40.8 C
Phnom Penh

លោក អ៊ុំ សំអាន ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ប្ដឹង​ទាមទារ​កោះ​គុត​មក​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា ប្តឹង​តវ៉ា​ទៅ​តុលាការ​អាជ្ញា​កណ្តាល​អន្តរជាតិ Permanent Court of Arbitration (PCA) នៅ​ទីក្រុង​ឡាអេ ដោយ​ប្រើប្រាស់​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៧ និង​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ (UNCLOS) ឆ្នាំ​១៩៨២ ដើម្បី​ទាមទារ​ដែនដី ២​ភាគ​៣ របស់​កម្ពុជា​ដែល​ស្ថិត​នៅ​ក្នុង​ដែនសមុទ្រ​កោះ​គុត ត្រឡប់​មក​កម្ពុជា​វិញ និង​ទាមទារ​យក​សមុទ្រ​ខ្មែរ​ទំហំ​ជាង ២៦០០០​គីឡូម៉ែត្រ​ការ៉េ​ត្រឡប់​មក​វិញ​ផង​ដែរ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២៤ នេះ​ថា ប្រទេស​កម្ពុជា​បាន​បាត់បង់​កោះ​គុត​ទាំងស្រុង​ទៅ​ប្រទេស​ថៃ នៅ​ឆ្នាំ​២០១០។ លោក​បន្ថែម​ថា ដោយសារតែ​ការ​បាត់បង់​កោះ​គុត​នេះ​ហើយ បាន​ជា​នាំ​ឱ្យ​ព្រំដែន​សមុទ្រ​ខ្មែរ​យ៉ាង​ច្រើន​បាន​បាត់បង់​យ៉ាង​ច្រើន​ដែរ ព្រោះ​ថា​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៧ បាន​កំណត់​ព្រំដែន​សមុទ្រ​ត្រូវ​យក​ចំណុច​ខ្ពស់​បំផុត​នៃ​កោះ​គុត ធ្វើ​ជា​គោល ខណៈ​ចំណុច​ខ្ពស់​បំផុត​នៃ​កោះ​គុត នោះ គឺ​ប្រទេស​កម្ពុជា​ត្រូវ​ទទួល​បាន ២​ភាគ​៣ ចំណែក​ឯ​ប្រទេស​ថៃ ទទួល​បានតែ ១​ភាគ​៣ ប៉ុណ្ណោះ។

លោក អ៊ុំ សំអាន លើកឡើង​ថា ការ​បាត់បង់​កោះ​គុត នាំ​ឱ្យ​លោក ហ៊ុន ម៉ាណែត យក​សមុទ្រ​ខ្មែរ​ទំហំ​ជាង ២៦០០០​គីឡូម៉ែត្រ​ការ៉េ ទៅ​រកស៊ី​រួម​គ្នា​រឿង​ប្រេង និង​ឧស្ម័ន​ជាមួយ​ថៃ នៅ​ពេលនេះ។ លោក​បន្ថែម​ថា នៅ​ថ្ងៃ​អនាគត ប្រទេស​កម្ពុជា​នឹង​ចរចា​កំណត់​ព្រំដែន​សមុទ្រ​ជាមួយ​ថៃ ដោយ​បែងចែក​សមុទ្រ​ខ្មែរ​ទំហំ​ជាង ២៦០០០​គីឡូម៉ែត្រ​ការ៉េ​ក្នុង​តំបន់​ត្រួត​ស៊ី​គ្នា​នេះ​តែម្តង ហើយ​ថា​ទង្វើ​បែប​នេះ ក៏​នឹង​ជំរុញ​ឱ្យ​ប្រទេស​កម្ពុជា​យល់ព្រម​បោះបង់​ចោល​កោះ​គុត​របស់​ខ្លួន​ទាំងស្រុង​ដែរ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ក្រោម​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៧ ប្រទេស​ថៃ បាន​ប្រគល់​ខេត្ត​បាត់ដំបង ខេត្ត​សៀមរាប និង​ខេត្ត​សិរីសោភ័ណ មក​ឱ្យ​ខ្មែរ​វិញ ជា​ថ្នូរ​នឹង​ខេត្ត​ត្រាត និង​ខេត្ត​ដានសាយ ត្រូវ​ប្រគល់​ឱ្យ​ទៅ​សៀម ប៉ុន្តែ​បើ​ពិនិត្យ​លើ​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៤ ប្រទេស​ថៃ បាន​ប្រគល់​ខេត្ត​ម្លូរព្រៃ ខេត្ត​ទន្លេរពៅ ខេត្ត​កោះកុង និង​ខេត្ត​ត្រាត មក​ឱ្យ​ប្រទេស​កម្ពុជា ខណៈ​ព្រំដែន​ធម្មជាតិ គឺ​យក​តាម​ខ្សែបន្ទាត់​ព្រំដែន​នៅ​លើ​ជួរ​ភ្នំ​ដងរែក​រវាង​ប្រទេស​កម្ពុជា និង​ថៃ ឬ​កំពូល​ភ្នំ​ជំរាលទឹក ជាដើម។

លោក អ៊ុំ សំអាន គូស​បញ្ជាក់​ថា តាម​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៧ តំបន់​ត្រួត​ស៊ី​គ្នា​ទំហំ​ជាង ២៦០០០​គីឡូម៉ែត្រ​ការ៉េ​ដែល​កម្ពុជា​ព្រមព្រៀង​រកស៊ី​រួម​គ្នា​ខាង​ប្រេង និង​ឧស្ម័ន​ជាមួយ​ថៃ គឺ​ស្ថិត​នៅ​ក្នុង​ដែនសមុទ្រ​របស់​ខ្មែរ ១០០% ដូច្នេះ​ការ​សហការ​រកស៊ី​នេះ មាន​ន័យ​ថា ថៃ​យក​ដី​ខ្មែរ​មក​សហការ​រកស៊ី​ជាមួយ​ខ្មែរ​វិញ​ប៉ុណ្ណោះ។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ចរចា​កំណត់​ដែនសមុទ្រ​រវាង​កម្ពុជា និង​ថៃ ជា​មុន​សិន មុន​នឹង​សហការ​ជាមួយ​គ្នា​រកស៊ី​ប្រេង និង​ឧស្ម័ន​លើ​ដែនសមុទ្រ​ត្រួត​ស៊ី​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​នេះ។

ពិធីសារ​ស្ដីពី​ការ​កំណត់​ព្រំប្រទល់ និង​ឧបសម្ពន្ធ​នៃ​សន្ធិសញ្ញា​បារាំង-សៀម ចុះ​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​១៩០៧ មាត្រា​១ បាន​កំណត់​ថា ព្រំប្រទល់​រវាង​ប្រទេស​ឥណ្ឌូចិន​បារាំងសែស និង​ប្រទេស​សៀម ចាប់ផ្តើម​ចេញពី​មាត់សមុទ្រ​តាម​ចំណុច​មួយ​នៅ​ចំ​ពី​មុខ “កោះ​គុត” ត្រង់​កំពូល​ខ្ពស់​បំផុត។ ជាង​នេះ​ទៀត ក៏​មាន​ការ​រៀបរាប់​លម្អិត​ជាច្រើន​ក្នុង​សន្ធិសញ្ញា​បារាំង-សៀម នេះ​ជាច្រើន​ទៀត​ដែរ។

ជាក់ស្តែង សច្ចានុមតិ​នៅ​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃទី​២១ ខែ​មិថុនា ឆ្នាំ​១៩០៧ រវាង​រដ្ឋាភិបាល​សាធារណរដ្ឋ​បារាំង និង​រាជរដ្ឋាភិបាល​ព្រះចៅ​ប្រទេស​សៀម ក្នុង​ប្រការ​៥ បាន​ចែង​យ៉ាង​ច្បាស់​ថា បទប្បញ្ញត្តិ​ទាំងឡាយ​នៃ​សន្ធិសញ្ញា​ចាស់ កិច្ចព្រមព្រៀង និង​អនុសញ្ញា​នានា​រវាង​ប្រទេស​បារាំង និង​សៀម ដែល​មិន​បាន​កែប្រែ​ដោយ​សន្ធិសញ្ញា​នេះ ត្រូវ​ស្ថិត​នៅ​ជា​ធរមាន​ពេញ​បន្ទុក​ដាច់ខាត។

តំបន់​ទាមទារ​ត្រួត​ស៊ី​គ្នា​ថៃ និង​កម្ពុជា មាន​ផ្ទៃក្រឡា​ទំហំ​ជាង ២៦០០០​គីឡូម៉ែត្រ​ការ៉េ ដែល​មាន​ការ​ប៉ាន់ប្រមាណ​ថា អាច​មាន​ប្រេង និង​ឧស្ម័ន​ច្រើន​លាន​បារ៉ែល​នៅ​បាតសមុទ្រ ប៉ុន្តែ​តាំង​ពី​ដើម​ទសវត្សរ៍​៧០ មក កម្ពុជា និង​ថៃ បាន​ទាមទារ​រៀងៗ​ខ្លួន​លើ​សិទ្ធិ​អភិវឌ្ឍន៍​លើ​តំបន់​ត្រួត​ស៊ី​គ្នា​នេះ ខណៈ​ការ​ចរចា​ដោះស្រាយ​វិវាទ​លើ​តំបន់​ទាមទារ​ត្រួត​ស៊ី​គ្នា​នេះ ត្រូវ​បាន​ពន្យារ​ពេល​អស់ ២០​ឆ្នាំ​មក​ហើយ បន្ទាប់ពី​ប្រទេស​ទាំង​ពីរ​បាន​បរាជ័យ​ក្នុង​ការ​ចរចា​កាលពី​អំឡុង​ឆ្នាំ​២០០១ កន្លង​ទៅ។

សិទ្ធិ​អភិវឌ្ឍន៍​លើ​តំបន់​ត្រួត​ស៊ី​គ្នា​ក្នុង​ឈូង​សមុទ្រ​ថៃ គឺជា​ចំណុច​នៃ​ជម្លោះ​ទាមទារ​រវាង​កម្ពុជា-ថៃ តាំងពី​ដើម​ទសវត្សរ៍​១៩៧០ មក​ម្ល៉េះ ប៉ុន្តែ​នៅ​អំឡុង​ខែ​មិថុនា ឆ្នាំ​២០០១ កម្ពុជា និង​ថៃ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​កិច្ចចរចា​អភិវឌ្ឍ​ប្រេង និង​ឧស្ម័ន​នៅ​តំបន់​នោះ ប៉ុន្តែ​អ្វីៗ​ត្រូវ​បាន​ផ្អាក​ទៅវិញ​នៅ​ពេល​ថៃ ប្តូរ​នាយករដ្ឋមន្ត្រី​កាលពី​ឆ្នាំ​២០០៩។

យ៉ាងណាក៏ដោយ កិច្ចពិភាក្សា​ស្ដីពី​អភិវឌ្ឍន៍​ប្រេង​នៅ​លើ​តំបន់​ត្រួត​ស៊ី​គ្នា​ក្នុង​ឈូង​សមុទ្រ​ថៃ នេះ ក៏​ធ្លាប់​ត្រូវ​បាន​ប្រទេស​ទាំង​ពីរ​គូសវាស​ឡើងវិញ​ដែរ តែ​ត្រូវ​អាក់ខាន​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ-១៩ កាលពី​ចុង​ឆ្នាំ​២០១៩។

ទោះជា​យ៉ាងណាក៏ដោយ ក្នុង​ដំណាក់កាល​គ្រប់គ្រង​នៃ​រដ្ឋាភិបាល​លោក ស្រេតថា ថាវីស៊ីន សម្រាប់​អាណត្តិ​ថ្មី​នេះ ភាគី​ថៃ បាន​កែប្រែ​យុទ្ធសាស្ត្រ​ចរចា​តាមរយៈ​នៃ​ការ​ប្តូរ​ជំហរ​បោះ​បង្គោល​ព្រំដែន​សមុទ្រ​ជាមួយ​ប្រទេស​កម្ពុជា​វិញ ខណៈ​រាជរដ្ឋាភិបាល​ខ្មែរ​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ក៏​បាន​ឯកភាព​លើ​ការ​ចរចា​ពី​ភាគី​រាជរដ្ឋាភិបាល​ថៃ ដែរ​នៅ​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស