អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អះអាងថា ខ្លួនប្រមូលចំណូលពន្ធបានចំនួនជាង ២៣០០ប៊ីលានរៀល ដែលស្មើនឹងប្រមាណជាង ៥០០លានដុល្លារអាមេរិកនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ នេះ។
អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម បានលើកឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាករកម្ពុជាសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៣ កាលពីថ្ងៃទី១១ មេសា កន្លងទៅថា ពន្ធដែលអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រមូលបានពីការនាំចូលមកកម្ពុជា ដូចជាយានយន្ត គ្រឿងចក្រ គ្រឿងសំណង់ និងរបស់ផ្សេងទៀតជាច្រើន។
លោក គុណ ញឹម អះអាងថា ក្រៅពីការប្រមូលពន្ធពីការនាំចូល អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏ទទួលបានប្រាក់ចំណូលពីការនាំចេញរបស់កម្ពុជាផងដែរ ដូចជាផលិតផលកាត់ដេរ ផលិតផលវិនិយោគមិនមែនកាត់ដេរ ដូចជាគ្រឿងបំណែកអេឡិចត្រូនិក បង្គំខ្សែភ្លើង កង់ ផលិតផលពីឈើ និងផលិតផលជាច្រើនទៀត។ បន្ថែមពីនេះក៏មានកសិផលរបស់កម្ពុជាដែរ ដូចជាស្រូវ អង្ករ និងកៅស៊ូ ជាដើម។
កាលពីអំឡុងឆ្នាំ២០២២ អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម បានអះអាងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រមូលចំណូលគិតជាទឹកប្រាក់មានចំនួនជិត ៦០០លានដុល្លារសហរដ្ឋអាមេរិក។ លោកបន្ថែមថា ក្នុងចំណូលទាំងនោះមានតែខែមេសាមួយគត់ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលប្រាក់ចំណូលពន្ធរហូតដល់ទៅ ២២០លានដុល្លារអាមេរិក។
យុទ្ធសាស្ត្រស្ដីពីអនុលោមភាព និងការអនុវត្តច្បាប់ឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បញ្ជាក់ថា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការប្រមូលចំណូលពន្ធ និងអាករ ក៏ដូចជាការធានានូវការប្រកួតប្រជែងដោយស្មើភាពក្នុងការធ្វើពាណិជ្ជកម្ម ការពារសន្តិសុខសុវត្ថិភាពសង្គម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានដាក់ចេញនូវវិធានការលើកកម្ពស់ក្នុងការទប់ស្កាត់ និងបង្ការរាល់បទល្មើសរត់គេចពន្ធ បន្លំពន្ធ និងបទល្មើសឆ្លងដែនយ៉ាងហ្មត់ចត់ ដូចជាឃ្លាំមើលតាមតំបន់ភូមិសាស្ត្រដែលមានហានិភ័យខ្ពស់ លើកកម្ពស់ការយល់ដឹងជាសាធារណៈ និងការអនុវត្តនីតិវិធីបំពេញបែបបទបញ្ចេញទំនិញគយ ជាដើម។
យ៉ាងណាក៏ដោយ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ មន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៅកម្ពុជាជាច្រើនបានលាតត្រដាងថា ក្រោយពេលចូលកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ លោក គុណ ញឹម បានប្រព្រឹត្ត និងកំពុងតែប្រព្រឹត្តអំពើពុករលួយតាមគ្រប់រូបភាព ដែលធ្វើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានការពេញចិត្តពេញថ្លើមយ៉ាងខ្លាំង រហូតប្រកាសបន្តតំណែងឱ្យលោក គុណ ញឹម ធ្វើជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដល់ឆ្នាំ២០២៥ បន្តទៀត។
ប្រភពផ្ទៃក្នុងខាងលើបានលាតត្រដាងថា លោក គុណ ញឹម បានបង្កើតឲ្យមានក្រុមពីរបែបដើម្បីប្រព្រឹត្តអំពើពុករលួយស្របច្បាប់ ដូចជាការបង្កើតក្រុមអនុលោម ដើម្បីជំរិតទារលុយពីក្រុមហ៊ុន និងអ្នករកស៊ីនាំទំនិញចេញចូលតូចធំដែលគ្មានខ្នងបង្អែក និងក្រុមរត់ការពន្យារអាយុដើម្បីបន្តពេលកាន់តំណែងក្នុងស្ថាប័នគយផងដែរ។
ប្រភពដដែលបានឲ្យដឹងថា លោក ប៉ោ សួន ដែលជាប្រធានក្រុមអនុលោម កំពុងក្លាយជាសេនាធិការជំនួសមុខឲ្យលោក គុណ ញឹម និងលោក អូន ព័ន្ធមុនីរ័ត្ន ក្នុងល្បែងប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ដោយហ៊ានដើរបង្ខំទារលុយត្រង់ៗពីក្រុមហ៊ុន និងអ្នករកស៊ីតូចធំដែលគ្មានខ្នងបង្អែក ដើម្បីយកទៅចែកផលប្រយោជន៍ចែកលាភគ្នាជាមួយមេៗស្ថាប័នខាងលើយ៉ាងអនាធិបតេយ្យសព្វថ្ងៃនេះ។
ផ្អែកតាមប្រភពផ្ទៃក្នុងនៃមន្ត្រីគយកម្ពុជា បានប្រាប់ The Cambodia Daily ថា គ្រាន់តែប្រធានគយចល័ត លោក កើត សុធារ៉ា ដែលនៅក្រោមការត្រួតពិនិត្យរបស់លោក ប៉ោ សួន នោះ អាចកើបប្រាក់បានយ៉ាងតិច ១០ម៉ឺនដុល្លារឯណោះក្នុងមួយថ្ងៃៗ ដើម្បីយកទៅចែកឲ្យមេៗខាងលើ។
ប្រភពដដែលទម្លាយថា កម្រិត ឬថ្នាក់ការិយាល័យ នាយកដ្ឋាន និងសាខាគយខណ្ឌជាដើម ក៏ត្រូវចំណាយប្រាក់សូកប៉ាន់យ៉ាងតិច ១០ម៉ឺនដុល្លារដែរ ចំណែកប៉ុស្តិ៍មេគយរាជធានីភ្នំពេញ និងមេគយខេត្ត ដូចជាខេត្តព្រះសីហនុ និងខេត្តបន្ទាយមានជ័យ ជាដើម ដណ្ដើមគ្នាសូកប៉ាន់រកកន្លែងខ្លាញ់រហូតដល់ ១លាន ៥សែន ទៅ ២លានដុល្លារឯណោះ។ ជាងនេះទៀត ករណីសូកប៉ាន់ពន្យារអាយុវិញ ស្ថាប័នគយក៏កំពុងនាំមុខគេដែរក្នុងរឿងអាស្រូវនេះ ដូចជាករណីប្រធានក្រុមអនុលោម លោក ប៉ោ សួន ជាដើម។
កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ កន្លងទៅ អង្គការតម្លាភាពអន្តរជាតិ (Transparency International) បានលាតត្រដាងថា ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១៥៧ ក្នុងចំណោមប្រទេសចំនួន១៨០ នៅលើពិភពលោក ទាក់ទងនឹងការប្រព្រឹត្តអំពើពុករលួយក្នុងឆ្នាំ២០២១ កន្លងទៅ៕