30 C
Phnom Penh

លោក ហ៊ុន សែន ព្រមាន​រំលាយ​បក្ស​ភ្លើង​ទៀន បើ​ហ៊ាន​ធ្វើ​សកម្មភាព​តាម​លោក សម រង្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​ព្រមាន​រំលាយ​គណបក្ស​ភ្លើង​ទៀន បើសិន​បក្ស​នេះ​ហ៊ាន​ទាក់ទង និង​ធ្វើ​សកម្មភាព​តាម​បញ្ជា​របស់​លោក សម រង្ស៉ី ក្នុង​ចេតនា​រារាំង ឬ​អុកឡុក​ការ​បោះឆ្នោត​ខាងមុខ។

ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ នា​ព្រឹក​ថ្ងៃទី​១៤ ខែ​មិថុនា នេះ លោក ហ៊ុន សែន ថ្លែង​ថា បើ​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន​នៅ​កម្ពុជា​ហ៊ាន​ទាក់ទង និង​ចេញ​ធ្វើ​សកម្មភាព​តាម​ការ​អំពាវនាវ​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី និង​មន្ត្រី​ផ្សេងៗ​ទៀត​ក្រៅ​ស្រុក​នោះ ពួកគេ​នឹង​ទទួល​រង​នូវ​ទណ្ឌកម្ម។ ចំណែកឯ​គណបក្ស​ភ្លើង​ទៀន​វិញ ក៏​នឹង​ត្រូវ​រំលាយ​ចោល​ផង​ដែរ។

លោក​ថា ការ​ព្រមាន​នេះ​ដោយសារ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​នៅតែ​បន្ត​ធ្វើ​សកម្មភាព​រារាំង និង​អុកឡុក​ការ​បោះឆ្នោត ដោយ​ផ្ញើ​សារ​ឲ្យ​ពលរដ្ឋ​ដែល​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ខាងមុខ​គូស​សន្លឹកឆ្នោត​ចោល ឬ​កុំ​ទៅ​បោះឆ្នោត ជាដើម។

ក្រៅពី​ព្រមាន​ហើយ លោក ហ៊ុន សែន ក៏​បាន​យក​ខ្លឹមសារ​ពង្រាង​នៃ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​មក​អាន​ជា​សាធារណៈ បន្ទាប់ពី​លោក​បាន​បញ្ជា​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ឲ្យ​ពន្លឿន​ធ្វើ​វិសោធនកម្ម ឬ​កែ​ច្បាប់​បោះឆ្នោត​ឲ្យ​បាន​ឆាប់ ដើម្បី​បិទ​ផ្លូវ​អ្នក​ដែល​មិន​បាន​ទៅ​បោះឆ្នោត​ថ្ងៃទី​២៣ ខែ​កក្កដា ខាងមុខ​នេះ។

បើ​តាម​ខ្លឹមសារ​មាត្រា ១៤២ (ថ្មី) នៃ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​លោក ហ៊ុន សែន អាន​នោះ បាន​បើក​ផ្លូវ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ធ្វើការ​ផាក​ពិន័យ​ចំពោះ​ជន​ណា​ដែល​ប្រើ​គ្រប់​មធ្យោបាយ​ទុច្ចរិត​ក្នុង​ការ​រារាំង​ពលរដ្ឋ​ជា​ប្រាក់​ពី ៥.០០០.០០០ (ប្រាំ​លាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃ​លាន) រៀល។

ចេតនា​ទុច្ចរិត​ដែល​ចែង​ក្នុង​ខ្លឹមសារ​មាត្រា ១៤២ (ថ្មី) ដែល​លោក ហ៊ុន សែន ទើប​បញ្ជា​ឲ្យ​ពង្រាង​ឡើង រួមមាន​ការ​រារាំង ឬ​ញុះញង់​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​មិន​ឲ្យ​ទៅ​ចុះឈ្មោះ​បោះឆ្នោត ឬ​រារាំង​មិន​ឲ្យ​ចុះឈ្មោះ​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ក្នុង​បញ្ជី​បោះឆ្នោត និង​សៀវភៅ​បញ្ជី​បោះឆ្នោត។ លើស​ពី​នេះ ការ​បង្ក​ការ​អុកឡុក ឬ​រារាំង​សកម្មភាព​ជា​ប្រក្រតី​ក្នុង​ទីកន្លែង​សម្រាប់​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត​នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​ពិនិត្យ​បញ្ជី និង​ចុះឈ្មោះ​បោះឆ្នោត និង​ការ​រារាំង​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​មិន​ឲ្យ​ទៅ​បោះឆ្នោត រួម​ទាំង​បង្ក​ការ​រំខាន​មិន​ឲ្យ​រាប់​សន្លឹកឆ្នោត​បាន​ជាដើម។

ចំណែក​មាត្រា ១៤៣ (ថ្មី) នៃ​ច្បាប់​នេះ ក៏​បាន​ចែង​បើក​ផ្លូវ​ឲ្យ គ.ជ.ប លុប​បេក្ខភាព​ឈរឈ្មោះ​បោះឆ្នោត​របស់​គណបក្ស​នយោបាយ ឬ​ផាក​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល​ទៅ ៣០​លាន​រៀល​ចំពោះ​គណបក្ស​នយោបាយ​ដែល​បាន​ប្រព្រឹត្ត​អំពើ​ល្មើស​ដូច​បាន​ចែង​ក្នុង​មាត្រា ១៤២ (ថ្មី) ខាងលើ ដោយ​ពុំ​ទាន់​គិត​ដល់​ទោស​ព្រហ្មទណ្ឌ​ដទៃ​ទៀត។

ការ​ធ្វើ​វិសោធនកម្ម និង​ព្រមាន​រំលាយ​បក្ស​ភ្លើង​ទៀន​នេះ បន្ទាប់ពី​អតីត​មេដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង​នាំគ្នា​ធ្វើ​យុទ្ធនាការ​មួយ ដោយ​អំពាវនាវ​ទៅ​ពលរដ្ឋ​កុំ​ឲ្យ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ។ យុទ្ធនាការ​នោះ ពួកគេ​បាន​លើកឡើង​នូវ​ពាក្យ​មួយ​ឃ្លា​ថា «ខ្ញុំ​មិន​ទៅ​បោះឆ្នោត​ជា​សិទ្ធិ​របស់​ខ្ញុំ បើ​នៅតែ​បង្ខំ​ខ្ញុំ​ឲ្យ​បោះឆ្នោត ខ្ញុំ​នឹង​គូស​ខ្វែង​លើ​សន្លឹកឆ្នោត​នោះ» ខណៈ​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លោក អេង ឆៃអ៊ាង ក៏​បាន​បន្ត​អំពាវនាវ​ដូច្នោះ​ដែរ។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ហៅ​ការ​លើកឡើង​របស់​លោក ហ៊ុន សែន ថា​ជា​ការ​សងសឹក​បុគ្គល។ វិធានការ​នេះ លោក​ថា​វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ជាតិ និង​បំផ្លាញ​ទឹកចិត្ត​ពលរដ្ឋ ព្រមទាំង​ស្មារតី​រដ្ឋធម្មនុញ្ញ​ផង​ដែរ។

លោក​ថា នៅ​ពេល​លោក ហ៊ុន សែន កែ​ច្បាប់​បោះឆ្នោត​ភ្លាមៗ​ដោយសារតែ​ការ​សងសឹក​បុគ្គល ទោះបីជា​វា​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ និង​រដ្ឋធម្មនុញ្ញ​ក៏ដោយ។ លោក​ចាត់ទុក​ការ​ប្រកាស​រំលាយ​គណបក្ស​ភ្លើង​ទៀន​ចោល​នេះ​ថា​ជា​គំនិត​ទុច្ចរិត និង​ផ្ដាច់ការ។

លោក ម៉ែន ណាត ថា​លោក ហ៊ុន សែន នៅតែ​មិន​ចោល​គំនិត​ទុច្ចរិត​នេះ បើ​ទោះបីជា​ឆ្នាំ​២០១៧ លោក​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​យក​កៅអី​ទៅ​ចែក​ឲ្យ​បក្ស​ផ្សេងៗ​ដែល​ពលរដ្ឋ​មិន​បោះឆ្នោត​ឲ្យ។

លោក​ចាត់ទុក​ការ​ព្រមាន​រំលាយ​បក្ស​ភ្លើង​ទៀន​ដោយ​ប្រើ​ពាក្យ​សម្ដី​ហិង្សា និង​អសីលធម៌​បែប​នេះ វា​បង្ហាញ​ពី​គំរូ​មិន​ល្អ​ដែល​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សង្គម ដោយសារ​មេដឹកនាំ​ប្រើ​ពាក្យ​អសីលធម៌​អគុណធម៌។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បាន​អំពាវនាវ​ទៅ​ពលរដ្ឋ​ធ្វើការ​សម្រេច​ចិត្ត​ដោយ​ខ្លួនឯង ប៉ុន្តែ​បើ​ពួកគាត់​ទៅ​បោះឆ្នោត​ទាំង​បង្ខំ ទាំង​ដែល​មិន​មាន​គណបក្ស​ខ្លួន​ពេញចិត្ត​នោះ ពួកគាត់​អាច​គូស​ខ្វែង​លើ​សន្លឹកឆ្នោត​ចោល​បាន។ លើស​ពី​នេះ លោក ម៉ែន ណាត ក៏​អំពាវនាវ​ឲ្យ​លោក ហ៊ុន សែន ភ្ញាក់​រលឹក និង​បញ្ឈប់​សកម្មភាព និង​ទង្វើ​ដែល​លោក​កំពុង​ធ្វើ​បច្ចុប្បន្ន ដើម្បី​កុំ​ឱ្យ​ផល​អាក្រក់​ដែល​បាន​ធ្វើ​នោះ​ធ្លាក់​ទៅ​លើ​គ្រួសារ​ត្រកូល​ហ៊ុន​នា​ពេល​អនាគត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស