អត្ថបទដោយលោក ហាស់ សាន៖ ក្រុមអង្គការសង្គមស៊ីវិលបានលើកឡើងថា ជាង ១ទសវត្ស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បរាជ័យលើបទបញ្ជា០០១ ក្នុងការដោះស្រាយបញ្ចប់ជម្លោះដីធ្លីជូនប្រជាពលរដ្ឋ ទោះបីជាបង្កើតក្រុមយុវជនស្ម័គ្រចិត្តចុះវាស់វែងដីជូនប្រជាពលរដ្ឋក៏ដោយ។
លោកនាយករដ្ឋមន្ត្រីជិះទូកបណ្តោយទឹក ដោយចាប់ផ្តើមផ្តល់ដីសម្បទានសេដ្ឋកិច្ចជាថ្មីទៀតឲ្យទៅក្រុមហ៊ុនឯកជន ដោយបានត្រៀមដីតំបន់ការពារជាង ៩៣០០០០ហិកតារនៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តចំនួន១៥ ក្នុងចំណោមខេត្តទាំង ២៥ ក្នុងរាជាណាចក្រកម្ពុជាធ្វើអនុបយោគ និងបែងចែកសម្រាប់ធ្វើកម្មសិទ្ធិឯកជន។
នៅខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាខួបគម្រប់ជាងមួយទសវត្សរ៍ គឺ ១១ឆ្នាំដែលរាជរដ្ឋាភិបាលដឹកនាំដោយបុរសខ្លាំង លោក ហ៊ុន សែន ដែលបានចុះហត្ថលេខាលើបទបញ្ជា០០១ សម្រេចផ្អាកជាបណ្ដោះអាសន្ននូវការផ្តល់ដីសម្បទានសេដ្ឋកិច្ចឲ្យទៅក្រុមហ៊ុនឯកជន បន្ទាប់ពីលោកបានផ្តល់ដីសរុបជាង ២លានហិកតារ (២១៨៩២៦៥ហិកតារ) បណ្តាលឲ្យពលរដ្ឋជាង ៤ម៉ឺន ៧ពាន់គ្រួសារ ឬជាង ៧សែន ៦ម៉ឺននាក់បានរងគ្រោះពីផែនការផ្តល់ដីសម្បទាននោះ។
ការផ្តល់ដីសម្បទានសេដ្ឋកិច្ចជាថ្មីដោយរាជរដ្ឋាភិបាលនេះ ត្រូវបានអង្គការសង្គមស៊ីវិលសម្ដែងការព្រួយបារម្ភថានឹងធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះបន្ថែមទៀត ដូចជាការផ្តល់ដីសម្បទានសេដ្ឋកិច្ចមួយកន្លែងនៅក្នុងខេត្តស្ទឹងត្រែង ឲ្យទៅក្រុមហ៊ុន ធី.អេស.អិម.ដាប់បែលយូ ឯ.ក បានធ្វើឲ្យប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ចំនួន ៦៤គ្រួសាររងគ្រោះពីការបំផ្លិចបំផ្លាញដីស្រែចម្ការ ដោយសារការធ្វើផ្លូវទំហំ ៥០ម៉ែត្រឆ្ពោះទៅកាន់ដីសម្បទាននោះ។
ករណីនេះ បានធ្វើឲ្យប្រជាពលរដ្ឋក្នុងភូមិអ៊ីប៊ុ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ក្នុងខេត្តស្ទឹងត្រែង ចេញមុខមកតវ៉ាជាច្រើនលើកដើម្បីការពារដីរបស់ពួកគេ។ អង្គការលីកាដូបានចាត់ទុកថាបញ្ហានេះបានបង្កើតជម្លោះដីធ្លីជាថ្មីនៅពេលដែលរដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចឡើងវិញដល់ក្រុមហ៊ុនឯកជន ក្រោយរដ្ឋាភិបាលផ្អាកការផ្តល់ដីសម្បទានសេដ្ឋកិច្ចអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។
កាលពីខែមិថុនា តាមបញ្ជាពីទីស្ដីការគណៈរដ្ឋមន្ត្រីដែលដឹកនាំដោយក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ដើម្បីពិនិត្យលើតំបន់ការពារ និងច្រករបៀងអភិរក្សជីវចម្រុះ ដោយបានត្រៀមដីតំបន់ការពារជាង ៩សែន ៣ម៉ឺនហិកតារនៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តចំនួន ១៥ ក្នុងចំណោមខេត្តទាំង ២៥ ក្នុងប្រទេសកម្ពុជាដើម្បីធ្វើអនុបយោគ និងបែងចែកសម្រាប់ធ្វើកម្មសិទ្ធិឯកជន។
ខេត្តទាំងនោះមានខេត្តត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង កំពង់ធំ សៀមរាប ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កំពត និងខេត្តតាកែវ។
សៀវភៅរាជកិច្ចចំនួន ១២ភាគ ត្រូវបានបោះពុម្ព និងចងក្រងបទបញ្ជា រួមទាំងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលដែលមានតាំងពីចុងឆ្នាំ២០២១។ ក្នុងសៀវភៅនោះក៏បានលើកឡើងអំពីអនុក្រឹត្យកាត់ដីបឹង ព្រៃឈើ ភ្នំ កំពង់ផែ និងអតីតដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋ ដើម្បីប្រគល់ទៅឯកជនដែលមានការចុះហត្ថលេខាដោយលោក ហ៊ុន សែន។ ផ្ទៃដីប្រហែល ៦០០ហិកតារដែលគ្រប់គ្រងដោយរដ្ឋក្នុងខេត្តព្រះសីហនុ (កំពង់សោម) ក្នុងនោះដីបឹង ព្រៃឈើ ភ្នំ កំពង់ផែ និងអតីតសម្បទានសេដ្ឋកិច្ចក៏ត្រូវបានធ្វើឯកជនភាវូបនីយកម្មដែរ។
ជាមួយគ្នានោះ សម្រាប់ធនាគារកាណាឌីយ៉ារបស់លោកឧកញ៉ា ពុង ឃាវសែ ទទួលបានដីរដ្ឋទំហំ ១០ហិកតារនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ចំណែកក្រុមហ៊ុន Premier Land ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយកូនស្រី និងកូនប្រសារបស់លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាពីខាងគណបក្សកាន់អំណាច បានទទួលដីទំហំ ១៣០ហិកតារពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខណៈក្រុមហ៊ុន Fuhai Investment នៅស្រុកព្រៃនប់ ក៏ទទួលបានដី ១១៣ហិកតារស្ថិតនៅទីតាំងចំនួន ៤កន្លែងផ្សេងទៀតដែរ។
ដោយឡែកអ្នកស្រី ហ៊ុន សេងនី ដែលជាប្អូនស្រីបង្កើតរបស់លោក ហ៊ុន សែន និងឧកញ៉ា ឡាញ់ ភារ៉ា ទទួលបានដីបឹងតាមោក ឬបឹងទំនប់កប់ស្រូវ រាជធានីភ្នំពេញ ទំហំ ២០ហិកតារ ខណៈដីផ្ទៃបឹងតាមោក ៥ហិកតារកាត់ឱ្យឈ្មោះ រស់ ព្រីប៊ូ។
ក្រៅពីកាត់ដីនៅខេត្តកោះកុង ខេត្តព្រះសីហនុ និងដីផ្ទៃបឹងតាមោក នៅរាជធានីភ្នំពេញ លោក ហ៊ុន សែន ក៏បានកាត់ផ្ទៃដី ៤៩ហិកតារដែលជាអតីតដីសម្បទានសេដ្ឋកិច្ចក្នុងខេត្តមណ្ឌលគិរី ប្រគល់ឱ្យបុគ្គលម្នាក់ឈ្មោះ ម៉ី កែវមរកត និងដីភ្នំទំហំ ២៨០ហិកតារក្នុងខេត្តកំពង់ឆ្នាំង ប្រគល់ទៅឲ្យយោធាដើម្បីដំឡើងស្ថានីយផ្កាយរណប។

លោក ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យលេខ១០៩ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ សម្រេចកាត់ឆ្វៀលដីទំហំប្រមាណជាង ៤០ហិកតារចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ ស្ថិតក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នឹងត្រូវផ្តល់ជូនជាកម្មសិទ្ធិដល់អ្នកស្រី ហ៊ុន ម៉ាណា និងអ្នកស្រី ហ៊ុន ម៉ាលី កូនស្រីបង្កើតរបស់លោក ហ៊ុន សែន លោក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋាននគរបាលការពារនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងអ្នកស្រី ញឹម យន់ស្រ៊ីម ជាភរិយា ព្រមទាំងមន្ត្រីរដ្ឋាភិបាល ៣រូបផ្សេងទៀតផងដែរ។
ក្នុងអនុក្រឹត្យចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ លោក ហ៊ុន សែន បានសម្រេចផ្ដល់ដីទំហំ ៨៥,៧២ហិកតារស្ថិតនៅក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ គិរីរម្យ ភូមិសាស្ត្រឃុំចំបក់ និងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឲ្យទៅក្រុមហ៊ុន ដែន-ដី អេកូ-ធួរ ឯ.ក (DEN-DEY ECO-TOUR CO., LTD.) ដើម្បីបន្តរៀបចំបំពេញបែបបទនីតិវិធីវិនិយោគអភិវឌ្ឍន៍គម្រោងទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិជាមួយក្រសួងពាក់ព័ន្ធ។
ជាមួយគ្នានេះ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ លោក ហ៊ុន សែន ក៏បានកាត់ឆ្វៀលដីទំហំជាង ២០០ហិកតារចេញពីឧទ្យានជាតិព្រះសុរាម្រិត ឬហៅថាឧទ្យានជាតិគិរីរម្យ ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីប្រគល់ឲ្យទៅក្រុមហ៊ុន វ៉នម៉រ លីមីតធីត (ONE MORE Ltd.) របស់អ្នកស្រី ជឹង សុគន្ធាវី អគ្គនាយិកាក្រុមហ៊ុន វ៉នម៉រ លីមីតធីត ដែលជាកូនស្រីបង្កើតរបស់អ្នកស្រី ជឹង សុភាព ហៅយាយភូ និងជាដៃគូជំនួញជាមួយគ្រួសារត្រកូលហ៊ុន។
លោក ហ៊ុន សែន បានកាត់ឆ្វៀលទីតាំងឧទ្យានជាតិមួយផ្នែកធំជួលឲ្យក្រុមហ៊ុនលោកឧកញ៉ា សុខ គង់ និងក្រុមហ៊ុន អេស៊ាធូអេស៊ា (Asia To Asia) ផងដែរ។
ចំណែកឯនៅបឹងតាមោកវិញ ចាប់តាំងពីឆ្នាំ២០១៨ ដល់ចុងខែធ្នូ ឆ្នាំ២០២១ ផ្ទៃបឹងនេះមានទំហំសរុបជាង ២ពាន់ហិកតារត្រូវបានរាជរដ្ឋាភិបាលកាត់ ឬដោះដូរទៅឲ្យស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងបុគ្គលផ្ទាល់ខ្លួនមួយចំនួនដែលគេដឹងថាជាអ្នកមានលុយមានអំណាច សម្រាប់សាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ព្រមទាំងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ជាដើម។
ផ្ទៃដីបឹងតាមោកជាង ២ពាន់ហិកតារដែលកាត់ចែកគ្នាជាបន្តបន្ទាប់នេះ ត្រូវបានផ្ទេរឲ្យតារាចម្រៀងដ៏ល្បីនៅប្រទេសកម្ពុជា គឺលោក ព្រាប សុវត្ថិ ខណៈដីប្រហែល ១៥៥ហិកតារត្រូវបានផ្ទេរទៅឱ្យឧកញ៉ាក្នុងស្រុក និងជាម្ចាស់ក្រុមហ៊ុន Anco Group លោក កុក អាន ផ្ទៃដីជិត ១០០ហិកតារ ត្រូវបានផ្ទេរទៅឲ្យឈ្មោះ ជឹង ធានសេង កូនប្រុសឧកញ៉ា ជឹង សុភាព។ ចំណែកដីទំហំ ៧៥ហិកតារ ត្រូវបានផ្ទេរទៅឲ្យឈ្មោះ សាយ សោភា ជាភរិយារបស់លោក ភឺន ផល្លា មេបញ្ជាការរងកងពលតូចលេខ៧០ ព្រមទាំងឲ្យមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា ជាដើម។

សេចក្តីរាយការណ៍ពីសមាគមការពារសិទ្ធិមនុស្សអាដហុក កាលពីឆ្នាំ២០២២ បង្ហាញថា ករណីវិវាទដីធ្លីទូទាំងប្រទេសមានចំនួន ៨៤ករណីលើផ្ទៃដីទំហំ ៩៨៣១,១១ហិកតារ ដែលមានទំនាស់ជាមួយពលរដ្ឋចំនួន ៧១៤១គ្រួសារ ឬស្មើនឹងចំនួន ៣៦៧៦៦នាក់។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានឲ្យដឹងថា ជម្លោះដីធ្លីនៅឆ្នាំ២០២២ កន្លងទៅនេះមានទាំងបញ្ហាចាស់ និងបញ្ហាថ្មី ពលរដ្ឋរាប់រយគ្រួសារនៅបន្តចេញតវ៉ាទាំងនៅក្នុងខេត្ត និងនៅទីក្រុងភ្នំពេញ ប្រឆាំងនឹងការរំលោភបំពានដើម្បីការពារដីដែលពួកគេធ្លាប់ធ្វើអាជីវកម្មអាស្រ័យផល ទោះបីពួកគេប្រើពេលតវ៉ារហូតជាង ១០ឆ្នាំមកនេះក្តី។ ការជាប់គាំងក្នុងការរកដំណោះស្រាយជូនពលរដ្ឋនេះ ភាគច្រើនភាគីជម្លោះជាមួយក្រុមហ៊ុនដែលស្និទ្ធនឹងមន្ត្រីមានអំណាច និងក្រុមហ៊ុនខ្លះជារបស់ពួកឧកញ៉ា។

លោកថា បញ្ហានេះវាបានកើតឡើងក្រោយពីដីសាធារណៈរបស់រដ្ឋ មានបឹង ព្រែក និងតំបន់ការពារខ្លះបានក្លាយជារបស់ក្រុមគ្រួសារអ្នកមានអំណាច និងក្រុមហ៊ុនឯកជនជាន់លើដីអាស្រ័យផលរបស់ជនជាតិដើមភាគតិច។ ទោះបីជារដ្ឋាភិបាលចេញបទបញ្ជា០០១ ជាង ១០ឆ្នាំមកហើយក្តី ប៉ុន្តែបញ្ហានៅតែដោះស្រាយមិនអស់ ពីព្រោះក្រុមយុវជនដែលចុះទៅវាស់វែងដីនោះ ភាគច្រើនពុំបានវាស់ដីឲ្យពលរដ្ឋឲ្យបានពិតប្រាកដនោះទេ។
លោកថា ដើម្បីដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាពនោះ ទាល់តែរដ្ឋាភិបាលមានឆន្ទៈដោះស្រាយបញ្ហាពលរដ្ឋក្រីក្រពិតប្រាកដ លុបបំបាត់បក្ខពួកនិយម ហើយហ៊ានវះកាត់មន្ត្រីដែលសហការជាមួយក្រុមហ៊ុនខិលខូច និងពង្រឹងការអនុវត្តច្បាប់។

នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើងថា ខេត្តដែលកំពុងមានបញ្ហាក្ដៅគគុកនៅតែបន្តកើតមានការតវ៉ាអំពីបញ្ហាដីធ្លី។ លោកថា ខេត្តទាំងនោះមានខេត្តសៀមរាប ព្រះវិហារ កណ្តាល កំពង់ស្ពឺ កោះកុង និងខេត្តឧត្ដរមានជ័យ ដែលដើមចមវាបានបន្សល់ទុកពីការផ្តល់ដីសម្បទានសេដ្ឋកិច្ចដែលចេះតែអូសបន្លាយយូរឆ្នាំ ដោះស្រាយមិនទាន់ចប់ ដោយសារមានជាប់ពាក់ព័ន្ធនឹងឧកញ៉ា និងអ្នកមានខ្នងបង្អែកធំៗ។ លោកថា បញ្ហានេះវាបានបង្កផលប៉ះទង្គិចធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ ក្រោយពីមានគម្រោងអភិវឌ្ឍន៍ទៅដល់។
លោកបន្ថែមថា ខេត្តដែលមានការតវ៉ាដ៏ចម្រូងចម្រាសប៉ះពាល់ដល់ពលរដ្ឋរាប់ពាន់គ្រួសារពាក់ព័ន្ធនឹងការសាងសង់ព្រលានយន្តហោះថ្មី ដែលអាជ្ញាធរឈានទៅចាប់ឃុំខ្លួនម្ចាស់កម្មសិទ្ធិដីចំនួន ៩នាក់ដែលចេញមុខតវ៉ាទាមទារសំណងសមរម្យ មិនទទួលយកសំណងតាមការកំណត់របស់ក្រុមហ៊ុន OCIC និងអាជ្ញាធររដ្ឋ។
លោកបន្ថែមទៀតថា នៅក្នុងរាជធានីភ្នំពេញក៏មានពលរដ្ឋរាប់សិបគ្រួសារដែលធ្លាប់អាស្រ័យផលជុំវិញបឹងតាមោក ចេញតវ៉ាដើម្បីទាមទារឱ្យមានដំណោះស្រាយសមរម្យដែរ ក្រោយពីរដ្ឋាភិបាលកាត់ឆ្វៀលដីបឹងធម្មជាតិនេះឱ្យទៅមន្ត្រី ឧកញ៉ា ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។
ចំណែកនៅឯខេត្តសៀមរាប ជាពិសេសនៅតំបន់អង្គរដែលមានពលរដ្ឋរាប់ពាន់គ្រួសារកំពុងតស៊ូមតិជំទាស់នឹងផែនការរបស់អាជ្ញាធរ ដែលតម្រូវឱ្យពួកគាត់រើចេញពីភូមិកំណើតទៅរស់នៅកន្លែងថ្មី រួមទាំងខេត្តមួយចំនួនជុំវិញបឹងទន្លេសាប។
លោក អំ សំអាត បានបន្ថែមទៀតថា ជម្លោះដ៏រ៉ាំរ៉ៃមួយទៀតគឺរវាងពលរដ្ឋជាមួយក្រុមហ៊ុន Union Development Group ដែលទទួលបានដីសម្បទានទំហំ ៣៦០០០ហិកតារកាលពីឆ្នាំ២០០៨ សម្រាប់ជួលរយៈពេល ៩៩ឆ្នាំនៅខេត្តកោះកុង ដើម្បីអភិវឌ្ឍមណ្ឌលកម្សាន្តទេសចរណ៍ធម្មជាតិតារាសាគរ មានទឹកប្រាក់ ៣៨០០លានដុល្លារ ដែលក្នុងនោះក៏មានការសង់ព្រលានយន្តហោះដ៏ធំជាងគេបំផុតនៅប្រទេសកម្ពុជា និងកំពង់ផែទឹកជ្រៅដែលអាចបម្រើដល់ការសំចតរបស់នាវាចម្បាំងរបស់ចិនថែមទៀត។
គម្រោងផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុនចិន Union Development Group (UDG) បានធ្វើឱ្យប្រជាពលរដ្ឋចំនួន ១១៤៣គ្រួសារត្រូវបង្ខំឱ្យបោះបង់ដីធ្លីប្រមាណជាង ១ម៉ឺនហិកតារ រួមទាំងផ្ទះ ១៥០០ខ្នង ត្រូវបានបង្ខំឱ្យរុះរើ និងត្រូវឈូសឆាយ។ រហូតមកដល់ពេលនេះ ពលរដ្ឋរងគ្រោះពីការបណ្តេញចេញដោយបង្ខំនោះនៅពុំទាន់មានដំណោះស្រាយនៅឡើយ។
កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក សម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុន UDG ក្រោមច្បាប់ Magnitsky ដែលសំដៅទៅលើមន្ត្រី ឬស្ថាប័ននៃរដ្ឋាភិបាលបរទេសណាដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយហាមឃាត់មិនឱ្យពលរដ្ឋអាមេរិកាំងធ្វើជំនួញពាណិជ្ជកម្មជាមួយ ឬមិនឱ្យចេញចូលទឹកដីសហរដ្ឋអាមេរិក។
អ្នកសិក្សាស្រាវជ្រាវវិស័យការពារជាតិមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ធ្លាប់ព្រមានថា តំបន់អភិវឌ្ឍន៍ខ្នាតធំរបស់ក្រុមហ៊ុន UDG មានជាប់ពាក់ព័ន្ធនឹងគណបក្សកុម្មុយនីស្តចិន និងជាផ្នែកមួយនៃគម្រោងការយុទ្ធសាស្ត្រសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ចិន នៅក្នុងតំបន់ចុងបូព៌ា តួយ៉ាងគម្រោងពាណិជ្ជកម្មរបស់ចិនដែលមានឈ្មោះថា គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ឬហៅថា Belt and Road Initiative។

ក្រុមហ៊ុន Union Development Group បានធ្វើសកម្មភាពកន្លងមកតាមរយៈនាយឧត្តមសេនីយ៍ គន់ គីម ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងជាមនុស្សជំនិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក គន់ គីម ត្រូវបានសហរដ្ឋអាមេរិកចោទប្រកាន់ថា «បានប្រើប្រាស់ឥទ្ធិពល និងបណ្ដាញរបស់ខ្លួនដើម្បីកេងប្រវ័ញ្ច» ពលរដ្ឋខ្មែរ ហើយបានផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុនចិន ដែលមកប្រកបអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។
មន្ត្រីជាន់ខ្ពស់នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បន្តថា ការផ្តល់សម្បទានដីសេដ្ឋកិច្ចថ្មីពីរាជរដ្ឋាភិបាលដោយមិនបានអនុវត្តតាមច្បាប់ និងអនុក្រឹត្យពាក់ព័ន្ធ ហើយបញ្ហានេះនៅតែជាក្តីបារម្ភអំពីជម្លោះដីធ្លីដែលនឹងអាចកើតមានឡើងវិញជាបន្តទៅមុខទៀត។
លោកបន្តថា អ្នករងគ្រោះ គឺពលរដ្ឋដែលត្រូវប្រឈមការបាត់បង់ដីធ្លី ផ្ទះសម្បែង ប្រឈមការជាប់ពន្ធនាគារ ប្រឈមការជាប់បណ្តឹងនានា ប្រឈមសេដ្ឋកិច្ចគ្រួសារធ្លាក់ចុះ កូនខ្លះត្រូវបាត់បង់ការសិក្សា និងការធ្វើចំណាកស្រុក។ ដូច្នេះ រាជរដ្ឋាភិបាលត្រូវសិក្សា និងពិចារណាឱ្យបានច្បាស់លាស់មុននឹងសម្រេចផ្តល់សម្បទានដីសេដ្ឋកិច្ចឡើងវិញ។
ប្រភពដដែលបានលើកឡើងថា ការកើនឡើងជាគំហុកនៃជម្លោះដីធ្លីពីចន្លោះឆ្នាំ២០០៩ ដល់ដើមឆ្នាំ២០១២ អាចជាសញ្ញាបដិវត្តន៍ដីធ្លីដែលនាំឲ្យលោក ហ៊ុន សែន នៅខែឧសភា ឆ្នាំ២០១២ ចេញបទបញ្ជាលេខ០០១ ដើម្បីដោះស្រាយជម្លោះដីធ្លី និងការផ្អាកការផ្តល់សម្បទានដីសេដ្ឋកិច្ច។
លោក អំ សំអាត អះអាងថា ទោះបីជាបទបញ្ជានេះត្រូវបានបង្កើតជាយន្តការដោះស្រាយជម្លោះដីធ្លីជាច្រើនក៏ដោយ ក៏ប៉ុន្តែនៅតែមិនទាន់បានបញ្ចប់បញ្ហាជម្លោះដីធ្លីទាំងស្រុងនោះដែរ ពោលគឺជម្លោះដីធ្លីរបស់ពលរដ្ឋ និងក្រុមហ៊ុនដែលទទួលបានសម្បទានដីសេដ្ឋកិច្ចមួយចំនួននៅតែបន្តកើតមាន។
លោក អំ សំអាត អះអាងថា ការចង់ដោះស្រាយបញ្ហាជម្លោះដីធ្លីឱ្យមានប្រសិទ្ធភាព និងជោគជ័យ រាជរដ្ឋាភិបាលត្រូវហ៊ានអារកាត់ ហើយបើមានសាច់ស្អុយត្រូវកាត់ចោលយកដីរដ្ឋមកវិញសម្រាប់ដោះស្រាយ និងហ៊ានអនុវត្តច្បាប់ចំពោះបុគ្គលដែលរំលោភដីឯកជន និងដីរដ្ឋដោយគ្មានការយោគយល់។
ប្រភពដដែលលើកឡើងថា កន្លងមកការផ្តល់សម្បទានដីសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលទៅឲ្យក្រុមហ៊ុនឯកជន មិនទាន់ត្រូវបានអនុវត្តតាមអនុក្រឹត្យស្ដីពីការសម្បទានដីសេដ្ឋកិច្ច និងច្បាប់ភូមិបាលឱ្យបានត្រឹមត្រូវទេ ជាពិសេសចំណុចធ្វើការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន ការពិគ្រោះយោបល់ជាមួយអាជ្ញាធរមូលដ្ឋាន និងពលរដ្ឋ មុននឹងធ្វើសម្បទានដីសេដ្ឋកិច្ចនោះឡើយ។
ចំណុចទាំងអស់នេះហើយដែលធ្វើឱ្យមានទំនាស់ដីធ្លី មានការតវ៉ារបស់ពលរដ្ឋដែលបាត់បង់ដីធ្លី ប្រជាពលរដ្ឋខ្លះទៀតត្រូវជាប់ពន្ធនាគារ និងជាប់បណ្តឹងនៅតុលាការ ដោយសារការពារដីធ្លីរបស់គាត់ដែលកើតចេញពីការផ្តល់សម្បទានដីសេដ្ឋកិច្ចរបស់រដ្ឋាភិបាល។
សេចក្តីរាយការណ៍ពីអង្គការលីកាដូ បង្ហាញថា រដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនជាតិ និងបរទេសសរុបមានទំហំជាង ២លានហិកតារ (២១៨៩២៦៥ហិកតារ) ក្នុងនោះ៖
- ផ្ទៃដីទំហំជិត ៤សែនហិកតារ (៣៦២៥១៥ហិកតារ) ដល់ក្រុមហ៊ុនវៀតណាម
- ផ្ទៃដីទំហំជិត ៤សែនហិកតារ (៣៨៤០៤៩ហិកតារ) ត្រូវបានផ្តល់ទៅឲ្យក្រុមហ៊ុនចិន
- ហើយចំណែកផ្ទៃដីទំហំជិត ១០សែនហិកតារ (៩៧០០១៣ហិកតារ) ផ្សេងទៀត ប្រគល់ទៅឲ្យក្រុមហ៊ុនខ្មែរហ៊ុននឹងបរទេស
- និងផ្ទៃដីទំហំជិត ៥សែនហិកតារ (៤៧២៦៨៧ហិកតារ) ត្រូវបានផ្តល់ទៅឲ្យក្រុមហ៊ុនបរទេសដែលមានប្រភពមិនច្បាស់លាស់ផ្សេងៗទៀត។
បើយោងតាមតួលេខនេះ ទំហំដីសម្បទានសេដ្ឋកិច្ចប្រមាណជាង ១លាន ២សែនហិកតារ កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនបរទេស ដែលក្នុងនោះក្រុមហ៊ុនចិន និងវៀតណាម គ្រប់គ្រងផ្ទៃដីធំជាងគេ គឺជិត ១លានហិកតារ។
រដ្ឋទទួលចំណូលអំពីការយកពន្ធលើដីសម្បទានសេដ្ឋកិច្ចនេះបានត្រឹមតែចន្លោះពី ១ដុល្លារដល់ ១០ដុល្លារក្នុងមួយហិកតារក្នុងមួយឆ្នាំតែប៉ុណ្ណោះ។

ទាក់ទងទៅនឹងការផ្តល់ដីសម្បទានសេដ្ឋកិច្ចនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានផ្សព្វផ្សាយលើគេហទំព័ររបស់ខ្លួនថា ពលរដ្ឋខ្មែរចំនួនជាង ៤ម៉ឺន ៧ពាន់គ្រួសារ ឬជាង ៧៦ម៉ឺននាក់បានរងគ្រោះដោយផ្ទាល់ពីការផ្តល់ដីសម្បទាន។ ជាមួយគ្នានេះ គេក៏ពុំដែលឃើញសេចក្តីរាយការណ៍ផ្លូវការណាមួយដែលផ្សាយអំពីចំនួនប្រាក់ចំណូលជាតិ និងការងាររបស់ពលរដ្ឋដែលត្រូវបានផ្តល់ដោយគម្រោងដីសម្បទានសេដ្ឋកិច្ចនេះដែរ។
បើតាមសេចក្តីរាយការណ៍ពីសមាគមការពារសិទ្ធិមនុស្សអាដហុក ដែលចេញផ្សាយកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានចំណងជើងថា «ការបន្តចោទប្រកាន់-ការចាប់ឃុំខ្លួនពលរដ្ឋក្នុងរឿងវិវាទដីធ្លី» ឱ្យដឹងថា ក្នុងឆ្នាំ២០២១ វិវាទដីធ្លីមានចំនួន ១៦៩ករណី លើទំហំផ្ទៃដីជាងជាង ៥ម៉ឺន (៥២៦០០) ហិកតារ និងប៉ះពាល់ពលរដ្ឋជាង ១ម៉ឺន ៧ពាន់ (១៧០៣៣) គ្រួសារ ស្មើនឹងប្រមាណជាង ៦ម៉ឺននាក់ (៦១០០០) ហើយក្នុងនោះក៏មានជនជាតិដើមភាគតិចរងផលប៉ះពាល់ជាង ១ពាន់គ្រួសារ (១៣៤៧) ផងដែរ។ វិវាទដីធ្លីធំៗបានកើនឡើងខ្ពស់មានលក្ខណៈធ្ងន់ធ្ងរ ដោយមានការប្រើអំពើហិង្សា វាយបង្ក្រាប ចាប់ខ្លួន ឃុំខ្លួន និងបាញ់ប្រហារទៅលើពលរដ្ឋ ខណៈពលរដ្ឋដែលត្រូវបានចាប់ខ្លួនធ្លាក់ខ្លួនឈឺធ្ងន់ក្នុងពន្ធនាគារ។
មន្ត្រីម្នាក់ដែលស្នើសុំមិនបញ្ចេញឈ្មោះបានលើកឡើងថា ការបង្កើតក្រុមយុវជនស្ម័គ្រចិត្តរបស់រដ្ឋាភិបាលដើម្បីចុះទៅវាស់វែងដីឲ្យពលរដ្ឋ គឺជាយុទ្ធសាស្ត្រ ប៉ុន្តែមិនជោគជ័យដោយសារក្រុមយុវជនទាំងនោះចុះទៅវាស់វែងដីឲ្យតែក្រុមហ៊ុនអ្នកមានលុយ និងក្រុមឧកញ៉ាសម្រាប់បំបែកក្បាលដីចេញពីក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល ដើម្បីទទួលបានដីស្របច្បាប់តែប៉ុណ្ណោះ។
មន្ត្រីដដែលបានឲ្យដឹងថា ក្រុមហ៊ុនទាំងនោះបានផ្តល់ជាសំណូកក្នុងការវាស់វែងដី ដោយកាត់ដីពី ៣ទៅ ៥ហិកតារឲ្យទៅក្រុមយុវជនស្ម័គ្រចិត្តដែលបានវាស់ដីនោះ។ នេះហើយគឺជាការបរាជ័យដ៏ធំបំផុតនៃបទបញ្ជា០០១ ដែលនាំឲ្យរដ្ឋាភិបាលធ្វើការផ្អាកវិញនោះ។
រាជរដ្ឋាភិបាលកម្ពុជា កាលពីខែឧសភា ឆ្នាំ២០១២ បានចេញអនុក្រឹត្យលេខ០១ ស្ដីពី «គោលនយោបាយចាស់សកម្មភាពថ្មី» ដោយសម្រេចផ្អាកជាបណ្ដោះអាសន្ននូវការផ្តល់ដីសម្បទានសេដ្ឋកិច្ច ហើយបង្កើតក្រុមយុវជនស្ម័គ្រចិត្តវាស់វែងដីជំនួសឲ្យក្រុមជំនាញរដ្ឋាភិបាល ដើម្បីដោះស្រាយជូនពលរដ្ឋដែលកំពុងរស់នៅដោយគ្មានឯកសារ និងការអនុញ្ញាតតាមច្បាប់ត្រឹមត្រូវដែលស្ថិតក្នុងដីសម្បទានសេដ្ឋកិច្ច ដីព្រៃសម្បទានរបស់រដ្ឋ និងប្រជាពលរដ្ឋដែលរស់នៅលើដីរដ្ឋ។
តាមគោលការណ៍ ក្នុងមួយគ្រួសារមិនអាចទទួលបានការវាស់ដីឱ្យលើសពី ៥ហិកតារនោះទេ ប្រសិនបើពុំមានការដាំដុះជាក់ស្តែង។ ដីដែលលើសនឹងចែកជូនពលរដ្ឋដែលខ្វះដី ឬទុកបម្រុង។ កម្មវិធីវាស់វែងដីនេះមានពីរដំណាក់កាល ដែលមានយុវជនស្ម័គ្រចិត្តសរុបជាង ៤ពាន់នាក់។ ដំណាក់កាលទី១ ពីខែមិថុនា ដល់ខែធ្នូ ឆ្នាំ២០១២ រីឯដំណាក់កាលទី២ ចាប់ពីខែមករា ឆ្នាំ២០១៣ ហើយរំពឹងថានឹងបញ្ចប់នៅក្រោយថ្ងៃបោះឆ្នោត។
តាមផែនការ ក្រុមយុវជនស្ម័គ្រចិត្តដែលដឹកនាំដោយលោក ហ៊ុន ម៉ានិត កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវចុះវាស់វែងដីធ្លីនៅតាម ២១ខេត្ត ដែលមានផ្ទៃដីសរុប ១,៨លានហិកតារ ដើម្បីធ្វើប័ណ្ណកម្មសិទ្ធិចែកជូនប្រជាជន ៤០ម៉ឺនគ្រួសារ។
ក្រុមយុវជនមាន ១៦៨ក្រុម ស្មើនឹង ២០១៦នាក់។ ក្នុងមួយក្រុមមានចំនួន ១២នាក់។ រីឯមន្ត្រីជំនាញសុរិយោដីដែលចុះទៅបំពេញការងារវាស់វែងដីធ្លីជាមួយនឹងក្រុមយុវជន ក៏មានចំនួនដូចគ្នាដែរ។ ក្រុមយុវជនស្ម័គ្រចិត្តវាស់វែងដីធ្លីក្នុងសម្លៀកបំពាក់យោធាប៉ារ៉ា មានសញ្ញាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ដើម្បីឆ្លើយតប និងទប់ស្កាត់បញ្ហាដីធ្លីនៅមុនពេលបោះឆ្នោតជាតិនាពេលខាងមុខនេះ លោក ហ៊ុន សែន ណែនាំឱ្យក្រសួង និងអាជ្ញាធរពាក់ព័ន្ធពន្លឿនការចុះបញ្ជីក្បាលដីជូនពលរដ្ឋ ដោះស្រាយបញ្ហាដីធ្លី និងអនុវត្តការងារកាត់ឆ្វៀលដីនៅតំបន់បឹងទន្លេសាបជូនពលរដ្ឋឱ្យបានរួចរាល់នៅក្នុងឆ្នាំ២០២៣។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ លោក ហ៊ុន សែន ជំរុញឲ្យមានការពន្លឿនការអនុវត្តផែនការចុះបញ្ជីដីធ្លី រួមទាំងការចុះបញ្ជីដីរដ្ឋ ដីសាធារណៈរបស់រដ្ឋ ដីសម្បទានសេដ្ឋកិច្ច និងដីសហគមន៍ជនជាតិដើមភាគតិច ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លីដែលជាទុនសម្រាប់ការរស់នៅ ការដាំដុះ និងការវិនិយោគ ដើម្បីបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូល។
លោក ហ៊ុន សែន បញ្ជាក់ថា ចំណុចសេសសល់មិនមានច្រើនទេ ប៉ុន្តែហាក់ដូចជាកន្លែងខ្លះពន្យារនូវការធ្វើរឿងនេះ។ លោកថា រឿងនេះជារឿងចាំបាច់សម្រាប់ពលរដ្ឋ ហើយថានេះជាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដើម្បីចៀសវាងការកើតឡើងនូវបញ្ហានានាជាបន្តទៀត។ លោកថា ដីរបស់រដ្ឋក៏ត្រូវមើល ដីសហគមន៍ក៏ត្រូវមើល ហើយដីរបស់ប្រជាជនដែលមិនទាន់បានចុះបញ្ជីក៏ត្រូវធ្វើឱ្យពួកគាត់ចាត់ទុកថានេះជាសេវាចាំបាច់ ឬជាសេវាតម្រូវការតែម្តង។
ជាមួយគ្នានេះ លោកបានណែនាំឱ្យអាជ្ញាធរបន្តលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅថ្នាក់មូលដ្ឋាន ជាពិសេសវិវាទដីធ្លី ដើម្បីពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដី បង្កើតភាពសុខដុមរមនាសង្គម បង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅតាមមូលដ្ឋាន និងឈានទៅបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ។
លោក ហ៊ុន សែន ក៏បានណែនាំឱ្យអាជ្ញាធរបន្តដោះស្រាយបញ្ហាជូនពលរដ្ឋដែលរស់នៅជាភូមិករនៅជុំវិញបឹងទន្លេសាប ដោយធ្វើបច្ចុប្បន្នភាពផែនទីតាមខេត្តនីមួយៗ កែសម្រួលព្រំប្រទល់តំបន់៣ ព្រំប្រទល់តំបន់២ និងកាត់ឆ្វៀលទីតាំងដីដែលពលរដ្ឋរស់នៅពីយូរលង់មកហើយក្នុងតំបន់ទាំងពីរនេះ ឱ្យបានរួចរាល់ត្រឹមខែឧសភា មុនការបោះឆ្នោតសកលឆ្នាំ២០២៣។
ភ្លាមៗបន្ទាប់ពីការណែនាំរបស់ប្រមុខរដ្ឋាភិបាល ក្រសួងរៀបចំដែនដី បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយគូសបញ្ជាក់ថា ទិសដៅការងារសម្រាប់ឆ្នាំ២០២៣ ក្រសួងនឹងបន្តអនុវត្តផែនការចុះបញ្ជីដីធ្លី រួមទាំងការចុះបញ្ជីដីរដ្ឋ ដីសាធារណៈរបស់រដ្ឋ ដីសម្បទានសេដ្ឋកិច្ច ដីរដ្ឋជុំវិញបឹងទន្លេសាប និងដីសហគមន៍ជនជាតិដើមភាគតិច ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លីសម្រាប់ប្រជាពលរដ្ឋ។
ក្រសួងរៀបចំដែនដី ក៏បានបង្ហាញពីការប្ដេជ្ញាក្នុងការជំរុញការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ដោយឈរលើគោលការណ៍អព្យាក្រឹត មិនលម្អៀងលើភាគីវិវាទណាមួយ ដើម្បីពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដី បង្កើតភាពសុខដុមរមនាសង្គម និងបង្កភាពអនុគ្រោះដល់ដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចនៅតាមមូលដ្ឋាន។ ក្រៅពីនោះ ក្រសួងក៏នឹងបន្តដោះស្រាយ និងកាត់ឆ្វៀលទីតាំងដីដែលប្រជាពលរដ្ឋរស់នៅជាយូរលង់មកហើយក្នុងតំបន់៣ និងតំបន់២ នៅជុំវិញបឹងទន្លេសាប ឱ្យចប់ត្រឹមខែឧសភា ឆ្នាំ២០២៣ ផងដែរ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលធ្លាប់ប្រាប់សារព័ត៌មានក្នុងស្រុកកន្លងមកថា លោកទទួលស្គាល់ថាពិតជាមានបញ្ហាទំនាស់ដីធ្លីពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង នេះពិតមែន។ លោកថា ការងារនេះគឺអាជ្ញាធរបានបង្កើតក្រុមការងាររបស់ខ្លួនដោះស្រាយជូនប្រជាពលរដ្ឋរួចរាល់ហើយ។
សកម្មជនបរិស្ថានយូរឆ្នាំម្នាក់ គឺលោក Marcus Hardtke មានប្រសាសន៍ថា លោកបានមើលឃើញថាការកំណត់ជាថ្មីនៃដីក្នុងតំបន់ការពារ គឺជាដំណាក់កាលថ្មីបំផុតមួយនៃការកាប់បំផ្លាញព្រៃឈើនៅប្រទេសកម្ពុជា និងក៏ជាការបង្កើតទំនាស់ថ្មីបន្ថែមទៀតផងដែរ។
លោក Marcus Hardtke បានឲ្យដឹងថា ដំណាក់កាលទីមួយនៃការកាប់ឈើទ្រង់ទ្រាយធំនៅប្រទេសកម្ពុជា គឺនៅទសវត្សឆ្នាំ១៩៨០ និង១៩៩០ ដែលបានធ្វើឲ្យគម្របព្រៃឈើស្រុកខ្មែរថយចុះប្រហែលជា ៤០ភាគរយ។ ក្រោយមកទៀត នៅចុងទសវត្សឆ្នាំ១៩៩០ រដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចជាងមួយលានហិកតារ រហូតមានការប្រកាសផ្អាកផ្ដល់សម្បទានបែបនេះនៅឆ្នាំ២០១២។
លោក Hardtke ថាទោះជាយ៉ាងណា ការអនុវត្តតាមអនុក្រឹត្យទើបតែស្ថិតនៅដំណាក់កាលចាប់ផ្ដើមនៅឡើយ ហើយលទ្ធផលបែបណានោះ នៅមិនទាន់បានដឹងនៅឡើយទេ។
សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ពុំអាចទាក់ទងលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ដើម្បីធ្វើការអត្ថាធិប្បាយបានទេរហូតដល់ម៉ោងចេញផ្សាយនេះ។

ឧបនាយករដ្ឋមន្ត្រី ស ខេង និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ដីបន្ទោសអភិបាលរាជធានី-ខេត្ត រួមទាំងមន្ត្រីមួយចំនួនផ្សេងទៀតដែលអសកម្មក្នុងមុខនាទី ព្រងើយកន្តើយក្នុងការដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ។
ថ្លែងក្នុងសន្និបាតស្តីអំពីការបូកសរុបលទ្ធផលការងារឆ្នាំ២០២២ នៃក្រសួងមហាផ្ទៃ ដែលត្រូវបានរៀបចំឡើងពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ស ខេង បានលើកឡើងថា ការមិនដោះស្រាយបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋ សុទ្ធតែជាបញ្ហា។ លោកថា ក្នុងឆ្នាំ២០២២ ក្រសួងមហាផ្ទៃទទួលបាន ១៤៥បណ្តឹង ដែលពាក់ព័ន្ធនឹងទំនាស់ដីធ្លីពីប្រជាពលរដ្ឋក្នុងរាជធានី-ខេត្ត២២ ហើយក្រសួងមហាផ្ទៃបានបញ្ជូនបណ្តឹងទាំងនោះទៅឲ្យរាជធានី-ខេត្តទាំង២២ នោះដោះស្រាយ ប៉ុន្តែបណ្តឹងទាំង ១៤៥នោះ មានត្រឹម ៦បណ្តឹងប៉ុណ្ណោះដែលខេត្ត៥ បានដោះស្រាយ និងបញ្ជូនសេចក្តីរាយការណ៍ទៅក្រសួងមហាផ្ទៃ។
ឧបនាយករដ្ឋមន្ត្រី ស ខេង លើកឡើងថា ខេត្តទាំង៥ នោះ គឺខេត្តព្រះសីហនុ ដោះស្រាយបាន ២បណ្តឹង ខេត្តសៀមរាប ខេត្តមណ្ឌលគិរី ខេត្តកោះកុង និងខេត្តស្វាយរៀង សុទ្ធតែដោះស្រាយបាន ១បណ្តឹងដូចគ្នា។ លោក ស ខេង ថាជូនពាក្យទៅរាជធានី-ខេត្តដែលមិនដោះស្រាយបណ្តឹងថា ស្ងាត់ដូចចោរលួចសេះ ធ្វើក៏មិនធ្វើ ដោះស្រាយក៏មិនដោះស្រាយ រាយការណ៍ក៏មិនរាយការណ៍។ លោកឯងទៅធ្វើភ្នាក់ងាររដ្ឋាភិបាល “ខ្មោចយអី” បើសម្ងំសុខនៅនុ៎ង។
លោក ស ខេង លើកឡើងថា អភិបាលរាជធានី-ខេត្តដែលមិនទាន់ដោះស្រាយបណ្តឹង ត្រូវដោះស្រាយ។ បើមិនអាចដោះស្រាយបានដោយមានឧបសគ្គណាមួយ ត្រូវរាយការណ៍ទៅក្រសួងមហាផ្ទៃ ដើម្បីក្រសួងរកដំណោះស្រាយ៕