32.5 C
Phnom Penh

មន្ត្រី​បក្ស​ប្រឆាំង៖ សន្តិភាព​ពិតប្រាកដ​ត្រូវ​អនុវត្ត​ច្បាប់​ដោយ​គ្មាន​ការ​រើសអើង​និន្នាការ​នយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា សន្តិភាព​ពិតប្រាកដ​ត្រូវ​ធានា​ឲ្យ​បាន​នូវ​ការ​អនុវត្ត​ច្បាប់​ដោយ​គ្មាន​ការ​រើសអើង គោរព​សិទ្ធិមនុស្ស ត្រូវ​ធានា​ឲ្យ​បាន​នូវ​នីតិរដ្ឋ និង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ ដែល​ជា​ធាតុ​នាំ​ឲ្យ​សង្គម​មួយ​មាន​សន្តិភាព​ពេញលេញ។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ ឧសភា នេះ​ថា ដើម្បី​ឱ្យ​គេ​ទទួល​ស្គាល់​ថា​សង្គម​មួយ​មាន​សន្តិភាព​ពិតប្រាកដ មិនមែន​គ្រាន់តែ​ជា​ការ​ប្រកាស​របស់​បុគ្គល​ណា​ម្នាក់ ឬ​ក្រុម​ណា​មួយ​នោះ​ទេ ប៉ុន្តែ​គឺជា​ការ​វាយតម្លៃ​លើ​ស្ថិរភាព​នៃ​ការ​ដឹកនាំ​ក្នុង​សង្គម​នោះ​ប៉ុណ្ណោះ ថា​តើ​គ្រប់​ផ្នែក​នៃ​សង្គម​នោះ​ទទួល​បាន​ការ​គាំពារ​ដោយ​ច្បាប់​បាន​ពេញលេញ​ឬ​ក៏​អត់ មិនមែន​គ្រាន់តែ​ជា​ការ​អះអាង​របស់​ក្រុម​ណា​មួយ​នោះ​ឡើយ។

លោក មាជ សុវណ្ណារ៉ា ពន្យល់​ថា ពាក្យ​សន្តិភាព​មិន​អាច​ផ្អែក​ទៅ​តែ​លើ​ហេតុផល​ថា​គ្មាន​សង្គ្រាម​តែ​មួយ​មុខ​នោះ​ទេ ព្រោះ​សម័យ ប៉ុល ពត ក៏​គ្មាន​សង្គ្រាម​ដែរ​រយៈពេល​ដែល​របប​ខ្មែរក្រហម​ដឹកនាំ​ប្រទេស ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ ប៉ុន្តែ​ការ​កាប់​សម្លាប់ ការ​គាបសង្កត់ និង​ការ​បិទ​សិទ្ធិ​សេរីភាព ជាដើម ត្រូវ​បាន​អនុវត្ត​ពេញ​ផ្ទៃ​ប្រទេស ដូច្នេះ​គេ​មិន​អាច​ចាត់ទុក​ការ​ដឹកនាំ​បែប​នេះ​ជា​ការ​ដឹកនាំ​ដែល​មាន​សន្តិភាព​បាន​ទេ ទោះ​ជា​គ្មាន​សង្គ្រាម​ក៏ដោយ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បញ្ជាក់​ថា ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ ពិត​មែន​ថា​គ្មាន​សង្គ្រាម ប៉ុន្តែ​ការ​អនុវត្ត​នៅតែ​មិន​ទាន់​អាច​ទទួល​យក​បាន​នៅឡើយ ព្រោះ​សកម្មជន​សង្គម សកម្មជន​នយោបាយ គណបក្ស​នយោបាយ សកម្មជន​សិទ្ធិមនុស្ស ប្រព័ន្ធ​យុត្តិធម៌​សង្គម នៅតែ​មិន​ទាន់​អាច​ធានា​បាន​នូវ​ការ​អនុវត្ត​ឲ្យ​បាន​ពេញលេញ​នៅឡើយ ដូច្នេះ​ការ​ប្រកាស​ថា​មាន​សន្តិភាព គឺជា​រឿង​ដែល​ពិបាក​ឲ្យ​ពលរដ្ឋ​ទទួល​យក​ខ្លាំង​ណាស់។

លោក មាជ សុវណ្ណារ៉ា គូស​បញ្ជាក់​ថា សន្តិភាព​មិនមែន​សម្រាប់​តែ​អ្នក​ខ្លាំង​និយាយ​ទេ ប៉ុន្តែ​សន្តិភាព​ក៏​សម្រាប់​អ្នក​ខ្សោយ​ដែរ ព្រោះ​អ្នក​ខ្សោយ​គឺ​ត្រូវ​ទទួល​ស្គាល់​ដោយ​ពេញចិត្ត ជាពិសេស​នៅ​ពេល​ដែល​អ្នក​ខ្លាំង​អនុវត្ត​បាន​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដែល​ធានា​នូវ​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​នោះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​បក្ស​កាន់​អំណាច​ដែល​ត្រៀម​ស្នង​មរតក​អំណាច​ពី​ឪពុក បាន​លើកឡើង​ពី​ការ​ការពារ​សន្តិភាព​ដែល​កម្ពុជា​កំពុង​មាន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​បក្ស​កាន់​អំណាច​ដ៏​ចម្រូងចម្រាស លោក ហ៊ុន ម៉ាណែត បញ្ចេញ​វីដេអូ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៩ ឧសភា នេះ​ថា សន្តិភាព​ប្រៀប​បាន​ទៅ​នឹង​ខ្យល់​អុកស៊ីសែន ដែល​មាន​តម្លៃ​បំផុត​សម្រាប់​ជីវិត និង​ការ​រស់នៅ​របស់​មនុស្ស​គ្រប់​រូប ដូច្នេះ​មិន​ត្រូវ​រង់ចាំ​ដល់​ពេល​សន្តិភាព​បាត់បង់ បាន​នាំគ្នា​ឲ្យ​តម្លៃ​សន្តិភាព​នោះ​ទេ។

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ពលរដ្ឋ​គ្រប់​រូប​ត្រូវតែ​ចងចាំ​ពី​គុណតម្លៃ​នៃ​សន្តិភាព និង​រួម​គ្នា​ថែរក្សា​សន្តិភាព​ឱ្យ​បាន​ជាដាច់ខាត។ លោក​បន្ថែម​ថា អ្នក​ខ្លះ​ថា​ធុញ​ណាស់​ឮ​តែ​និយាយ​ពី​សន្តិភាព តែ​ពាក្យ​នេះ​សំខាន់​ណាស់​នៅ​ពេល​ដែល​បាត់បង់​វា ដូច្នេះ​ទោះ​ជា​ធុញ​ក៏ដោយ ត្រូវតែ​ការពារ​កុំ​ឲ្យ​វា​បាត់​ទៅវិញ​ឲ្យ​សោះ ដើម្បី​កុំ​ឱ្យ​សង្គ្រាម​កើតឡើង​ម្តង​ទៀត។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ចុង​ខែ​មីនា ឆ្នាំ​២០២៣ មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​ព្រមាន​តាម​កម្ទេច​បក្ស​ប្រឆាំង​ក្រោម​លេស​ការពារ​សន្តិភាព លោក ហ៊ុន សែន លើកឡើង​ថា ការ​ប្រកាស​ប្ដេជ្ញា​ការពារ​សន្តិភាព​ម្តង​ហើយ​ម្តង​ទៀត​របស់​លោក គឺ​ដោយសារ​តែ​កម្ពុជា​នៅតែ​មាន​ជន​ក្បត់​ជាតិ​ដែល​មាន​ផែនការ​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​សព្វថ្ងៃ​នេះ។

លោក ហ៊ុន សែន ដែល​ជា​មេដឹកនាំ​ក្រាញ​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា ព្រមាន​ដដែលៗ​ថា លោក​នឹង​ការពារ​សន្តិភាព​ឱ្យ​បាន ទោះ​ត្រូវ​លះបង់​ក្នុង​តម្លៃ​ណា​ក៏ដោយ ព្រោះ​ថា​តាម​បទពិសោធន៍​ពី​អតីតកាល គ្មាន​នរណា​អាច​ស្មាន​បាន​ថា​ប្រទេស​កម្ពុជា​បាន​ផ្ទុះ​សង្គ្រាម​នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ នោះ​ទេ ដូច្នេះ​ដើម្បី​កុំ​ឱ្យ​ដាន​ប្រវត្តិសាស្ត្រ​នេះ​កើតឡើង​ម្តង​ទៀត លោក​ត្រូវតែ​កម្ចាត់​អ្នក​ដែល​បំផ្លាញ​សន្តិភាព​របស់​កម្ពុជា​ឱ្យ​បាន​ដាច់ខាត។

ទាក់ទិន​នឹង​បញ្ហា​នេះ អតីត​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ធ្លាប់​បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ពិត​មែន​តែ​កម្ពុជា​មិន​មាន​សំឡេង​គ្រាប់​ផ្លោង​ដាក់​គ្នា​ដែល​មន្ត្រី​បក្ស​កាន់​អំណាច​អះអាង​ថា​មាន​សន្តិភាព ប៉ុន្តែ​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច ធ្វើ​ឱ្យ​មាន​សំឡេង​ទ្រហោយំ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ទីកន្លែង ដោយសារ​ការ​រំលោភ​យក​ដីធ្លី ការ​ចាប់​ឃុំ​ខ្លួន​អ្នក​តវ៉ា​ដើម្បី​សេរីភាព និង​ការ​បិទ​ខ្ទប់​សេរីភាព​បញ្ចេញមតិ​គ្រប់​បែប​យ៉ាង​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​នេះ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ដើម្បី​ឱ្យ​កម្ពុជា​មាន​សន្តិភាព និង​មាន​ស្ថិរភាព​នយោបាយ​ពិតប្រាកដ ទាល់​តែ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ និង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ត្រូវ​បាន​រដ្ឋាភិបាល​យក​ទៅ​អនុវត្ត​ឱ្យ​បាន​ពេញលេញ ប៉ុន្តែ​ការ​ដឹកនាំ​តាម​របៀប​រំលោភ​បំពាន​ច្បាប់​របស់​រដ្ឋាភិបាល​ឯក​បក្ស​បច្ចុប្បន្ន​នេះ គ្រាន់តែ​ជា​សន្តិភាព​សម្រាប់​អ្នក​មាន​អំណាច​តែប៉ុណ្ណោះ ខណៈ​ពលរដ្ឋ​ខ្មែរ​រស់​ក្នុង​ភាព​ភ័យ​ខ្លាច​ដូច​ក្នុង​សម័យ​សង្គ្រាម​ដដែល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស