32 C
Phnom Penh

ក្រុម​សង្គម​ស៊ីវិល​សោកស្ដាយ​ដែល​បក្ស​ភ្លើង​ទៀន​ត្រូវ​បាន​រារាំង​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ស្ថាប័ន សោកស្តាយ​ដែល​បក្ស​ភ្លើង​ទៀន និង​គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ ត្រូវ​បាន​រារាំង​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ខាងមុខ​នេះ ក្រោម​ហេតុផល​ថា​គ្មាន​ឯកសារ​ផ្លូវច្បាប់​គ្រប់គ្រាន់។

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន ២១​ស្ថាប័ន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​កាលពី​ថ្ងៃទី​១ ខែ​មិថុនា នេះ​ថា អវត្តមាន​របស់​បក្ស​ភ្លើង​ទៀន និង​បក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ គឺជា​ការ​បាត់បង់​ជម្រើស​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​ជ្រើសរើស​គណបក្ស​នយោបាយ​ដែល​ខ្លួន​ធ្លាប់​ពេញចិត្ត​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​ថា​គណបក្ស​មួយ​ក្នុង​ចំណោម​គណបក្ស​ពីរ​នេះ ធ្លាប់​ទទួល​បាន​សំឡេង​គាំទ្រ​ជាង ១​លាន ៦​សែន​នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ដែល​បាន​បោះឆ្នោត​សរុប​ចំនួន​ជាង ៧​លាន ៣​សែន​នាក់ និង​ទទួល​បាន​អាសនៈ​នៅ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជាង ២​ពាន់​អាសនៈ​កាលពី​ឆ្នាំ​២០២២ កន្លង​ទៅ​ថ្មីៗ​នេះ។

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​ជាង ២០​ស្ថាប័ន ដូចជា​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (អាដហុក) វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា (CID) និង​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (ខុមហ្វ្រែល) អះអាង​ថា ការ​ចូលរួម​ពី​គ្រប់​គណបក្ស​នយោបាយ​ដែល​មាន​បំណង​ឈរឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ខាងមុខ​នេះ គឺ​ធានា​បាន​នូវ​ការ​លើក​កម្ពស់​សិទ្ធិ​បោះឆ្នោត និង​សិទ្ធិ​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​យ៉ាង​ធំធេង ដែល​ជា​គ្រឹះ​នៃ​ការ​អភិវឌ្ឍ​តាម​គោលនយោបាយ​នៃ​ការ​បង្រួបបង្រួម​ជាតិ និង​ឯកភាព​ជាតិ។

ក្រុម​សង្គម​ស៊ីវិល​ទាំងនេះ​បញ្ជាក់​ថា កន្លងមក គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ធ្លាប់​បាន​អនុវត្ត​សម្រាប់​ការ​បោះឆ្នោត​ជាច្រើន​ដង​រួច​មក​ហើយ ដោយ​យក​ត្រឹមតែ​សេចក្តី​ចម្លង​លិខិត​បញ្ជាក់​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ ប៉ុណ្ណោះ។

ប្រភព​ដដែល​បញ្ជាក់​ថា ជាក់ស្តែង​គណបក្ស​ភ្លើង​ទៀន​ធ្លាប់​ត្រូវ​បាន គ.ជ.ប អនុញ្ញាត​ឱ្យ​ប្រើប្រាស់​លិខិត​ថត​ចម្លង​នៃ​ការ​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ចូលរួម​ការ​ប្រកួតប្រជែង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​កាលពី​ឆ្នាំ​២០២២ រួម​ទាំង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ស្រុក ខណ្ឌ ដែល​ទើប​បង្កើត​ថ្មី​នា​ដើម​ខែ​មេសា ឆ្នាំ​២០២៣ នេះ​ផង​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​បក្ស​ភ្លើង​ទៀន និង​គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ ត្រូវ​បាន គ.ជ.ប បដិសេធ​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ​នេះ ក្រោម​ហេតុផល​ថា គណបក្ស​នេះ​គ្មាន​ឯកសារ​ផ្លូវច្បាប់​គ្រប់គ្រាន់។

កាលពី​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៣ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ចេញ​សេចក្តី​សម្រេច​បដិសេធ​ការ​ចុះបញ្ជី​បក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ខែ​កក្កដា របស់​គណបក្ស​ភ្លើង​ទៀន និង​បក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ ក្រោម​ហេតុផល​ថា បក្ស​នេះ​មិន​បាន​ភ្ជាប់​មក​ជាមួយ​នូវ​ប្រកាស​ស្ដីពី​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ ដែល​មាន​បញ្ជាក់​នីត្យានុកូលកម្ម​ដោយ​រដ្ឋបាល​រាជធានី​ខេត្ត ក្រុង ស្រុក​ខណ្ឌ នៅ​ច្រកចេញ​ចូល​តែ​មួយ។

ទាក់ទិន​នឹង​បញ្ហា​នេះ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា លិខិត​ស្ដីពី​ការ​ចុះបញ្ជី​បក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ​ច្បាប់ដើម​របស់​គណបក្ស​ភ្លើង​ទៀន មិន​បាន​បាត់​ទៅណា​ទេ ប៉ុន្តែ​លិខិត​នោះ​ប្រាកដជា​រក្សា​ទុក​នៅ​នឹង​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ជាមិនខាន។

លោក ហ៊ុន សែន អះអាង​ថា ពួកគេ​មិន​បញ្ចេញ​លិខិត​នោះ ព្រោះ​គេ​មាន​ចេតនា​មិន​ឲ្យ​គណបក្ស​ភ្លើង​ទៀន​ចូលរួម​ការ​បោះឆ្នោត ដែល​ជា​ល្បិច​រុញ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​របស់​លោក។

យ៉ាងណា​ក៏ដោយ ក្រុម​អ្នក​សង្កេតការណ៍​ប្រតិកម្ម​ថា បើ​លិខិត​នោះ​មិន​ត្រូវ​បាន​បញ្ចេញ​ដោយ​មន្ត្រី​បក្ស​ប្រឆាំង​ណា​ម្នាក់ ព្រោះ​តែ​មាន​ចេតនា​មិន​ឲ្យ​គណបក្ស​ភ្លើង​ទៀន​ចូលរួម​ការ​បោះឆ្នោត ដើម្បី​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​មែន​នោះ ក្រសួង​មហាផ្ទៃ​អាច​ចេញ​លិខិត​នេះ​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ម្តង​ទៀត​បាន ប៉ុន្តែ​ការ​ដែល​ក្រសួង​មហាផ្ទៃ​មិន​ចេញ​លិខិត​ឱ្យ​គណបក្ស​ភ្លើង​ទៀន​បែប​នេះ គឺជា​ចេតនា​នយោបាយ​របស់​បក្ស​កាន់​អំណាច​ទៅវិញ​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស