ដោយ​ការ​រំលោភ​ទៅ​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ និង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​យ៉ាង​ព្រៃផ្សៃ​សព្វថ្ងៃ​នេះ គឺជា​ភស្តុតាង​យ៉ាង​ជាក់ច្បាស់​ពី​ការ​បំផ្លាញ​សន្តិភាព និង​បង្ក​អសន្តិសុខ​ធ្ងន់ធ្ងរ​ដល់​ប្រទេស​កម្ពុជា​ទាំងមូល។

ទាក់ទិន​នឹង​បញ្ហា​នេះ អតីត​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ពិត​មែន​តែ​កម្ពុជា​មិន​មាន​សំឡេង​គ្រាប់​ផ្លោង​ដាក់​គ្នា ប៉ុន្តែ​កម្ពុជា​ដែល​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច ធ្វើ​ឱ្យ​មាន​សំឡេង​ទ្រហោយំ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ទីកន្លែង ដោយសារ​ការ​រំលោភ​យក​ដីធ្លី ការ​ចាប់​ឃុំ​ខ្លួន​អ្នក​តវ៉ា​ដើម្បី​សេរីភាព និង​ការ​បិទ​ខ្ទប់​សេរីភាព​បញ្ចេញមតិ​គ្រប់​បែប​យ៉ាង ជាដើម។

កម្ពុជា​ដែល​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​កាន់​អំណាច​ដែល​មាន​លោក ហ៊ុន សែន ជា​មេដឹកនាំ​ជាង ៤០​ឆ្នាំ​មក​នេះ បាន​ជាប់​ក្នុង​បញ្ជី​អាក្រក់​របស់​ពិភពលោក​ជា​បន្តបន្ទាប់ ដូចជា​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ត្រូវ​អង្គការ​តម្លាភាព​អន្តរជាតិ​ដាក់​ពិន្ទុ​ឲ្យ​ជាប់​ចំណាត់ថ្នាក់​លេខ​១៥០ ក្នុង​ចំណោម​ប្រទេស​១៨០។

ដោយឡែក​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ក៏​ត្រូវ​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន ដាក់​ឲ្យ​ជាប់​ចំណាត់ថ្នាក់​លេខ​១៤២ ក្នុង​ចំណោម​ប្រទេស​១៨០ ស្រប​ពេល​ដែល​នីតិរដ្ឋ​របស់​កម្ពុជា ក៏​ត្រូវ​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក ដាក់​ចំណាត់ថ្នាក់​លេខ​១៣៩ ក្នុង​ចំណោម​ប្រទេស​១៤០ ដែរ ដែល​សុទ្ធតែ​ចំណាត់ថ្នាក់​អាក្រក់​ទាំងអស់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស