30 C
Phnom Penh

គ.ជ.ប បង្ហាញ​លទ្ធផល​ចាប់​ឆ្នោត៖ គណបក្ស​ប្រជាជន​កម្ពុជា​ចាប់​បាន​លេខ​រៀង​ទី​១៨

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​លទ្ធផល​នៃ​ការ​ចាប់​ឆ្នោត​ដោយ​សម្តេច​សង្ឃ​ទាំង​ពីរ​គណៈ​នៅ​ថ្ងៃ​ចន្ទ នេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ចាប់​បាន​លេខ​រៀង​ទី​១៨ ក្នុង​ចំណោម​គណបក្ស​ដែល​ឈរ​ឈ្មោះ​ចូលរួម​ប្រកួត​នៅ​អាណត្តិ​ទី​៧ ខាងមុខ​នេះ ខណៈ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ឈរ​នៅ​លេខ​ដើម​គេ​បង្អស់​ដែរ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នៅ​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ​បាន​រៀបចំ​ការ​ចាប់​ឆ្នោត​ដើម្បី​កំណត់​លំដាប់​លេខ​រៀង​គណបក្ស​នយោបាយ​នៅ​លើ​សន្លឹកឆ្នោត សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ ឆ្នាំ​២០២៣ ដែល​មាន​ការ​ចូលរួម​ពី​សម្តេច​ព្រះ​សង្ឃរាជ​ទាំង​ពីរ​គណៈ តំណាង​គណបក្ស​នយោបាយ អ្នក​សារព័ត៌មាន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផង​ដែរ។

ក្រោយពី​ការ​ចាប់​ឆ្នោត​ពេញ​មួយ​ព្រឹក គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ផ្សព្វផ្សាយ​ពី​លទ្ធផល​នេះ​ថា គណបក្ស​ដែល​ចូលរួម​ចាប់​លេខ​រៀង​លើ​សន្លឹកឆ្នោត​មាន​ចំនួន ១៨​គណបក្ស ក្នុង​នោះ​គណបក្ស​ដែល​ឈរ​នៅ​លេខ​រៀង៖

  • ទី​១ គឺ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​របស់​លោក ម៉ម សូណង់ដូរ
  • ទី​២ គណបក្ស​ខ្មែរ​តែ​មួយ
  • ទី​៣ គណបក្ស​សញ្ជាតិ​កម្ពុជា
  • ទី​៤ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់​លោក ញឹក ប៊ុនឆៃ
  • ទី​៥ គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ
  • ទី​៦ គណបក្ស​កសិករ
  • ទី​៧ គណបក្ស​ស្ត្រី​ដើម្បី​ស្ត្រី
  • ទី​៨ គណបក្ស​ខ្មែរ​ឈប់​ក្រ របស់​លោក ក្រវ៉ាញ ដារ៉ន
  • ទី​៩ គណបក្ស​ហ៊្វុនស៊ិនប៉ិច
  • ទី​១០ គណបក្ស​ធម្មាធិបតេយ្យ
  • ទី​១១ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​របស់​លោក យ៉េង វីរៈ
  • ទី​១២ គណបក្ស​បំណង​ប្រជាពលរដ្ឋ
  • ទី​១៣ គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច
  • ទី​១៤ គណបក្ស​ឯកភាព​ជាតិ​ខ្មែរ
  • ទី​១៥ គណបក្ស​ខ្មែរ​អភិរក្ស​របស់​លោក រៀល ខេមរិន្ទ អតីត​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង
  • ទី​១៦ គណបក្ស​យុវជន​កម្ពុជា​របស់​លោក ពេជ្រ ស្រស់
  • ទី​១៧ គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ
  • និង​ទី​១៨ គណបក្ស​ប្រជាជន​កម្ពុជា​ឈរ​លេខ​រៀង​ចុងក្រោយ​គេ។

ការ​ចាប់​ឆ្នោត​កំណត់​លេខ​រៀង​គណបក្ស​នយោបាយ​នេះ ធ្វើឡើង​បន្ទាប់ពី​គណបក្ស​ទាំង​១៨ បាន​ចុះបញ្ជី​ឈ្មោះ​នៅ គ.ជ.ប រួចរាល់​ជា​ផ្លូវការ​កាលពី​ពេល​កន្លងទៅ​នេះ។

ក្រសួង​មហាផ្ទៃ បាន​ចេញ​របាយការណ៍​កាលពី​ពេល​ថ្មីៗ​នេះ​ថា គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​ឈ្មោះ​ជា​ផ្លូវការ​នៅ​ក្រសួង​មហាផ្ទៃ​មាន​ចំនួន ៤៤​គណបក្ស ប៉ុន្តែ​គណបក្ស​ដែល​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៧ ឆ្នាំ​២០២៣ នេះ មាន​តែ ១៨​គណបក្ស​ប៉ុណ្ណោះ ខណៈ​គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ ត្រូវ គ.ជ.ប បដិសេធ​មិន​ឲ្យ​ចូលរួម​ការ​បោះឆ្នោត​នេះ​ទេ ក្រោម​ហេតុផល​ថា​គ្មាន​ឯកសារ​ផ្លូវច្បាប់​គ្រប់គ្រាន់។

ផ្អែក​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ តម្រូវ​ឱ្យ​ប្រទេស​កម្ពុជា​រៀបចំ​ការ​បោះឆ្នោត​ជា​សកល​ដោយ​សេរី និង​យុត្តិធម៌ ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ និង​កសាង​នីតិរដ្ឋ​របស់​ខ្លួន ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ​១៩៩៣ រហូត​ដល់​ឆ្នាំ​២០១៨ ការ​បោះឆ្នោត​ដែល​គេ​ចាត់ទុក​ថា​ត្រឹមត្រូវ​នោះ គឺ​មាន​តែ​ការ​បោះឆ្នោត​ដែល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ ឬ​អ៊ុនតាក់ នៅ​អាណត្តិ​ទី​១ ឆ្នាំ​១៩៩៣ ប៉ុណ្ណោះ។

ក្រៅពី​ការ​បោះឆ្នោត​ដែល​រៀបចំ​ដោយ​អ៊ុនតាក់ ដូចជា​អាណត្តិ​ទី​២ ឆ្នាំ​១៩៩៨ អាណត្តិ​ទី​៣ ឆ្នាំ​២០០៣ អាណត្តិ​ទី​៤ ឆ្នាំ​២០០៨ អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ និង​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨ សុទ្ធសឹង​តែ​ជា​ការ​បោះឆ្នោត​ដែល​គេ​មើល​ឃើញ​ថា​ជា​ការ​លួច​បន្លំ​សន្លឹកឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​អាណត្តិ​ទាំងអស់។

ទាក់ទិន​នឹង​ការ​បោះឆ្នោត​នេះ កាលពី​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា បាន​លើកឡើង​ថា សហភាព​អឺរ៉ុប និង​បារាំង នៅតែ​បន្ត​អំពាវនាវ​ឱ្យ​កម្ពុជា​រៀបចំ​នូវ​ការ​បោះឆ្នោត​មួយ​ដោយ​សេរី តម្លាភាព និង​ពហុបក្ស ស្របតាម​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ និង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។

កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២២ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ការ​កំណត់​កាលបរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៧ ដែល​បាន​កំណត់​យក​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ជា​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ទៅ​តាម​អាណត្តិ​របស់​ខ្លួន​ដែល​មាន​រយៈពេល ៥​ឆ្នាំ​ម្តង​ដូច​អាណត្តិ​មុនៗ ប៉ុន្តែ​ការ​បោះឆ្នោត​នេះ​មិន​មាន​ការ​ចូលរួម​សង្កេតការណ៍​ពី​សហគមន៍​អន្តរជាតិ​ទេ ដោយសារតែ​ពួកគេ​ចាត់ទុក​ថា​ជា​ការ​បោះឆ្នោត​ដែល​មិន​ត្រឹមត្រូវ។

ជុំវិញ​ដំណើរការ​នៃ​ការ​បោះឆ្នោត​ខាងមុខ​នេះ ត្រូវ​ក្រុម​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា ដំណើរការ​ទាំងស្រុង គឺ​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​បក្ស​កាន់​អំណាច​គ្រប់​បែប​យ៉ាង ដូចជា​សមាសភាព​ទាំង ៩​រូប​របស់ គ.ជ.ប គឺ​សុទ្ធតែ​មកពី​បក្ស​កាន់​អំណាច បណ្ដាញ​សារព័ត៌មាន​ក៏​មកពី​បក្ស​កាន់​អំណាច មន្ត្រី គ.ជ.ប នៅ​មូលដ្ឋាន​ក៏​ជ្រើសរើស​ដោយ​បក្ស​កាន់​អំណាច​ទាំងអស់​ដែរ។

ក្រៅពី​ការ​រៀបចំ​ដើម្បី​គ្រប់គ្រង​លើ​លទ្ធផល​នៃ​ការ​បោះឆ្នោត គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​គេ​ចាត់ទុក​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា ក៏​ត្រូវ​តុលាការ​រំលាយ ខណៈ​មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា ក៏​ត្រូវ​កាត់ទោស​ឱ្យ​ជាប់​គុក ២៧​ឆ្នាំ ចំណែក​អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី ក៏​មិន​អាច​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​ដើម្បី​ធ្វើ​នយោបាយ​ថែម​ទៀត។ បញ្ហា​នេះ ត្រូវ​គេ​ព្យាករ​ទុក​ជា​មុន​ហើយ​ថា មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ដែល​នឹង​ឈ្នះ​ការ​បោះឆ្នោត​នេះ និង​ដឹកនាំ​រដ្ឋាភិបាល​ដោយ​ឯក​បក្ស​បន្ត​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស