32.5 C
Phnom Penh

លោក ហ៊ុន សែន ថា​ការ​ធ្វើ​ឱ្យ​បាត់​ឯកសារ​ដើម​ជា​ឧបាយកល​ថ្នាក់​ដឹកនាំ​បក្ស​ភ្លើង​ទៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​ក្រាញ​អំណាច​នៅ​កម្ពុជា លោក ហ៊ុន សែន ថ្លែង​ថា ការ​ធ្វើ​ឲ្យ​បាត់​ឯកសារ​ដើម​ដែល​ធ្វើ​ឲ្យ​គណបក្ស​ភ្លើង​ទៀន​ខកខាន​ចូលរួម​បោះឆ្នោត​នៅ​ខែ​កក្កដា ខាងមុខ​នេះ វា​ជា​ឧបាយកល​របស់​ថ្នាក់​ដឹកនាំ​បក្ស​ភ្លើង​ទៀន លោក សម រង្ស៊ី ដើម្បី​ឲ្យ​បរទេស​ដាក់​សម្ពាធ​លើ​កម្ពុជា។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​បដិសេធ​សំណើ​សុំ​ចុះបញ្ជី​បោះឆ្នោត​ខែ​កក្កដា ខាងមុខ​នេះ ដោយ គ.ជ.ប ទាមទារ​ឲ្យ​គណបក្ស​ភ្លើង​ទៀន​ដាក់​ឯកសារ​ច្បាប់ដើម​បញ្ជាក់​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ ដែល​មាន​បញ្ជាក់​នីត្យានុកូលកម្ម​ដោយ​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចំនួន ១ (មួយ) ច្បាប់។ ប៉ុន្តែ​ឯកសារ​ច្បាប់ដើម​ដែល​ចេញ​ដោយ​រដ្ឋាភិបាល​នោះ ត្រូវ​គណបក្ស​ភ្លើង​ទៀន​អះអាង​ថា​បាន «បាត់បង់» បន្ទាប់ពី​បិទ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ឆ្នាំ​២០១៧។

ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​និយោជិត​នា​ថ្ងៃ​សុក្រ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា ឯកសារ​ដើម​របស់​គណបក្ស​ភ្លើង​ទៀន​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ទាមទារ​ឲ្យ​ដាក់​នោះ លោក​មិន​ជឿ​ថា​បាន​បាត់​ឡើយ។ ផ្ទុយទៅវិញ ឯកសារ​នោះ​ត្រូវ​បាន​អតីត​មេដឹកនាំ​គណបក្ស​ភ្លើង​ទៀន​នៅ​ក្រៅ​ប្រទេស​យក​ទៅ​លាក់ ហើយ​ឆ្លើយ​ដោះសា​ថា «បាត់»។ លោក​ថា ការ​ឆ្លើយ​ដោះសា​បាត់​ឯកសារ​ដើម​នេះ ព្រោះ​អី​លោក សម រង្ស៊ី មិន​ចង់​ឲ្យ​គណបក្ស​ភ្លើង​ទៀន​ចូលរួម​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ខាងមុខ​នេះ​ទេ ដោយ​ដឹង​ថា​គណបក្ស​ភ្លើង​ទៀន​មិន​អាច​យក​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា។

មួយ​វិញ​ទៀត ការ​ធ្វើ​ដូច្នេះ លោក​ថា​ដោយសារ​លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់​ផ្សេង​ទៀត​នៅ​ក្រៅ​ប្រទេស​ចង់​ឲ្យ​បណ្ដា​ប្រទេស​នានា​ដាក់​សម្ពាធ និង​គាប​មក​លើ​កម្ពុជា​ផង​ដែរ។ លោក ហ៊ុន សែន ក៏​ថ្លែង​ការពារ គ.ជ.ប រឿង​ដែល​ចុះបញ្ជី​បោះឆ្នោត​ឲ្យ​គណបក្ស​ភ្លើង​ទៀន​កាលពី​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ដោយ​មិន​ទាមទារ​យក​ឯកសារ​ច្បាប់ដើម​នា​ពេលនោះ​ផង​ដែរ។

បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ពូជ​នៅ​កម្ពុជា ចាត់ទុក​ការ​អះអាង​បាត់​ឯកសារ​ដើម​របស់​គណបក្ស​ភ្លើង​ទៀន ដែល​ធ្វើ​ឲ្យ​គណបក្ស​នេះ​មិន​អាច​ចុះបញ្ជី​បោះឆ្នោត​បាន ថា​ជា​ឧបាយកល​របស់​លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់​សំខាន់ៗ​នៅ​ក្រៅ​ប្រទេស។

ក្រៅពី​ចោទប្រកាន់​ទៅ​អតីត​មេដឹកនាំ​គណបក្ស​ភ្លើង​ទៀន​ហើយ លោក ហ៊ុន សែន ក៏​បាន​ព្រមាន​ចាប់​ខ្លួន​លោក រ៉ុង ឈុន ដាក់​ពន្ធនាគារ​ជា​ថ្មី​ទៀត​ដែរ បើសិន​ហ៊ាន​កៀងគរ​អ្នកគាំទ្រ​គណបក្ស​ភ្លើង​ទៀន និង​អ្នក​ផ្សេងៗ​តវ៉ា បន្ទាប់ពី​ក្រុមប្រឹក្សា​ធម្មនុញ្ញ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បដិសេធ​សំណើ​សុំ​ចុះបញ្ជី​ឈ្មោះ​បោះឆ្នោត​នោះ។

ប្រធាន​វេទិកា​ពលរដ្ឋ និង​ជា​អ្នកវិភាគ​នយោបាយ​សង្គម លោក គឹម សុខ ចាត់ទុក​ការ​បកស្រាយ​របស់​លោក ហ៊ុន សែន ថា​វ័ណ្ឌក​ខ្លួនឯង​កាន់តែ​ខ្លាំង​ករណី​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​មិន​ទទួលស្គាល់ ដឹង​ឮ​ឯកសារ​របស់​ក្រសួង​មហាផ្ទៃ​អំពី​ភាព​ស្រប​ច្បាប់​របស់​គណ​បក្ស​ភ្លើង​ទៀន ក្នុង​ការ​ចូលរួម​ការ​បោះឆ្នោត​បាន​នោះ។ លោក​ថា​ករណី​នេះ​វា​បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា ក្រុមប្រឹក្សា​ធម្មនុញ្ញ និង គ.ជ.ប ក៏​មិន​ទទួលស្គាល់​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ជា​រដ្ឋាភិបាល​ស្រប​ច្បាប់​នោះ​ដែរ។

លោក​បន្ត​ថា ក្រសួង​មហាផ្ទៃ​គឺជា​អង្គការ​រដ្ឋ​ដ៏​ធំ​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន ហើយ​ក្រសួង​មហាផ្ទៃ​មាន​ភារកិច្ច​ផលិត​ឯកសារ​គតិយុត្តិ​សម្រាប់​ប្រើប្រាស់ ដូច្នេះ គ.ជ.ប និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​មិន​ទទួលស្គាល់​ឯកសារ​ក្រសួង​មហាផ្ទៃ​ផង នោះ​មាន​ន័យ​ថា គ.ជ.ប ជាពិសេស​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ក៏​មិន​ទទួលស្គាល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​រដ្ឋាភិបាល​ស្រប​ច្បាប់​ដែរ។

ក្រោយពី​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បដិសេធ​បណ្ដឹង​តវ៉ា​ដែល​គណបក្ស​ភ្លើង​ទៀន​បាន​បង្ហាញ​ការ​សោកស្ដាយ ដោយ​ចាត់ទុក​ការ​បដិសេធ​នេះ​ថា​មិន​ស្រប​នឹង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ហើយ​ច្បាប់​គណបក្ស​នយោបាយ និង​ច្បាប់​ស្ដីពី​ជ្រើសតាំង​តំណាងរាស្ត្រ។ មួយ​ទៀត​ប៉ះពាល់​ដល់​សិទ្ធិ​ប្រជាពលរដ្ឋ​ដែល​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ភ្លើង​ទៀន កាលពី​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២២ ដែល​មាន​ចំនួន​ជិត ២​លាន​នាក់ ហើយ​ផ្ទុយ​ពី​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​នយោបាយ និង​រដ្ឋធម្មនុញ្ញ​កម្ពុជា ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស