31 C
Phnom Penh

អ្នក​ឃ្លាំមើល៖ លោក ហ៊ុន សែន មិន​រក​យុត្តិធម៌​ជូន​សព​បណ្ឌិត កែម ឡី ប៉ុន្តែ​ដើរ​បំភ្លៃ​ទម្លាក់​កំហុស​លើ​អ្នក​ដទៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា លោក ហ៊ុន សែន មិន​ត្រឹមតែ​មិន​អាច​រក​យុត្តិធម៌​ជូន​សព​លោក​បណ្ឌិត កែម ឡី បាន​ទេ តែ​បែរជា​ប្រឹង​ដើរ​បំភ្លៃ​ទម្លាក់​កំហុស​លើ​អ្នក​ដទៃ ជាពិសេស​បក្ស​ប្រឆាំង បើ​ទោះបី​រឿង​នេះ​លោក ហ៊ុន សែន ជា​អ្នក​ទទួល​ខុសត្រូវ​ធំ​ជាងគេ​ក៏ដោយ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ពូជ​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​ចោទប្រកាន់​ទៅ​សកម្មជន​សង្គម និង​បក្ស​ប្រឆាំង​ថា​ជា​អ្នក​កេង​ចំណេញ​ពី​ការ​ស្លាប់​របស់​លោក​បណ្ឌិត កែម ឡី។

ក្រៅពី​ចោទប្រកាន់​ហើយ លោក ហ៊ុន សែន ថា​បច្ចុប្បន្ន ប្អូនប្រុស​របស់​បណ្ឌិត កែម ឡី គឺ​លោក កែម រិទ្ធិសិត និង​កូនសិស្ស​របស់​លោក​បាន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់។ លើស​ពី​នេះ​ទៅ​ទៀត នៅ​ពេល​ខ្វះខាត​ថវិកា​ធ្វើ​បុណ្យ និង​សង់​ចេតិយ​លោក កែម ឡី នោះ រូបលោក​នេះ​ហើយ​ដែល​ជា​អ្នក​ចេញ​មុខ​សង​គេ​ជំនួស។

លោក ហ៊ុន សែន ក៏​បាន​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​ថា គ្រួសារ​ត្រកូល​ហ៊ុន និង​រដ្ឋាភិបាល​កម្ពុជា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​បណ្ឌិត កែម ឡី ផង​ដែរ។ មិន​ត្រឹមតែ​បដិសេធ​ទេ លោក​ក៏​បាន​ចោទ​ទៅ​លើ​ក្រុម​គណបក្ស​ប្រឆាំង និង​សកម្មជន​សង្គម​ថា​កេង​យក​ផល​ចំណេញ​ពី​ការ​ស្លាប់​របស់​បណ្ឌិត កែម ឡី ថែម​ទៀត។

ជុំវិញ​រឿង​នេះ ប្រធាន​វេទិកា​ពលរដ្ឋ និង​ជា​អ្នកវិភាគ​នយោបាយ​សង្គម លោក គឹម សុខ បាន​លើកឡើង​ថា លោក ហ៊ុន សែន ខ្លួនឯង​ទេ​ដែល​កំពុង​ព្យាយាម​កេង​ចំណេញ​លើ​ការ​ស្លាប់​របស់​លោក​បណ្ឌិត កែម ឡី ដោយ​ឥត​អៀនខ្មាស ពីព្រោះ​លោក ហ៊ុន សែន នេះ​ហើយ​ដែល​ជា​អ្នក​ទទួល​ខុសត្រូវ​ធំ​ជាងគេ​ក្នុង​ការ​រក​យុត្តិធម៌ ប៉ុន្តែ​បែរជា​មិន​រក​យុត្តិធម៌ ហើយ​ប្រឹង​ដើរ​បំភ្លៃ​ទម្លាក់​កំហុស​លើ​អ្នក​ដទៃ ជាពិសេស​លើ​គណបក្ស​ប្រឆាំង។ ម្យ៉ាង​ទៀត លោក​ថា​លោក ហ៊ុន សែន មិន​ដែល​និយាយ និង​បង្ហាញ​ការ​ស៊ើបអង្កេត​ត្រឹមត្រូវ​ដើម្បី​ជម្រះ​ការពិត ប៉ុន្តែ​បែរជា​ឃោសនា​ពី​លុយ​ចូល​បុណ្យ​បន្តិចបន្តួច​តាម​បែប​សាសនា​ទៅវិញ។

លោក​ចាត់ទុក​ការ​និយាយ​នេះ ថា​ជា​វិធី​កេង​ចំណេញ​ដ៏​ទុច្ចរិត​របស់​លោក ហ៊ុន សែន លើ​សព​របស់​បណ្ឌិត កែម ឡី នៅ​ពេល​ដែល​លោក ហ៊ុន សែន ស្ថិត​ក្នុង​ការ​សង្ស័យ​ជា​បុគ្គល​នៅ​ពីក្រោយ​ឧក្រិដ្ឋកម្ម​នៅឡើយ។ លើស​ពី​នេះ លោក គឹម សុខ ថា​គោលដៅ​របស់​លោក ហ៊ុន សែន ពុំ​មាន​អ្វី​ក្រៅពី​ប្រឹង​បង្វែរ​សាច់រឿង​ពី​ការ​ទាមទារ​របស់​ពលរដ្ឋ​ឲ្យ​ស្វែងរក​យុត្តិធម៌ ទៅ​ជា​ឲ្យ​ពលរដ្ឋ​គិត​តែ​ត្រឹម​រឿង​ធ្វើ​បុណ្យ​តាម​ទំនៀមទម្លាប់ និង​សាសនា​ប៉ុណ្ណោះ។

អ្នកវិភាគ​រូប​នេះ​ថា លោក ហ៊ុន សែន ភ័យខ្លាច​ចរន្ត​ទាមទារ​យុត្តិធម៌ អ្នក​ហ៊ាន​ចេញ​មុខ​តវ៉ា​ជា​សាធារណៈ​ក្នុង​ទ្រង់ទ្រាយ​មហាជន ដែល​អាច​ប៉ះពាល់​ដល់​ផែនការ​បោះឆ្នោត​កាន់​អំណាច​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ពីព្រោះ​បុណ្យ​រំឭក​ខួប​លោក​បណ្ឌិត កែម ឡី គឺ​តែ ២​សប្ដាហ៍​មុន​ថ្ងៃ​បោះឆ្នោត។

ចំណែក​នាយក​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD) លោក ប៉ា ងួនទៀង លើកឡើង​ថា បណ្ឌិត កែម ឡី ជា​បញ្ញវន្ត​ម្នាក់​ដែល​បាន​ផ្ដល់​ព័ត៌មាន​ពិត ទស្សនៈ និង​គំនិត​ត្រឹមត្រូវ​ក្នុង​ការ​កសាង​ជាតិ ដើម្បី​ប្រឆាំង​អ្នក​ប្រព្រឹត្ត​អំពើពុករលួយ អ្នក​បំផ្លាញ​ជាតិ និង​ក្រុម​មេដឹកនាំ​ផ្ដាច់ការ​ផង​ដែរ។

លោក​ថា ដើម្បី​បង្ហាញ​ពី​តម្លាភាព និង​យុត្តិធម៌​សម្រាប់​សព និង​គ្រួសារ​លោក​បណ្ឌិត កែម ឡី នោះ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ហ៊ាន​បើក​ការ​ស៊ើបអង្កេត​សំណុំរឿង​នេះ​ឡើងវិញ ដោយ​មាន​ការ​ចូលរួម​ពី​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ដែល​ជំនាញ​លើ​កិច្ច​ការងារ​ស្រាវជ្រាវ​ស៊ើបអង្កេត ខណៈ​ការ​ស៊ើបអង្កេត​កន្លងមក លោក​ថា​មិន​បាន​ធ្វើ​ឲ្យ​សាធារណជន និង​សហគមន៍​អន្តរជាតិ​ទុកចិត្ត និង​ជឿជាក់​បាន​ឡើយ។

មួយ​វិញ​ទៀត លោក​ថា លោក ហ៊ុន សែន គួរ​បើក​ឲ្យ​អ្នកគាំទ្រ និង​សាធារណជន​ដែល​គោរព​ស្រឡាញ់​លោក​បណ្ឌិត កែម ឡី ធ្វើ​បុណ្យ​រំលឹក​ខួប​នៃ​ការ​ស្លាប់​ជា​រៀងរាល់​ឆ្នាំ ដោយ​គ្មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​រារាំង​ដូច​កន្លងមក ខណៈ​កាលពី​បុណ្យសព​ឆ្នាំ​២០១៦ ក្រុម​សន្តិសុខ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក ហ៊ុន សែន បាន​ព្យាយាម​ទៅ​យក​សព​លោក​បណ្ឌិត កែម ឡី ទាំង​ដែល​គ្រួសារ និង​អ្នកគាំទ្រ​មិន​ព្រម​ផង​ដែរ។

លោក​ចាត់ទុក​សកម្មភាព​ទាំងអស់​នេះ​ថា​ជា​ចំណុច​ដែល​បង្កើត​មន្ទិល​សង្ស័យ ដូច្នេះ​ដើម្បី​បង្ហាញ​ថា​រដ្ឋាភិបាល​មិន​ពាក់ព័ន្ធ​នោះ គួរ​បង្កើត​យន្តការ​ស៊ើបអង្កេត​ដើម្បី​ឲ្យ​សាធារណជន​ជឿជាក់ ហើយ​បញ្ឈប់​ការ​រារាំង និង​ធ្វើ​ទុក្ខបុកម្នេញ​នៅ​ពេល​អ្នកគាំទ្រ និង​សាធារណជន​ធ្វើ​ពិធី​បុណ្យ​រំលឹក​ខួប​នៃ​ការ​ស្លាប់​របស់​បណ្ឌិត កែម ឡី ទៀត។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ឯ​ស្ដារម៉ាត (Star Mart) ក្នុង​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​កាល់តិច (Caltex) ក្នុង​ទីក្រុង​ភ្នំពេញ។

ការ​បាញ់​សម្លាប់​នៅ​កណ្ដាល​ទីក្រុង​នេះ បាន​កើតឡើង​ក្រោយពី​លោក កែម ឡី បាន​ធ្វើការ​អធិប្បាយ​លើ​របាយការណ៍​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លូប៊ល វីតណេស (Global Witness) ដែល​បាន​លាតត្រដាង​អំពី​ការ​កាន់កាប់​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​របស់​ក្រុម​គ្រួសារ​លោក ហ៊ុន សែន។

សំណុំរឿង​ឃាតកម្ម​នេះ ត្រូវ​បាន​តុលាការ​ក្រុម​ភ្នំពេញ​ផ្ដន្ទាទោស​បុរស​ម្នាក់​ឈ្មោះ អឿត អាង ដែល​ហៅ​ខ្លួនឯង​ថា ជួប សម្លាប់ ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស