33.2 C
Phnom Penh

បទ​អត្ថាធិប្បាយ៖ អ្នក​ត្រូវ​បាន​គេ​ណែនាំ​ឱ្យ​ស្រឡាញ់​គាំទ្រ​ជន​មាន​អំណាច​ដែល​រំលោភ​បំពាន​អ្នក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ រាជាណាចក្រ​មួយ​នេះ​មាន​រដ្ឋធម្មនុញ្ញ​មួយ​ដូច​គ្នា​ទៅ​នឹង​ប្រទេស​ដទៃ​ឯ​ទៀត​ដែរ។ រដ្ឋធម្មនុញ្ញ​កម្ពុជា​ក៏​មាន​ចែង​ផង​ដែរ​អំពី​សិទ្ធិ​របស់​ពលរដ្ឋ​នៅ​ក្នុង​របប​ប្រជាធិបតេយ្យ ហើយ​ក៏​មាន​ចែង​ផង​ដែរ​អំពី​ស្ថាប័ន​រដ្ឋ​ធំៗ​ទាំង​៣ ដែល​មាន​តុល្យភាព​នឹង​គ្នា គឺ​ស្ថាប័ន​នីតិប្បញ្ញត្តិ ស្ថាប័ន​នីតិប្រតិបត្តិ និង​ស្ថាប័ន​តុលាការ។

មិន​តែប៉ុណ្ណោះ ក៏​មាន​ចែង​អំពី​បុព្វសិទ្ធិ​របស់​ព្រះមហាក្សត្រ ដែល​ជា​និមិត្តរូប​នៃ​ការ​ផ្សះផ្សា​ជម្លោះ​នយោបាយ​ផង​ដែរ ព្រោះ​ថា​មហាក្សត្រ​ជា​ម្លប់​របស់​ប្រជារាស្ត្រ។

សារព័ត៌មាន​របស់​អាមេរិក The Diplomat បាន​រាយការណ៍​ថា ហេតុផល​មួយ​ដ៏​ចម្បង​ដែល​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជាណាចក្រ​កម្ពុជា តែងតែ​សង្គ្រោះ​អំណាច​របស់​លោក​បាន​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​រហូត​លោក​អាច​ក្រាញ​អំណាច​របស់​លោក​បាន​រហូត​មក​ទល់​ពេលនេះ គឺ​ជិត ៤០​ឆ្នាំ​ទៅ​ហើយ​នោះ ដោយសារតែ​លោក​ប្រើ​អំណាច និង​ឥទ្ធិពល​ក្នុង​ឋានៈ​ជា​មេដឹកនាំ​រដ្ឋ​ដ៏​កំពូល វាយ​បង្ក្រាប​ក្រុម​ប្រឆាំង​ទប់​អំណាច​របស់​លោក​កុំ​ឱ្យ​ធ្លាក់​ក្នុង​ការ​គំរាមកំហែង​ដ៏​គ្រោះថ្នាក់។

ការ​គំរាមកំហែង​ណា​ដែល​ធំ និង​មាន​ឥទ្ធិពល​ខ្លាំង លោក​ព្យាយាម​វាយ​បង្ក្រាប​ឱ្យ​រួញ​តូច​ទៅវិញ ជាពិសេស​សកម្មជន​ម្នាក់​ដែល​សមត្ថកិច្ច​របស់​លោក ហ៊ុន សែន ចោទ​ថា​មាន​ទោស ប៉ុន្តែ​លោក ហ៊ុន សែន ជា​អ្នក​សម្រេច​មិន​ឱ្យ​មាន​ទោស គឺ​មិន​ឱ្យ​រង​ការ​ដាក់​ទណ្ឌកម្ម​អ្វី​នោះ​ទេ ព្រោះ​តែ​សកម្មជន​រូប​នោះ​បាន​សុំ​ខមាទោស​ពី​លោក ហ៊ុន សែន។

ការ​ផ្ដល់​ការ​លើកលែង​ទោស​មក​វិញ​របស់​បុរស​ខ្លាំង​នេះ បាន​នាំ​ឱ្យ​មជ្ឈដ្ឋាន​ខ្លះ​ហៅ​លោក ហ៊ុន សែន ថា​ជា​មេដឹកនាំ​ដែល​មាន​ចិត្ត​ធម៌ និង​ជា​មេដឹកនាំ​ដែល​តែងតែ​សន្ដោស​ប្រណី​ដល់​ជន​ណា​ដែល​ឆាប់​ទទួល​កំហុស​ដោយ​សម្រេច​បោះបង់​ការ​តស៊ូ​តាម​ផ្លូវ​តុលាការ។ ដូច្នេះ បុរស​ម្នាក់​នេះ​មើល​ទៅ​មិន​ដូច​គេ​ថា​ជា​ជន​ផ្ដាច់ការ​នោះ​ទេ។

ពេល​ខ្លះ គេ​ថា​លោក ហ៊ុន សែន ដូចជា​អាទិទេព ដូចជា​អធិរាជ​កាលពី​សម័យ​ដែល​ពិភពលោក​ពុំ​ទាន់​មាន​ច្បាប់​ទម្លាប់។ គាត់​ចង់​ដាក់​ទោស​ទៅ​លើ​អ្នក​ណា​ក៏​បាន។ គាត់​ចង់​ដក​ទោស ឬ​លើកលែង​ទោស​អ្នក​ណា​ក៏​បាន ឱ្យ​តែ​ជន​នោះ អ្នក​នោះ​ធ្វើ​ឱ្យ​អ្វី​មួយ​តបស្នង​លោក​ឱ្យ​លោក​ពេញចិត្ត​ពេញ​ថ្លើម បើ​ទោះជា​អ្នក​នោះ​ប្រព្រឹត្ត​ខុស​ធ្ងន់ធ្ងរ​យ៉ាងណាក៏ដោយ បើ​ទោះបី​លោក​ខឹង​អ្នក​នោះ​ដូច​កំរោល​ចូល​ក៏ដោយ។

បុរស​ខ្លាំង​រូប​នេះ​គេ​តែ​ហៅ​លោក​ថា បិតា ពុក ឬ​ឪពុក ដែល​បាន​ប្រោស​ប្រទាន​ទោស​លើកលែង​ទោស​អ្នក​ដែល​ប្រព្រឹត្ត​ខុស ព្រោះតែ​បាន​រិះគន់​ការ​ដឹកនាំ​របស់​លោក។ នៅ​កម្ពុជា អ្នក​ដែល​ត្រូវ​បាន​គេ​ណែនាំ​ឱ្យ​ស្រឡាញ់ គាំទ្រ ចូលចិត្ត​បុរស​រូប​នេះ ព្រោះ​គាត់​ជា​មេដឹកនាំ​ដែល​មាន​ចិត្ត​ធម៌​គ្មាន​ពីរ​លើ​លោក។

គាត់​មិន​ធ្វើ​បាប ឬ​យក​ទោសពៃរ៍​ពី​អ្នក​នោះ​ទេ ឱ្យ​តែ​អ្នក​ហៅ​គាត់​ថា ពុក កូន​ស្រឡាញ់​ពុក​ណាស់។ ពុក​នេះ​ហើយ​ជា​អ្នក​បង្កើត​សន្តិភាព​នៅ​កម្ពុជា ហើយ​បើ​ពុក​ម្នាក់​នេះ​ដក​ខ្សែក្រវាត់​ចង់​វាយ​អ្នក គឺ​អ្នក​ឆាប់​សុំទោស​គាត់​ទៅ។ អ្នក​សរសើរ​គាត់​ភ្លាម​ទៅ គឺ​អ្នក​មិន​រង​ការ​វាយ​នឹង​ខ្សែក្រវាត់​របស់​គាត់​នោះ​ទេ។

អ្នក​ត្រូវ​និយាយ​ថា ពុក​ជា​មេដឹកនាំ​មាន​បេះដូង​ត្រជាក់ និង​មាន​ចិត្ត​ធម៌ ហើយ​ទោស​ទាំងឡាយ​របស់​អ្នក ទោះ​ជា​ធ្លាក់​ក្នុង​ដៃ​តុលាការ​ក៏ដោយ ក៏​គាត់​ប្រាប់​ឱ្យ​ដក​វិញ​បាន​ដែរ។

ករណី​ជាក់ស្ដែង​មួយ​ក្នុង​ចំណោម​រឿង​ជាច្រើន​ទៀត បាន​ស្ដែង​ឱ្យ​ឃើញ​រួច​ទៅ​ហើយ គឺ​ករណី​លោក យឹម ស៊ីណន ដែល​កាលពី​ថ្ងៃទី​២២ មីនា សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ រួម​នឹង​ដៃគូ​របស់​គាត់ គឺ​លោក ហ៊ុន កុសល ត្រូវ​បាន​តុលាការ​នាំ​ខ្លួន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​មួយ​នៅ​ភ្នំពេញ​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ការ​បះបោរ ពាក់ព័ន្ធ​នឹង​ការ​បាំង​ក្លស់​អង្គ​ព្រះមហាក្សត្រ។

លោក យឹម ស៊ីណន បាន​សរសេរ​រិះគន់​ការ​បាំង​ក្លស់​នេះ​ថា «សាធារណជន​មើល​ទៅ​អ្នក​ណា​ជា​ស្ដេច​ពិតប្រាកដ ព្រោះ​អ្នក​កាន់​ក្លស់​បាន​បាំង​កម្ដៅ​ព្រះអាទិត្យ​តែ​ទៅ​លើ​លោក ហ៊ុន សែន ទៅវិញ»។ សំណេរ​របស់​លោក យឹម ស៊ីណន និង​លោក ហ៊ុន កុសល ចង់​មាន​ន័យ​ថា ៣៨​ឆ្នាំ​មក​នេះ លោក ហ៊ុន សែន មាន​អំណាច​លើស​ស្ដេច​ទៅ​ទៀត។

ក្រោយពី​ចប់​កម្មវិធី​ដែល​ធ្វើឡើង​នៅ​ក្នុង​បរិវេណ​អង្គរវត្ត​ដែល​មាន​វត្តមាន​អង្គ​ព្រះមហាក្សត្រ​នោះ​ភ្លាម លោក ហ៊ុន សែន ច្រឡោត​ខឹង ហើយ​បញ្ជា​ឱ្យ​ចាប់​ខ្លួន​លោក យឹម ស៊ីណន និង​លោក ហ៊ុន កុសល នាំ​ខ្លួន​ទៅ​តុលាការ​ដើម្បី​ធ្វើការ​ចោទប្រកាន់​តែម្តង។ លោក ហ៊ុន សែន សរសេរ​តប​វិញ​ថា ដាច់ខាត​លោក​មិន​លើកលែង​ទោស​អ្នក​ទាំង​ពីរ​នេះ​ទេ ព្រោះ​បាន​ប្រមាថ​ធ្ងន់​ណាស់​លើ​អង្គ​ព្រះមហាក្សត្រ ហើយ​ញុះញង់​ឱ្យ​មាន​ចលាចល​សង្គម​ទៀត​ផង។

លោក ហ៊ុន សែន នៅ​ពេលនេះ​កំពុង​រៀបចំ​អំណាច​សន្តតិវង្ស​ក្នុង​គ្រួសារ​របស់​គាត់ និង​បក្ខពួក​របស់​គាត់​ឱ្យ​កាន់​អំណាច​ពី​ឪ​ដល់​កូន​រហូត​ដល់​ចៅ​ឯណោះ។

ចំណែក​រឿង​ប្រវត្តិសាស្ត្រ​មួយ​ដែល​លោក ហ៊ុន សែន ឱ្យ​អ្នក​ប្រវត្តិសាស្ត្រ​កែច្នៃ គឺ​ប្រវត្តិ «ស្ដេច​កន» ជា​ស្ដេច​ជ្រែក​រាជ្យ ដែល​លោក ហ៊ុន សែន តែង​ចាត់ទុក​ខ្លួន​លោក​ផ្ទាល់​ដូចជា​ស្ដេច​កន ហើយ​តាំង​ខ្លួន​ជា​បិតា​របស់​រាស្ត្រ​ខ្មែរ​ថែម​ទៀត​នោះ។

និយាយ​រឿង​របស់​លោក យឹម ស៊ីណន វិញ ក្រោយពី​ភរិយា​លោក យឹម ស៊ីណន អ្នកស្រី សូផាត មករា បាន​សរសេរ​លិខិត​អង្វរ​លោក ហ៊ុន សែន សុំ​ឱ្យ​ស្វាមី​បាន​លើកលែង​ទោស ក្នុង​លិខិត​នោះ​អ្នកស្រី សូផាត មករា បាន​រៀបរាប់​យ៉ាង​ស្រទន់​ហៅ​លោក ហ៊ុន សែន សុទ្ធតែ​ពុក។ អ្នកស្រី​ថា​ពុក​ជា​មេដឹកនាំ​ដ៏​ជា​គួរ​ឲ្យ​ស្រឡាញ់ ជា​ម្លប់​របស់​ប្រជាជន សូម​ពុក​លើកលែង​ទោស​ឱ្យ​ស្វាមី​របស់​គាត់​ទៅ ព្រោះ​គាត់​បាន​សារភាព​ថា​គាត់​ធ្វើ​ឱ្យ​មាន​កំហុស​ដែល​ធ្វើ​ឱ្យ​ពុក​ខឹង។

ក្នុង​ពេល​នោះ លោក យឹម ស៊ីណន ក៏​ទទួល​បាន​ការ​យល់ព្រម​ពី​មន្ត្រី​ពន្ធនាគារ​ឱ្យ​អាន​លិខិត​សុំទោស​ទាំង​សម្លៀកបំពាក់​ជា​អ្នកទោស​ដោយ​ថត​ជា​វីដេអូ។ លោក យឹម ស៊ីណន បាន​លើក​ដៃ​សំពះ ហើយ​សុំទោស​ទាំង​លោក ហ៊ុន សែន និង​ព្រះមហាក្សត្រ។

ក្នុង​ថ្ងៃទី​២៨ ខែ​មីនា លោក យឹម ស៊ីណន ត្រូវ​បាន​លោក ហ៊ុន សែន ស្នើ​ទៅ​តុលាការ​ឱ្យ​ដោះលែង​ពី​មន្ទីរ​ឃុំ​ខ្លួន តែ​លោក ហ៊ុន កុសល ដែល​មិន​បាន​សរសេរ​លិខិត​សុំទោស លោក​ក៏​នៅតែ​បន្ត​ឃុំ​ខ្លួន។

យ៉ាងណា លោក ហ៊ុន សែន បាន​ព្យាយាម​ពន្យល់​អំពី​មូលហេតុ​ដែល​លោក​លើកលែង​ទោស និង​ស្នើ​ឱ្យ​តុលាការ​ដោះលែង​លោក យឹម ស៊ីណន ព្រោះតែ​លោក ស៊ីណន សារភាព​ទទួល​កំហុស ហើយ​ម្យ៉ាង​ទៀត​ភរិយា​របស់​លោក ស៊ីណន មិន​បាន​អន្តរាគមន៍​ទៅ​រក​បរទេស ឬ​អង្គការ​ណា​មួយ​ដាក់​គំនាប​លើ​រដ្ឋាភិបាល ទើប​លោក​សម្រេច​ដូចនេះ។ លោក​ព្រមាន​ថា អ្នក​ណា​ដែល​សុំ​អន្តរាគមន៍​ពី​ពួក​បរទេស គឺ​លោក​មិន​លើកលែង​ទោស​ឱ្យ​ដាច់ខាត។

សារព័ត៌មាន The Diplomats ឲ្យ​ដឹង​ថា វា​គឺជា​ទម្លាប់​ទៅ​ហើយ គឺ​បុគ្គល​ណា​ក៏ដោយ ជាពិសេស​បក្ខពួក​បក្ស​កាន់​អំណាច​ងាយ​នឹង​បាន​ដោះលែង​ពី​ពន្ធនាគារ​ណាស់ ឱ្យ​តែ​ចេះ​សរសើរ លួងលោម អង្វរ​លោក ហ៊ុន សែន គឺ​បាន​រួច​ទោស​ភ្លាម​ដូច​ករណី​លោក យឹម ស៊ីណន ដូច្នេះ​ដែរ។

លោក ហ៊ុន សែន តែង​ហៅ​ខ្លួន​លោក​ថា​ជា​មេដឹកនាំ​ចិត្ត​ធម៌។ លោក​ថា​លោក​មិន​កំណាញ់​អ្វី​ទេ តែ​ដូចជា​មិន​ពិត​នោះ​ទេ។ ពលរដ្ឋ​ដែល​ចង់​បាន​យុត្តិធម៌​មួយ​ចេញពី​ប្រព័ន្ធ​ដឹកនាំ​មួយ​ដែល​មិន​បង្ក​ឱ្យ​មាន​សង្គម​អយុត្តិធម៌ ដោយ​តុលាការ​ឯករាជ្យ អព្យាក្រឹត្យ អំណាច​សភា​អាច​ជួយ​ដោះស្រាយ​ទុក្ខវេទនា​របស់​ពលរដ្ឋ គឺ​លោក ហ៊ុន សែន មិន​អនុញ្ញាត​ឱ្យ​មាន​ជា​ដាច់ខាត។

លោក​មិន​ត្រឹម​ក្រសោប​អំណាច​ក្នុង​ស្ថាប័ន​នីតិប្រតិបត្តិ​នោះ​ទេ លោក​ប្រើ​អំណាច​របស់​លោក​រំលោភ​ស្ថាប័ន​ពីរ​នេះ​ថែម​ទៀត​ផង។ ការពិត ក្រុម​ណា បុគ្គល​ដែល​អាច​ធ្វើ​ឱ្យ​អំណាច​របស់​លោក​ងាយ​គ្រោះថ្នាក់ លោក​តែងតែ​រក​វិធានការ​កម្ចាត់​ក្រុម​នោះ ឬ​បុគ្គល​នោះ​ចោល​ដោយ​គ្មាន​ត្រា​ប្រណី​នោះ​ឡើយ។

ជាក់ស្ដែង លោក កឹម សុខា ដែល​បង្ហាញ​មនោសញ្ចេតនា​នឹង​គ្រួសារ​របស់​លោក ហ៊ុន សែន ជាច្រើន​មក​ហើយ​ដែរ ក៏​លោក ហ៊ុន សែន មិន​អត់ឱន​ឲ្យ​ជា​ដាច់ខាត ព្រោះ​លោក កឹម សុខា អនាគត​ជា​អ្នក​នយោបាយ​ដែល​អាច​ដណ្ដើម​អំណាច​ពី​លោក​បាន។

ខណៈ​នេះ តុលាការ​ដែល​គេ​ថា​ជា​តុលាការ​នយោបាយ បាន​កាត់ទោស​លោក កឹម សុខា ឱ្យ​មាន​ទោស ២៧​ឆ្នាំ ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស មាន​ផែនការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន។ លោក ហ៊ុន សែន សច្ចា​ថា​នឹង​មិន​លើកលែង​ទោស​ឱ្យ​លោក កឹម សុខា ជាដាច់ខាត ហើយ​លោក កឹម សុខា ក៏​មិន​បាន​សុំទោស​លោក ហ៊ុន សែន ឬ​ស្នើ​អន្តរាគមន៍​ពី​លោក ហ៊ុន សែន ដើម្បី​ទទួល​បាន​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ​នោះ​ដែរ។

លោក ហ៊ុន សែន អាច​នឹង​ទូល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ ដើម្បី​សុំ​ការ​លើកលែង​ទោស​ដល់​លោក កឹម សុខា បាន លុះត្រា​ណា​តែ​លោក កឹម សុខា ហ៊ាន​ស្បថ​លែង​ធ្វើ​នយោបាយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស