41.3 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​ការ​បាត់ GSP និង EBA ដូច​ពលរដ្ឋ​បាត់​សិទ្ធិ​និង​ប្រទេស​កម្ពុជា​គ្មាន​ប្រជាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​លើកឡើង​ថា លោក ហ៊ុន សែន កំពុង​ដើរ​បើក​វេទិកា​ផ្សាយ​បោកប្រាស់​កម្មករ ដោយ​ថា​បើ​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP និង EBA ស្មើ​នឹង​ពលរដ្ឋ​ខ្មែរ​បាត់​សិទ្ធិ​ជា​ម្ចាស់ ហើយ​ប្រទេស​កម្ពុជា​ក៏​គ្មាន​ប្រជាធិបតេយ្យ​នោះ​ដែរ។

ការ​លើកឡើង​របស់​អ្នកវិភាគ​រូប​នេះ ធ្វើឡើង​បន្ទាប់ពី​បុរស​ខ្លាំង​ក្រាញ​អំណាច​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​ប្រាប់​កម្មករ​ថា​កុំ​ឲ្យ​ខ្វល់​រឿង​បាត់បង់ EBA និង GSP នៅ​ពេល​ខាងមុខ ដោយសារ​កម្ពុជា​នៅ​ពេល​នោះ​នឹង​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់។

ប្រធាន​វេទិកា​ពលរដ្ឋ និង​ជា​អ្នកវិភាគ​នយោបាយ​សង្គម លោក គឹម សុខ អះអាង​ថា ទោះ​ជា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​អឺរ៉ុប និង GSP របស់​អាមេរិក​អាច​បាត់បង់​ទាំងស្រុង​នៅ​ឆ្នាំ​២០២៧ ក៏ដោយ ប៉ុន្តែ​នៅ​សល់​ពេល​ជាង ៦​ឆ្នាំ​ទៀត លោក ហ៊ុន សែន គួរ​ប្រឹង​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំង​ពីរ​នេះ ដើម្បី​បាន​ចំណេញ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​របស់​ប្រទេស​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ជួយ​ការងារ​កម្មករ​ខ្មែរ ព្រមទាំង​ពង្រីក​ទីផ្សារ​កសិកម្ម​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន។

លោក គឹម សុខ លើក​ជា​សំណួរ​ថា ចាប់ពី​ខែ​សីហា ឆ្នាំ​២០២២ ដល់​ឆ្នាំ​២០២៧ នៅ​សល់​ពេល​យ៉ាងតិច​ជាង ៦​ឆ្នាំ​ទៀត​ដែរ ហេតុ​អ្វី​លោក ហ៊ុន សែន មិន​ប្រឹង​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំង​ពីរ​នេះ​ទៅ​វិញ?

លោក​បន្ថែម​ថា វៀតណាម និង​ថៃ នាំគ្នា​តាម​អង្វរ​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប ដើម្បី​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ស្រដៀង GSP និង EBA រីឯ​កម្ពុជា​វិញ​មាន​នៅ​ក្នុង​ដៃ​ហើយ បាន​ផល​ទាំង​ដុំ​ហើយ តែ​បែរជា​ធ្វើ​ឲ្យ​បាត់បង់ ព្រោះតែ​លោក ហ៊ុន សែន គិតតែ​ពី​អំណាច​គ្រួសារ មិន​គោរព​រដ្ឋធម្មនុញ្ញ។

លោក​ថា លោក ហ៊ុន សែន កំពុង​ដើរ​បើក​វេទិកា​ផ្សាយ​បោកប្រាស់​កម្មករ​ទាំង​ភ្នែក​ស្រស់ ដោយ​ថា​ទោះ​បី​ដល់​ឆ្នាំ​២០២៧ ក៏ដោយ ក៏​សហរដ្ឋ​អាមេរិក​មិន​ចេះ​តែ​ដក GSP ហើយ​អឺរ៉ុប ក៏​មិន​ងាយ​ដក EBA ដែរ បើ​លោក ហ៊ុន សែន ចេះ​ដឹកនាំ​ប្រទេស​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​កម្ពុជា គឺ​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។

អ្នកវិភាគ​រូប​នេះ​ថា ការ​បាត់ GSP របស់​អាមេរិក និង​ការ​កាត់ EBA របស់​អឺរ៉ុប​នេះ មាន​ន័យ​ថា ពលរដ្ឋ​ខ្មែរ​បាន​បាត់​សិទ្ធិ​ជា​ម្ចាស់ ហើយ​ប្រទេស​កម្ពុជា​បាន​បាត់​ប្រជាធិបតេយ្យ ពីព្រោះ​ការ​គោរព​សិទ្ធិមនុស្ស និង​ការ​ស្ដារ​ប្រជាធិបតេយ្យ គឺជា​លក្ខខណ្ឌ​ចាំបាច់​ដើម្បី​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំង​ពីរ​នេះ។

លោក​ថា ការ​បន្ទន់​ឥរិយាបថ​ដើម្បី​បាន GSP និង EBA ១០០% មិន​ធ្វើ​ឲ្យ​កម្ពុជា​បាត់​អធិបតេយ្យភាព​ដូច​លោក ហ៊ុន សែន អះអាង​នោះ​ទេ ប៉ុន្តែ​វា​ជា​កិត្តិយស​របស់​កម្ពុជា​ទៅ​វិញ​ទេ ពីព្រោះ​ការ​រក្សា​បាន GSP និង EBA វា​បង្ហាញ​ពិភពលោក​ថា​កម្ពុជា​មាន​មេដឹកនាំ​ចេះ​គោរព​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ។

កាលពី​ថ្ងៃទី​៤ ខែ​មិថុនា នេះ លោក ហ៊ុន សែន អះអាង​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​អឺរ៉ុប​ផ្ដល់​ឲ្យ​កម្ពុជា​នោះ វា​នឹង​បាត់ ១០០% នៅ​ចន្លោះ​ឆ្នាំ​២០២៦ ឬ ២០២៧ បន្ទាប់ពី​កម្ពុជា​ចាក​ផុត​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច។

កាលពី​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០២០ សហភាព​អឺរ៉ុប​បាន​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ EBA ចំនួន ២០% ចេញពី​កម្ពុជា។ ការ​បាត់​ផ្នែក​ខ្លះ​នៃ EBA ធ្វើ​ឲ្យ​ទំនិញ​ដែល​ប៉ះពាល់​មាន​ចំនួន ៤០​មុខ ដោយ​ភាគច្រើន​ជា​សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើការ​នាំចេញ​ទៅ​អឺរ៉ុប​ដែល​មាន​តម្លៃ ១​ពាន់​លាន​អឺរ៉ូ​ជា​រៀងរាល់​ឆ្នាំ។

តែ​យ៉ាងណា ប្រព័ន្ធ​អនុគ្រោះ EBA ដែល​នៅ​សល់ ៨០% ទៀត នឹង​ត្រូវ​ដក​ទាំងស្រុង​ផង​ដែរ ប្រសិនបើ​ស្ថានភាព​សិទ្ធិមនុស្ស និង​ការ​បោះឆ្នោត​នៅ​កម្ពុជា​នា​ខែ​កក្កដា ខាងមុខ មិន​ធ្វើឡើង​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

ចំណែក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP វិញ សហរដ្ឋ​អាមេរិក​បាន​ដកហូត​ចេញពី​កម្ពុជា​កាលពី​អំឡុង​ឆ្នាំ​២០២០ ដូច​គ្នា​ដែរ ហើយ​មក​ទល់​ពេលនេះ កម្ពុជា​ក៏​មិនទាន់​ទទួល​បាន​មក​វិញ​នោះ​ដែរ ស្រប​ពេល​ដែល​លោក ហ៊ុន សែន តែង​បញ្ជូន​រដ្ឋមន្ត្រី​របស់​ខ្លួន​ឲ្យ​មក​បញ្ចុះបញ្ចូល​សភា​សហរដ្ឋ​អាមេរិក​ជា​ញឹកញាប់ ដើម្បី​ចង់​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ត្រឡប់​ទៅវិញ​ផង​ដែរ​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស