28.5 C
Phnom Penh

អ្នក​ឃ្លាំមើល៖ ការ​រំលាយ​បក្ស​អ្នកស្រី ស៊ូជី ជា​សមិទ្ធផល​លោក ហ៊ុន សែន ក្នុង​នាម​ប្រធាន​អាស៊ាន​កន្លងទៅ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​រំលាយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) របស់​អ្នកស្រី អ៊ុងសាន ស៊ូជី ពី​សំណាក់​របប​សឹក​ភូមា​នៅ​ពេលនេះ គឺជា​សមិទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន ទៅ​ជួប​មេ​រដ្ឋប្រហារ​យោធា​ភូមា​កាលពី​ដើម​ឆ្នាំ​២០២២ ដែល​គាត់​ធ្វើជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​នៅ​ពេល​នោះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៩ មីនា នេះ​ថា ការ​ប្រកាស​រំលាយ​គណបក្ស​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី នេះ គឺជា​បង្អែក​មួយ​ដែល​អាច​ជួយ​លោក ហ៊ុន សែន សម្រាប់​ដោះសា​នៅ​ពេល​ដែល​សហគមន៍​អន្តរជាតិ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​របស់​គាត់​គោរព​សិទ្ធិមនុស្ស និង​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នៅ​ពេល​ក្រោយ។

លោក​បន្ថែម​ថា បើ​មាន​ការ​ទាមទារ​បន្ត​ទៀត​ពី​សហគមន៍​អន្តរជាតិ​ឱ្យ​រដ្ឋាភិបាល​របស់​គាត់​គោរព​សិទ្ធិមនុស្ស និង​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ លោក ហ៊ុន សែន ក៏​អាច​នឹង​ជំរុញ​ឱ្យ​ពួកគេ​ទៅ​ទាមទារ​ឱ្យ​របប​សឹក​ភូមា​គោរព​លទ្ធិប្រជាធិបតេយ្យ​ដែរ ក្នុង​នាម​ភូមា​ជា​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​ដែរ​នោះ។

លោក ម៉ែន ណាត ព្រមាន​ថា លោក ហ៊ុន សែន នឹង​ប្រើ​អំណាច​ទំនើង​ចិត្ត​របស់​គាត់​កាន់តែ​ខ្លាំង ដើម្បី​បង្ក្រាប​អ្នក​ដែល​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​គាត់ ហើយ​គាត់​នឹង​យក​ប្រទេស​ភូមា​ធ្វើ​គំរូ ប្រសិនបើ​របប​សឹក​ភូមា​អនុវត្ត​ទៅ​ហើយ​គ្មាន​ការ​ដាក់​ទណ្ឌកម្ម​ណា​មួយ​ពី​ប្រទេស​លោក​សេរី​ទេ នោះ​លោក ហ៊ុន សែន នឹង​បន្ត​ការ​រំលោភ​ច្បាប់ រំលោភ​សិទ្ធិមនុស្ស និង​ជាន់ឈ្លី​លទ្ធិប្រជាធិបតេយ្យ​កាន់តែ​ខ្លាំង​ជាង​នេះ​បន្ថែម​ទៀត ជាពិសេស​គឺ​ដើម្បី​ធានា​សុវត្ថិភាព​ការ​ផ្ទេរ​អំណាច​ទៅ​កូន​របស់​គាត់​នៅ​ពេល​ខាងមុខ​នេះ​តែម្តង។

ទីភ្នាក់ងារ​សារព័ត៌មាន AFP ចុះផ្សាយ​នៅ​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០២៣ ថា គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ដែល​គ្រប់គ្រង​ដោយ​របប​សឹក​ភូមា បាន​ប្រកាស​ថា គណបក្ស​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី នឹង​ត្រូវ​បាន​រំលាយ​ចោល ដោយសារតែ​គណបក្ស​នេះ​បរាជ័យ​ក្នុង​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត​ឡើងវិញ​នៅ​ក្រោម​ច្បាប់​បោះឆ្នោត​ថ្មី​របស់​របប​សឹក​ភូមា។

ទាក់ទិន​នឹង​បញ្ហា​នេះ ទូរទស្សន៍ Myawaddy TV របស់​ភូមា បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០២៣ ថា គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) របស់​អ្នកស្រី អ៊ុងសាន ស៊ូជី ស្ថិត​នៅ​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ចំនួន​៤០ ដែល​មិន​បាន​បំពេញ​តាម​ក្រឹត្យក្រម​នៃ​កាលបរិច្ឆេទ​ចុះបញ្ជី​សម្រាប់​ការ​បោះឆ្នោត​សកល។

ការ​រំលាយ​គណបក្ស​ដែល​ជា​គូបដិបក្ខ​នឹង​ខ្លួន​នេះ ធ្វើឡើង​ដូច​គ្នា​ទៅ​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​កាលពី​ឆ្នាំ​២០១៧ ដែរ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ក្នុង​នាម​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ ទៅ​កាន់​ប្រទេស​ភូមា កាលពី​អំឡុង​ខែ​មករា ឆ្នាំ​២០២២ កន្លង​ទៅ​នោះ។

ក្នុង​ជំនួប​រវាង​លោក ហ៊ុន សែន និង​លោក មីន អ៊ុងឡាំង ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ពេល​នោះ ត្រូវ​គេ​សង្ស័យ​ថា លោក ហ៊ុន សែន មិន​បាន​សម្រួល​ឱ្យ​មាន​ការ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា​ទេ ប៉ុន្តែ​គាត់​ទំនង​ជា​ផ្តល់​មេរៀន​ដល់​របប​សឹក​ភូមា ឱ្យ​រៀន​គ្រប់គ្រង​អំណាច​ឱ្យ​កាន់តែ​រឹងមាំ​ដូច​លោក ហ៊ុន សែន ខ្លួនឯង​កំពុង​អនុវត្ត​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​ទៅវិញ។

អគ្គលេខាធិការ​វេទិកា​ពលរដ្ឋ លោក អ៊ាប គឹមសេង ធ្លាប់​បាន​លើកឡើង​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​ជួប​មេដឹកនាំ​របប​សឹក​ភូមា កាលពី​ដើម​ខែ​មករា ឆ្នាំ​២០២២ ថា លោក ហ៊ុន សែន នឹង​ណែនាំ​ឱ្យ​មេ​រដ្ឋប្រហារ​យោធា​ភូមា លោក មីង អ៊ុងឡាំង ប្រើ​ល្បិចកល​ដែល​គាត់​ធ្លាប់​ធ្វើ​ក្នុង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យ​របប​សឹក​ភូមា​រំលាយ​បក្ស​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី ជាមិនខាន។

លោក អ៊ាប គឹមសេង បញ្ជាក់​ថា ក្រៅពី​ណែនាំ​ឱ្យ​ប្រើ​ល្បិច​រំលាយ​គណបក្ស​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី លោក ហ៊ុន សែន ក៏​នឹង​ណែនាំ​ឱ្យ​មេ​រដ្ឋប្រហារ​យោធា​ភូមា បង្កើត​ការ​បោះឆ្នោត​មួយ​ដើម្បី​បន្លំ​ភ្នែក​អន្តរជាតិ ដែល​ធ្វើឡើង​ក្រោម​ការ​រៀបចំ​របស់​មេ​រដ្ឋប្រហារ​យោធា​ភូមា ដោយ​គ្មាន​វត្តមាន​គណបក្ស​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី និង​បង្កើត​បក្ស​តូចៗ​ឲ្យ​ចូលរួម​ការ​បោះឆ្នោត​លំអ​សួន​ផ្ដាច់ការ​ដូច​ដែល​លោក ហ៊ុន សែន ធ្វើ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២៣ អំឡុង​ពិធី​ព្យុហយាត្រា​ថា មេដឹកនាំ​ផ្ដាច់ការ​ភូមា លោក មីន អ៊ុងឡាំង បាន​ប្រកាស​ប្ដេជ្ញា​ថា​នឹង​មិន​បន្ធូរបន្ថយ​ដាច់ខាត​ក្នុង​ការ​បង្ក្រាប​ក្រុម​ចលនា​ប្រឆាំង ហើយ​បាន​សន្យា​ជា​ថ្មី​ថា របប​សឹក​ភូមា​នឹង​រៀបចំ​ឱ្យ​មាន​ការ​បោះឆ្នោត​សកល​មួយ​នា​ពេល​ខាងមុខ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស