ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ ប្ដេជ្ញារក្សាជំហរបន្តទាមទារឲ្យថៅកែក្រុមហ៊ុនចេញមុខដោះស្រាយវិវាទ ដើម្បីឲ្យពួកគេបានចូលធ្វើការងារវិញ និងទាមទារឲ្យតុលាការដោះលែងមេដឹកនាំសហជីព កញ្ញា ឈឹម ស៊ីថរ ព្រមទាំងទម្លាក់ចោលការចោទប្រកាន់មកលើសមាជិកសហជីពរបស់ពួកគេ បើទោះបីជារដ្ឋាភិបាលចោទពួកគេថាកំពុងស៊ីឈ្នួលបាតុកម្មយ៉ាងណាក៏ដោយ។
ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ជាង ២០នាក់ បានចេញធ្វើកូដកម្មអហិង្សានៅក្រុមហ៊ុនណាហ្គាវើលដ៍២ ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ជាថ្មីទៀត ដោយលើកបដារូបបេះដូងពណ៌ខ្មៅ ដែលមានអក្សរណាហ្គាវើលដ៍ពណ៌ស ឈរស្រែកទាមទារឲ្យថៅកែក្រុមហ៊ុនចេញមុខដោះស្រាយវិវាទការងារ ដើម្បីឲ្យពួកគេបានចូលធ្វើការងារវិញ និងទាមទារឱ្យតុលាការដោះលែងប្រធានសហជីពទ្រទ្រង់បុគ្គលិកកម្មករខ្មែរ កញ្ញា ឈឹម ស៊ីថរ និងទម្លាក់ចោលការចោទប្រកាន់មកលើសមាជិកសហជីពរបស់ពួកគេថែមទៀត។
កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីជួបជាមួយកម្មករក្នុងខេត្តកណ្តាល មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ព្រមានថា អតីតបុគ្គលិកណាហ្គាវើលដ៍ដែលនៅសេសសល់ចំនួន ៩៨នាក់ គួរតែបញ្ឈប់សកម្មភាពតវ៉ាទៀតទៅ។ លោកបន្ថែមថា មិនមែនលោកមិនដឹងថាពួកគេកំពុងស៊ីឈ្នួលបាតុកម្មនោះទេ។
លោក ហ៊ុន សែន លើកជាសំណួរថា កម្មករម្នាក់ដែលអត់មានការងារធ្វើសោះ តែមានលទ្ធភាពធ្វើបាតុកម្មរយៈពេល ២ឆ្នាំដោយមិនចាំបាច់ធ្វើការងារ តើជារឿងដែលទៅរួចដោយរបៀបណា។ លោកបន្ថែមថា នេះគឺដោយសារមានអ្នកជួលនៅពីក្រោយខ្នងឱ្យកម្មករទាំងនោះធ្វើបាតុកម្មប៉ុណ្ណោះ។

លោក ហ៊ុន សែន អំពាវនាវឱ្យអង្គការបរទេសដែលផ្តល់លុយសម្រាប់កូដករទាំង ៩៨នាក់ដែលនៅសេសសល់នោះ ដកខ្លួនចេញ ព្រោះថាលោកបានដឹងអស់ហើយ គ្រាន់តែលោកមិនទាន់បញ្ជាឱ្យទៅចាប់កន្លែងបើកលុយសម្រាប់ធ្វើបាតុកម្មនោះប៉ុណ្ណោះ។ លោកព្រមានថា លោកក៏អាចរំលាយអង្គការដែលជាកន្លែងបើកលុយឱ្យកូដករទាំងនោះធ្វើបាតុកម្មដែរ។
ទាក់ទិននឹងបញ្ហានេះ កាលពីអំឡុងខែធ្នូ ឆ្នាំ២០២១ កន្លងទៅ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានចោទប្រកាន់លើកម្មករនិយោជិតទាំងនោះថាការតវ៉ារបស់កម្មករនិយោជិតទាំងនោះ គឺជាបច្ចេកទេសមួយដែលរៀបចំចលនាបដិវត្តន៍ពណ៌ប៉ុណ្ណោះ ប៉ុន្តែការចោទប្រកាន់នេះត្រូវរងការរិះគន់ពីមហាជនយ៉ាងចាស់ដៃ រហូតធ្វើឱ្យលោក ហេង សួរ លុបសំណេរនោះចេញពីគណនីហ្វេសប៊ុករបស់ខ្លួនតែម្តង។

យ៉ាងណាក៏ដោយ អ្នកគ្រប់គ្រងសិទ្ធិការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ លើកឡើងថា ការសន្និដ្ឋានផ្ទុយពីការពិត រឹតតែបង្កភាពឈឺចាប់ដល់ជនរងគ្រោះពិតប្រាកដ និងជាការលើកទឹកចិត្តឱ្យមានភាពអយុត្តិធម៌ក្នុងសង្គមកម្ពុជាកាន់តែច្រើនទ្បើងៗទៅវិញប៉ុណ្ណោះ។
លោក ឃុន ថារ៉ូ ត្អូញត្អែរថា វាគឺជាការឈឺចាប់បំផុតសម្រាប់សង្គមខ្មែរដែលមន្ត្រីរាជការជាអ្នកបម្រើរាស្ត្រមួយចំនួនធំមានទ្រព្យសម្បត្តិស្តុកស្តម្ភហូរហៀររាប់សិបលានដុល្លារអាមេរិក ខណៈប្រជារាស្ត្រខ្មែរដែលជាកម្មករ សូម្បីស្រែករកយុត្តិធម៌ត្រឹមតែមួយចម្អែតក្រពះដែលជាផ្នែកមួយនៃសិទ្ធិរស់រានមានជីវិតរបស់ខ្លួន ក៏មិនទទួលបានផងនោះ។
អ្នកគ្រប់គ្រងសិទ្ធិការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងាររូបនេះបញ្ជាក់ថា បើតាមការសង្កេតរបស់លោក គឺវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ដែលអូសបន្លាយប្រមាណជា ២ឆ្នាំមកនេះ អាចវាយតម្លៃបានថា ក្រៅពីនាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជា គ្មាននរណាម្នាក់អាចដោះស្រាយបានឡើយ។
កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ កន្លងទៅ ក្រុមហ៊ុនណាហ្គាវើលដ៍ បានចេញសេចក្ដីថ្លែងការណ៍ថា ក្រុមហ៊ុននឹងបញ្ឈប់កម្មករនិយោជិតជាង ១ពាន់នាក់ ក្រោមមូលហេតុជួបវិបត្តិហិរញ្ញវត្ថុដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ប៉ុន្តែកម្មករនិយោជិតទាំងនោះអះអាងថា ការលើកឡើងនេះគ្រាន់តែជាលេសរបស់ក្រុមហ៊ុនក្នុងចេតនាចង់រំលាយក្រុមសហជីពដែលតែងតែជួយការពារសិទ្ធិកម្មករកន្លងមកប៉ុណ្ណោះ។
បន្ទាប់ពីក្រុមហ៊ុនបញ្ឈប់កម្មករដោយរំលោភបំពានច្បាប់ការងារ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ជាង ១៣០០នាក់ នាំគ្នាធ្វើកូដកម្មដោយសន្តិវិធីនៅមុខក្រុមហ៊ុនល្បែងស៊ីសងនេះ ដើម្បីទាមទារឱ្យក្រុមហ៊ុនទទួលយកបុគ្គលិកទាំង ៣៦៥នាក់ ដែលក្រុមហ៊ុនបានបញ្ឈប់ ឱ្យចូលបម្រើការងារវិញ ប៉ុន្តែត្រូវអាជ្ញាធរចោទថាពួកគេបានធ្វើចលនាបដិវត្តន៍ពណ៌ដែលមានការរៀបចំ និងបណ្តុះបណ្តាលដោយពួកបរទេសទៅវិញ៕