42.2 C
Phnom Penh

រុស្ស៊ី​ប្រារព្ធ​ទិវា​ជ័យជម្នះ​លើ​របប​ហ៊ីត្លែរ ខណៈ​លោក ពូទីន ថា​ពេល​នេះ​ជា​សង្គ្រាម​លោក​ខាងលិច​វាយ​រុស្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ថ្ងៃទី​៨ ទី​៩ ឧសភា ជា​ថ្ងៃ​ខួប ៧៨​ឆ្នាំ​នៃ​ជ័យជម្នះ​របស់​ប្រទេស​សម្ព័ន្ធមិត្ត ហើយ​ក៏​ជា​ជ័យជម្នះ​របស់​សហភាព​សូវៀត ទៅ​លើ​របប ហ៊ីត្លែរ​អាល្លឺម៉ង់ នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២ ដែរ។

ពួក​ណាហ្ស៊ី​អាល្លឺម៉ង់​ដែល​បរាជ័យ​ក្នុង​សមរភូមិ ប្រកាស​ចុះចាញ់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៨ ឧសភា ប៉ុន្តែ​មេដឹកនាំ​សហភាព​សូវៀត នៅ​ពេល​នោះ គឺ​កម្មាភិបាល​ស្តាលីន មិន​ព្រម​ទេ លុះត្រាតែ​តំណាង​ប្រទេស​អាល្លឺម៉ង់​នៅ​សម័យ​នោះ​ចុះហត្ថលេខា​ជា​ផ្លូវការ​ថា​ចុះចាញ់​សង្គ្រាម ទើប​យល់ព្រម។

ការ​ប្រារព្ធ​ទិវា​ជ័យជម្នះ​លើ​ពួក​ណាហ្ស៊ី​អាល្លឺម៉ង់ ត្រូវ​រៀបចំ​នៅ​ថ្ងៃ​ផ្សេងៗ​គ្នា​រវាង​សហភាព​សូវៀត និង​អឺរ៉ុប។ សម្រាប់​លោក វ៉្លាឌីមៀរ ពូទីន មេដឹកនាំ​ជំនាន់​ក្រោយ​នៃ​ប្រទេស​រុស្ស៊ី ដែល​តំណាង​ឱ្យ​សហភាព​សូវៀត តែងតែ​មាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​នេះ​ដោយ​មិន​ខាន​ឡើយ។

លោក ពូទីន តែងតែ​លើក​ទឹកចិត្ត​ប្រជាជន​រុស្ស៊ី ឱ្យ​មាន​ស្មារតី​ជាតិ​ខ្ពស់​ក្នុង​ការ​រួម​កម្លាំង​គ្នា​ប្រឆាំង​ប្រទេស​ខាង​ក្រៅ។

ទិវា​ជ័យជម្នះ​លើ​ពួក​ណាហ្ស៊ី​អាល្លឺម៉ង់ ក្នុង​សង្គ្រាម​លោក​លើក​ទី​២ ជា​បុណ្យ​ជាតិ​ដ៏​ធំ​បំផុត​របស់​ប្រទេស​រុស្ស៊ី ព្រោះ​វា​បញ្ជាក់​ពី​ការ​តស៊ូ​របស់​ប្រជាជន​សហភាព​សូវៀត រហូត​ដល់​ដណ្តើម​បាន​ជ័យជម្នះ​លើ​កងទ័ព​ហ៊ីត្លែរ​កាលពី ៧៨​ឆ្នាំ​មុន។

ពី​ទីក្រុង​មូស្គូ ព្រឹត្តិការណ៍​ទិវា ៩​ឧសភា ចាប់ផ្ដើម​ហើយ ទោះ​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​របស់​រុស្ស៊ី នៅ​មុន​ថ្ងៃទី​៩ ឧសភា បាន​ផ្សាយ​ថា ក្រុង​មូស្គូ នឹង​មិន​ប្រារព្ធ​ពិធី​នេះ​ទេ ព្រោះ​ក្រុង​មូស្គូ​ទើប​រង​ការ​វាយប្រហារ​ដោយ​យាន​ដ្រូន​ពីរ​គ្រឿង​ដែល​ក្រុង​មូស្គូ ចោទ​ថា ជា​អំពើ​ភេរវកម្ម​របស់​អ៊ុយក្រែន ហើយ​ចោទ​សហរដ្ឋ​អាមេរិក​នៅ​ពីក្រោយ​ហេតុការណ៍​នេះ។

ទាំង​អ៊ុយក្រែន និង​អាមេរិក បដិសេធ​ការ​ចោទ​របស់​រុស្ស៊ី ដោយ​ចោទ​បក​វិញ​ថា ដ្រូន​ពីរ​គ្រឿង​នោះ​ជា​ដ្រូន​របស់​រុស្ស៊ី ដែល​ក្រុង​មូស្គូ​ជា​អ្នក​រៀបចំ​ឆាក​នេះ​ឡើង ហើយ​ដ្រូន​ពីរ​គ្រឿង​នោះ​ក៏​ត្រូវ​បាន​បាញ់​ទម្លាក់ ខណៈ​វា​មិន​ទាន់​សម្រេច​គោលដៅ​របស់​វា​ផង​នោះ។

តាម​សារព័ត៌មាន The Washington Times បាន​ឱ្យ​ដឹង​ថា លោក ពូទីន ដែល​ជា​អធិបតី​នៃ​ព្រឹត្តិការណ៍​នេះ បាន​ថ្លែង​នៅ​ឯ​ទីលាន​ក្រហម​ថា សង្គ្រាម​ពិត​ហើយ​នៅ​ពេលនេះ គឺជា​សង្គ្រាម​ដែល​ពួក​លោក​ខាងលិច​វាយ​លើ​រុស្ស៊ី។

ថ្លែង​សុន្ទរកថា​ទៅ​កាន់​ប្រជាជន​រុស្ស៊ី ក្នុង​ទិវា​ជ័យជម្នះ ៩​ឧសភា លោក ពូទីន បាន​ប្រដូច​សង្គ្រាម​នៅ​អ៊ុយក្រែន​ដែល​លោក​ចាត់ទុក​ថា​ជា​វិធានការ​ការពារ​ប្រឆាំង​នឹង​លោក​ខាងលិច​ដែល​ចង់​បំបែក​រុស្ស៊ី ដែល​ក្រុង​មូស្គូ បាន​ប្រឈមមុខ​នៅ​ក្នុង​សម័យកាល​ហ៊ីត្លែរ​ឈ្លានពាន​សហភាព​សូវៀត​ក្នុង​ឆ្នាំ​១៩៤១។

ការ​ថ្លែង​របស់​លោក ពូទីន ធ្វើឡើង​ក្រោយ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​ទ័ព​របស់​រុស្ស៊ី​បន្ត​បាញ់​មីស៊ីល​ជាច្រើន​គ្រាប់​ចូល​ទៅ​ទឹកដី​អ៊ុយក្រែន។ តែ​អ៊ុយក្រែន អះអាង​ថា យ៉ាងតិច​មីស៊ីល ២៣​គ្រាប់​ត្រូវ​បាន​បាញ់​ទម្លាក់​ក្នុង​ចំណោម​មីស៊ីល ២៥​គ្រាប់។

ក្នុង​ស្ថានភាព​ដ៏​ក្ដៅ​គគុក​នេះ ពី​ទីក្រុង​គៀវ ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy បាន​ថ្លែង​ដោយ​ចំអក​ថា កងទ័ព​រុស្ស៊ី​នៅ​អ៊ុយក្រែន​នឹង​ត្រូវ​បរាជ័យ​ដូច​ពួក​ណាហ្ស៊ី​អាល្លឺម៉ង់​ដែល​ត្រូវ​បាន​បរាជ័យ​នៅ​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី​២។

លោក Zelenskyy បាន​បញ្ជាក់​នៅ​ក្នុង​សារ​ជា​វីដេអូ​ដែល​តែងតែ​ថ្លែង​ទៅ​កាន់​ប្រជាជន​អ៊ុយក្រែន​សម្រាប់​មួយ​ថ្ងៃ​ម្ដង។ លោក​បញ្ជាក់​ថា៖ ប្រជាជន​អ៊ុយក្រែន​ប្រយុទ្ធ​នៅ​សម័យកាល​នោះ គឺ​ដូច​ការ​ប្រយុទ្ធ​នៅ​ពេល​ឥឡូវ​នេះ ដើម្បី​កុំ​ឱ្យ​ប្រទេស​ណា​មួយ​យក​ប្រទេស​ផ្សេង​ទៀត​ធ្វើ​ជា​ទាសករ។ អំពើ​អាក្រក់​ទាំងអស់​នោះ​ដែល​ប្រទេស​រុស្ស៊ី​សម័យ​ទំនើប​បាន​នាំ​ត្រឡប់​យក​មក​វិញ គឺ​បរាជ័យ​ដូច​ណាហ្ស៊ី​អាល្លឺម៉ង់ ដែល​ត្រូវ​បាន​បរាជ័យ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២។

លោក Zelenskyy បាន​និយាយ​ថា គោលបំណង​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន គឺ​វាយ​យក​ធ្វើ​ជា​ទាសករ​របស់​ខ្លួន និង​បំផ្លិចបំផ្លាញ​ប្រទេស​ដទៃ។ លោក​ថា ការ​គាំទ្រ​អ៊ុយក្រែន​នៅ​ពេលនេះ គឺ​ប្រៀប​បាន​នឹង​កិច្ចប្រឹងប្រែង​ក្នុង​ការ​ធ្វើ​ឱ្យ​ហ៊ីត្លែរ​អាល្លឺម៉ង់​បរាជ័យ​នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ​១៩៤៥។

លោក Zelenskyy ថ្លែង​ទៀត​ថា៖ ជា​ថ្មី​ម្ដង​ទៀត សត្រូវ​នៅ​នេះ​បាន​យក​ការ​ឈ្លានពាន និង​ការ​ភ្ជាប់​យក​ទឹកដី ការ​ត្រួតត្រា និង​ការ​ចាប់​បញ្ជូន​មនុស្ស​ចេញពី​ប្រទេស ការ​សម្លាប់​ទ្រង់ទ្រាយ​ធំ ការ​ធ្វើ​ទារុណកម្ម ការ​បាញ់​ផ្លោង​លើ​ទីក្រុង និង​ការ​ដុត​ភូមិឋាន​នានា គឺ​លេស​នៃ​ការពារ​សន្តិសុខ​របស់​ខ្លួន។

លោក​អះអាង​ថា ការ​រំដោះ​ទឹកដី​របស់​អ៊ុយក្រែន និង​ការ​ការពារ​គុណតម្លៃ​នៃ​យុត្តិធម៌​របស់​អ៊ុយក្រែន​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី គឺជា​ជ័យជម្នះ​របស់​ប្រជាជន​អ៊ុយក្រែន និង​ពិភពលោក​ដែល​នឹង​ប្រកប​ដោយ​សន្តិភាព​ពិតៗ។

ការ​លើកឡើង​របស់​លោក Zelenskyy នេះ​ធ្វើឡើង​ចំ​ពេល​លោក​ប្រកាស​ក្រឹត្យ​មួយ​ដើម្បី​រំឭក​អំពី​ជ័យជម្នះ​លើ​ហ៊ីត្លែរ​អាល្លឺម៉ង់​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី​២ ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​៨ ខែ​ឧសភា ដូច​ដែល​សម្ព័ន្ធមិត្ត​បស្ចិម​ប្រទេស​នានា​ធ្វើឡើង​នៅ​ថ្ងៃទី​៨ ឧសភា នេះ​ដែរ។

លោក Zelenskyy បាន​បន្ត​ថា អ៊ុយក្រែន​នឹង​កំណត់​យក​ថ្ងៃទី​៩ ខែ​ឧសភា ដើម្បី​រំឭក​ដល់​ការ​គាំទ្រ​របស់​អឺរ៉ុប ចំពោះ​អ៊ុយក្រែន ក្នុង​ការ​តស៊ូ​ប្រឆាំង​ការ​ឈ្លានពាន​ពី​សំណាក់​រុស្ស៊ី​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក ពូទីន។

លោក​ប្រធានាធិបតី​អ៊ុយក្រែន​រូប​នេះ​បាន​ប្រកាស​ថា អ៊ុយក្រែន​នឹង​ឈប់​ប្រារព្ធ​ទិវា​ជ័យជម្នះ​លើ​កងទ័ព​ណាហ្ស៊ី​អាល្លឺម៉ង់ នៅ​ថ្ងៃទី​៩ ឧសភា ដូច​រុស្ស៊ី​ទៀត​ហើយ។

តាម​ប្រធានាធិបតី​អ៊ុយក្រែន លោក​នឹង​ដាក់​សំណើ​ច្បាប់​ទៅ​កាន់​សភា​អ៊ុយក្រែន ដើម្បី​យក​ថ្ងៃទី​៨ ឧសភា ជា​ថ្ងៃ​ប្រារព្ធ​ជ័យជម្នះ​ជាមួយ​នឹង​ពិភពលោក​សេរី ពោល​គឺ​ជាមួយ​នឹង​សហភាព​អឺរ៉ុប និង​ប្រទេស​ដទៃ​ទៀត​នៅ​លើ​ពិភពលោក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស