32.5 C
Phnom Penh

អតីត​និស្សិត​ម្នាក់​សកម្ម​ប្រឆាំង​វៀតណាម​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ម្នាក់​ដែល​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​វៀតណាម បាន​សុំ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បង្កើត​ឡើង​ដោយ​វៀតណាម ហើយ​កំពុង​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សព្វថ្ងៃ​នេះ។

ក្នុង​លិខិត​មួយ​ដែល​ផ្ញើ​ទៅ​កាន់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០២៣ លោក នីន តារារតន៍ ដែល​អះអាង​ថា​ជា​អតីត​និស្សិត​នៃ​ក្រុម​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ឆ្នាំ​១៩៩៩ និង​ដើម​ឆ្នាំ​២០០០ បាន​លើកឡើង​ថា ការ​ដែល​ខ្លួន​ចាកចេញ​ពី​ក្រុម​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ដោយសារតែ​ខ្លួន​មិន​ពេញចិត្ត​នឹង​ការ​ដឹកនាំ​របស់​លោក អ៊ុំ សំអាន អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ។

អតីត​និស្សិត​រូប​នេះ​អះអាង​ថា ចាប់តាំងពី​លោក អ៊ុំ សំអាន ធ្វើ​ជា​អ្នក​ដឹកនាំ និង​លោក ស ឡុងដេត ឡើង​ជា​អគ្គលេខាធិការ​មក បាន​ធ្វើ​សកម្មភាព​ដោយ​ប្រព្រឹត្ត​ទង្វើ​អសីលធម៌ ខ្វះ​ការ​ពិចារណា ងប់ងុល​តែ​នឹង​រឿង​ធ្វើ​បាតុកម្ម និង​ជេរប្រមាថ​រដ្ឋាភិបាល​កម្ពុជា​តែប៉ុណ្ណោះ។ លោក​ថា មូលហេតុ​ទាំងនេះ​បាន​ធ្វើ​ឲ្យ​លោក និង​លោក សេង សារី បាន​ចេញពី​ក្រុម​ចលនា​និស្សិត​នេះ​វិញ ដោយ​បន្ត​ការងារ​រៀងៗ​ខ្លួន​រហូត​មក​ទល់​សព្វថ្ងៃ​នេះ។

លោក នីន តារារតន៍ ក៏​បាន​សុំទោស​លោក ហ៊ុន សែន និង​ស្នើសុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ហេតុផល​ថា ដើម្បី​បាន​បម្រើ​ពលរដ្ឋ និង​អភិវឌ្ឍ​ប្រទេស​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន នា​ពេល​បច្ចុប្បន្ន​នេះ។

ឆ្លើយតប​ការ​ស្នើសុំ​នេះ នៅ​ថ្ងៃទី​១០ ខែ​ឧសភា ដដែល បុរស​ខ្លាំង​ក្រាញ​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​ប្រកាស​ស្វាគមន៍​ចំពោះ​ការ​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក នីន តារារតន៍។

ជុំវិញ​ការ​ចោទប្រកាន់​នេះ លោក អ៊ុំ សំអាន បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​មុន​ការ​ផ្សាយ​នេះ​ថា ការ​លើកឡើង​របស់​លោក នីន តារារតន៍ គឺជា​ការ​លាប​ពណ៌​ដ៏​ខ្វះ​នូវ​គុណធម៌ និង​សីលធម៌​ដើម្បី​តែ​ចង់​បាន​នូវ​តួនាទី និង​លាភ​សក្ការៈ​ក្នុង​រដ្ឋាភិបាល​តែប៉ុណ្ណោះ។ លោក អ៊ុំ សំអាន អះអាង​ថា លោក នីន តារារតន៍ ជា​មនុស្ស​រមិលគុណ​ចំពោះ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ពីព្រោះ​ទីនោះ​ហើយ​ជា​កន្លែង និង​ជា​ទី​ជម្រក រួម​ទាំង​អាហារ​ហូបចុក​ប្រចាំ​ថ្ងៃ​ដែល​ផ្តល់​ឲ្យ​គាត់​អាច​បន្ត​ការ​សិក្សា​រហូត​រៀន​ចប់​ថ្នាក់​មហាវិទ្យាល័យ​ផ្នែក​សង្គមវិទ្យា។

ការ​សុំ​ចុះចូល​គណបក្ស​ប្រជាជន​កម្ពុជា​នា​ពេលនេះ ធ្វើឡើង​បន្ទាប់ពី​អតីត​ក្រុម​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល និង​សមាជិក​ម្នាក់​ទៀត លោក អៀ ចាន់ណា និង​លោក សារ៉ូ សុវុឌ្ឍិ បាន​ប្រកាស​គាំទ្រ និង​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា កាលពី​ពេល​ថ្មីៗ​នេះ ហើយ​ក្រៅពី​សកម្មជន​សង្គម ក៏​មាន​ថ្នាក់​ដឹកនាំ​បក្ស​ក្រៅ​រដ្ឋាភិបាល ដូចជា​គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ជាដើម។

ការ​សុំ​ចុះចូល​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​នេះ ដោយ​ពួកគេ​ថា​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន រយៈពេល​ជិត ៤០​ឆ្នាំ​មក​នេះ បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​រីកចម្រើន និង​មាន​សន្តិភាព​ពេញលេញ ខណៈ​សហគមន៍​ជាតិ និង​អន្តរជាតិ​មើល​ឃើញ​ថា រយៈពេល​ជាង ៣៨​ឆ្នាំ​នៃ​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​ធ្វើ​ឲ្យ​ស្ថានភាព​សិទ្ធិ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ធ្លាក់​ចុះ ដោយ​ឈាន​ទៅ​រក​ការ​ដឹកនាំ​បែប​ផ្ដាច់ការ។

ចំណែក​អ្នក​ឃ្លាំមើល​ចាត់ទុក​ការ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​របស់​សកម្មជន និង​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល ថា​ជា​ទង្វើ​ជាន់​ពន្លិច​អ្នក​ប្រជាធិបតេយ្យ និង​គាំទ្រ​នយោបាយ​ទុច្ចរិត​របស់​បក្ស​កាន់​អំណាច​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន។

លោក នីន តារារតន៍ ជា​អតីត​និស្សិត​នៃ​ក្រុម​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ដែល​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម ប៉ុន្តែ​នៅ​ថ្ងៃទី​១០ ខែ​ឧសភា នេះ លោក​ក៏​ងាក​មក​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​មេដឹកនាំ​លើក​បន្តុប​ដោយ​វៀតណាម​ទៅ​វិញ។

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​ឈ្មោះ​ដើម​ថា គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក សឺន ង៉ុកមិញ ហៅ​អាចារ្យ មៀន នៅ​ឆ្នាំ​១៩៥១។ លោក សឺន ង៉ុកមិញ ដែល​មាន​ឈ្មោះ​ជា​ភាសា​វៀតណាម​ថា ផាម យ៉ាំង ហួ (Phạm Văn Hua) និង​ដែល​មាន​ឪពុក​ជា​ខ្មែរក្រោម និង​ម្តាយ​ជា​ជនជាតិ​វៀតណាម នៅ​ខេត្ត​ព្រះត្រពាំង កម្ពុជា​ក្រោម​នោះ គឺជា​អតីត​សមាជិក​គណបក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក ហូ ជី មិញ (Ho Chi Minh) តាំងពី​ឆ្នាំ​១៩៣០៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស