29.6 C
Phnom Penh

លោក សម រង្ស៊ី អំពាវនាវ​កុំ​ឱ្យ​សហគមន៍​អន្តរជាតិ​ទទួល​ស្គាល់​ការ​បោះឆ្នោត​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី អំពាវនាវ​កុំ​ឱ្យ​សហគមន៍​អន្តរជាតិ​ទទួលស្គាល់​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​នា​ពេល​ខាងមុខ​នេះ និង​អំពាវនាវ​មិន​ឱ្យ​ទទួលស្គាល់​រដ្ឋាភិបាល​ថ្មី​ដែល​កើត​ចេញពី​ការ​បោះឆ្នោត​នេះ​ផង​ដែរ ដោយ​លោក​ចាត់ទុក​ថា​ជា​ការ​បោះឆ្នោត​ដ៏​អាក្រក់​បំផុត និង​ជា​ការ​បោះឆ្នោត​ក្លែងក្លាយ​ប៉ុណ្ណោះ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៩ ឧ​សភា ឆ្នាំ​២០២៣ នេះ​ថា ដើម្បី​ឱ្យ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​កម្ពុជា​ប្រព្រឹត្ត​ទៅ​ដោយ​ស្មោះត្រង់ គឺ​មិន​ត្រូវ​ឱ្យ​មាន​ការ​រៀបចំ​ជា​ប្រព័ន្ធ និង​ការ​ក្លែង​បន្លំ​ពី​សំណាក់​អាជ្ញាធរ​ដែល​បាន​លាក់បាំង ឬ​បំភ្លៃ​ឆន្ទៈ​ម្ចាស់​ឆ្នោត​ដូច​អ្វី​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​រៀបចំ​នៅ​ពេលនេះ​ឡើយ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​លើកឡើង​ថា ប្រសិនបើ​ប្រជាជន​កម្ពុជា​ពិត​ជា​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ជ្រើសរើស​អនាគត​របស់​ពួកគេ​នៅ​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​នេះ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ស្រប​តាម​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ នោះ​អ្វីៗ​គ្រប់​យ៉ាង​នឹង​ល្អ។

លោក សម រង្ស៊ី បញ្ជាក់​ថា ការ​បោះឆ្នោត​ដែល​នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​កម្ពុជា​ក្នុង​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បាត់បង់​អំណាច​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន យ៉ាង​ខ្លាំង បន្ទាប់ពី​គាត់​បាន​គ្រប់គ្រង​ប្រទេស​កម្ពុជា​តាម​របៀប​ផ្ដាច់ការ​ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​អស់​រយៈពេល ៣៨​ឆ្នាំ​មក​នេះ។

កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២២ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ការ​កំណត់​កាលបរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៧ ដែល​បាន​កំណត់​យក​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ជា​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ទៅ​តាម​អាណត្តិ​របស់​ខ្លួន​ដែល​មាន​រយៈពេល ៥​ឆ្នាំ​ម្តង​ដូច​អាណត្តិ​មុនៗ។

ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ក្នុង​អាណត្តិ​ទី​៧ នេះ គណបក្ស​ដែល​មាន​សក្ដានុពល​នៅ​កម្ពុជា គឺ​មាន​តែ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន តែ​មួយ​គត់​ដែល​ចូលរួម ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​គេ​ចាត់ទុក​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា ត្រូវ​តុលាការ​រំលាយ ចំណែក​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ក៏​ត្រូវ​កាត់ទោស​ឱ្យ​ជាប់​គុក ២៧​ឆ្នាំ​ថែម​ទៀត។ បញ្ហា​នេះ​ពួកគេ​នឹង​មិន​អាច​ចូលរួម​ការ​បោះឆ្នោត​ខាងមុខ​នេះ​បាន​ឡើយ។

ដោយឡែក​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី មិន​អាច​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​បាន​ទេ ស្រប​ពេល​ដែល​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន​នៅ​ពេលនេះ ដូចជា​លោក សុន ឆ័យ លោក គង់ គាំ និង​លោក ថាច់ សេដ្ឋា ក៏​ត្រូវ​រង​នូវ​បណ្តឹង​រហូត​ឈាន​ដល់​ការ​រឹបអូស​ដីធ្លី ផ្ទះសម្បែង និង​ការ​ចាប់​ឃុំ​ខ្លួន​ថែម​ទៀត ដែល​គេ​មើល​ឃើញ​ថា​ជា​ការ​គំរាមកំហែង​ខាង​នយោបាយ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ពេលនេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២២ ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ក្នុង​ខេត្ត​ព្រះសីហនុ លោក ហ៊ុន សែន ព្រមាន​ថា ក្រុម​ប្រឆាំង​ដែល​នៅ​បន្ត​គាំទ្រ​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ជម្រើស​ចុងក្រោយ​គឺ​មាន​តែ​ដេក​គុក​ប៉ុណ្ណោះ ហើយ​លោក​នឹង​បញ្ចប់​វប្បធម៌​ឡាំប៉ា​ក្រោយ​ការ​បោះឆ្នោត​ដែល​អ្នក​ទាំងនោះ​ធ្លាប់​ធ្វើ​កន្លងមក​ឱ្យ​បាន​ចាប់​ពេលនេះ​តទៅ។

វិធានការ​ច្បាប់ និង​សារ​ព្រមាន​ផ្ទួនៗ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើ​មន្ត្រី​បក្ស​ប្រឆាំង​ទាំងនេះ ត្រូវ​ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា ជា​យុទ្ធសាស្ត្រ​ដែល​គណបក្ស​កាន់​អំណាច​តែងតែ​ប្រើប្រាស់​ដើម្បី​បំបាក់​ដៃគូ​ប្រកួតប្រជែង​របស់​ខ្លួន​នៅ​មុន​រដូវកាល​បោះឆ្នោត​មក​ដល់។

ការ​បោះឆ្នោត​នៅ​កម្ពុជា បាន​ធ្វើ​ឡើង​ចំនួន ៦​អាណត្តិ​មក​ហើយ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ប៉ុន្តែ​រាល់​ពេល​ដែល​ជិត​ដល់​រដូវកាល​នៃ​ការ​បោះឆ្នោត​មក​ដល់​ម្តងៗ ទាំង​ពលរដ្ឋ​ខ្មែរ និង​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​តែង​រង​នូវ​ការ​គំរាមកំហែង​ពី​មន្ត្រី​បក្ស​កាន់​អំណាច​ជា​ប្រចាំ។

ជុំវិញ​ដំណើរការ​នៃ​ការ​បោះឆ្នោត​ខាងមុខ​នេះ ត្រូវ​ក្រុម​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា ស្ថានការណ៍​ទាំងស្រុង​គឺ​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​បក្ស​កាន់​អំណាច​គ្រប់​បែប​យ៉ាង ដូចជា​សមាសភាព​ទាំង ៩​រូប​របស់ គ.ជ.ប គឺ​សុទ្ធតែ​មកពី​បក្ស​កាន់​អំណាច បណ្ដាញ​សារព័ត៌មាន​ក៏​មកពី​បក្ស​កាន់​អំណាច មន្ត្រី គ.ជ.ប នៅ​មូលដ្ឋាន ក៏​ជ្រើសរើស​ដោយ​បក្ស​កាន់​អំណាច។ នេះ​គេ​នៅ​មិន​គិត​ដល់​ការ​គំរាមកំហែង​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លើ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​នៅឡើយ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស